វិវាទការងារនៅរោងចក្រចំនួន៤ មិនទាន់ត្រូវបានដោះស្រាយចប់នៅឡើយ ខណៈក្រុមកម្មករបានដាក់បណ្ដឹងទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុំអន្តរាគមន៍អស់រយៈពេលជាច្រើនខែ នៅតែមិនទាន់មានលទ្ធផល។
តាមព័ត៌មានដែលវីអូឌីទទួលបានពីក្រុមកម្មករនៅថ្ងៃសុក្រនេះ វិវាទការងារនៅរោងចក្រទាំង៤នោះ រួមមាន រោងចក្រ ហុង វ៉ា កម្ពុជាហ្គាមិន ម៉ាញូហ្វាក់ធឺរីង លីមីធីត (Hung Wah (Cambodia) Garment Mfg. Ltd.), រោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD), រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) នៅរាជធានីភ្នំពេញ និងរោងចក្រ ស៊ិនឡន អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក (CINLON INTERNATIONAL (CAMBODIA) CO., LTD) នៅខេត្តកំពង់ស្ពឺ។
កម្មករផ្នែកជាងម៉ាស៊ីនដេរប្រចាំរោងចក្រ ហុង វ៉ា លោក ស៊ិន កន ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ រោងចក្រ ហុង វ៉ា ដែលមានទីតាំងស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រកាសបិទទ្វារអាជីវកម្ម ដោយមិនបានជូនដំណឹង និងទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករស្របទៅតាមផ្លូវច្បាប់ឡើយ ខណៈកម្មករបានបម្រើការងារនៅរោងចក្រនេះចន្លោះពី ៥ឆ្នាំ ទៅ ១៧ឆ្នាំ។
កម្មកររូបនេះបន្តថា កម្មករចំនួន ៨០៨នាក់ កំពុងតវ៉ាទាមទារឱ្យថៅកែដោះស្រាយឡើងវិញ ចំពោះការទូទាត់សំណងជូនដំណឹងជាមុន និងប្រាក់ជំងឺចិត្ត។ លោកថា ក្រុមកម្មករបានដាក់បណ្ដឹងមួយទៅក្រសួងការងារ ដើម្បីសុំអន្តរាគមន៍ដោះស្រាយករណីនេះជាបន្តបន្ទាប់ ប៉ុន្តែរហូតមកដល់ពេលនេះ ខាងក្រសួងការងារពុំមានដោះស្រាយឱ្យនោះទេ និងបានឱ្យកម្មករប្ដឹងករណីនេះទៅតុលាការវិញ។
លោកបន្ថែមថា៖ «យើងដាក់បណ្ដឹងទៅ ស្ងាត់ឈឹង! អត់មានការឆ្លើយ អត់អីផង! ហើយកម្មករចេះតែរង់ចាំដំណោះស្រាយ»។
ចំណែកស្ថាបនិកសហជីពឯករាជ្យប្រចាំរោងចក្រ អ៊ីស្តក្រោន លោក ឌួង តុលា ប្រាប់វីអូឌីថា កម្មករ-កម្មការិនី ៩នាក់ បម្រើការងារនៅរោងចក្រ អ៊ីស្តក្រោន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានថៅកែបញ្ឈប់ពីការងារជាបន្តបន្ទាប់ ចាប់តាំងពីខែតុលា ឆ្នាំ២០២២ ក្រោយពួកគេនាំគ្នាបង្កើតសហជីពនៅក្នុងរោងចក្រនេះ។
លោកបានចាត់ទុកករណីថៅកែបញ្ឈប់កម្មករនេះថាជាការរើសអើងសហជីព ហើយក្រុមកម្មករបានប្តឹងករណីនេះទៅក្រសួងការងារ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានដំណោះស្រាយនៅឡើយទេ ខណៈក្រសួងការងារកោះហៅភាគីពាក់ព័ន្ធទៅផ្សះផ្សា ប៉ុន្តែខាងក្រុមហ៊ុនតែងតែសុំពន្យារពេល។
សហជីពរូបនេះបន្តថា រឿងអយុត្តិធម៌មួយទៀតនោះ គឺខាងក្រុមហ៊ុនប្រកាសមិនទទួលស្គាល់កម្មការិនីម្នាក់ដែលជាថ្នាក់ដឹកនាំសហជីព ថាពុំមែនជាកម្មករបម្រើការងារនៅរោងចក្ររបស់ខ្លួនថែមទៀត ខណៈរោងចក្របានចេញលិខិតបញ្ចប់កិច្ចសន្យាការងារជាមួយកម្មការិនីរូបនោះរួចហើយ។
លោកបន្ថែមថា៖ «ខាងក្រុមហ៊ុន គឺមានចេតនាមួយជំទាស់មិនឱ្យខាងសហជីពបានចេញបញ្ជិកាបង្កើតសហជីព។ ការពន្យារពេលមួយទៀត អាចថាធ្វើឱ្យខាងកម្មករហ្នឹងបាក់ទឹកចិត្ត មិនមានការតស៊ូក្នុងការរង់ចាំក្នុងការធ្វើបញ្ជិកា និងការដោះស្រាយ ដោយគេធ្វើឱ្យកម្មករណាម្នាក់លាឈប់ពីសហជីពឬការងារហ្នឹង គឺខាងក្រុមហ៊ុនអាចយកលេសមួយមិនចេញបញ្ជិកាឱ្យ និងមិនយកពេលវេលាដោះស្រាយ ហើយគាត់អាចនឹងរួចខ្លួនក្នុងការទទួលខុសត្រូវ ដោយសារកម្មករអត់សិទ្ធិអីប្តឹងគាត់បន្តទៀត»។
យ៉ាងណា បើតាមលោក ឌួង តុលា ខាងក្រសួងការងារបានកោះហៅក្រុមកម្មករទៅផ្សះផ្សាទៀត នៅរសៀលថ្ងៃទី១៦ ខែធ្នូនេះ ដោយមិនទាន់ដឹងពីលទ្ធផលនៅឡើយទេ រហូតមកដល់រសៀលនេះ។
មិនសូវខុសគ្នានេះទេ ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា មានប្រសាសន៍ថា ថៅកែរោងចក្រ ឃែនធើរេន ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបិទទ្វាររោងចក្ររត់ចោលកម្មករតាំងពីខែឧសភា ឆ្នាំ២០២២ ដោយមិនបានដោះស្រាយអត្ថប្រយោជន៍ផ្សេងៗជូនកម្មករតាមផ្លូវច្បាប់ឡើយ។
ប្រធានសហជីពរូបនេះបន្តថា ក្រោមវិវាទការងារដែលបានអូសបន្លាយជិត១ឆ្នាំនេះ គឺក្រុមកម្មករបានដាក់បណ្ដឹងទៅក្រសួងការងារ និងតុលាការផងដែរ ប៉ុន្តែខាងក្រសួងចេញមុខដោះស្រាយជូនកម្មករបានតែ៣ចំណុចទេ ដែល៣ចំណុចនោះមានទឹកប្រាក់តិចតួចប៉ុណ្ណោះ ខណៈតាមផ្លូវច្បាប់ កម្មករត្រូវទទួលបានការទូទាត់៥ចំណុច រួមមាន ប្រាក់ឈ្នួលចុងក្រោយដែលមិនបានបើក ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់អតីតភាពការងារដែលនៅសល់ ប្រាក់បំណាច់ជួសឱ្យការជូនដំណឹងមុន និងប្រាក់ជំងឺចិត្ត។
អ្នកស្រី សាន់ សុផា ឱ្យដឹងថា ចាប់តាំងពីថ្ងៃដែលថៅកែរត់ចោល រហូតមកដល់ពេលនេះ កម្មករនៅតែបន្តដាក់វេនគ្នាដេកយាមមុខរោងចក្រដដែល ដើម្បីរង់ចាំការដោះស្រាយសំណង២ចំណុចទៀត រួមមាន ប្រាក់បំណាច់ជួសឱ្យការជូនដំណឹងមុន និងប្រាក់ជំងឺចិត្ត។
អ្នកស្រីបន្ថែមថា៖ «ពេលថ្ងៃ មានកម្មករវ័យចាស់ៗពីរបីនាក់ និងស្ត្រីដែលពោះធំប៉ុន្មាននាក់ហ្នឹង ដែលគាត់អត់មានការងារធ្វើហ្នឹង គាត់នៅយាមទៅ។ និយាយទៅ កម្មករមានការលំបាកណាស់ ជាពិសេសស្ត្រីមានផ្ទៃពោះ និងកម្មករវ័យចំណាស់ អ្នកខ្លះជួបបញ្ហាគ្មានលុយបង់ផ្ទះជួល។ បើស្ត្រីមានផ្ទៃពោះ មិនដឹងសង្ឃឹមអីទេ បើលុយ ប.ស.ស ក៏គ្មាន»។
ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត បានឱ្យដឹងថា កម្មករ-កម្មការិនីចំនួន ៣នាក់ បម្រើការងារនៅរោងចក្រ ស៊ិនឡន អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក ស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏ត្រូវបានថៅកែបញ្ឈប់ពីការងារ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២ ក្រោយពួកគេនាំគ្នាបង្កើតសហជីពក្នុងរោងចក្រ។
លោកបន្តថា ករណីនេះ សហជីពរបស់លោកក៏បានដាក់បណ្ដឹងទៅក្រសួងការងារ សុំអន្តរាគមន៍ឱ្យជួយដោះស្រាយដែរ ហើយខាងក្រសួងក៏បានចេញលិខិតបង្គាប់ឱ្យក្រុមហ៊ុនទទួលយកកម្មករចូលធ្វើការងារវិញដែរ ប៉ុន្តែខាងក្រុមហ៊ុននៅតែមិនព្រមទទួលយក។
លោក រី សិទ្ធីណែត លើកឡើងថា ករណីវិវាទការងារនៅតាមបណ្តារោងចក្រទាំងនេះ នៅតែបន្តអូសបន្លាយគ្មានដំណោះស្រាយនោះ ដោយសារកម្សោយនៃការដោះស្រាយ និងការអនុវត្តច្បាប់ការងាររបស់មន្ត្រីក្រសួងការងារ។
លោកបន្ថែមថា៖ «តាមពិត នីតិវិធីវិវាទ គាត់ត្រូវទទួលព័ត៌មាន ហើយគាត់ត្រូវផ្សះផ្សា ហើយបញ្ជូនសំណុំរឿងទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយបន្ត នេះករណីវិវាទរួម។ ប៉ុន្តែកន្លងមក គាត់អត់ធ្វើតែម្តង គាត់ទុកសំណុំរឿងហ្នឹងចោល។ក្រសួងមាននីតិវិធីដោះស្រាយវិវាទបុគ្គលរយៈពេលមួយ និងវិវាទរួមក្នុងរយៈពេលមួយជាក់លាក់ក្នុងច្បាប់ ប៉ុន្តែខាងមន្ត្រីក្រសួងអត់ដឹងគាត់ធ្វើការងារម៉េច គាត់ធ្វើការងារតាមតែមេគាត់បញ្ជាមក អាហ្នឹងវាបញ្ហាមកពីកម្សោយនៃការអនុវត្តច្បាប់ការងារកាន់តែខ្សោយទៅៗ»។
វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ និងសុំការឆ្លើយតបពីតំណាងរោងចក្រ ហុងវ៉ា រោងចក្រ អ៊ីស្តក្រោន និងរោងចក្រ ឃែនធើរេន បានទេ ខណៈប្រធានរដ្ឋបាលរោងចក្រ ស៊ិនឡន អ្នកស្រី ទូច សុភ័ណ្ឌ នៅតែអះអាងថា ការបញ្ឈប់កម្មករពីរោងចក្រនេះ ដោយសាររោងចក្រគ្មានការងារឱ្យកម្មករធ្វើ ហើយថៅកែមិនអាចទទួលយកកម្មករដែលត្រូវបានបញ្ឈប់នោះចូលធ្វើការវិញបានឡើយ។
អ្នកស្រីបន្ថែមថា៖ «ដូចខ្ញុំនិយាយអ៊ីចឹង យើងបញ្ឈប់ពួកគាត់នោះមិនមែនជាការរើសអើងសហជីពទេ។ ការបញ្ឈប់នេះ គឺមានកម្មករជាច្រើននាក់ផ្សេងទៀត ដោយសាររោងចក្រអត់ការងារឱ្យកម្មករធ្វើ»។
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យដឹងថា មានរោងចក្រចំនួន២៣ទីតាំង ដែលមានកម្មករសរុប១ ៤០៨នាក់ បានរងគ្រោះដោយការបញ្ឈប់ពីការងារ បន្ទាប់ពួកគេប្រើប្រាស់សិទ្ធិក្នុងការបង្កើតសហជីពក្នុងសហគ្រាស និងគ្រឹះស្ថានដែលពួកគេកំពុងធ្វើការ។
មួយទៀតនោះ សហជីពថា សំណុំរឿងមួយចំនួនដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយ និងសម្រេចឱ្យកម្មករឈ្នះហើយ គឺមិនត្រូវបានថៅកែ ឬនិយោជកអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលឡើយ ដែលករណីនេះ សហជីពចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាការកេងប្រវ័ញ្ចកម្លាំងពលកម្មកម្មករ ដែលត្រូវបានហាមឃាត់ដោយច្បាប់។
អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយលើកឡើងថា នៅកម្ពុជា មានតែសហជីពដែលស្និទ្ធជាមួយថៅកែទេ ទើបអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍ បានរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំណាក់ថៅកែ និងរដ្ឋាភិបាល៕