UN ដកអ៊ីរ៉ង់ចេញពីគណៈកម្មការអង្គការសហប្រជាជាតិស្ដីពីស្ថានភាពស្ត្រី (UNCSW) ចំពោះការបង្ក្រាបបាតុកម្ម

រូបឯកសារ៖ ស្ត្រី​ម្នាក់​ដើរ​បន្ទាប់​ពី​អាជ្ញាធរបិទ​ផ្លូវ​មួយកន្លែង​ក្នុង​ទីក្រុង Tehran ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ (Majid Asgaripour/WANA តាមរយៈ REUTERS)

អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធម្សិលមិញ ​បានបោះឆ្នោតដក អ៊ីរ៉ង់ ចេញ​ពី​គណៈកម្មការអង្គការសហប្រជាជាតិស្តីពីស្ថានភាពស្ត្រី (UNCSW) ដោយសារការបង្ក្រាបយ៉ាងឃោរឃៅរបស់​ទីក្រុង​តេអេរ៉ង់​ចំពោះការតវ៉ាដែលដឹកនាំដោយស្ត្រី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។

សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់អ៊ីរ៉ង់ បានសាទរចំពោះការដកអ៊ីរ៉ង់ចេញពីគណៈកម្មការ​អង្គការសហប្រជាជាតិស្តីពីស្ថានភាពស្ត្រី (UNCSW) សម្រាប់អាណត្តិដែលនៅសល់ឆ្នាំ២០២២-២០២៦។

សមាជិកចំនួន២៩ប្រទេស នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម​របស់អង្គការសហប្រជាជាតិ (ECOSOC) បានបោះឆ្នោតគាំទ្រ ខណៈ៨ប្រទេសបោះឆ្នោតជំទាស់ និង១៦ប្រទេសបោះឆ្នោតអនុប្បវាទ។

សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដក​អ៊ីរ៉ង់​ចេញពី​សមាជិកភាព​នៃ​គណៈកម្មការនេះ​ (UNCSW) ចូលជាធរមាន​ភ្លាមៗ។

សេចក្តីសម្រេចនោះបានលើកឡើងថា៖ «មេដឹកនាំអ៊ីរ៉ង់បន្តធ្វើទុក្ខបុកម្នេញ និងគាបសង្កត់កាន់តែខ្លាំងឡើងលើសិទ្ធិរបស់ស្ត្រី និងកុមារី រួមទាំងសិទ្ធិក្នុងការបញ្ចេញមតិដោយប្រើអំពើហិង្សា»។

សេចក្តីសម្រេចនោះបន្ថែមថា៖ «រដ្ឋាភិបាលអ៊ីរ៉ង់បង្កើតគោលនយោបាយដែលផ្ទុយនឹងសិទ្ធិរបស់ស្ត្រី និងកុមារី ក៏ដូចជាប្រើប្រាស់កម្លាំងដ៏សាហាវដែលបណ្តាលឱ្យស្លាប់បាតុករ​ដែល​តវ៉ា​ដោ​យសន្តិវិធី រួមទាំងស្ត្រី និងកុមារី»។

គណៈកម្មការនេះ UNCSW គឺជាស្ថាប័នអន្តររដ្ឋាភិបាលសកលលោកដ៏សំខាន់ ដែលប្តេជ្ញាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី។

សូមរម្លឹកថា បាតុកម្មតវ៉ានៅ អ៊ីរ៉ង់ កើតមានចាប់តាំងពីការស្លាប់របស់ស្រ្តីម្នាក់ឈ្មោះ ម៉ាហ្សាអាមីនី (Masha Amini) នៅក្នុងមន្ទីរឃុំឃាំង កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ជាជនជាតិឃឺដ (Kurd) ដែលនាងត្រូវបានចាប់ខ្លួនពីបទបំពានច្បាប់សម្លៀកបំពាក់សម្រាប់ស្រ្តី។

ចាប់តាំងពីពេលនោះមក អាជ្ញាធរអ៊ីរ៉ង់បានចាប់ខ្លួនមនុស្សរាប់ពាន់នាក់ក្នុងការបង្ក្រាប ដែលពួកគេចាត់ទុកថាជាកុបកម្ម និងបានកាត់ទោសប្រហារជីវិតមនុស្សយ៉ាងហោចណាស់១១នាក់ពាក់ព័ន្ធនឹងការតវ៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ