UN អនុម័ត​លើ​សេចក្ដី​សម្រេច​ដែល​ជំរុញ​ឱ្យ​កូរ៉េខាងជើង​ដោះលែង​អ្នក​ដែល​ត្រូវបាន​ចាប់ពង្រត់​ទាំងអស់

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ លោក Kim Song ថ្លែងក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីចិន និងរុស្ស៊ី បានវេតូទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ (REUTERS/Mike Segar)

មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចមួយ ដោយជំរុញ​ឱ្យ​កូរ៉េខាង​ជើង​ដោះលែង​ជា​បន្ទាន់ នូវ​ជនបរទេសទាំង​អស់​ដែល​ខ្លួន​បាន​ចាប់​ពង្រត់។ នេះបើ​យោងតាម​ការ​ចេញ​ផ្សាយរ​បស់​ទីភ្នាក់​ងារសារ​​ព័​ត៌មា​ន NHK នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២​នេះ។

មហាស​ន្និបាត​បាន​​អនុម័តលើ​សេចក្តី​សម្រេច​នេះ ​​នៅ​ថ្ងៃ​ព្រហស្បតិ៍ មិ្សលមិញ។ ជារៀង​រាល់ឆ្នាំ​ សហភាពអឺរ៉ុបដាក់ជូនសេចក្តីសម្រេចនេះទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រទេសជាង​៦០ រួមទាំងប្រទេសជប៉ុន និងកូរ៉េខាងត្បូង បាន​គាំទ្រ​សេចក្តី​សម្រេច​នេះ។

សេចក្តីសម្រេចនេះនិយាយ​ថា អង្គការសហប្រជាជាតិ ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លាបំ​ផុត​ចំពោះការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ និងយូរអង្វែងរបស់កូរ៉េខាងជើង។

អង្គការសហប្រជាជាតិ ក៏បង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដែលកើត​ឡើង​ចំពោះអ្នក​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​ ផ្ទុយពី​ឆន្ទៈ​របស់​ខ្លួន និង​ក្រុម​គ្រួសារ​របស់​ពួកគេ។

សេចក្តីសម្រេចនេះក៏រិះគន់​កូរ៉េ​ខាង​ជើង​ចំពោះការ​ប្រើប្រាស់​ធន​ធានជាតិ​សម្រាប់​ការ​អភិវឌ្ឍមីស៊ីល ដែលមិន​មែន​ធ្វើ​ឡើង​សម្រាប់​សុខុមាលភាពរបស់ប្រជាជនខ្លួន។

ពាក់ព័ន្ធនឹងសេចក្តីសម្រេចនេះ ចិន និងរុស្ស៊ី បាន​និយាយ​ថា ខ្លួន​មិន​គាំទ្រ​សេច​ក្តី​សម្រេច​នេះទេ ខណៈឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំអង្គការសហប្រជាជាតិ លោក គីម សុង (Kim Song) បាននិយាយថា វាជាការបង្កហេតុដែលមានហេតុផលនយោបាយ ហើយកូរ៉េខាងជើងបដិសេធសេចក្តីសម្រេច​នេះ។ លោកបានដើរចេញពីមហាសន្និបាត នៅពាក់កណ្តាលកិច្ចប្រជុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ