៣០ឆ្នាំហើយដែលរមណីយដ្ឋានអង្គរដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួបលើកទី ៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO)។

រមណីយដ្ឋានអង្គរឧទ្យានអង្គរ ដែលមានទីតាំងនៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានចុះបញ្ជីក្នុងអង្គការ​សិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (United Nations Educational Scientific and Cultural Organization) ដែលហៅកាត់ថា អង្គការយូណេស្កូ (UNESCO) បានដាក់បញ្ចូល​ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក។  ​

ទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៤ ខែធ្នូ បានសរសេរថា ខួបលើកទី៣០នេះ គឺជាការរម្លឹកស្មារតីកូនខ្មែរគ្រប់រូបឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេស ក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារឱ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។

ទំព័រហ្វេកប៊ុកលោក ហ៊ុន សែន សរសេរបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សបេតិកភណ្ឌមួយដ៏អស្ចារ្យនេះ។ បច្ចុប្បន្ន អង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនា និងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទសកម្ពុជា»។

លោក ហ៊ុន សែន បន្តថា ក្រោយពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរជាតិមួយបាន​ធ្វើឡើងនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី១២ ដល់១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ។ សន្និសីទអន្តរជាតិពេលនោះធ្វើឡើង ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពនានាជាប្រយោជន៍ដល់កិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា អាយស៊ីស៊ីអង្គរ (ICC Angkor) ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣។

ប្រភពដដែលបញ្ជាក់ថា តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទបុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដោយមានផ្ទៃក្រឡាសរុប ៤០១គីឡូម៉ែត្រក្រឡា។ នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល មានប្រាសាទជិត១០០ផ្សេងទៀត ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

គេហទំព័ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីឆ្នាំ២០១៤ បញ្ជាក់ថា ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ឡើងនៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ក្នុងគ.ស ១១១៣ ដល់១១៥០ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា និងមានទីតាំងស្ថិតនៅក្នុងរាជធានីយសោធរបុរៈ​។

ប្រភពដដែលលើកឡើងពីពាក្យថា អង្គរ ដោយយោងតាមវចនានុក្រមរបស់លោកស្រីបណ្ឌិត ពៅ សាវរស លើកឡើងថា អង្គរ មកពីពាក្យសំស្ក្រឹតថា នគរ មានន័យថា ទីក្រុង ឬ រាជធានី ឬ អាណាចក្រ។ រីឯពាក្យ វត្ត ជាទីដែលមានព្រះសង្ឃគង់នៅ។ ជារួមពាក្យថា «អង្គរវត្ត» មានន័យថា ជាទីក្រុងដែលមានវត្តអារាមក្នុងព្រះពុទ្ធសាសនា។ ​ ក្រសួងវប្បធម៌បន្តថា ប្រាសាទអង្គរវត្តមានឈ្មោះដើមថា «បរមវិស្ណុលោក»។ ការវិវត្តនៃឈ្មោះ អង្គរវត្ត នេះ អាចត្រូវបានគេយកមកប្រើតាមប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះ តាម​សិលា​ចារឹក​នៅ​សតវត្ស​រ៍ទី១៦​ បញ្ជាក់​ថា ឈ្មោះ​ប្រាសាទ​អង្គរវត្ត​ គឺព្រះ​​មហា​​នគរ​​ឥន្ទ្រ​​ប្រ័ស្ថ​​ព្រះ​ពិស្ណុ​លោក ហើយពាក្យ ឥន្ទ្រប្រ័ស្ថ មាន​ន័យ​ថា ជា “ទីក្រុង​របស់​ព្រះឥន្ទ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ