ទីក្រុងមូស្គូ​ថា​មិនមាន​បទឈប់បាញ់​ជាមួយ​អ៊ុយក្រែន​នៅ​ថ្ងៃបុណ្យណូអែល​ឡើយ

រថយន្ត​ត្រូវ​ភ្លើង​ឆេះ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​យោធា​របស់​រុស្ស៊ី ខណៈ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​បន្ត​នៅ​កណ្តាល​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (REUTERS/Gleb Garanich)

ប្រទេសរុស្ស៊ី បាន​ច្រាន​ចោល «បទ​ឈប់បាញ់នៅថ្ងៃ​​បុ​ណ្យណូអែល» បន្ទាប់ពីសង្គ្រាមជិត១០ខែ​នៅអ៊ុយក្រែន ហើយបាន​ច្រានចោលការអំពាវនាវរបស់ទីក្រុងកៀវ ដែលទាមទារ​ឱ្យ​ចាប់​ផ្ដើម​​ដក​​ទ័ព​នៅថ្ងៃបុណ្យណូអែល ដែលជាជំហានមួយ​ដើម្បីបញ្ចប់ជម្លោះដ៏ធំបំផុតរបស់អឺរ៉ុប​ ចាប់​តាំងពីសង្គ្រាមលោកលើកទីពីរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ២០២២នេះ។

កាលពីថ្ងៃពុធម្សិលមិញ រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំ​ ដោយយន្តហោះគ្មានមនុស្ស​បើក (ដ្រូន) ទៅ​លើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន។ អគាររដ្ឋបាលចំនួន២ ត្រូវ​បានវាយ​ប្រហារ។ ទោះយ៉ាង​ណា ប្រព័ន្ធ​ការពារដែនអាកាសរបស់អ៊ុយក្រែន បានវាយ​បក​ចំពោះការ​វាយ​ប្រហារ​នោះ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា ដ្រូនចំនួន១៣គ្រឿង​ត្រូវបានបាញ់ទម្លាក់។

លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូថា៖ «មិនមានភាពស្ងប់ស្ងាត់នៅខ្សែបន្ទាត់ខាងមុខឡើយ មានតែសំណង់បាក់បែក»។

នៅពេលសួរថា តើទីក្រុងម៉ូស្គូបានឃើញសំណើរបស់ទីក្រុងកៀវចំពោះ «បទឈប់បាញ់នៅបុណ្យណូអែល» ឬទេ? អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ​ (Dmitry Peskov) បាន​ប្រាប់​អ្នក​សារព័ត៌មានថា៖ «មិនបានឃើញ។ យើងមិនបានទទួលសំណើអំពីបទឈប់បាញ់ពីនរណាម្នាក់ឡើយ»។

លោកបន្តថា ប្រធានបទនេះ [បទឈប់បាញ់] មិនមាននៅក្នុងរបៀបវារៈ​នោះទេ។

លោក Zelenskiy បាននិយាយនៅសប្តាហ៍នេះថា រុស្ស៊ីគួរតែចាប់ផ្តើមដកទ័ពនៅថ្ងៃបុណ្យណូអែល ដែលជាជំហានមួយដើម្បីបញ្ចប់ជម្លោះ ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលសំណើនេះ ដោយ​និយាយថា អ៊ុយក្រែនត្រូវទទួលស្គាល់ចំពោះការបាត់បង់ទឹកដីទៅខាងរុស្ស៊ី មុនពេលមានចំណាត់ការណាមួយ។

ប្រទេសរុស្ស៊ីដែលហៅសង្គ្រាមនៅអ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» បានបាញ់ស្រោច​មីស៊ីលលើហេដ្ឋារចនាសម្ពន្ធថាមពលរបស់អ៊ុយក្រែនចាប់តាំងពីខែតុលាមក ដោយបានកា​​ត់ផ្តាច់ការផ្គត់ផ្គង់ថាមពល និងធ្វើឱ្យប្រជាជនអ៊ុយក្រែន មិនមានកម្ដៅក្នុងអំឡុងរដូវរងានេះ។

មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ រាប់លាននាក់ផ្សេងទៀតបានផ្លាស់ទីលំនៅ ហើយទីក្រុងនានាបានក្លាយទៅជាគំនរបាក់បែក ចាប់តាំងពីរុស្ស៊ីបានលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២២ ដោយរដ្ឋាភិបាលក្រុងមូស្គូនិយាយថា ជាប្រតិបត្តិការយោធាពិសេស ដើម្បីការ​ពារអ្នកនិយាយរុស្ស៊ីពីអ្នកស្តាំនិយមអ៊ុយក្រែន។ ទីក្រុងកៀវ និង​សម្ពន្ធមិត្ត​ ហៅ​ទង្វើនេះថា​ជា​សង្គ្រាម​ឈ្លានពាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ