អ្នកភូមិ​ជិត២០នាក់​ត្រូវបាន​ចាប់ដាក់​ពន្ធនាគារ​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​នៅ​ខេត្តឧត្ដរមានជ័យ

កាល​ពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីសកម្មភាពប៉ះទង្គិចគ្នាមួយរវាង​កម្លាំងសន្តិ​សុខ និង​កម្លាំង​សមត្ថ​កិច្ចប្រដាប់ដោយកាំភ្លើងដែលការ​ពារ​ដីក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ «សុខ សំណាង» ជាមួយ​ប្រជាពលរដ្ឋដែលកំពុងចូលកាន់កាប់និងអាស្រ័យផលនៅលើដីមានជម្លោះ ស្ថិត​នៅ​ភូមិ​អូរក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខណៈអាជ្ញាធរចុះឈូសឆាយផ្ទះ និងផលដំណាំរបស់ពលរដ្ឋ។

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានរកឃើញថា យ៉ាងហោចណាស់ អ្នកភូមិជិត២០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ ហើយផ្ទះសម្បែងរបស់ពួកគេត្រូវបានដុតកម្ទេចចោលជាបន្តបន្ទាប់ ក្រោយមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ សុខ សំណាង ស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរ​មាន​ជ័យ។

ក្នុងអត្ថបទមួយដែលអង្គការលីកាដូ (LICADHO) ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ​បានឱ្យដឹងថា កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូនេះ កងកម្លាំង​ប្រដាប់ដោយ​អាវុធ ​និង​ដំបង ​​បានចាប់ខ្លួន​អ្នកភូមិ​ចំនួន​៨​នាក់​ ​និងដុត​ក​ម្ទេ​ចចោល​ផ្ទះសម្បែងរបស់ពលរដ្ឋ​​នៅ​ក្នុង​តំបន់មាន​ទំនាស់។ លីកាដូ បញ្ជាក់ថា ​ក្នុង​ហេតុការណ៍​ហិង្សា​ចុងក្រោយ​នេះ កម្លាំងកងរាជអាវុធហត្ថបានចាប់ខ្លួនស្ត្រី៥នាក់ និងបុរស៣នាក់ ហើយពួកគេទាំង៨នាក់នោះកំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ។

អង្គការការពារសិទ្ធិមនុស្សមួយនេះបានឱ្យដឹងទៀតថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២​ កម្លាំងនគរបាលប្រដាប់ដោយកាំភ្លើង បានបាញ់រះ និងចាប់បុរស​ចំនួន​៧​នាក់​ ខណៈ​បុរស​២​នាក់​ ​និង​ស្រ្តី​២​នាក់​​ផ្សេងទៀត​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មាន​អ្នកភូមិ​ទាំងអស់ចំនួន​ ១​៩​នាក់​ ​កំពុង​ជាប់ឃុំ​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​ឧត្ដរមានជ័យ​ ​ដើម្បី​រង់ចាំ​សវនាការ​។

​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​ នៃ​អង្គការ​លី​កា​ដូ អ្នកនាង ណាលី ពីឡូក ដែលត្រូវបានស្រង់សម្ដីដាក់ក្នុងអត្ថបទនេះ ​បានទទូចដល់អាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សាលើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជម្លោះដីធ្លីនេះតាមសន្តិវិធី។

អ្នកនាងមានប្រសាសន៍ថា៖ «​អាជ្ញាធរ​គួរតែ​បញ្ឈប់​អំពើ​ហិង្សា​ដោយ​មិន​សម​ហេតុផល​នេះ​​។​ ​បញ្ហា​ដីធ្លី​ទាំងនេះ​គួរតែ​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​ ​មិនមែន​តាមរយៈ​ការ​ចាប់ខ្លួន​ ​និង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​អាក្រក់​បែប​នេះ​ទេ​»​

​នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណីអាជ្ញាធរខេត្តឧត្ដរមានជ័យ ចាប់ពលរដ្ឋមានជម្លោះដីធ្លីទៅឃុំខ្លួននេះ នឹងធ្វើឱ្យមានការរិះគន់បន្ថែមទៀត ថាកម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្ស។

លោកបន្ថែមថា៖ «ខ្ញុំយល់ថា បើសិនយើងព្យាយាមដោះស្រាយតាមសន្តិវិធីឱ្យអស់ពីលទ្ធភាពនោះ វាប្រសើរជាងប្រើប្រាស់កម្លាំងចាប់បង្ខំ បង្កឱ្យមានអំពើហិង្សា និងការចាប់ខ្លួនដាក់ពន្ធនាគារ ដែលវានាំឱ្យមានការរិះគន់បន្ថែមទៀតពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស ហើយក៏មិនអាចដោះស្រាយវិវាទដីធ្លីនេះបានដែរ។ ផ្ទុយទៅវិញ វាកាន់តែបង្កភាពលំបាកដល់ប្រជាពលរដ្ឋបន្ថែមទៀត»

ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការខេត្តឧត្ដរមានជ័យ លោក ហែល ឆេងហុង ប្រាប់វីអូឌីថា ពលរដ្ឋទាំងនោះត្រូវបានចោទប្រកាន់ពីបទ «ប៉ះពាល់កម្មសិទ្ធិ នៃទ្រព្យសម្បត្តិសាធារណៈ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តាមមាត្រា២៥៩ នៃច្បាប់ភូមិបាល និងមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

លោក ហែល ឆេងហុង បញ្ជាក់ថា ពលរដ្ឋទាំងនោះបានប្រព្រឹត្តកំហុសដោយសារប៉ះពាល់ដីរដ្ឋ នៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

បើតាមវីដេអូ​មួយដែលលីកាដូទទួលបាន និងថតដោយ​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​​ ​បាន​បង្ហាញ​ថា​ ​កម្លាំងកងរាជអាវុធហត្ថ ឬ​​ប៉េ​អឹម​ ​បាន​កាន់ដំបង​វែង​ ​ក្នុង​ពេល​ចាប់ខ្លួន​អ្នកភូមិ​ម្នាក់​ ​និង​បាន​គំរាមកំហែង​ប្រជាពលរដ្ឋ​ផ្សេងទៀត​មិន​ឱ្យ​ថត​យក​រូបភាពឬវីដេអូក្នុងហេតុការណ៍ដែលកំពុងកើតឡើង​។​

ចំណែកវីដេអូ​មួយទៀត​​ដែល​អ្នកភូមិ​បាន​ថត​នៅ​ថ្ងៃដដែលនោះ​ បាន​បង្ហាញ​ថា​ ​ផ្ទះសម្បែង​របស់​ពួកគេ​កំពុង​ត្រូវ​បាន​ដុត​បំផ្លាញ​ខ្ទេចខ្ទី។​ ​ផ្សែង​ពណ៌​ស​ចេញពី​បំណែក​សេសសល់នៃ​ផ្ទះ​ដែល​ត្រូវ​បាន​ដុត​ក​ម្ទេ​ច​ ​នៅ​អាច​មើលឃើញ​នៅឡើយ​ ​នៅពេលដែល​អ្នកឃ្លាំមើលនៃ​អង្គការ​លី​កា​ដូ ​បាន​ទៅ​ដល់កន្លែង​កើតហេតុ​ ​នា​ល្ងាច​ថ្ងៃដដែល​នោះ​។

ក្នុងវីដេអូមួយទៀតដែលវីអូឌីទទួលបាន និងថតដោយប្រជាពលរដ្ឋកាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញពីសកម្មភាពកម្លាំងកងរាជអាវុធហត្ថជិត១០នាក់ ប្រដាប់ដោយដំបង ហើយមានកម្លាំងកងរាជអាវុធហត្ថម្នាក់បានយកកាំភ្លើងម៉ាក​អាកា (A KA )ស្វ័យប្រវត្ត ភ្ជង់ទៅលើពលរដ្ឋ ខណៈកំពុងរុញច្រានគ្នា ហើយស្ត្រីម្នាក់បានស្រែកថា ប៉េអឹមបានវាយដំទៅលើស្ត្រី ព្រមទាំងមានផ្ទុះអាវុធពីរគ្រាប់ផងដែរ។

អភិបាលខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល មានប្រសាសន៍ថា ករណីកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបពលរដ្ឋនៅលើដីជម្លោះនោះ គឺធ្វើឡើងតាមដីការបស់តុលាការ។ លោកអះអាងថា លោកមិនបានដឹងថាកងកម្លាំងប្រើអំពើហិង្សាលើអ្នកភូមិនោះទេ។ យ៉ាងណា លោកថា លោកនឹងស្រាវជ្រាវករណីនេះបន្ថែមទៀត។ 

លោកបន្ថែមថា៖ «តែខ្ញុំឮថា ពលរដ្ឋមកវាយប៉េអឹមវិញ! ខ្ញុំទទួលបានរបាយការណ៍ប៉េអឹមបាញ់ឱ្យខ្ញុំមិញនេះដែរ។ រឿងនេះគេចុះអនុវត្តសាលដីការក្សាការពាររបស់តុលាការ។ គេមិនឆ្លងរដ្ឋបាលខេត្តទេ។ តែយ៉ាងណាចាំមើលរបាយការណ៍បន្ថែមសិន ព្រោះខ្ញុំទើបមកពីប្រជុំនៅភ្នំពេញមិញដែរ»។

ទោះបីជាយ៉ាងនេះក្ដី ពលរដ្ឋមួយរូបថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព និងកំពុងលាក់ខ្លួនផងនោះ ប្រាប់វីអូឌីនៅថ្ងៃពុធថា ក្នុងហេតុការណ៍កាលពីថ្ងៃទី១០ ខែធ្នូ គឺមានសមត្ថកិច្ចប្រហែល៣០នាក់ ប្រដាប់ដោយកាំភ្លើង និងដំបង បានប្រើហិង្សាទៅអ្នកភូមិ និងចាប់ពលរដ្ឋដាក់ឡាន ហើយដុតផ្ទះពួកគាត់ចោលថែមទៀត។

ពលរដ្ឋរូបនេះបន្តថា ទ្រព្យសម្បត្តិ និងឧបករណ៍ឬមធ្យោបាយសម្រាប់ធ្វើកសិកម្មរបស់ពលរដ្ឋ ដូចជា គោយន្ត ម៉ូតូ ម៉ាស៊ីនបូមទឹក ម៉ាស៊ីនកាត់ស្មៅ និងសម្ភារផ្សេងទៀត ត្រូវបានបាត់បង់ និងរឹបអូសយកអស់។ អ្នកស្រីបន្តថា បច្ចុប្បន្ននេះ ពលរដ្ឋបានរត់គេចចេញពីភូមិអស់ហើយ ដោយសារបារម្ភពីសុវត្ថិភាព។

ពលរដ្ឋរូបនេះបន្ថែមថា៖ «គេចុះមកវាយមនុស្ស។ គេវាយម្នាក់ឈ្មោះ “ដា” ចង់ងាប់ចង់រស់។ គ្នាគេ ៧ ទៅ ៨នាក់ មកព្រួតវាយម្នាក់ចង់ងាប់ ហើយចាប់ដាក់ឡាន ហើយមកចាប់មនុស្សវាយទៀត។ ខ្ញុំថាទៅជួយគេដែរ តែបើខ្ញុំទៅជួយ ខ្ញុំច្បាស់ជាជាប់ដូចគេដែរហើយ។ អ៊ីចឹងខ្ញុំមានតែរត់។ បើទ្រព្យសម្បត្តិវិញ គឺអស់រលីង។ ទ្រព្យគ្រប់បែបយ៉ាងរបស់ខ្ញុំ វាដឹកយកអស់។ អ្នកខ្លះបានលើកដៃសំពះសមត្ថកិច្ចសុំប្រមូលផលដំឡូងសិន តែគេមិនព្រមទេ»។

បើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ ឱ្យដឹងថា ទំនាស់​ដីធ្លី​នេះ​បានពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​ ​៣​៧​០​គ្រួសារដែលបានទៅតាំងលំនៅក្នុងតំបន់មានជម្លោះនោះតាំងពីឆ្នាំ២០១២ អំឡុងពេល​ដែល​មាន​ការបំផ្លាញព្រៃឈើ​ ​និង​​ឈូស​ឆាយដីធ្លី​ ​ដោយ​ក្រុមហ៊ុន​ ​សុខ​ ​សំណាង​ ​ដែល​អះអាង​ថា​ជា​ម្ចាស់​នៃ​តំបន់​ទំនាស់​នោះ​។

កាលពីខែមិថុនា ឆ្នាំ២០១២ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំ ១ ៨៦៥​ហិកតា ពីដែនជម្រកសត្វព្រៃគូលែនព្រហ្ម​ទេព ​ស្ថិតនៅភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ដើម្បី​ផ្ដល់សម្បទានសេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន សុខ សំណាង វិនិយោគលើវិស័យដំណាំកសិ-ឧស្សាហកម្ម និងដំណាំកៅស៊ូ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក ធ្លាប់បាន​ស្ដីបន្ទោសទៅមន្ត្រីក្រោមឱវាទ ជុំ​វិញភាពអសកម្មក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ។ លោកបានបញ្ជាទៅមន្ត្រី​ទាំងនោះឱ្យដោះស្រាយជូនពលរដ្ឋ មុនផ្តល់ដីទៅឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍ។ លោកក៏ធ្លាប់ប្តេជ្ញាថា មិនឱ្យពលរដ្ឋណាម្នាក់ជាប់ពន្ធនាគារ​ដោយសាររឿងជម្លោះដីធ្លីនោះឡើយ។

លោកបន្ថែមថា៖ «គាត់ដាំដុះកន្លែងហ្នឹង គាត់នៅកន្លែងហ្នឹង ប្រគល់ឱ្យគាត់ទៅ! ខ្ញុំបាននិយាយរហូតដល់ប៉ុណ្ណេះហ្អ៎! បើនៅក្នុងគណបក្ស ខ្ញុំបាននិយាយថា ដីហ្នឹង ដីម៉ែ​លោកឯងហ្អី? បានប្រកាច់ខំទុកធ្វើអី? មិនចែកឱ្យប្រជាជនទៅ? [….] ដល់សួរទៅ អាហ្នឹងដីអ្នកណា? ថាដីគាត់ចូលទៅទន្ទ្រាន គាត់ទៅ[កាន់]កាប់។ ហើយចុះអ្នកណាគេធ្វើអីនៅ? ថាអត់ទាន់ធ្វើអីទេ! ហើយចុះម៉េចមិនវាស់ឱ្យគាត់ទៅ? ហើយបានទៅអ្នកណា? បានទៅប្រជាជនយើងតើ! នយោបាយដីធ្លីយើងផ្តល់ឱកាសធ្វើបែបនេះ ប៉ុន្តែ​មន្ត្រីរបស់យើងហាក់ដូចជាស្តាប់គ្នាមិនបាន យល់គ្នាមិនបាន។ ខ្ញុំសុំដាស់តឿនសាជា​ថ្មីម្តងទៀត។ ចេញពីខេត្តណា ខេត្តហ្នឹងត្រូវទទួលខុសត្រូវ»

កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ​​ឆ្នាំ២០២២ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយ​ការណ៍​មួយដោយរកឃើញ​ថា ក្នុងឆ្នាំ២០២១ មានពលរដ្ឋរងគ្រោះដីធ្លីចំនួន ១៥៧​នាក់ កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការ ខណៈ​ជនរងគ្រោះ ១៧នាក់ទៀត ​​កំពុងឃុំ​ខ្លួន​បណ្ដោះអាសន្ន ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន។

សមាគម​មួយនេះបានទាមទារឱ្យរដ្ឋាភិបាល​បញ្ឈប់​កា​រ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ ​ចោទ​ប្រកាន់ និងចា​ប់​ឃុំខ្លួន​ប្រជាពលរដ្ឋ​ក្នុងរឿងវិវាទ​ដីធ្លី​នៅ​កម្ពុជា ដោយ​​ថា ពួកគាត់គ្រាន់តែប្រើសិទ្ធិក្នុងការតវ៉ា​ដើម្បីទាម​ទារ​រក​យុត្តិធម៌តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ