យុវជន​គំរូ​ចំនួន​១០០នាក់​ក្នុង​សង្កាត់​ចុងឃ្នៀស ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ប្លាស្ទិក

យុវជនស្ម័គ្រចិត្តគូររូបស្ដីពីបរិស្ថាន នៅមជ្ឈមណ្ឌលកែច្នៃប្លាស្ទិក ក្នុងសង្កាត់ចុងឃ្នៀស ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។ (យូ រស្មី)

ក្រុមយុវជនបានចាប់ផ្ដើមធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយនៅតាមផ្ទះពលរដ្ឋ អំពីផលប៉ះពាល់នៃប្លាស្ទិក និងការញែក​សំ​​រា​ម​​​​ឱ្យ​​បាន​ត្រឹ​ម​ត្រូ​វ បន្ទាប់ពីអាជ្ញាធរសហការជាមួយអង្គការ​​មិន​​មែន​​​រ​ដ្ឋា​​​​​ភិ​​បា​​ល កៀ​​​​រគរយុវ​​​ជន​​ស្ម័គ្រ​​ចិត្តនៅក្នុងមូលដ្ឋាន​​ ដើ​​ម្បី​រៀបចំឱ្យ​មានវគ្គបណ្ដុះបណ្ដាលអំពីការទុកដាក់សំរាមនេះឱ្យបានល្អប្រសើរ។

កញ្ញា លី សា អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យភ្នំក្រោមស៊ូវ៉ុន ក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បា​ន​ប្រា​​ប់​វីអូឌីថា មូលហេ​​តុ​ដែលរូបគេស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ព្រោះតែចង់ផ្លាស់ប្ដូរទម្លា​ប់រ​​បស់ពលរដ្ឋ​បោះចោលសំ​​រាម​ចូលទៅក្នុងទឹក។ ប្រភពបន្តថា ការផ្សព្វផ្សាយអំពីផលលំបាក និងអត្ថ​​ប្រយោ​​​ជន៍​ពីការទុកដាក់សំរាមនេះ ឱ្យបានល្អ វានឹងអាចជួយឱ្យមានភ្ញៀវទេសចរកាន់តែច្រើនចូលមកកម្សាន្តនៅក្នុងសហគ​​ម​ន៍ទេសចរណ៍មួយនេះ ជាពិសេ​​ស​​​​​ជំ​​​រុ​​ញ​​ឱ្យ​​មា​ន​​​​ចំណូលសម្រាប់សហគមន៍ថែមទៀតផង។

ការុងត្រៀមចែកជូនប្រជាពលរដ្ឋ និងសម្រាប់យុទ្ធនាការប្រមូលសំរាមប្លាស្ទិកនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ការុងត្រៀមចែកជូនប្រជាពលរដ្ឋ និងសម្រាប់យុទ្ធនាការប្រមូលសំរាមប្លាស្ទិកនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ (យូ រស្មី)

កញ្ញាបន្តថា៖«ពីមុនច្រើនណាស់ ច្រើនខ្លាំង! គ្រាន់តែកាលខ្ញុំរើសដំបូង ក្នុងម្នាក់បាន ៦ ទៅ ៧ការរ៉ុង។ តែឥលូវកាត់បន្ថយច្រើន ច្រើនមែនទេន អាចចូលទៅដល់៩០ភាគរយ។ ហើយខ្ញុំចូលរួមនេះ ខ្ញុំអាចធ្វើជាគំរូមួយដ៏ល្អសម្រាប់ប្អូនៗខាងក្រោយទៀត។ ប្អូនៗខាងក្រោយ គាត់អាចមកធ្វើដូចខ្ញុំដែរ។ ហើយពេលខ្ញុំជួយ ខ្ញុំមានអារម្មណ៍ថា ធ្វើឱ្យបរិស្ថានស្អាត ខ្ញុំសប្បាយចិត្ត»។

គេសង្កេតឃើញថា ប្លាស្ទិកដែលប្រើរួច និងត្រូវគេបោះចោល មានច្រើនប្រភេទដូចជា ថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោ ប្លាស្ទិកដាក់អាហារ និងដបប្លាស្ទិក ជាដើម។ ការប្រើប្រាស់ដោយទូលំទូលាយបែបនេះ ក៏ព្រោះតែមានភា​ព​ងាយស្រួយក្នុងការស្វែងរកទិញនៅលើទីផ្សារ មានតម្លៃថោក និងភាពជាប់បានយូររបស់វា។ ក៏ប៉ុន្តែប្លាស្ទិកទំាងនេះ អ្នកប្រើ​​ប្រាស់​មិនដែលបានដឹង ឬក៏ដឹងខ្លះដែរពីការបង្កឱ្យទៅជាផលប៉ះពាល់អវិជ្ជមាននៅ​​ថ្ងៃ​ក្រោយ។

ចំណែកលោក អ៊ុ សារី ចៅសង្កាត់ចុងឃ្នៀស បានឱ្យដឹងថា ឆ្លងកាត់ការអប់រំ និងការផ្សព្វផ្សាយពីផលប៉ះពាល់នៃ​​កាកសំ​​​ណល់ប្លាស្ទិកនេះហើយ លោកមានជំនឿថា ឥរិយាបថនៃការចោលសំរាមផ្តេសផ្តាសបែបនេះ នឹង​​លែង​កើតមានដូចពី​​មុន​​ទៀតហើយ។ ក្នុងនាមអាជ្ញាធរ លោកមានសុទិដ្ឋិនិយមថានឹងចូលរួមកាន់តែសកម្មបន្ថែមទៀត ធ្វើ​យ៉ាងណាឱ្យសហគមន៍ទេសចរណ៍មួយនេះក្លាយជាមូលដ្ឋានមួយគ្មានការបំពុលដោយសំរាមប្លាស្ទិក។ 

លោក អ៊ុ សារី ចៅសង្កាត់ចុងឃ្នៀស ថ្លែងក្នុងឱកាសទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា និងយុទ្ធនាការប្រមូលសំរាមប្លាស្ទិករដូវទឹកសម្រក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក អ៊ុ សារី ចៅសង្កាត់ចុងឃ្នៀស ថ្លែងក្នុងឱកាសទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា និងយុទ្ធនាការប្រមូលសំរាមប្លាស្ទិករដូវទឹកសម្រក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ (យូ រស្មី)

លោកបន្តថា «ថ្ងៃនេះជាថ្ងៃមួយដែលបើកយុទ្ធនាការសំខាន់បំផុត ដែល[សហគមន៍]ចុងឃ្នៀសបានប្ដេជ្ញាចិត្តថា បើកយុទ្ធនាការ និងបន្តសកម្មភាពបន្តទៅទៀត ធ្វើឱ្យចុងឃ្នៀសក្លាយជាសហគមន៍មួយដែលគ្មានប្លាស្ទិក ព្រោះចុងឃ្នៀសជាសហគមន៍មួយបណ្ដែតលើទឹក បានន័យថា ការរស់នៅទាក់ទៅនឹងវិស័យទេសចរណ៍ និងជលផល។ ដូច្នេះ បើសិនជាយើងប្រើថង់ប្លាស្ទិក ប៉ះពាល់ដល់វិស័យជលផល ហើយមិនតែប៉ុណ្ណោះប៉ះពាល់ដល់សុខភាពផ្ទាល់តែម្តង»។

នៅក្នុងទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា និងយុទ្ធនាការប្រចាំឆ្នាំ ប្រមូលសំរាមរដូវទឹកស្រក ក្នុងបឹងទន្លេសាប ដែលរៀបចំធ្វើឡើងនៅសហគមន៍នេះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បង្ហាញថា តំបន់ទេសចរណ៍ចុងឃ្នៀស ជាមូលដ្ឋានមួយ ភាគច្រើនមានប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក។ របាយការណ៍របស់អាជ្ញាធរ បញ្ជាក់ថា ជីវភាពរស់នៅប្រចាំថ្ងៃ​​របស់ពលរដ្ឋនៅទីតាំងនេះ គឺតែងបោះចោលសំរាមផ្សេងៗចូលទៅក្នុងទឹក ជាពិសេសសំ​​រាម​ប្លាស្ទិក។ ជាធម្មតា ព​​លរដ្ឋ​​មិន​​សូវដែលបានស្វែងយល់ពីផល​​ប៉ះពាល់ផ្នែកសុខភាពដែលបណ្ដាល​​មកពីប្លា​​ស្ទិ​​ក​​​នេះទេ ជាពិសេសការបង្កផលអវិជ្ជមានទៅដល់ជីវចម្រុះ​​ដែល​​មាន​នៅក្នុងបឹង​​ទន្លេសាបនេះតែម្តង។

សកម្មភាពយុវជនចុះប្រមូលសំរាមប្លាស្ទិក នៅសង្កាត់ចុងឃ្នៀស ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
សកម្មភាពយុវជនចុះប្រមូលសំរាមប្លាស្ទិក នៅសង្កាត់ចុងឃ្នៀស ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ (យូ រស្មី)

របាយការណ៍ដែលចេញដោយក្រសួងបរិស្ថាន ដែលដាក់ចំណងជើង​​ថា «រួម​​គ្នា​​កាត់​បន្ថយប្លាស្ទិក» ដែលចេញកា​​ល​​​ពីខែធ្នូ ឆ្នាំ២០១៩ ឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាម្នាក់ដែល​​រស់​​នៅក្នុងទីក្រុងនានារប​​ស់​​ប្រទេស​​កម្ពុ​​ជា ​ត្រូវ​​គេ​រក​​ឃើញថាបានប្រើប្រាស់ថង់ប្លាស្ទិក ២ ០០០ថង់ ក្នុងមួយឆ្នាំ​​។ ជាង​​នេះ​​ទៀ​ត បរិមាណប្លាស្ទិកនេះនឹង​​កើន​ឡើ​​ង​រង្វង់ ​៨,៣ ពាន់លានតោន កា​ល​ពីឆ្នាំ២០១៥ នឹងបន្តកើន​​ឡើង​ដល់ ១២ពាន់លានតោន នៅឆ្នាំ​២០៥០ ប្រ​​សិ​​ន​​បើនិន្នា​​កា​រនៃ​​កា​​​រ​ប្រើ​​ប្រាស់ និងទម្លាប់គ្រប់​​គ្រង​​សំណល់ប្លាស្ទិកដូចបច្ចុប្បន្ន​​​នៅតែបន្តបែបនេះទៀត។

ប្រធានអង្គការមូលនិធីទំពាំងស្នងឫស្សី លោក ស៊ា សុផល ប្តេជ្ញាចិត្តថានឹងរៀបចំតំបន់ចុងឃ្នៀសនេះ ធ្វើយ៉ាង​​ណា​​កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះឱ្យស្ថិតនៅក្នុងកម្រិតមួយដែលអាចនិយាយបាន​​ថាស្ទើរតែគ្មានតែម្តង​​។ ​​លោ​​​ក​​បន្តថា ដើម្បីជំរុញឱ្យគម្រោងនេះអាចដំណើរការទៅបាន គឺត្រូវទាក់ទាញឱ្យមានចូលរួមទាំងអស់គ្នា មិន​​ថា​​អា​​ជ្ញាធរមូលដ្ឋាន និងសាលារៀនទេ សូម្បីទីវត្តអារាម ក៏ត្រូវរាប់​បញ្ចូលនៅក្នុងតួ​​អង្គ​​ដែ​ល​​ខ្វះមិនបាន ក្នុងការរួមចំ​​ណែ​​ក​​ដើម្បីជួយបំផុសចលនាផ្សព្វផ្សាយ និងអប់រំអំពីផលប៉ះពាល់នៃប្លាស្ទិកនេះដែរ ចាប់ពីពេលនេះទៅ។  

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី។ (យូ រស្មី)

លោកបន្តថា៖ «យើងមានការបណ្ដុះជាចំណេះដឹងបច្ចេកទេស វិទ្យាសាស្ត្រ ក្នុងនោះយើងសហការជាមួយមន្ទី​​របរិស្ថាន មន្ទីរជំនាញ ដែលគាត់មានមេរៀនពីរបៀបកាត់បន្ថយប្លាស្ទិក ហើយមេរៀនឱ្យស្របនឹងគោលនយោ​​បា​​យ គោលការណ៍របស់ថ្នាក់ជាតិ ជាមេរៀនបែបវិទ្យាសាស្ត្រ ជាចំណេះដឹង! ក្នុងនោះ អង្គការចូលរួមបច្ចេកទេស និងគំនិតផ្តួចផ្តើម ធ្វើម៉េចឱ្យងាយស្រួល ឱ្យគម្រោងនេះទៅមុខបាន មិនមែនគ្នាយើង[អាចធ្វើ]បានទេ។ យើងឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សាលារៀនក៏ត្រូវធ្វើ វត្តអារាមក៏ត្រូវធ្វើ ក្រុមប្រឹក្សាឃុំ យុវជន និយាយរួម ចុងឃ្នៀសមានអី យើងបញ្ចូលទាំងអស់»។

សង្កាត់ចុងឃ្នៀស ជាតំបន់ទេសចរណ៍មួយផ្នែក ក្រៅពីតំបន់ទេសចរណ៍បែបបុរាណវិទ្យា និងអេកូទេសចរណ៍​​​តា​​ម​បែប​​ធម្មជាតិ​​​​ដ​​ទៃ​​​​​ទៀត នៅក្នុងខេត្តសៀមរាប។ តំបន់នេះមានទីតាំងនៅជាប់នឹងបឹងទន្លេសាបផ្នែកខា​​ង​​ក្រោ​​ម​​​​នៃ​​ទីរួមខេត្ត។​​ ដោ​​យ​​​​សារ​​វាស្ថិតនៅក្នុងតំបន់ទំនាបបែបនេះហើយ ទើបវាមានភាពងាយស្រួល និងអំណោយផល​​ធ្វើ​​ឱ្យ​​សំរាម និងកាកសំណល់ប្លាស្ទិកហូរចុះពីផ្នែកខាងលើ នៃទីរួមខេត្ត មកទើរនៅនឹងតំបន់ចុង​​ឃ្នៀសនេះ​​តែ​​ម្តង​​។

នៅក្នុងទិវាអនាម័យបរិស្ថានជាតិ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ អាជ្ញាធរ និងអង្គការដៃគូ មាន​​ជំ​​នឿ​ថា តាមរយៈការបណ្តុះបណ្តាលឱ្យមានក្រុមយុវជនប្រមាណ១០០នាក់នេះ នឹងអាចជួយឱ្យ​​តំបន់​​ចុង​​ឃ្នៀ​​សនឹងឈានទៅកាត់បន្ថយប្លាស្ទិកបាន ចាប់ពីពេលនេះទៅ។ ក្រុមយុវជនស្ម័គ្រ​​ចិត្តទាំង​១០០​​នាក់នេះ នឹងរៀប​​ចំ​​ជា​​​​យុទ្ធ​​នា​ការចុះផ្សព្វផ្សាយតាមផ្ទះឱ្យបានគ្រប់ច្រកល្ហក ជាពិសេសពលរដ្ឋ​​ដែលកំ​​ពុង​រស់នៅលើភូមិ​​បណ្តែត​​ទឹក​​ ប្រ​​មា​ណ​​៧០០គ្រួសារ ក្នុងសង្កាត់ចុងឃ្នៀស ឱ្យពួកគេយល់ដឹង និងចូល​​រួម​ទាំង​​អស់​​គ្នា​​៕


អត្ថបទដោយ៖ កញ្ញា យូ រស្មី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ