អឺរ៉ុបដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ខណៈផ្ដល់ជំនួយដល់អ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងនៅក្នុងអំឡុងពេលសម័យប្រជុំប្រចាំឆ្នាំ លើកទី៦៨ នៃសភាអង្គការណាតូ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ (REUTERS/Juan Medina)

ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ចុង​ក្រោយ​នៅ​ឆ្នាំ២​០២២​នេះ មេដឹកនាំសហភាពអឺរ៉ុប ព្រម​ព្រៀង​គ្នាផ្ដល់​ហិរញ្ញប្បទាន​ចំនួន ១៨​ពាន់លានអឺរ៉ូ ដល់​អ៊ុយ​ក្រែន​ នៅ​ឆ្នាំ​ក្រោយ និងដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានប្រាប់មេដឹកនាំសហភាពអឺរ៉ុបទាំង២៧ប្រទេស ដែល​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុច​សែល (Brussels) ថា «រយៈពេល៦ខែទៀត យើង​នឹង​ត្រូវប្រឹងប្រែងកាន់តែខ្លាំងឡើង» ដោយ​ស្នើ​សុំ​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស និងឧបករណ៍ថាមពលបន្ថែមពីមេដឹកនាំទាំងនេះ។

ក្រុមអ្នកការទូតបាន​និយាយ​ថា មេដឹកនាំ​សហភាព​អឺរ៉ុ​ប​ក៏​បាន​ព្រម​ព្រៀង​គ្នា​លើ​កញ្ចប់ទណ្ឌ​កម្ម​ទី​៩ ​លើរុស្ស៊ី ចំពោះការឈ្លានពានអ៊ុយក្រែន។

ខណៈកិច្ចព្រមព្រៀងត្រូវសម្រេចជាផ្លូវការ​ដោយ​អ្នក​ការទូតនៅថ្ងៃសុក្រ ទណ្ឌកម្មថ្មីនឹងដាក់មនុស្សជិត២០០​នាក់​បន្ថែម​ទៀត​ទៅ​ក្នុង​បញ្ជីខ្មៅ និងហាមឃាត់​ការ​វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្មរុករករ៉ែរបស់រុស្ស៊ី។

សូមរម្លឹកថា កន្លង​មក សហភាព​អឺរ៉ុប ​បាន​ដាក់​ទណ្ឌកម្ម​ចំនួន៨​ដង​​រួច​​មក​​ហើយ​​លើ​​​បុគ្គល និងវិស័យ​​មួយ​​ចំនួន​​របស់​​រុស្ស៊ី ដើម្បី​​ឆ្លើយតប​ទៅ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​។ ទណ្ឌ​កម្ម​លើក​​ទី​៩នេះ​ នឹង​សំដៅ​លើ​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី ​ក៏​ដូចជា​វិស័យ​យោធា​ ​និង​ធនាគារ​របស់​រុស្ស៊ី​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ