សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីរកឃើញគ្រាប់បែកដៃនៅមុខក្រុមហ៊ុនណាហ្គា

អាជ្ញាធរខណ្ឌចំការមន មកពិនិត្យទីតាំងផ្ទុះគ្រាប់បែកដៃដែលត្រូវបានជនអនាមិកមកផ្លុងចោលនៅក្បែររដ្ឋសភាជាតិ និងក្រុមហ៊ុនណាហ្គាវើលដ៍២ ដោយហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សមត្ថកិច្ច​ជំនាញបានចាប់ឃាត់ខ្លួន និង​កំពុងសួរ​នាំ​​ជនសង្ស័យ​ជាជនជាតិចិន ៤នាក់និង​ស្ត្រី​ខ្មែរ​​ម្នាក់ ពាក់​ព័ន្ធ​​នឹង​​​ករណីរកឃើញគ្រាប់បែកដៃមួយគ្រាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ក្នុងខណ្ឌចំការ​មន​ រាជធានីភ្នំពេញ។

នៅ​​​ថ្ងៃទី១៥ ខែ​​ធ្នូ ​ម្សិល​មិញនេះ​ ​ស្រ្តីជាអ្នកបោសសំរាមម្នាក់ បានប្រទះឃើញគ្រាប់បែកមួយ​គ្រាប់ នៅមុខ​ក្រុមហ៊ុនណាហ្គា​ ខណៈអ្នកស្រីកំពុងបោសសម្អាត​វិថី​រដ្ឋសភា។

ជុំវិញករណីនេះ អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា​ បាន​ឱ្យដឹង​នៅថ្ងៃសុក្រនេះថា​ កង​​កម្លាំង​នគរបាលដ្ឋានខណ្ឌចំការមន​ និងនាយកដ្ឋាន​ព្រហ្មទណ្ឌ​​នៅក្រសួង​មហា​ផ្ទៃ​ បាន​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យចំនួន៥នាក់ ក្នុងនោះ​មាន​​ជន​​​ជា​​តិចិ​ន​​ចំនួន៤​នាក់ រួម​មាន​ឈ្មោះ​ YANG JIAKANG, TU LINAN, YANG YUDONG,​ CHEN DI និងឈ្មោះ​​ សួង ស្រីអូន​​ ជនជាតិខ្មែរ​។

លោកបន្តថា​ ​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​​​នោះកំពុង​ស្ថិតក្រោម​​ការសាកសួរ និង​ស៊ើប​អង្កេត​ពីសំណាក់​​​សមត្ថកិច្ច​នាយកដ្ឋានព្រហ្មទណ្ឌនៃ​ក្រសួងមហាផ្ទៃ​។​

លោកថា​៖ «​កងកម្លាំងនគរបាលដ្ឋានខណ្ឌចំការមន​ និងនាយកដ្ឋាន​ព្រហ្មទណ្ឌ​នៅក្រសួងមហា​ផ្ទៃ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យបាន​៥នាក់​​ហើយ ក្នុងនោះយើងបានបញ្ជូន​ទៅ​​នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ»។

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​​ លោក ខៀវ សុភ័គ មានប្រសាសន៍បន្ថែមថា ក្រៅពីការចាប់​ឃាត់ខ្លួន​ជន​សង្ស័យទាំងនោះ សមត្ថកិច្ចក៏​​​បានចាប់​យក​វត្ថុតាង​​​រថយន្ត​០១គ្រឿង​ម៉ាក​ LANG ROVER DEFENDER ស៊េរីទំនើបមួយគ្រឿង​ផងដែរ។

លោកបន្តថា ក្រោយការសាកសួរចប់ សមត្ថកិចនឹងបញ្ជូនជនសង្ស័យទាំងនោះទៅ​តុលាការ​។

លោកថា​៖ ​«ចំពោះឡានដែលរកឃើញតាមកាមេរ៉ា​តាមដងផ្លូវហ្នឹង ​ដែលយើងសង្ស័យ​ថា​ធ្លាក់គ្រាប់បែក​ហ្នឹង យើងរក​ឃើញ​ហើយ!​ ឆ្លងតាមការរកឃើញហ្នឹង ​កាន់តែធ្វើឱ្យសមត្ថកិច្ចមានពន្លឺថែមទៀត​​ ដើម្បីដៅរកមុខសញ្ញាសង្ស័យ​ ចាប់ខ្លួន និងបញ្ជូនទៅតុលាការ​»។

បើតាម​លោក ខៀវ សុភ័គ ដែលបានបញ្ជាក់កាលពីថ្ងៃម្សិលមិញ​ ករណីរកឃើញគ្រាប់បែកនៅមុខ​ក្រុមហ៊ុនកាស៊ីណូ​​ណាហ្គានេះ មិនមែន​ជារឿ​ង​​ភេរវកម្ម ឬរឿង​នយោ​បាយ​នោះទេ តែ​អាច​ជារឿង​​ដែល​ជន​បង្ក​ចាញ់ល្បែងច្រើនជាង។

លោក​ថា៖ «ដូច្នេះ ​ក្នុងជំហានដំបូងនេះ យើងរកឃើញ​ថា វាអាច​មិនមែនជារឿង​ភេរវកម្មអីទេ ហើយក៏មិនមែនជារឿង​នយោបាយ គំរាមកំហែងអី អត់មានទេ! សន្និដ្ឋាន​​​ទីមួយ វាអាចជាជម្លោះឈ្លោះគ្នា ឬក៏ការ​គំរាម​គ្នា​ក្នុង​​​រឿង​ល្បែងស៊ីសងនេះ ដូចថាចាញ់ល្បែងគំរាមគ្នា អាចអ៊ីចឹងច្រើនជាង»។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បានលើកឡើងថា ការ​​រកឃើញ​គ្រាប់​បែក​នេះនៅកណ្ដាល​ទីក្រុងភ្នំពេញ និងជិត​រដ្ឋសភានេះ​ អាច​​បង្ក​​​ជា​ហានិភ័យសម្រាប់សង្គម។ ករណីនេះ លោកស្នើ​ឱ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតឱ្យបានម៉ត់ចត់ មុនសម្រេច​ផ្ដន្ទាទោសទៅលើជនប្រព្រឹត្ត។

លោកថា៖ «ថាតើពួកគេពិតជាបាន​ប្រព្រឹត្តនូវអំពើ​ដែល​បង្ក​ដាក់​គ្រាប់​បែក​បំផ្ទុះ​មែនឬ​ក៏​អត់? យើង​គ្រាន់​តែ​ស្នើ​ឱ្យ​សមត្ថ​កិច្ច​បង្ហាញពីភ​ស្តុងតាង​ ​មុននឹង​ផ្ដន្ទាទោសឱ្យបានត្រឹមត្រូវ»។

គួរបញ្ជាក់ថា ក្រោយការប្រទះ​​ឃើញគ្រាប់បែកដៃនេះ សមត្ថកិច្ច និងមន្ត្រីជំនាញស៊ីម៉ាក បាន​ធ្វើការ​ត្រួតពិនិត្យ និង​បានបំផ្ទុះចោលឬកម្ទេចចោលភ្លាមៗនៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយ​មិន​បង្ក​ឱ្យ​​នរណា​ម្នាក់​រង​គ្រោះថ្នា​ក់​​​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ