នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំដល់មន្ត្រី និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់គ្រងព្រំដែនឱ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឱ្យមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ ព្រមទាំងរួមគ្នាលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍ដែលគ្មានសុវត្ថិភាព និងការងារខុសច្បាប់។
ក្នុងទិវាជាតិ ១២ធ្នូ ប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២២ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ស ខេង នាយករដ្ឋមន្រ្តីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ឆ្នាំ២០២២នេះ ជាឆ្នាំដែលមានឱកាសអាចរៀបចំទិវាជាតិប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព» ដែលស្របទៅនឹងទស្សនវិស័យ និងការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការរក្សានូវសន្តិសុខ និងសុវត្ថិភាពសង្គម។
តែយ៉ាងណា លោក ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ផងដែរនោះ បន្តថា ចរន្តនៃការវិលត្រលប់មកវិញដោយឥតគ្រោងទុករបស់ពលករកម្ពុជាពីប្រទេសគោលដៅ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសក្នុងឆ្នាំ២០២០ និង២០២១ បានកើនរហូតដល់ជាង ៣០ម៉ឺននាក់ និងថាក្នុងដំណាក់កាលនេះហើយ ដែលការគ្រប់គ្រងព្រំដែនមានភាពប្រឈម ស្មុគស្មាញ ដោយចំនួននៃពលករវិលត្រលប់កើនឡើងយ៉ាងគំហុកជារៀងរាល់ថ្ងៃ ក្នុងនោះ ជនទេសន្តរប្រវេសន៍បរទេសខុសច្បាប់ជាច្រើនមានឱកាសបន្លំខ្លួនចូលមកកម្ពុជាដោយខុសច្បាប់ និងបានសម្ងំលាក់ខ្លួនធ្វើការងារជាមួយនិយោជកទុច្ចរិតមួយចំនួន ដែលបង្កើតបានជាបទល្មើសយ៉ាងអនាធិបតេយ្យលើទឹកដីកម្ពុជា។
ករណីនេះ លោក ស ខេង បានណែនាំទៅថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរ កម្លាំងសមត្ថកិច្ច និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំតាមដានបាតុភាព និងបទល្មើសផ្សេងៗ និងគ្រប់គ្រងព្រំដែនឱ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំដែលនាំឱ្យមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ និងត្រូវរួមគ្នាលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍ដែលគ្មានសុវត្ថិភាពខុសច្បាប់ និងការងារខុសច្បាប់។
លោកថា៖ «សមត្ថកិច្ចត្រូវតាមដាន និងក្ដាប់សភាពការណ៍ជួញដូរមនុស្សឱ្យបានជាប់ជាប្រចាំ ហើយដាក់ចេញនូវវិធានការបង្ក្រាបឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងដោយវិជ្ជាជីវៈ នេះជាបញ្ហាសំខាន់ណាស់ ទាក់ទងនឹងការក្តាប់ពីស្ថានភាពនៃការជួញដូរមនុស្សនេះ មានន័យថា យើងជួយសង្គ្រោះជនរងគ្រោះ ហើយយើងផ្តន្ទាទោសចំពោះអ្នកទទួលខុសត្រូវ គឺជនល្មើសដែលជួញដូរមនុស្សនេះ»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានស្នើថ្នាក់ដឹកនាំគ្រប់និកាយសាសនា បន្តការផ្សព្វផ្សាយខ្លឹមសារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់សាសនិកទាំងឡាយនៅតាមសហគមន៍ទូទាំងប្រទេស ឱ្យបានយល់ជ្រួតជ្រាបខ្លឹមសារពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដល់គ្រប់វិស័យពាក់ព័ន្ធជាតិ និងអន្តរជាតិ ហើយបន្តរិះរកនូវវិធានការជាគន្លឹះនានា និងរួមសហការគ្នាជាធ្លុងមួយធ្វើសកម្មភាពឱ្យកាន់តែខ្លាំងក្លាក្នុងការ «បង្ការ បង្ក្រាប ផ្ដន្ទាទោស សង្គ្រោះ ការពារ ដើម្បីឱ្យកម្ពុជាគ្មានអំពើជួញដូរមនុស្ស»។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ស ខេង ដែលបានដកស្រង់ប្រសាសន៍របស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ គឺគិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ គ.ជ.ប.ជ បានទទួលបណ្តឹងពីអ្នកដែលអះអាងថាជាជនរងគ្រោះ ចំនួន១ ១២២នាក់ (ស្រី ១២១នាក់)។ ប៉ុន្តែលោកស្រីថា ក្នុងចំណោមជនទាំងនោះ អ្នកដែលត្រូវបានកំណត់អត្តសញ្ញាណថាជាជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការបង្ខាំងខ្លួន និងពលកម្មដោយបង្ខំ មានចំនួន១៥៣នាក់ (ស្រី១៨នាក់) និងមាន៦សញ្ជាតិ ហើយជនក្រៅពីនេះបានបដិសេធថាខ្លួនមិនបានរងគ្រោះទេ និងមានបំណងចង់ប្តូរទៅទីតាំងការងារថ្មីដែលមានប្រាក់ខែខ្ពស់ជាងនេះ ឬថាគ្រាន់តែជាការបារម្ភរបស់ក្រុមគ្រួសារតែប៉ុណ្ណោះ។
ប្រភពដដែលបន្តទៀតថា គិតពីការចាប់ផ្តើមប្រតិបត្តិការដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យពាក់ព័ន្ធនឹងករណីជួញដូរមនុស្សចំនួន២២នាក់ មាន៣សញ្ជាតិ និងជនសង្ស័យពាក់ព័ន្ធនឹងអំពើជួញដូរផ្លូវភេទ ០៤នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់កម្ពុជា ខណៈទីតាំងសង្ស័យប្រព្រឹត្តបទល្មើសចំនួន៥ ត្រូវបានបិទជាស្ថាពរ និង៤ទីតាំង បិទជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរកបទល្មើស។
ករណីនេះ លោកស្រីថា រដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្តខ្ពស់ក្នុងការបង្ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងបន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ ដើម្បីឱ្យប្រទេសកម្ពុជាគ្មានអំពើជួញដូរមនុស្សគ្រប់ប្រភេទ និងគ្រប់រូបភាព ជាដើម។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ បញ្ហាជួញដូរមនុស្សក្នុងប្រទេសកម្ពុជា នៅតែបន្តកើតមាន និងមានស្ថានភាពកាន់តែអាក្រក់ទៅ ដែលធ្វើឱ្យសហរដ្ឋអាមេរិកចាត់ចំណាត់ថ្នាក់កម្ពុជាក្នុងលំដាប់លេខរៀងទី៣ នៃការជួញដូរមនុស្ស។ លោកបន្តថា បើរដ្ឋាភិបាលកម្ពុជាមិនទប់ស្កាត់បញ្ហាជួញដូរមនុស្សឱ្យបានទាន់ពេលទេ នឹងធ្វើឱ្យកម្ពុជាជួបហានិភ័យ និងប៉ះពាល់ដល់សន្តិសុខប្រជាពលរដ្ឋ ការវិនិយោគ និងជំនួយហិរញ្ញប្បទានដែលបរទេសជួយដល់កម្ពុជា ជាដើម។
លោក អំ សំអាត ផ្តល់ជាអនុសាសន៍ថា៖ «កម្ពុជាយើងត្រូវពង្រឹងនូវកិច្ចសហប្រតិបត្តការផ្ទៃក្នុងរវាងស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យមានសហប្រតិបត្តិការល្អ ហើយនឹងពង្រឹងយន្តការក្នុងការអនុវត្តច្បាប់ដែលមានស្រាប់។ ទី២ កម្ពុជាត្រូវតែមានការបណ្ដុះបណ្ដាលមន្ត្រីជំនាញបន្ថែមទៀត ពីព្រោះការជួញដូរមនុស្ស វាទៅជាទំនើបកម្មមួយ ដែលការជួញដូរតាមប្រព័ន្ធអនឡាញកំពុងរីកដុះដាលសម្រាប់កម្ពុជា។ អ៊ីចឹងមន្ត្រីត្រូវតែមានការបណ្តុះបណ្តាលឱ្យទាន់ឧក្រិដ្ឋជន ឬបទល្មើសសម័យថ្មីនេះ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស»។
លោកបន្ថែមថា៖ «ហើយទី៣ យើងត្រូវលុបបំបាត់រាល់ទម្រង់នៃអំពើពុករលួយឱ្យបាន។ ហើយទី៤ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសជិតខាង ដើម្បីនាំគ្នាទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ ដែលនាំឱ្យក្លាយទៅជាកម្មវត្ថុនៃការជួញដូរមនុស្សឱ្យបាន ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ដើម្បីកំណត់មុខសញ្ញាឧក្រិដ្ឋជននៃការជួញដូរមនុស្ស ធ្វើម៉េចទប់ស្កាត់ឱ្យបាន»។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ និងអ្នកកាន់សាសនាផ្សេងៗ ឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជាក្លាយជាឋានសួគ៌នៃឧក្រិដ្ឋកម្ម កន្លែងលាងលុយ ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗ។
ការអំពាវនាវនេះ ស្របពេលកម្ពុជាជាប់ក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក និងជាប់ក្នុងបញ្ជីប្រផេះលាងលុយកខ្វក់ ឬប្រទេសតាមដានលើករណីលាងលុយខុសច្បាប់របស់ក្រុមការងារហិរញ្ញវត្ថុអន្តរជាតិ ៤ឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០១៨មក៕