មនុស្ស​១៦នាក់​ស្លាប់ ខណៈ​មួយ​ចំនួនទៀត​បាត់ខ្លួន​ក្នុង​ហេតុការណ៍​រអិល​បាក់ដី​នៅ​ម៉ាឡេស៊ី

ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះ និងជម្លៀស បន្ទាប់ពីការរអិលបាក់ដីនៅឯជំរុំមួយនៅ Batang Kali រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ (Korporat JBPM/ តាមរយៈ REUTERS)

មនុស្សយ៉ាងហោចណាស់ ១៦​នាក់​​​ស្លាប់ ខណៈមួយចំនួនទៀត​បាត់ខ្លួន ក្នុងឧបទ្ទវហេតុរអិលបាក់ដី នៅកន្លែងបោះតង់មួយក្បែ​រ​មជ្ឈមណ្ឌលកម្សាន្ត Genting Highlands ក្នុង​ប្រទេស​ម៉ាឡេស៊ី ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ នេះបើយោង​តាម​ការចេញ​ផ្សាយ​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន CNA នៅ​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ។

ក្រុមអ្នក​ជួយ​សង្គ្រោះកំ​ពុ​ង​រុករកមនុស្ស​ចំនួន១៧នាក់​ទៀតដែល​កំពុង​បាត់​ខ្លួន​នៅ​កន្លែងបោះ​តង់ ​ក្បែរ​កសិដ្ឋាន​សរីរាង្គ (Father’s Organic Farm) ក្នុងទីក្រុង​ហ្គោតុង​ចាយ៉ា (Gohtong Jaya) រដ្ឋសេឡាងហ្គ័រ (Selangor)។

ក្រសួងអភិវឌ្ឍន៍រដ្ឋាភិបាលក្នុងតំបន់របស់ប្រទេសម៉ាឡេស៊ី បានលើកឡើង​ថា មនុស្ស​ចំនួន៦១​នាក់ត្រូវ​បាន​រក​ឃើញ​ថា​មាន​សុវត្ថិ​ភាព ក្នុង​ចំណោម​មនុស្ស​សរុប​ចំនួន៩៤​នាក់ដែលជាប់​នៅ​ក្រោម​គំនរ​ដី​ដែល​បាន​រអិល​បាក់។

អធិការនគរបាលស្រុក លោក ស៊ូហ្វ៊ាន អាប់ឌុលឡា (Suffian Abdullah) បាននិយាយថា ជនរងគ្រោះដែលស្លាប់ គឺជាជនជាតិម៉ាឡេស៊ី រួមទាំងកុមារម្នាក់អាយុប្រហែល៥ឆ្នាំ​ផង​ដែរ។

លោកបាន​ប្រាប់​សន្និសីទសា​រព័ត៌មាន​មួយ​ថា កងកម្លាំងសង្គ្រោះជិត៤០០​នាក់មក​ពី​ទីភ្នាក់​ងារ​ផ្សេងៗ​គ្នា ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​បន្ត​រុក​រក​ជន​រងគ្រោះដែលបាត់ខ្លួន។

ជនរងគ្រោះម្នាក់ឈ្មោះ តេ លីន ហ្ស័ន (Teh Lynn Xuan) អាយុ២២​ឆ្នាំ បាន​និយាយ​ថា នាងទៅ​បោះតង់​ជាមួយមនុស្ស​៤០​នាក់​ផ្សេង​ទៀត នៅ​ពេល​មាន​ការ​រអិលបាក់ដី។

Teh Lynn Xuan បានប្រាប់សារព័ត៌មាន Berita Harian ជាភាសាម៉ាឡេស៊ីថា៖ «ខ្ញុំបានឮសំឡេងខ្លាំងដូចរន្ទះ។ វាជាសំឡេងថ្មដែលកំពុងធ្លាក់។ យើងមានអារម្មណ៍ថាតង់ចាប់ផ្ដើមរង្គើ ហើយ​ដី​បាន​ធ្លាក់​ចុះ​នៅ​ជុំវិញ​យើង។ សំណាង​ហើយ​ដែល​ខ្ញុំ​អាច​ចេញ​ពី​តង់ ហើយ​ទៅ​កន្លែងដែលមានសុវត្ថិភាព។ ម្តាយខ្ញុំ និងខ្ញុំ អាចវារចេញពីតង់ ហើយយើង​មាន​សុវត្ថិភាព»។

ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ និងសង្គ្រោះប្រចាំរដ្ឋសេឡាងហ្គ័រ (Selangor) លោក ណូរ៉ាហ្សាម ខាមីស (Norazam Khamis) បាននិយាយថា ការរអិលបាក់ដីបានធ្លាក់ពីកម្ពស់ប្រមាណ ៣០​ម៉ែត្រ ពីលើទីតាំងបោះជំរុំ ហើយបានគ្របដណ្ដប់លើផ្ទៃដីប្រហែល១ហិកតា។

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​និយាយ​ថា លោក​មាន​ការ​តក់ស្លុត​ចំពោះ​ឧបទ្ទវហេតុ​នេះ។

លោក​ថា៖ «ខ្ញុំបានស្នើឱ្យស្ថាប័នរដ្ឋាភិបាលទាំងអស់ធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះដោយប្រុងប្រយ័ត្ន និ​ងជា​ប្រព័ន្ធ»

គ្រោះមហន្តរាយនេះបានកើតឡើង​ប្រហែល ៥០​គីឡូម៉ែត្រ​​ភាគខាងជើងនៃទីក្រុងគូឡាឡាំពួ ក្នុងទីប្រជុំជន​បាតាំង​កាលី (Batang Kali) នៅខាងក្រៅតំបន់ជួរភ្នំដ៏ពេញនិយម Genting Highlands ដែលត្រូវបានគេស្គាល់ថាជារមណីយដ្ឋានដ៏ស្រស់ស្អាតបែបធម្មជាតិ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន មនុស្សប្រហែល២១ ០០០​នាក់​បានផ្លាស់ទីលំនៅដោយសារជំនន់ទឹកភ្លៀង នៅក្នុងរដ្ឋចំនួន៧ នៅទូទាំងប្រទេសម៉ាឡេស៊ី។

នៅឆ្នាំ១៩៩៣ ការរអិលបាក់ដីបានសម្លាប់មនុស្សចំនួន៤៨​នាក់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងបណ្តាលឱ្យអគារលំនៅដ្ឋានកម្ពស់១២ជាន់រលំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ