កុដិចំនួនបី​ក្នុង​វត្តឧណ្ណាលោម​ដែល​មាន​អាយុកាល​ជិត​មួយសតវត្សរ៍ ត្រូវបាន​វាយកម្ទេច​ដើម្បី​យក​ទីតាំង​ធ្វើ​ចេតិយ

គ្រឿងចក្រឈូសកាយសំណល់បែកបាក់នៃកុដិបុរាណដែលមានអាយុកាលជិតមួយសតវត្សរ៍ ក្រោយត្រូវបានកម្ទេចចោលកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ដោយអះអាងថាទុកសម្រាប់សាងសង់ចេតិយ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី) ​

កុដិ​ដែលក្រសួងចាត់ទុកជា​បេតិកភណ្ឌរបស់ជាតិ​ចំនួន​បី​ ត្រូវបានវាយកម្ទេចដើម្បីយកទីតាំង​ធ្វើជា​ចេតិយ​សម្រាប់​សម្ដេច​សង្ឃរាជាធិបតី​ ទេព វង្ស​​ និងសម្រាប់ដាក់ធាតុពលរដ្ឋទូទៅ ស្របពេលក្រសួងចាត់ទុក​ការវាយកម្ទេចកុដិ​ដែលមានអាយុកាលជិតមួយ​សតវត្សរ៍នេះថាធ្វើឡើងផ្ទុយពីច្បាប់​។

ក្រោយពីមាន​ការវាយកម្ទេចកុដិទាំង៣នោះរួចមក​ ពលរដ្ឋមួយចំនួន​បានបង្ហាញការ​សោកស្ដាយ​។ ចំណែក​អ្នកស្រាវជ្រាវ​បុរាណវិទ្យា យល់ថា​ ការបាត់បង់កុដិទាំងនេះ​នឹងធ្វើឱ្យបាត់បង់តឹកតាងដែលជាផ្នែកមួយនៃប្រវត្តិសាស្រ្តសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។​​​

អ្នកស្រី​ ហ៊ុន ស៊ីដារ៉េត អាយុ​៦៨ឆ្នាំ ដែលជាចុងភៅផ្ទាល់របស់​សម្ដេចសង្ឃ​ ទេព វង្ស បានឱ្យដឹង​ថា ​កុដិ​បុរាណចំនួន​៣​​ដែលវាយកម្ទេចនោះ កសាងឡើងតាំងពីជំនាន់សម័យអាណាព្យាបាល​បារាំង ដោយកុដិទាំងនេះ​​​សុទ្ធតែមានព្រះសង្ឃគង់នៅ។

អ្នកស្រីថា តែមុនពេលដែលគេវាយកម្ទេចកុដិ​ គេ​បានឱ្យព្រះសង្ឃទាំង​នោះ​ទៅគង់នៅកុដិផ្សេងទៀត​នៅក្នុងវត្តឧណ្ណាលោម។ ក្រោយពីវាយកម្ទេចកុដិទាំងនោះ អ្នកស្រីថា ទីតាំងនេះ​នឹងត្រូវ​សាងសង់ចេតិយទុកសម្រាប់ថ្វាយ​​សម្ដេចសង្ឃ ទេព វង្ស​។

​អ្នកស្រីថា៖ «ចង់អភិរក្សក៏បានដែរ​ តែចុះបើគេវាយអ៊ីចឹងហើយ​ អ៊ីចឹងអភិរក្សម៉េចកើតទៀត! គេធ្វើចេតិយ​សម្ដេច​សង្ឃ ទេព វង្ស យើងហ្នឹង​»។

ជុំវិញករណីនេះ​ ព្រះគ្រូសូត្រឆ្វេង​នៃវត្តឧណ្ណាលោម​ ព្រះតេជព្រះគុណ ស្រី ណារុន មានថេរដីកាប្រាប់វីអូឌីនៅថ្ងៃ​អង្គារ​ថា ​ការធ្វើចេតិយនេះមិនមែនសម្រាប់​តែ​សម្ដេចសង្ឃ​ ទេព វង្ស នោះទេ​ ដោយថា​​នឹងដាក់ធាតុ​ពលរដ្ឋទូទៅផងដែរ​។ ព្រះអង្គបញ្ជាក់ថា ការយកទីតាំងលើកុដិចាស់នេះ ដោយសារក្នុងបរិវេណក្នុងវត្តមួយនេះមិនមានទីតាំងផ្សេងទៀតសម្រាប់​សាងសង់ចេតិយ​​នោះឡើយ។

ព្រះអង្គមានថេរដីកាថា​៖​ «មិនមែនជាហេតុផល​នៃការវាយកុដិ​ហ្នឹងធ្វើជាលេសនោះទេ​ តែជារឿងមួយ​ដែល​ទីតាំងវត្តដែលជាតម្រូវការយើង រកទីតាំងដទៃទៀតដោះស្រាយអត់​បាន។​ ហើយទីពីរទៀត ​ទីតាំងត្រង់ហ្នឹង​សមជាមួយចេតិយសម្ដេច​ ជួន ណាត​ វាស្មើគ្នា​»។

ព្រះអង្គបន្ថែមថា មុនពេលដែលវាយកម្ទេច ពុំបានដឹងថាកុដិទាំងនោះត្រូវបានចុះបញ្ជីជាបតិកភណ្ឌរបស់ជាតិនោះទេ​។ បន្ថែមពីនេះ ​ព្រះសង្ឃគង់​នៅកុដិទាំង​បីនោះបានព្រមព្រៀងគ្នាលើការរើចេញ ដោយមិនមានការបង្ខិតបង្ខំនោះឡើយ។ ​

វីអូឌី បានព្យាយាមសុំការឆ្លើយបតពី​​​ព្រះសង្ឃ​ពីរអង្គ និង​អាចារ្យម្នាក់​ដែល​ធ្លាប់​រស់នៅ​កុដិ​ទាំងនោះ​ តែទទួលបានការបដិសេធ​​។

អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ​ បានឆ្លើយតបវីអូឌីថា​ លោកមិនអាចឆ្លើយអ្វី​ក្រៅពីសេចក្ដីប្រកាស​ដែលក្រសួងបានចេញផ្សាយនោះទេ។​

​សេចក្ដីប្រកាស​របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​កាលពីថ្ងៃទី​៨ ខែធ្នូ​ ឆ្នាំ​ ២០២២ ​បានឱ្យដឹងថា​ ក្រសួងមានការសោកស្ដាយ ដោយសារកុដិ​ដែលកសាងនៅអំឡុងឆ្នាំ​១៩៣០ បានវាយកម្ទេចចោល​ ខណៈដែល​កុដិ​ទាំង​នេះ​បានចុះបញ្ជីក្នុង​មន្ទីរ​វប្បធម៌ និងវិចិត្រសិល្បៈ ​រាជធានីភ្នំពេញ កាលពីឆ្នាំ​២០១៧។​

លិខិតលើកឡើងថា៖ «ក្រោយបានដឹងដំណឹងនេះ ក្រសួងមានការសោកស្តាយជាខ្លាំង ព្រោះកុដិទាំងបីនេះក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧»។​

សេចក្តីប្រកាសដដែល​បន្ថែម​ថា ការរុះរើ និងវាយកម្ទេចកុដិចាស់ចោល ដោយពុំបានសិក្សាពិគ្រោះ និង​អនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺ​ជាទង្វើដែលផ្ទុយពីច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តផងដែរ។

​អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និងជា​បុរាណវិទូ​​ ផងនោះ លោកបណ្ឌិត ធុយ ចាន់ធួន​ បានបង្ហាញការសោកស្ដាយ នៅពេលដែលបាត់បង់​កុដិ​ដែលជាផ្នែកដ៏សំខាន់​នៃប្រវត្តិសាស្រ្តសម្រាប់មនុស្សជំនាន់ក្រោយ​។

លោកបន្តថា​ ​មុននឹង​វាយកម្ទេច​​សំណង់អគារមានវ័យចំណាស់បែបនេះ ភាគីពាក់ព័ន្ធគួរតែសិក្សាស្រាវជ្រាវ​ជាមុន​សិន​ ចៀសជាងការវាយកម្ទេចរួចហើយ ទើបសម្ដែងការសោកស្ដាយជាក្រោយ​។

លោកមានប្រសាសន៍ថា៖ ​«កាលណាបាត់បង់បេតិកភណ្ឌ​ជាតិ នោះបាត់បង់ព្រលឹង បាត់បង់អត្តសញ្ញាណ​ នោះបាត់បង់ប្រវត្តិសាស្រ្តជាតិ​នេះ គឺជាចំណែកមួយតូចនៅក្នុងប្រវត្តិសាស្រ្តប្រទេស​ ហើយអ្វីដែលសំខាន់នោះគឺការគោពច្បាប់»។​

ករណីស្រដៀងគ្នានេះបានកើតឡើងកាលពីខែសីហា ឆ្នាំ២០១៧ ដោយព្រះវិហារបុរាណមួយនៅវត្ត​ឥន្ទ្រីយ៍សំវរៈ ហៅ​វត្ត​កំពង់ធំ ក្នុងទីរួមខេត្តកំពង់ធំ ត្រូវបានអតីតព្រះចៅអធិការវត្ត និង​ជាអតីត​ព្រះ​មេគណ​ខេត្ត​កំពង់ធំផង ព្រះតេជព្រះគុណ សៀង សុខ បញ្ជាឱ្យគេវាយកម្ទេចចោលទាំងយប់ ដើម្បីកសាងព្រះវិហារថ្មី។ ​

ព្រះវិហារ​​នោះមាន​រូប​គំនូរ​បុរាណ​ជា​ច្រើន ដោយគំនូរ​នៅ​លើ​ជញ្ជាំងខ្លះ ក្រៅ​ពី​បង្ហាញ​​​សកម្មភាព​របស់​ព្រះសម្មាសម្ពុទ្ធ​កាល​ទ្រង់​នៅ​មាន​ព្រះជន្ម គឺ​មាន​គំនូរ​មួយ​ចំនួន​បង្ហាញ​ពី​ការ​ជួបជុំ​ថ្នាក់ដឹកនាំ​នៃ​បណ្ដាប្រទេស​មួយ​ចំនួន​ជាមួយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ​ នរោត្តម សីហនុ ថែមទៀតផង។

ក្រោយមានករណីនេះ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ២០១៧​ ​​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​បង្ហោះ​រូបភាព​ព្រះវិហារដែល​ត្រូវ​បាន​គេ​កម្ទេច​មួយ​ចំនួន និង​បាន​សរសេរ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បញ្ជាក់​ថា វត្ត​ឥន្ទ្រីយ៍សំវរៈ ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៦៣៣ ហើយ​ព្រះវិហារដែលគេវាយចោលនោះ ​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៤៨ និង​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ នៅ​ឆ្នាំ​២០០៧។

ក្រមព្រហ្មទណ្ឌ​មាត្រា៥១០ ចែង​ថា អំពើ​ដែល​ធ្វើ​ឡើង​ដោយ​ចេតនាក្នុង​ការ​បំផ្លាញ​បណ្ដាល​ឱ្យ​ទ្រុឌទ្រោម និង​ខូចខាត​ដល់​បូជនីយដ្ឋាន​បូជា​ចំពោះ​ព្រះពុទ្ធ​សាសនា ឬ​បូជនីយវត្ថុ​ក្នុង​សាសនា​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ដល់ ១០​លាន​រៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ