ពលរដ្ឋ​នៅ​សហគមន៍​មួយចំនួន​ក្នុង​ខេត្តកោះកុង​ខកចិត្ត ក្រោយ​ក្រសួង​បដិសេធ​ដោះស្រាយ​វិវាទដីធ្លី​ឱ្យពួកគេ

ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខ្ទង់ម៉ោង៨នាទីព្រឹក សហគមន៍៨៤៣ សហគមន៍១២៩ និងសហគមន៍ព្រលាន ប្រហែលចំនួនជាង៤០០នាក់ បានយកញ្ញត្តិ និងសាលាកបត្រ មកដាក់នៅសាលាស្រុកបូទុមសាគរ ដោយពួកគេអះអាងថារដ្ឋបាលស្រុកពុំបានចេញមកទទួលសាលាកបត្រ និងញ្ញត្តិរបស់ប្រជាពលរដ្ឋទេ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយលោក លី យ៉ុងផាត់។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋ​​នៅសហគមន៍មួយចំនួន​ក្នុង​​ស្រុកចំនួន៣ ​នៃ​ខេត្ត​កោះកុង ដែលអះអាងថា​មាន​វិវាទដីធ្លីជាមួយក្រុមហ៊ុន​លោកឧកញ៉ា លី យ៉ុង​ផាត់ បង្ហាញ​ការ​​ខ​ក​​ចិត្ត ក្រោយ​​​​ក្រសួងរៀបចំ​​ដែន​ដី​ នគរូប​នីយ​​កម្ម និង​សំណង់ ​​​បដិសេធ​ដោះ​ស្រាយវិវាទ​​ដី​​ធ្លី​​​​ឱ្យ​​​ពួកគេ។

ក្នុងលិខិត​ចុះ​ថ្ងៃ​ទី​​២៤ ខែ​តុលា ឆ្នាំ​២០២២ ដែល​វីអូឌី​ទើប​ទទួល​បាន​នៅ​ថ្ងៃ​អង្គារនេះ ក្រសួងរៀបចំដែនដី បាន​បដិ​សេធ​ដោះ​​ស្រាយ​វិវាទ​ដីធ្លី​​ជូន​​ពលរដ្ឋចំនួន​ ២៤៣គ្រួសារ នៅសហគមន៍ព្រលាន, ពលរដ្ឋ​ ៨៤៣គ្រួសារ ​នៅសហគមន៍​៨៤៣ និង​ពលរដ្ឋ ១២៩​គ្រួសារ ​នៅ​សហគមន៍​១២៩ និង​សហគមន៍ផ្សេងទៀត ដែលពលរដ្ឋ​អះអាងថាកំពុងមានជម្លោះ​ជាមួយក្រុមហ៊ុន Koh Kong Sugar និង Koh Kong Plantation Industry របស់លោកឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងស្រុកស្រែអំបិល បូទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង។

ក្រសួងអះអាងថា ក្រោមជម្លោះរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនរបស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នេះ ​គឺ​ក្រសួង​បាន​បើកយុទ្ធនា​ការដោះស្រាយ​​បញ្ចប់​ ដោយ​ចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ឱ្យអ្នកពាក់ព័ន្ធ​ទាំង​អស់​មក​បំពេញ​បែបបទ​ទាមទាររកដំណោះស្រាយរយៈពេល៣០ថ្ងៃ អំឡុងឆ្នាំ២០១៧។ ក្រសួងបញ្ជាក់ថា ក្នុងយុទ្ធនាការនោះ ក្រសួងទទួលបាន​បែបបទទាមទារពីប្រជាពលរដ្ឋសរុបចំនួន​ ៩៥០​គ្រួសារ និង​បាន​ដោះស្រាយបញ្ចប់នៅឆ្នាំ២០១៨ រួចរាល់អស់ហើយ ដូច្នេះក្រសួងមិនអាចដោះស្រាយទៀតបានឡើយ។

យ៉ាងណា បើតាមលិខិតដដែលនេះ ក្រសួងបានលើកឡើងថា ប្រសិនជាពលរដ្ឋជាង១ពាន់គ្រួសារនេះខ្វះខាត​ដី​សម្រាប់សង់លំនៅឋាន ឬធ្វើកសិកម្មជាលក្ខណៈគ្រួសារ ពិតប្រាកដមែននោះ ក្រសួងបានឱ្យពលរដ្ឋទាំងនេះដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចទៅអាជ្ញាធរមូលដ្ឋាន។

អ្នកស្រី ភាព តេង ដែលអះអាងថា​ជាតំណាងពលរដ្ឋ ២៤៣គ្រួសារ ​នៅសហគមន៍ព្រលាន ក្នុងឃុំកណ្ដោល ស្រុកបូទុមសាគរ បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ក្រសួងដែលបដិសេធមិនដោះស្រាយជូនពលរដ្ឋនេះ។ អ្នកស្រី​​ថា កាល​ពី​អំឡុង​ឆ្នាំ​២០០៦ ក្រុម​ហ៊ុនរបស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ ​បា​ន​​ដាក់​​គ្រឿង​​ចក្រ​ឈូស​ឆាយ​ដី និង​​ផល​​ដំណាំរ​​បស់​​គាត់​​អស់​ជាច្រើនហិក​តា ហើយ​​អាជ្ញាធរ​បានគំរាមកំហែងមិនឱ្យពួកគាត់តវ៉ាប្រឆាំង និង​​គំរាម​​ចាប់ខ្លួន​ពួកគាត់ដាក់ពន្ធនាគារផងដែរ ខណៈ​ដី​​​នោះ​​ពួក​គាត់​បាន​ចូល​ទៅអាស្រ័យផលតាំងពីឆ្នាំ១៩៩៥។

បើតាមតំណាងពលរដ្ឋរូបនេះ គឺអ្នកភូមិមិនអាចទៅដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ច​​ពីរដ្ឋ ដូច​​ការលើកឡើង​របស់ក្រសួងបានទេ ដោយពួកគាត់ទាមទារ​ដោះស្រាយ​តាម​ទំហំ​ជាក់​ស្តែង​ដែល​ក្រុម​ហ៊ុន​បាន​រំលោភ​យក។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំយល់ថា វាអត់មានយុត្តិធម៌សម្រាប់ជនរងគ្រោះដែលគាត់បានបាត់បង់ដីធ្លី។ យើងសុំអាជ្ញាធរដោះស្រាយដីធ្លីដែលយើងបានបាត់បង់មកវិញ ហើយបើឱ្យយើងទៅស្នើសុំដីសម្បទានសង្គមកិច្ចពីរដ្ឋវិញ វាមិនត្រូវ! ព្រោះអាជ្ញាធរ​ ពេលដែល​ទៅ​ស្នើសុំអ៊ីចឹង ​គេ​ថាយើង​មិនបានបាត់​បង់​ដីពិតប្រាកដទេ។ រឿងនេះ ពួកយើងនៅតែបន្តតវ៉ាទាមទាររកដំណោះ​ស្រាយ»

លោក ឈឹម សាផាន ដែលអះអាងថាជាតំណាងពលរដ្ឋ បាន​ឱ្យដឹង​ថា ប្រជាពលរដ្ឋ ៨៤៣​​គ្រួសារ និង​​មាន​​ដីសរុប ១ ៧២៧,៦ហិកតា ស្ថិតក្នុងស្រុកបូទុមសាគរ ស្រុកស្រែអំបិល និងស្រុកថ្មបាំង ខេត្ត​កោះកុង ក៏​ត្រូវបាន​ក្រុម​ហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេន​ថេសិន» របស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់ សមាជិកព្រឹទ្ធ​សភា​​ ឈូស​ឆាយ​រំលោភ​យក​អស់​តាំងពីឆ្នាំ​២០០៦​ផង​ដែរ។

លោក​​អះអាងថា កាលពីអំឡុងឆ្នាំ២០១៧ រូប​លោក និង​ពលរដ្ឋផ្សេងទៀត មិន​ទទួល​បាន​សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រសួង​រៀបចំដែនដី ឱ្យ​ពួក​គាត់​ដាក់​ពាក្យ​ទាម​ទារ​ដំណោះស្រាយដីធ្លី ដូច​ការលើកឡើងរបស់ក្រសួងនោះទេ។ លោកថា កាលនោះ ក្រសួង​គ្មាន​ជូន​ដំណឹង​ដល់​ភូមិ​ឃុំ ហើយ​​អាជ្ញាធរ​​មូល​ដ្ឋាន​នៅ​ភូមិ​ឃុំ ក៏មិន​បាន​ជូនដំណឹងនេះទៅ​ដល់ប្រជាពល​រដ្ឋ​ផងដែរ។

បើតាម​លោក ឈឹម សាផាន ក្នុងក្រុម​ពលរដ្ឋ​ ៨៤៣គ្រួសារ ក៏មានអាជ្ញាធរមួយ​ចំនួន និង​សាច់​ញាតិ​របស់​ពួក​គេ​បានបាត់​បង់​ដីធ្លី​ដោយ​សារ​ក្រុម​ហ៊ុន​របស់​លោក លី យ៉ុងផាត់ ហើយពួកគេក៏មានឈ្មោះទាមទាររកដំណោះស្រាយបញ្ហាដីធ្លីនេះដែរ។

លោកបន្ថែមថា៖ «ខ្ញុំយល់ថា ចំណុចគេ​ត្រូវ​តែ​ដោះស្រាយ​ឱ្យ​ពលរដ្ឋ អ៊ីចឹងគេត្រូវធ្វើឱ្យអស់លទ្ធភាព ទី១​ គេបានប្ដឹងពួកខ្ញុំ​ទៅ​តុលាការ តែពួកយើងអត់ខ្លាចដែរ ព្រោះពួកយើងអត់មានទោសកំហុសអីផង យើងនៅតវ៉ាដដែល អ៊ីចឹងគេរកវិធី​សាស្ត្រមួយទៀត​ តាម​រយៈ​ឱ្យ​ស្នើ​សុំ​ដី​សង្គម​កិច្ច។ បើឱ្យដីសង្គមកិច្ច​ឱ្យនៅចំណុចណា ធ្វើលិខិតឱ្យបានជាក់លាក់មួយមក អាហ្នឹង​ទទួលយក [ថាតើ]១គ្រួសារប៉ុន្មានហិកតា ដាក់ឱ្យ​​ច្បាស់មក»

បើតាមលោក ឈឹម សាផាន មាន​តំណាង​ពលរដ្ឋជិត ២០នាក់ បាន​ជាប់​បណ្តឹង​នៅ​តុលាការ​ ពាក់ព័ន្ធជម្លោះដីធ្លីជាមួយក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នេះ​ ក្រោម​បទ​ចោទ​ដូច​គ្នា​គឺ «បង្ក​​ចលា​ចល និង​ធ្វើឱ្យខូចសណ្ដាប់ធ្នាប់​សាធារណៈ អំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង​អំពើប៉ះ​ពាល់​កម្មសិទ្ធិនៃទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ»។

វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត និងលោកឧកញ៉ា លី យ៉ុងផាត់ បាន​ទេ នៅ​ថ្ងៃអង្គារនេះ។

មន្ត្រីសម្រប​សម្រួលស​ហគមន៍​នៅ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ប្រចាំ​ខេត្តកោះកុង និងកំពង់ស្ពឺ លោក ញ៉ិល ភាព មានប្រសាសន៍ថា ករណីក្រសួង​បដិសេធ​ដោះស្រាយ​ដីធ្លី និង​បង្វែរ​ឱ្យពលរដ្ឋ​ស្នើសុំដីស​ង្គម​កិច្ច​វិញ​នោះ គឺ​ជា​រឿង​មិនត្រឹម​ត្រូវ និង​គេច​វេះមិន​ទទួល​ខុសត្រូវ​ក្នុងការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ​។

មន្ត្រីសង្គមស៊ីវិលរូបនេះបន្ត​ថា ការ​ដែល​ក្រសួង​បង្វែរ​ឱ្យ​ប្រជាពលរដ្ឋស្នើសុំដីសង្គមកិច្ចវិញ​នោះ អាច​នឹងធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​បាត់​បង់​ផល​ប្រយោជន៍ ដោយ​សារពួកគេមិ​នអាច​ទទួល​ដី​សង្គមកិច្ចទាំងអស់គ្នាឡើយ ខណៈ​​ដី​សង្គម​កិច្ច​អាច​ទទួល​បានសម្រាប់​តែប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ប៉ុន្តែ​​ប្រជាពលរដ្ឋដែលតវ៉ានេះបានបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ រំលោភយក។

លោកបន្ថែមថា៖ «ការហាមឃាត់ ការរារាំង ការ​មិន​ដោះ​ស្រាយ​នេះ​​ វាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរហើយ ជាពិសេសសិទ្ធិរស់រានមានជីវិត។ ដើម្បីរស់រានមានជីវិតបាន យើងដឹងហើយ គឺប្រជាពលរដ្ឋទាំងអស់ហ្នឹង ​គាត់ត្រូវការ​ដី! បើ​អត់​មាន​ដីសាង​សង់​លំនៅឋាន អត់​មានដីប្រកបរបរធ្វើស្រែធ្វើចម្ការទេ មិនអាចមានទេ​អាសិទ្ធិរស់រានមានជីវិតហ្នឹង។ ហើយរដ្ឋាភិបាល​ធ្លាប់​ប្តេជ្ញា​ចិត្ត​ថា មិន​ឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយទេ។ អ៊ីចឹងបើគាត់មិនដោះស្រាយទេ អាហ្នឹងគឺរំលោភ​សិទ្ធិពលរដ្ឋធ្ងន់ធ្ងរណាស់​ រំលោភទាំងច្បាប់ជាតិ និងអន្តរជាតិ»

កាលពីថ្ងៃទី៨ ខែកុម្ភៈ​​ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយ​ការណ៍​មួយដោយរកឃើញ​ថា ​ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួនជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣គ្រួសារ​) បាន​រង​ផល​ប៉ះ​ពាល់ដោយ​សារ​វិវាទ​ដីធ្លី​ ដែល​​មាន​ទំហំជាង៥០ ០០០​ហិកតា (៥២ ៦០១,៨៧ហិកតា)។

អាដហុក​ ឱ្យដឹងទៀតថា មានពលរដ្ឋរងគ្រោះដីធ្លី ១៥៧​នាក់ កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោម​ការត្រួត​ពិនិត្យ​ពីតុលាការ ខណៈជ​នរងគ្រោះ ១៧នាក់ទៀត​ កំពុងឃុំ​ខ្លួន​បណ្ដោះអាសន្នក្នុងពន្ធនាគារ ដោយសារការតវ៉ាទាម​ទារដីធ្លីរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ