បទយកការណ៍៖ ស្ត្រីជួរមុខបង្ហាញឆន្ទៈការពារសិទ្ធិស្ត្រីក្នុងវិស័យការងារ ទោះប្រឈមបញ្ហាសុវត្ថិភាព

មេដឹកនាំជាស្រ្តីមួយរូបទៀតដែលជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី និងអគ្គលេខាធិការ នៃសហជីពទ្រទ្រង់សិទិ្ធការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) អ្នកស្រី ឃ្លាំង សុបិន្ត។ (ផ្ដល់ឱ្យ)

ក្រុមស្រ្តីជួរមុខដែលសកម្មក្នុងការការពារសិទ្ធិកម្មករនិយោជិតនៅតាមស្ថាប័នរដ្ឋ និងឯកជននានា បានបង្ហាញឆន្ទៈបន្តបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិស្ត្រីក្នុងវិស័យការងារ ទោះប្រឈមការរើសអើងក្នុងកន្លែងធ្វើការ​ ការគំរាមកំហែង និងរងការបៀតបៀនលើរាងកាយក្ដី។

ក្នុងអំឡុងពេលដែលកម្ពុជាបានបញ្ចប់យុទ្ធនាការ «១៦ថ្ងៃនៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ» និង «ទិវាសិទ្ធិមនុស្សអន្តរជាតិ» ក្នុងពេលថ្មីៗនេះ ក្រុមស្រ្តីដែលជាសកម្មជនទាំងនោះ​មួយចំនួនបានលើកឡើងថា ពួកគេកំពុងប្រឈមអំពើហិង្សាពីជនមិនស្គាល់មុន និងរងការចោទពាក់ព័ន្ធផ្លូវច្បាប់ពីសំណាក់អាជ្ញាធររដ្ឋាភិបាល​។

អគ្គលេខាធិការ នៃសហជីពទ្រទ្រង់សិទិ្ធការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) អ្នកស្រី ឃ្លាំង សុបិន្ត  វ័យ៤២ឆ្នាំ ដែលទើបជាប់អាណត្តិថ្មីក្នុងឆ្នាំ២០២២នេះ បានលើកឡើងថា ស្រ្តីជាបុគ្គលិកដែលបម្រើការនៅក្រុមហ៊ុនល្បែងមួយនេះ ជួបប្រទះបញ្ហាជាក់ស្ដែងជាច្រើន។ បញ្ហាប្រឈមទាំងនោះកើតមានក្នុងអំឡុងពេលបំពេញការងារ ដូចជាការជះទឹកពីភ្ញៀវ ការបន្លំលូកស្ទាបលើរាងកាយ និងការប្រើប្រាស់ពាក្យមាក់ងាយកេរ្តិ៍ភេទ ជាដើម។

អ្នកស្រីថា ការរំលោភបំពានលើសិទ្ធិស្រ្តីដោយចំហ​​បែបនេះ បានជំរុញឱ្យគាត់ចាប់ផ្តើមចូលរួមជាសមាជិកសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងឆ្នាំ២០១៣ និងបានក្លាយជាអគ្គលេខាធិការ នៃសហជីពទ្រទ្រង់សិទិ្ធការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ក្នុងពេលបច្ចុប្បន្ននេះ។

អ្នកស្រី ឃ្លាំង សុបិន្ត ថាសកម្មភាពរបស់អ្នកស្រីមិនត្រូវបានទទួលការសាទរពីថ្នាក់ដឹកនាំក្នុងក្រុមហ៊ុនល្បែងណាហ្គាវើលដ៍នោះទេ ផ្ទុយទៅវិញ អ្នកស្រីថា ពួកគេបានប្រាប់ឱ្យគាត់បញ្ឈប់សកម្មភាពជាមួយក្រុមសហជីពនេះទៅវិញ។

អ្នកស្រី ឃ្លាំង សុបិន្ត ថ្លែងថា៖ «ប្រធានផ្នែក ដូចជាអ្នកតំណែងធំៗក្នុង HR [ផ្នែកធនធានមនុស្ស] គេមិនសប្បាយចិត្តជាមួយយើងទេ។ គេតែងតែមានការរើសអើងជាមួយយើង គេពន្យល់យើង ហេតុអីចាំបាច់ត្រូវចូលរួមអ៊ីចឹង? ធ្វើការ៨ម៉ោង ទៅផ្ទះ ទៅស៊ីប្រាក់នៅផ្ទះទៅ កុំខ្វល់អីច្រើន»។

ប៉ុន្តែសម្រាប់អ្នកស្រី ឃ្លាំង សុបិន្ត ជាសកម្មជនការពារសិទ្ធិកម្មករមួយរូប បានបង្ហាញឆន្ទៈខ្លួនថា រូបភាពអយុត្តិធម៌ដែលកើតមាននៅក្រុមហ៊ុនល្បែងនាកណ្ដាលរាជធានីភ្នំពេញមួយនេះ មិនអាចឱ្យអ្នកស្រីសម្ងំស្ងៀមបានទេ ទើបគាត់ស្ម័គ្រចិត្តធ្វើសកម្មភាពការពារសិទ្ធិបុគ្គលិកក្នុងក្រុមហ៊ុនមួយនេះដោយមិនរួញរា។

អ្នកស្រីបន្តថា៖ «និយាយរួម កាលណាមានភាពអយុត្តិធម៌ ធ្វើឱ្យមានការឈឺចាប់ក្នុងចិត្ត។ ការឈឺចាប់ក្លាយជាកម្លាំងចិត្តមួយជំរុញថាយើងត្រូវតែតស៊ូ»

អ្នកស្រីបន្ថែមថា៖ «ករណីណាហ្គាវើលដ៍នេះ ស្ដែងៗហ្មងអំពើហិង្សាលើស្ត្រី»

ថ្នាក់ដឹកនាំ និងសមាជិកសហជីព៨នាក់ រួមមាន អ្នកស្រី ឃ្លាំង សុបិន្ត ផងនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបាន ចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃ០៣ ខែមករា ឆ្នាំ២០២២។ ដោយឡែក សមាជិកសហជីព៣នាក់ទៀតត្រូវបានចោទប្រកាន់​ពីបទ «ល្មើស​បម្រាមច្បាប់កូវីដ-១៩»

បច្ចុប្បន្ននេះ អ្នកស្រី សុបិន្ត ត្រូវបានតុលាការដាក់ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ក្រោមការឃ្លាំមើលតាមផ្លូវតុលាការ​។ អ្នកស្រីចាត់ទុកថា សកម្មភាពនេះ គឺជាការធ្វើទុក្ខបុកម្នេញដល់ការតស៊ូមតិទាមទារដំណោះស្រាយលើវិវាទកាងារ និងសិទ្ធិសហជីពរបស់ពួកគេ។

អ្នកស្រីបន្ថែមថា៖ «រាល់ថ្ងៃ យើងរស់នៅខាងក្រៅ ថ្វីដ្បិតតែអត់មានជញ្ជាំងគុកជុំវិញ ប៉ុន្តែអត់មានសេរីភាពទេ»។

អំឡុងពេលយុទ្ធនាការ «១៦ថ្ងៃ នៃភាពសកម្មនិយមប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ» អង្គការលីកាដូ បានបង្ហោះវីដេអូស្តីពី វីរភាពរបស់មេដឹកសង្គមស៊ីវិលជាស្រ្តីស្ទើរតែគ្រប់វិស័យ ក្នុងគោលបំណងបន្លឺសំឡេងពីផលលំបាកដែលពួកគេកំពុងបំពេញបេសកកម្មរបស់ខ្លួននៅក្នុង​សង្គម។ យុទ្ធនាការប្រឆាំងនឹងអំពើហិង្សាទៅលើស្រ្តី មានរយៈពេល១៦ថ្ងៃ ដោយបានចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ​ដល់ថ្ងៃទី១០ ខែធ្នូ ដែលចំទិវាសិទ្ធិមនុស្សអន្តរជាតិ។

មេដឹកនាំជាស្រ្តីមួយរូបទៀតដែលជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី  មានវ័យ៤៨ឆ្នាំ បានថ្លែងប្រាប់វីអូឌីថា ក្នុងសមាគមនេះមានសមាជិក​ជាង១០ ០០០នាក់ (១១ ៥០០នាក់) ក្នុងនោះមានស្រ្តីប្រមាណ២០ភាគរយ។ អ្នកស្រីថា ភាគរយស្រី្តដែលមានចំនួនតិចបែបនេះ ដោយសារតែពួកគេមិនហ៊ានចូលរួមជាមួយសមាគម ព្រោះបារម្ភពីសុវត្ថិភាព និងការរើសអើងនៅកន្លែងការងារ។

អ្នកស្រី អ៊ុក ឆាយ៉ាវី បានជាប់ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងឆ្នាំ២០១៧។ អ្នកស្រីថា ចាប់តាំងពីជាប់ជាប្រធានសមាគម គាត់ត្រូវរងការរឹតត្បិតពីអាជ្ញាធរ ក្រោមរូបភាពតាមឃ្លាំមើលជាប្រចាំក្នុងការបំពេញការងារ​ ហើយគាត់ធ្លាប់រងហិង្សាពីជនមិនស្គាល់មុខផងដែរនាពេលកន្លងមក។

អ្នកស្រីថា៖ «នៅថ្មីៗនេះ កន្លងផុតទៅហ្នឹង ខ្ញុំត្រូវបានមនុស្សមិនស្គាល់អត្តសញ្ញាណ បានទាញផ្ដួលម៉ូតូប៉ងសម្លាប់ខ្ញុំ ដោយសារតែហេតុផលដែលខ្ញុំកំពុងតែធ្វើការទាមទារជូនលោក រ៉ុង ឈុន [អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ] ក៏ដូចជាធ្វើការទាមទារដើម្បីលក្ខខណ្ឌការងាររបស់គ្រូបង្រៀន»

អ្នកស្រីបន្ថែមថា៖ «អ្វីដែលជាឆន្ទៈ អ្វីដែលជាការលះបង់របស់ខ្ញុំ ខ្ញុំមិនខ្វល់ពីអ្នកដែលនៅជុំវិញខ្លួន ឬអ្នកនៅក្នុងសហគមន៍ទេ ធ្វើម៉េចឱ្យតែបេះដូងឆន្ទៈរបស់ខ្ញុំធ្វើទៅ ដើម្បីលោកគ្រូ-អ្នកគ្រូ ដើម្បីលក្ខខណ្ឌការងាររបស់គ្រូបង្រៀនបានប្រសើរ ខ្ញុំសប្បាយចិត្ត»។

ជាមួយគ្នានេះ សម្រាប់មេដឹកនាំជាស្រ្តីមួយរូបទៀត អ្នកស្រី សុវណ្ណ វ៉ារី ប្រធានគណៈកម្មាធិការស្រ្តី នៅក្នុងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) វិញ បានឱ្យដឹងថា សម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា លក់ភេសជ្ជៈតាមដងផ្លូវ រត់ម៉ូតូឌុប និងរត់កង់បី ជាដើម កំពុងប្រឈមគ្រោះថ្នាក់ការងារលើដងផ្លូវ ជាពិសេសគឺស្រ្តី ដោយសារតែកង្វះការយកចិត្តទុកដាក់ពីភាគីរដ្ឋាភិបាល។

សកម្មជនការពារសិទ្ធិអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ គឺជាអ្នកបើកម៉ូតូកង់បីមួយរូបដែរ។ អ្នកស្រីថា ជីវិតជាស្រ្តីដែលបើកបរលើដងវិថីបែបនេះ គាត់តែងតែជួ​បប្រទះការលេបខាយពាក្យសម្តីពីអតិថិជនជាបុរស និងប្រឈមគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ។

អ្នកស្រី សុវណ្ណ វ៉ារី ត្រូវបានផ្តល់សេចក្តីទុកចិត្តពីសមាជិក ឱ្យក្លាយជាប្រធានគណៈកម្មាធិការស្រ្តី នៅក្នុងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងឆ្នាំ​២០១៧ ដែលបច្ចុប្បន្ន សមាគមនេះមានសមាជិកជិត២០ ០០០នាក់។ ប្រភពបន្តថា គាត់ត្រូវបានអាជ្ញាធរចាត់ទុកថាជាក្រុមប្រឆាំងរដ្ឋាភិបាល ក្រោយពេលដែលគាត់បានចូលរួមសកម្មភាពការងារស្ម័គ្រចិត្តជាមួយសមាគមមួយនេះ។

អ្នកស្រី សុវណ្ណ វ៉ារី ប្រធានគណៈកម្មាធិការស្រ្តី នៅក្នុងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)។
អ្នកស្រី សុវណ្ណ វ៉ារី ប្រធានគណៈកម្មាធិការស្រ្តី នៅក្នុងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)។ (ផ្ដល់ឱ្យ)

អ្នកស្រី សុវណ្ណ វ៉ារី បញ្ជាក់ថា៖ «គេ[អាជ្ញាធរ]ថា វាទាក់ទងទៅនឹងនយោបាយទៀត។ [អាជ្ញាធរនិយាយថា] “ហ្អែងបក្សប្រឆាំង បក្សអី!” ខ្ញុំថា “អត់ទេ!” ព្រោះខ្ញុំចូលសមាគមប៉ុន្មានឆ្នាំហើយ អត់មាននិយាយពីបក្សអីផង។ [សមាគម] បង្រៀនឱ្យបងប្អូនចេះច្បាប់ចរាចរណ៍ ឱ្យចេះជួយគ្នា ចេះដោះស្រាយតាមប្រព័ន្ធច្បាប់ ហ៊ាននិយាយជាសាធារណៈ អត់មកទទឹងទិស ទទឹងអីទេ! បង្កើតឱ្យមានចិត្តមេត្តាធម៌ដល់គ្នា។ បងប្អូនចូលបក្សណាជាសិទ្ធិបងប្អូនទេ!»

យ៉ាងណាក្ដី សម្រាប់មេដឹកនាំជាស្រ្តីរូបនេះបានប្រកាសជំហរថា ទោះបីជាជួបបញ្ហាកើតមានជាពាក្យសម្តីប្រមាថធ្ងន់ធ្ងរ ឬហិង្សាពីអាជ្ញាធរយ៉ាងណាក្តី​ ប៉ុន្តែគាត់នៅតែបន្តសកម្មភាពរបស់ខ្លួន ដោយចង់ឃើញអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ទទួលបានការយកចិត្តទុកដាក់ដូចវិស័យផ្សេងៗទៀតដែរ។

អ្នកស្រីថា៖ «[ម្តាយ-ឪពុក] គាត់ចេះតែខ្លាចយើងមានបញ្ហា ខ្លាចគេសម្លាប់ ខ្លាចគេគំរាមអ៊ីចឹងទៅ។ តែខ្ញុំធ្វើការងារសង្គមនេះ ខ្ញុំជួយឱ្យបងៗអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធស្រឡាញ់គ្នា»។

ពាក់ព័ន្ធទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីការពារសិទ្ធិស្រ្តីនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការងារទាំងនោះជាបន្ទុករបស់ក្រសួងកិច្ចការនារី ដូច្នេះលោកមិនអាចបកស្រាយបានទេ។

លោក ផៃ ស៊ីផាន បញ្ជាក់ថា៖ «សួរទៅខាងក្រសួងកិច្ចការនារីទៅ ព្រោះគេជាអ្នកប្រតិបត្តិផ្ទាល់ ហើយក្រសួងមហាផ្ទៃហ្នឹងមាន Office [ការិយាល័យ] មួយពាក់ព័ន្ធរឿងហ្នឹង ការបង្ក្រាប [ហិង្សា] នៅហ្នឹង! បានគេដឹង! ខ្ញុំអត់ដឹង!»

ចំណែកអ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត បានប្រាប់វីអូឌីថា ក្រសួងកិច្ចការនារី តែងតែប្រឆាំងរាល់​អំពើហិង្សាលើស្រ្តីគ្រប់ទម្រង់ និងមានសេវាកម្មទទួលពាក្យបណ្តឹងរាល់អំពើហិង្សាលើស្រ្តី ដោយមិនគិតថ្លៃទៀតផង។

អ្នកស្រីថា៖ «ការចូលរួមទប់ស្កាត់របស់យើង យើងធ្វើសកម្មភាព ដែលមិនផាត់នរណាម្នាក់ចោលទេ រួមទាំងកម្មករ-កម្មការិនីផងដែរ។ បងប្អូនដែលមានពិការភាព ជនជាតិដើមភាគតិច ផងដែរ»។

អ្នកស្រីបន្ថែមថា៖ «យើងយកចិត្តទុកដាក់លើអំពើហិង្សាគ្រប់ទម្រង់ ឱ្យតែជាជនរងគ្រោះ ទទួលរងគ្រោះដោយអំពើហិង្សាហ្នឹង ជាស្រ្តី ឬក៏ក្មេងស្រី ដែលទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាលើស្រ្តី និងអំពើហិង្សាទាក់ទងនឹងយេនឌ័រអីជាដើម»។

បើតាមលទ្ធផលជំរឿនប្រជាជនក្នុងឆ្នាំ២០១៩ បង្ហាញថា ចំនួនប្រជាជនសរុបនៅកម្ពុជាមាន​ជាង ១៥លាននាក់ ​ក្នុងនោះមានស្រ្តីជាង ៥១ភាគរយ (៥១,៣%)​ មានន័យថា ស្រ្តីមានចំនួនច្រើនជាងបុរសតិចតួច​ (ប្រុសចំនួន៧,៥៧លាននាក់ និងស្រីចំនួន៧,៩៨លាននាក់)។

ដោយឡែក តារាងស្ថិតិមួយដែលចេញផ្សាយលើគេហទំព័ររបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ស្រ្តី១នាក់ ក្នុងចំណោម ៥នាក់ ដែលមានអាយុ ១៥ ដល់ ៦៤ឆ្នាំ បានទទួលអំពើហិង្សាលើរាងកាយ និងផ្លូវភេទដោយដៃគូស្និទ្ធ យ៉ាងហោចណាស់​មួយដងក្នុងមួយជីវិតរបស់ពួកគេ។

ក្នុងរបាយការណ៍របស់សមាគមអាដហុកបានបង្ហាញថា កន្លងមក កងកម្លាំងសន្តិសុខ និងសមត្ថកិច្ចខ្លះស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀតស្លៀកពាក់ស៊ីវិល បានរំលោភបំពានទៅលើ​ស្ត្រី ក្នុងឆ្នាំ២០២១ មានចំនួន ៣១ករណី ខណៈ ៦ខែដើមឆ្នាំ២០២២​ ការរំលោភសិទ្ធិស្ត្រីមានចំនួន១៦ករណីផងដែរ។ ​របាយការណ៍ដដែលផ្ដោតតែលើបញ្ហាស្ត្រីរងគ្រោះដោយសារជម្លោះដីធ្លី នយោបាយ បរិស្ថាន និងវិស័យការងារ ជាដើម។

ដោយឡែក របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២០ ដល់​ឆ្នាំ២០២១ «ក្រុមស្ត្រីថ្ងៃសុក្រ» ​ត្រូវជាភរិយា ឬសាច់ញាតិរបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានចេញតវ៉ានៅមុខតុលាការទាមទារឱ្យដោះលែងស្វាមីចេញពីពន្ធនាគារ។ អំឡុងពេលចេញ​តវ៉ានៅមុខតុលាការ បានរងអំពើហិង្សាពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច រួមមាន ដេញវាយចំនួន៣ដង, រុញច្រានចំនួន១១ដង, ទាត់ធាក់ចំនួន៤ដង, ចាប់ហែកបដាពីដៃបណ្ដាលឱ្យពួកគេដួលចំនួន១ដង និងបាញ់អាល់កុលដាក់ភ្នែកចំនួន១ដង។ ចំណែករបាយការណ៍របស់អង្គការ​ UNDP បានចាត់ទុកសន្ទស្សន៍វិសមភាពយេនឌ័រ (GII) នៅកម្ពុជា ​ក្នុងឆ្នាំ២០១៨​ បង្ហាញថា កម្ពុជាមានចំណាត់ថ្នាក់តិចជាងគេ ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ដែលត្រូវទាមទារឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបានសមភាពយេនឌ័រទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ