ក្រុមហ៊ុន​នាំចូល​សត្វស្វា​នៅ​អាមេរិក​ថា ខ្លួន​លែង​ទទួល​សត្វស្វា​ពី​កម្ពុជា​ទៀត​ហើយ

ទ្រុងស្វាតម្រង់ជួរប្រហែល៣០០ឃ្លាំង នៅក្រុមហ៊ុន Vanny Bio Research ។ (ត្រាន់ តិចសេង/VOD)

ក្រុមហ៊ុនជួញដូរសត្វស្វាសម្រា​ប់គោលដៅវេជ្ជសាស្ត្រមួយរបស់អាមេរិក បានឱ្យដឹងថា ការផ្គត់ផ្គង់សត្វស្វារបស់ខ្លួនពីកម្ពុជាត្រូវបានបញ្ឈប់ បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនផ្គត់ផ្គង់កម្ពុជាមួយពីបទ «ជួញដូរសត្វស្វាព្រៃដោយខុសច្បាប់» ខណៈក្រុមហ៊ុនបុត្រសម្ពន្ធចំនួនពីររបស់ខ្លួនក៏ប្រឈមនឹងការជាប់ពាក់ព័ន្ធនឹងករណីនេះផងដែរ។

ថ្នាក់ដឹកនាំក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (Vanny Bio-Research) ដែលមានកសិដ្ឋានចិញ្ចឹមស្វាក្នុងខេត្តពោធិ៍សាត់ និងទីតាំងផ្សេងទៀត បានប្រឈមនឹងការចោទប្រកាន់ពីបទ «សមគំនិត និងការរត់ពន្ធដោយខុសច្បាប់» ខណៈមន្ត្រីក្រសួងកសិកម្មកម្ពុជាពីររូបក៏ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងនេះផងដែរ ដែលក្នុងនោះមានម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងញូវយ៉ក កាលពីខែមុន។

បន្ទាប់ពីមានការចាប់ខ្លួនប្រធាន​នាយកដ្ឋាន​​សត្វព្រៃ និង​ជីវចម្រុះ ​នៃ​រដ្ឋបាល​ព្រៃឈើ លោក គ្រី ម៉ះផល កាលពីខែមុន នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ក្រសួងកសិកម្មក៏​បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយ​បង្ហាញ​ការភ្ញាក់​ផ្អើល និង​​ខក​ចិត្តជាខ្លាំងចំពោះការចាប់ខ្លួននេះ ដោយ​អះអាង​​ថា ​នឹង​​​ស្វែង​​រក​យុត្តិធម៌ដល់​​មន្ត្រីរបស់ខ្លួនដែល​​ត្រូវបាន​​ចាប់​​ខ្លួន​​នៅ​​សហរដ្ឋអាមេរិកនេះផងដែរ។

យោងតាមការអះអាងដោយសហរដ្ឋអាមេរិក សត្វស្វាព្រៃរាប់ពាន់ក្បាលត្រូវបានចាប់ និងនាំយកទៅកាន់កសិដ្ឋានរបស់ក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច ដើម្បីរៀបចំសម្រាប់ការនាំចេញ។

កម្មករមួយចំនួនធ្វើការនៅកសិដ្ឋានក្នុងខេត្តពោធិ៍សាត់ កាលពីខែមុន ក៏បានលើកឡើងថា សត្វស្វាព្រៃត្រូវបានគេនាំចូលទៅក្នុងទីតាំងនោះ ខណៈភ្នំមួយចំនួននៅក្បែរនោះត្រូវបានស្គាល់ថាជាកន្លែងសម្រាប់បរបាញ់សត្វស្វារបស់អ្នកស្រុក។

​សំណុំរឿងនេះ បច្ចុប្បន្នបានឈានដល់ក្រុមហ៊ុន Inotiv, Inc. ជាក្រុមហ៊ុនស្រាវជ្រាវឱសថមួយដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Indiana ខណៈខ្លួនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច គឺជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុនដដែលនេះបន្ថែមថា ​បច្ចុប្បន្ន ខ្លួនលែងទទួល​​សត្វស្វាពីកម្ពុជាទៀតហើយ។

ក្រុមហ៊ុនបន្តថា៖ «យើងបានទទួលដំណឹងថា កម្ពុជាបច្ចុប្បន្នបានបញ្ឈប់ការនាំចេញសត្វស្វាហើយ។ ដូច្នេះ យើងមិនបាននាំចូលសត្វស្វាណាមួយពីកម្ពុជាឡើយ។ យើងមិនដឹងថាតើពួកគេមានបំណងបន្តអនុញ្ញាតឱ្យមានការដឹកជញ្ជូននេះឡើងវិញនៅពេលណានោះទេ»។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បាន​ឱ្យដឹង​នៅ​ថ្ងៃ​អង្គារនេះ​ថា ការ​នាំ​ចេញ គឺ​មិន​ត្រូវ​បាន​បញ្ឈប់នោះទេ។

កញ្ញា​ថា​៖ «​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ផ្អាក​ការ​នាំ​ចេញសត្វស្វាក្ដាម​ទៅ​កាន់​ទីផ្សារ​អន្តរជាតិនោះ​ទេ»។

សម្រាប់សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Inotiv, Inc. កាលពីថ្ងៃចន្ទវិញ ក៏បានឱ្យដឹងថា ក្រុមហ៊ុននឹងឈប់លក់សត្វស្វាកម្ពុជាដល់អតិថិជន ស្របពេលដែលមានការចោទប្រកាន់ពីការជួញដូរសត្វព្រៃខុសច្បាប់នេះ។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា៖ «ក្រុមហ៊ុនសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះរាល់ការជួញដូរ និងការនាំចូលដែលគ្មានការអនុញ្ញាតណាមួយនៃប្រភេទសត្វកម្រជិតផុតពូជ ខណៈការកាត់បន្ថយចំនួនសត្វស្វាដែលប្រើសម្រា​ប់គោលដៅវេជ្ជសាស្ត្រ ជាពិសេស​សម្រាប់ការធ្វើពិសោធក៏គួរតែត្រូវបានធ្វើឡើងផងដែរ»។

យោងតាមការបញ្ជាក់ដោយក្រុមហ៊ុន សត្វស្វាប្រមាណ​ ៦០% ដែលនាំចូលមកសហរដ្ឋអាមេរិក ក្នុងអំឡុងរយៈពេល១២ខែ (គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ) គឺនាំមកពីប្រទេសកម្ពុជា។

ក្រុមហ៊ុនក៏បាននិងកំពុងសហការយ៉ាងពេញលេញជាមួយការិយាល័យមេធាវីរបស់សហរដ្ឋអាមេរិក រួមទាំងការផ្គត់ផ្គង់ឯកសារ និងព័ត៌មានពីក្រុមហ៊ុនបុត្រសម្ពន្ធចំនួនពីរ ស្តីពីការនាំចូលសត្វស្វាមកកាន់សហរដ្ឋអាមេរិកផងដែរ។

ទាក់ទិន​ករណីនេះ អង្គការលើកកម្ពស់​សិទ្ធិ​សត្វរបស់​អាមេរិក People for the Ethical Treatment of Animals (PETA) ក៏បានអំពាវនាវដល់រាល់មន្ទីរពិសោធដែលបានទិញសត្វស្វាពីក្រុមហ៊ុន Inotiv, Inc. ឱ្យធ្វើការផ្ទេរសត្វស្វាដែលត្រូវបានរកឃើញថាត្រូវបានជួញដូរដោយខុសច្បាប់ទៅកាន់ទីជម្រកផងដែរ។

ថ្លែងឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ អនុប្រធានជាន់ខ្ពស់របស់អង្គការ PETA អ្នកស្រី Kathy Guillermo បានលើកឡើងថា៖ «ក្រោមទិដ្ឋភាពច្បាប់ មន្ទីរពិសោធណាមួយដែលរក្សាទុកនូវសត្វស្វាដែលត្រូវបានជួញដូរដោយខុសច្បាប់នៅពេលនេះ គឺអាចចាត់ទុកបានថាជារឿងខុសច្បាប់ ដែលអាចចាត់វិធានការបាន។ សត្វស្វា មិនគួរត្រូវបានកំណត់ជាគោលដៅនៅក្នុងមន្ទីរពិសោធសម្រាប់ហេតុផលណាមួយឡើយ ខណៈសកម្មភាពដ៏ឃោរឃៅនេះត្រូវតែបញ្ចប់ជាបន្ទាន់ ហើយមន្ទីរពិសោធក៏គួរតែចាប់ផ្តើមបញ្ជូនសត្វដែលត្រូវបានជួញដូរដោយខុសច្បាប់ទាំងនោះទៅកាន់ទីជម្រកដែលមានសុវត្ថិភាពផងដែរ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ US Monkey Importer Says It No Longer Gets Animals From Cambodia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ