ម្ដាយទារករងគ្រោះថ្នាក់ចរាចរណ៍ ស្នើតុលាការពន្លឿននីតិវិធីស្វែងរកយុត្តិធម៌ ក្រោយកូនទទួលមរណភាព

រូបភាពករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារបណ្ដាលឱ្យពលរដ្ឋ​ចំនួន៣នាក់រងរបួសធ្ងន់ កើតឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ រូបភាពនេះត្រូវបានបង្ហោះដោយស្នងការដ្ឋាននគរបាលជាតិ។

ស្រ្តីជាជនរងគ្រោះ​ និងជាម្តាយទារក ​ក្នុង​ករណី​​គ្រោះថ្នា​ក់​ចរាចរណ៍ ស្នើ​តុលាការ​​ពន្លឿននីតិវិធីក្នុងការ​ស្វែងរកយុត្តិធម៌ និងចាត់វិធានការ​ទៅលើជនបង្ក​ ក្រោយកូនរបស់ខ្លួនបានទទួលមរណ​ភាព។ 

កាលពីថ្ងៃទី៥ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿង​នៅលើស្ពាន​ជ្រោយ​ចង្វារ បណ្ដាលឱ្យមនុស្ស​ ៣នាក់ រង​របួស​ធ្ងន់ ក្នុង​នោះក៏​មាន​ទារកអាយុ​២ខែម្នាក់ផង​ដែរ។

ក្រោយ​ហេតុកា​រណ៍​នេះក៏មានឯកសារចែកចាយលើបណ្ដាញសង្គមបញ្ជាក់ថា ជនរងគ្រោះបានផ្ដិតមេដៃទទួលយកសំណង២ ៥០០ដុល្លារ និងដកពាក្យបណ្ដឹងដើម្បី​បញ្ចប់រឿងនោះ។ ប៉ុន្តែ​​ស្ត្រីជាជនរងគ្រោះ​បញ្ជាក់ម្តងហើយម្តងទៀតថា គាត់ពិតជាមិនបាន​ផ្តិតមេដៃទទួលយក «សំណង២ ៥០០ដុល្លារដើម្បីបញ្ចប់រឿង» ដូចការ​ផ្សាយរបស់ស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៦ ខែធ្នូ ឡើយ។

អ្នកស្រី មុច ស្រីល័ក្ខ មានមុខរបរជាអ្នករើសអេតចាយ ដែល​​ជាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​​កាលពីថ្ងៃទី៥ ខែធ្នូ បាន​ឱ្យដឹងនៅថ្ងៃសុក្រនេះថា ​កូន​របស់អ្នកស្រីបានបាត់បង់ជីវិតជិតមួយសប្ដាហ៍​ ​ខណៈអ្នកស្រីក៏នៅមិនទាន់ជា​របួស និងត្រូវការទៅពេទ្យជាប្រចាំទៀតផង​។

ស្រ្តីរូបនេះបន្តថា ​អ្នកស្រី និងមេធាវី បានដាក់ពាក្យបណ្ដឹង​​ទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញ រយៈពេល​​៦ថ្ងៃ​មកហើយ​​ ដើម្បីទាមទាររកយុត្តិធម៌តាម​ផ្លូវច្បាប់ និង​​ទាមទារឱ្យ​មានចំណាត់ការ​ទៅលើជនបង្ក ប៉ុន្តែរហូត​មក​ដល់ថ្ងៃនេះ អ្នកស្រីនៅមិនទាន់ឃើញតុលាការ​មានចំណាត់​ការ​យ៉ាងណា​នៅឡើយ។​

អ្នកស្រីថា​៖​ «​ចង់បានលុយសំណងលើសពីហ្នឹងផង​ ចង់ឱ្យគាត់ហ្នឹង[ត្រូវបានផ្តន្ទាទោស]ទៅតាមផ្លូវច្បាប់​ កុំឱ្យថ្ងៃក្រោយទៅ គាត់បង្ក​ទៅជាអ៊ីចឹងទៀត! និង​សំណាងដែលខ្ញុំនិងបងម្នាក់​ហ្នឹង​នៅ​មាន​ជីវិត​ បើសិនជាបាត់បង់ជីវិតទាំង៣នាក់ទៅ អាណោចអាធ័មប៉ុនណា​​​»។

អ្នកនាំពាក្យ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​លោក ប្លង់ សុផល បានឆ្លើយតបយ៉ាង​​ខ្លី​ថា ​ខាងតំណាងអយ្យការកំពុងធ្វើការ​​ស៊ើបអង្កេតលើសំណុំរឿងនេះ​​ និង​មិនទាន់អាចឆ្លើយថា​ពេលណា​នឹ​ង​​បញ្ចប់ការ​ស៊ើបអង្កេតនោះនៅឡើយ​ដែរ។​

លោកថា៖ «លទ្ធផលនៃការស៊ើប​អង្កេត ​គឺជាការសម្ងាត់!​ ហើ​យអ្នកដែលចូលរួមក្នុងការស៊ើប​អង្កេតនេះមានកាតព្វកិច្ចតាមច្បាប់ ក្នុងការរក្សាការសម្ងាត់នៃវិជ្ជាជីវៈនេះ»។​

វីអូឌី មិនទាន់អាចសុំការ​អត្ថាធិប្បាយ​​​ពីលោក គី តិច​ ​ប្រធានក្រុម​មេធាវីស្ម័គ្រ​ចិត្តរបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជាមេធាវី​តំណាង​ឱ្យអ្នកស្រី​​ មុច ស្រីល័ក្ខ បានទេ នៅថ្ងៃសុក្រ​​នេះ​។​

ប៉ុន្តែ​មេធាវីរូបនេះ​ធ្លា​ប់បាន​លើក​ឡើង​ថា ក្រុមមេធាវី​កំពុងការពារតាមផ្លូវច្បាប់ដល់​គ្រួសារ​ជន​រង​គ្រោះ និងកំពុងស្នើ​​សុំឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្រាវ​ជ្រាវ កំណត់បទល្មើស ចោទប្រកាន់​ទៅតាមអំពើដែលជនបង្កបានប្រព្រឹត្ត និង​​កំពុងស្នើឱ្យជនបង្កចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។

នាយកទទួលបន្ទុកកិច្ចការទូទៅ ​​នៃអង្គការការពារ​​សិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​​ប្រ​សាសន៍​ថា ​​​​ជាទូទៅ មន្រ្តីជំនាញ គឺមាន​សមត្ថកិច្ច​​​បើក​​​​ការ​ស៊ើបអង្កេត​លើបណ្ដឹងអាជ្ញា ​​ជុំវិញ​​ករណីគ្រោះថ្នាក់ចរាចរណ៍​ដែលធ្វើឱ្យមនុស្ស​​ស្លាប់និងរងបួសនេះ​ ហើយ​ក្នុងនាមលោក​ជា​សង្គមស៊ីវិល ទទូចឱ្យមានការ​ស្វែងរកយុត្តិធម៌ ​​តាមរយៈការពន្លឿន​នីតិវិធីស៊ើបអង្កេត​ផងដែរ​។

លោកថា៖ ​«យើងជាអង្គការសង្គមស៊ីវិល ​យើងចង់ និងទទូច​ឱ្យ​​តុលាការហ្នឹង​ដំណើរការនីតិវិធីហ្នឹង​ឱ្យបានឆាប់រហ័ស​»។

តាម​មាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាពត្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ ឆ្នាំ ពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល និងអាចត្រូវផ្តន្ទាទោស ដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងមាត្រា៨៥ដដែលក៏បានចែងថា ក្នុងអំពើល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លាន ទៅ ២៥លានរៀល បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង បណ្ដាលឱ្យមនុស្សស្លាប់ ការរត់គេចពីកន្លែងកើតហេតុដើម្បីគេចពីការទទួលខុសត្រូវ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ