ប្រធានាធិបតីថ្មីរបស់ប្រទេសប៉េរូ បានស្នើឱ្យសភារៀបចំការបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីមានបាតុកម្មគាំទ្រអតីតប្រធានាធិបតី លោក ប៉េដ្រូ កាស្ទីឡូ (Pedro Castillo) ដែលទើបធ្លាក់ពីអំណាចនិងកំពុងជាប់ក្នុងពន្ធនាគារ និងបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នេះ។
ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលូអាតេ (Dina Boluarte) ដែលពីមុនជាអនុប្រធានាធិបតី បានស្បថចូលកាន់តំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីអតីតប្រធានាធិបតី លោក ប៉េដ្រូ កាស្ទីឡូ (Pedro Castillo) ត្រូវបានសភាដកចេញពីតំណែង និងចាប់ខ្លួនពីបទព្យាយាមរំលាយសភា។
ទោះយ៉ាងណា អ្នកគាំទ្រលោក Castillo អះអាងថា លោកស្រី Boluarte មិនត្រូវបានជ្រើសរើសដោយប្រជាជនទេ។ ក្រុមបាតុករបានដើរតាមដងផ្លូវ ដើម្បីទាមទារឱ្យប្រទេសប៉េរូរៀបចំការបោះឆ្នោតថ្មី ដោយអ្នកខ្លះក៏បានអំពាវនាវឱ្យសភាត្រូវបិទទ្វារ និងឱ្យដោះលែងលោក Castillo។
ប្រធានការិយាល័យប្រជាពលរដ្ឋរបស់ប្រទេសប៉េរូ លោកស្រី អេលីណា រ៉េវ៉ុលឡា (Eliana Revollar) បាននិយាយថា មនុស្សចំនួន៧នាក់បានស្លាប់ក្នុងអំឡុងពេលនៃការតវ៉ារយៈពេល២ថ្ងៃ ដោយការបាញ់ដោយគ្រាប់កាំភ្លើងពិត។
ដោយលើកឡើងពី «ពេលវេលាដ៏លំបាកនះ» លោកស្រី Boluarte បាននិយាយថា លោកស្រីកំពុងស្នើសុំឱ្យមានការរៀបចំការបោះឆ្នោតមុនអាណត្តិ គឺនៅខែមេសា ឆ្នាំ២០២៤ ដែលកាលវិភាគដើមសម្រាប់ការបោះឆ្នោតសកល គឺនៅឆ្នាំ២០២៦។
នៅក្នុងលិខិតសរសេរដោយដៃ ដែលបានបង្ហោះលើបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួន កាលពីថ្ងៃចន្ទ លោក Castillo បានហៅការសន្យារៀបចំការបោះឆ្នោតមុនអាណត្តិរបស់លោកស្រី Boluarte ថាជា «ល្បែងកខ្វក់» ហើយបានចំអកឱ្យលោកស្រីថាជា «អ្នកដណ្ដើមអំណាច» ដោយអំពាវនាវឱ្យមានការប្រជុំជាបន្ទាន់ដើម្បីកែរដ្ឋធម្មនុញ្ញ។
លោក Castillo ក៏បាននិយាយថា លោកនឹងមិនលាលែងពីតំណែងជាប្រធានាធិបតីទេ បើទោះបីជាលោកត្រូវបានដកចេញពីអំណាចស្របច្បាប់ក៏ដោយ។ លោកកំពុងត្រូវឃុំខ្លួនក្នុងពន្ធនាគារមួយកន្លែងក្នុងទីក្រុងលីម៉ា (Lima) ខណៈលោកកំពុងត្រូវបានស៊ើបអង្កេតដោយរដ្ឋអាជ្ញា ពីបទបះបោរ និងសមគំនិត៕









