សាលាឧទ្ធរណ៍​បង្កើន​ប្រាក់សំណង​ជំងឺចិត្ត​ឱ្យ​ទៅ​បក្សកាន់អំណាច​ដល់ ១លានដុល្លារ ក្នុង​សំណុំរឿង​លោក សុន ឆ័យ

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសវនាការសំណុំរឿងពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សាលា​ឧទ្ធរណ៍រាជធានីភ្នំពេញ​​ នៅ​ថ្ងៃ​ពុធ​ម្សិលមិញនេះ ​បាន​​តម្កល់​​សេចក្ដីសម្រេច​​​ក្នុង​​សំណុំ​រឿង«​​បរិហារកេរ្តិ៍​»របស់​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ លោក​ សុន ឆ័យ និង​សម្រេចបង្កើនប្រាក់សំណងជំងឺចិត្តដែលតុលាការបង្គាប់ឱ្យផ្ដល់ជូនទៅបក្សកាន់អំណាចដល់ចំនួន១លាន​ដុល្លារអាមេរិក។

លោក សុន ឆ័យ ត្រូវ​បានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និង​គណបក្ស​ប្រជាជនកម្ពុជា​ ប្ដឹង​ពាក់​ព័ន្ធ​នឹង​ករណី​ដែលលោកបានថ្លែងរិះគន់អំពី​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ដោយថា លទ្ធផលបោះឆ្នោតមិនបានឆ្លុះបញ្ចាំងពី​ឆន្ទៈរបស់ពលរដ្ឋ មានការបំភិតបំភ័យ មានការទិញ និងមានការលួចសន្លឹកឆ្នោត។

ទាក់ទិននឹងករណីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីខែតុលាកន្លងទៅ បាន​​ប្រកាស​សាល​ក្រមឱ្យ​លោក សុន ឆ័យ ​ចាញ់ក្ដីក្នុង​សំណុំ​រឿង​បរិហារកេរ្តិ៍ ​ដែលប្ដឹងដោយ គ.ជ.ប. និង​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ដោយបាន​សម្រេចឱ្យរូបលោកផ្ដល់សំណង​​ជំងឺ​ចិត្ត​ដល់គ​ណបក្សកាន់អំណាចមួយនេះ​ចំនួន «៣ពាន់​លានរៀល» ឬស្មើប្រមាណ «៧៥ម៉ឺនដុល្លារ»

ក្រៅពីការ​​សម្រេចនេះ ចៅក្រមជំនុំជម្រះ​ ក៏បានបង្គាប់ឱ្យ​លោក សុន ឆ័យ បង់ប្រាក់ពិន័យ​​ចំនួន៨លានរៀលចូលថវិការដ្ឋ។ បន្ថែមពីលើនេះ លោកក៏ត្រូវ​បានតុលាការតម្រូវឱ្យបង់ប្រាក់ពិន័យចំនួន៩លានរៀលបន្ថែមទៀត​ចូលថវិការដ្ឋ ក្នុងបណ្ដឹងបរិហារកេរិ៍្តរបស់គ.ជ.ប. ផងដែរ។

ទោះជាយ៉ាងណា សាលាឧទ្ធរណ៍រាជធានីភ្នំពេញ​​ នៅ​ថ្ងៃ​ពុធម្សិលមិញ បាន​តម្កល់​សេចក្ដីសម្រេច​ក្នុង​សំណុំរឿងទាំងពីរ​នេះ ​របស់​លោក​ សុន ឆ័យ ​និង​បាន​បង្កើនប្រាក់ពិន័យរហូត​ដល់ ​១០លានរៀល ​ក្នុងសំណុំរឿង​នីមួយៗ​ ខណៈចៅក្រម​ក៏​បានសម្រេចបង្កើនប្រាក់សំណងជំងឺចិត្តឱ្យ​​ទៅបក្សកាន់អំណាច​ដល់ ៤​ពាន់លាន​រៀល ឬស្មើប្រមាណ ១លានដុល្លារអាមេរិកផងដែរ។

លោក កែត ឃី ដែលជាមេធាវីការពារសិទ្ធិមួយរូបរបស់លោក សុន ឆ័យ បានថ្លែងប្រាប់វីអូឌីថា ការ​សម្រេច​នេះ គឺជា​រឿងដែល​អយុត្តិធម៌មួយ។

លោកថា៖ «វាមិនត្រឹមត្រូវ​នោះទេ។ វា​ពិតជាអយុត្តិធម៌ខ្លាំងណាស់​សម្រាប់​កូនក្ដី​របស់​ខ្ញុំ។ យើង​នឹង​រៀបចំ​ពាក្យ​បណ្ដឹងបន្តទៀត​ទៅ​កាន់តុលាការ​កំពូល»។

សវនាការ​ជំនុំ​ជម្រះ​លើ​បណ្ដឹង​ជំទាស់​របស់​លោក​ សុន ឆ័យ​ បាន​បញ្ចប់ទៅ​នៅវេលា​ម៉ោងប្រមាណជា ៦ល្ងាច។ ទោះជាយ៉ាងណា ទាំងលោក សុន ឆ័យ និងមេធាវីការពារ លោក ជូង ជូងី បានចាកចេញ​ពី​បន្ទប់សវនាការ​​​​មុន​ពេល​ប្រកាស​សាលក្រម។

សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមុន ក៏បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវផ្ទះ​២កន្លែង​របស់លោក សុន ឆ័យ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ផងដែរ។

គួរបញ្ជាក់ថា ក្រុមសិទ្ធិមនុស្ស និង​អ្នក​សង្កេតការណ៍បោះឆ្នោតមួយចំនួន ក៏ធ្លាប់បានកត់សម្គាល់ពីភាពមិនប្រក្រតីនានាក្នុងអំឡុងការបោះឆ្នោតកាលពីខែមិថុនា ឆ្នាំ២០២២ ជាពិសេសការបំភិតបំភ័យលើបេក្ខជនគណបក្សប្រឆាំងអំឡុងពេលឃោសនាបោះឆ្នោត និងវត្តមានមន្ត្រីរដ្ឋដែលមិនពាក់ព័ន្ធនឹងកិច្ចការងារបោះឆ្នោតនៅជុំវិញការិយាល័យបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតផងដែរ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Appeal Court Increases Son Chhay’s Defamation Damages to $1M

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ