ADB អនុម័ត​កញ្ចប់​ថវិកា​ជាង​៦២លានដុល្លារ ជួយ​ពង្រឹង​សុវត្ថិភាព​អាហារ​និង​ផ្នែកបសុសត្វ​នៅ​កម្ពុជា

រូបឯកសារ៖ កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកញ្ចប់ថវិកាចំនួន ៦២,៩លានដុល្លារ ដើម្បីជួយកម្ពុជា​​លើក​កម្ពស់​សន្តិសុខ​ស្បៀង និង​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ប្រកប​ដោយ​បរិយាបន្ន ដោយការកែលម្អសុខភាព និងខ្សែចង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផលបសុសត្វ។

សេចក្ដីប្រកាសព័ត៌មាន​របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្សព្វផ្សាយ​នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ​គម្រោងកែលម្អ​សុខ​ភាព និងខ្សែចង្វាក់តម្លៃបសុសត្វឆ្លង​ព្រំដែ​ន ក្នុង​មហាអនុ​តំបន់​មេគង្គ (GMS) នឹងផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋ​យ៉ាងហោចណាស់ ៤០ ០០០គ្រួសារ នៅ​​រាជធានីភ្នំពេញ ខេត្តកំពង់ចាម ឧត្ដរមានជ័យ ព្រៃវែង សៀមរាប និងតាកែវ តាមរយៈការ​ជំរុញ​ការ​វិនិយោគលើហេដ្ឋារចនាសម្ពន្ធ សមត្ថភាពស្ថាប័ននិងបច្ចេកទេស និងគោលនយោ​​បាយ​គាំទ្រ​សំខាន់ៗ។ ក្រៅពីនោះ គម្រោងនេះក៏នឹងអភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធនៅ​​ខេត្ត​កណ្ដាល កំពង់ធំ និងពោធិ៍សាត់ ដើម្បី​បំពេញ​តម្រូវ​ការ​ទូទាំង​ប្រទេស​ សម្រាប់​វ៉ាក់សាំងបសុសត្វ និងការ​បង្កាត់ពូជសិប្បនិម្មិត។

សេចក្តីប្រកាសព័ត៌មាន ADB បន្តថា គម្រោងនេះក៏នឹងលើកកម្ពស់ផលិតភាព និងភាពធន់នៃអនុវិស័យបសុសត្វ ដោយកាត់បន្ថយហានិភ័យនៃជំងឺសត្វឆ្លងដែន ជំងឺឆ្លងពីសត្វ និងភាពស៊ាំនឹងថ្នាំសម្លាប់មេរោគ បង្កើតការត្រួតពិនិត្យសុខភាពសត្វ និងការផ្តល់សេវា ធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពម្ហូបអាហារ និងជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់ក្នុងមហាអនុតំបន់មេគង្គ។

ADB បញ្ជាក់ថា៖ «គម្រោងនេះនឹងត្រូវបានផ្ដល់ហិរញ្ញប្បទានដោយប្រាក់កម្ចី​ចំនួន ៥0លានដុល្លារ​ ពី​ធនធាន​សម្ប​ទាន​របស់ ADB, ជំនួយមូលនិធិអភិវឌ្ឍន៍អាស៊ី [ADF] ចំនួន១២លាន​ដុល្លារ និង​ជំនួយ​ឥត​សំណង​ចំនួន ៩សែនដុល្លារ ពីមូលនិធិបម្រែបម្រួលអាកាសធាតុ [CCF]»។

អ្នកជំនាញជាន់ខ្ពស់ផ្នែកបម្រែបម្រួលអាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Srinivasan Ancha ត្រូវបានស្រង់ប្រសាសន៍ដាក់ក្នុងសេចក្តីប្រកាសព័ត៌មាននេះដែរថា អនុ​វិស័យបសុសត្វមាន​សារៈសំខាន់​ណាស់ចំពោះជីវភាពរស់នៅតាមតំបន់ជនបទ ប្រកប​ដោយ​និរន្តរភាព និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា ហើយវាផ្តល់ឱកាស​ជាច្រើនសម្រាប់​កសិករលក្ខណៈគ្រួសារ រួមទាំងស្ត្រី និងកសិអាជីវកម្មខ្នាតតូចនិងមធ្យម។

លោកបន្តថា៖ «សត្វពាហនៈ និងក្របី ស្ទើរតែទាំងអស់ គឺជាកម្មសិទ្ធិរបស់កសិករលក្ខណៈគ្រួសារ ទោះបីជាផលិតកម្មជ្រូក និង​បសុបក្សី កំពុងមានលក្ខណៈជាពាណិជ្ជកម្មកាន់តែខ្លាំងឡើងក៏ដោយ ជំនួយរបស់ ADB នឹងអនុញ្ញាតឱ្យអនុវិស័យ​នេះ​អាចទាញយក​សក្ដានុពល​នៃកំ​ណើន​ខ្ពស់ នាំមកដោយការកើនឡើងនៃការប្រើប្រាស់សាច់ក្នុងស្រុក ដែល​កើត​ឡើងដោយ​សារ​កំណើន​សេដ្ឋកិច្ច នគរូបនីយកម្ម ចំនួនប្រជាជនកើនឡើង ឱកាសពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរជាលំដាប់ក្នុងការគ្រប់គ្រងជំងឺ និងអាហារូបត្ថម្ភសម្រាប់សត្វ»

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB គឺ​ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ក៏​នឹង​ផ្ដល់​ប្រាក់​កម្ចី​ចំនួន ៤៣​លានដុល្លារ ដល់​គម្រោងនេះ ដែលចំនួននេះនឹងត្រូវគ្រប់គ្រងដោយ ADB។ គម្រោងនេះ គឺស្របតាមផែនការអភិវឌ្ឍន៍ជាតិ​របស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រភាពជាដៃគូ ប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជា ឆ្នាំ​២០១៩-២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ