មន្ត្រីកម្ពុជា៖ ការលើកឡើងថា «មានការរម្លឹកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ក្នុងជំនួបបារាំង-ខ្មែរ ជារឿងមិនសម

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើរជាមួយលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងសន្និសីទរួមគ្នាជាមួយនៅឯទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ចាត់ទុកការដែលផ្សព្វផ្សាយថា «ប្រធានាធិបតីបារាំងបានរម្លឹកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងអំឡុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន» នោះ ថាជារឿងមិនសម ព្រោះមិនអាចប្រទេសណាមួយមកបង្គាប់ឱ្យប្រទេសមួយទៀតធ្វើអ្វីតាមខ្លួននោះឡើយ។

ការនេះធ្វើឡើងក្រោយមានព័ត៌មានផ្សព្វផ្សាយថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានរម្លឹកឡើងវិញ អំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីពីសន្តិភាពនៅកម្ពុជា ក្នុងអំឡុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ មុនចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបលើកទី ៤៥នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃទី១៩ ខែធ្នូ នេះថា លោកមិនបានដឹងទេថាតើប្រធានាធិបតីបារាំងពិតជាបានសួរនាំរឿងនេះទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មែនឬយ៉ាងណានោះ ហើយលោកបានប្រាប់ឱ្យអ្នកសារព័ត៌មានសួរទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីវិញ។

បើទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន បង្ហាញជំនឿថា បារាំងអាចនឹងនិយាយថា ខ្លួនបានដើរតួសំខាន់ក្នុងការស្វែងរកសន្តិភាពឱ្យកម្ពុជា តែមេដឹកនាំប្រទេសនេះនឹងមិននិយាយបង្ខិតបង្ខំកម្ពុជាឱ្យធ្វើតាមការចង់បានឡើយ ព្រោះថា វាផ្ទុយពីអធិបតេយ្យភាពរបស់ប្រទេសមួយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះបន្តថា កម្ពុជាទៅជួបបារាំងក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ឬពហុភាគី មិនមែនទៅជួបក្នុងនាមបារាំង-កម្ពុជាទេ។

លោកចាត់ទុកការដែលលើកឡើងថា «មានការរម្លឹកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងជំនួប» នោះ គឺជារឿងមិនសម ព្រោះមិនអាចប្រទេសណាមួយមកបង្គាប់ឱ្យប្រទេសមួយទៀតធ្វើអ្វីតាមខ្លួននោះឡើយ។

លោក ផៃ ស៊ីផាន ថា៖ «ការលើកឡើងហ្នឹងដូចជាមិនសម! ប្រទេសបារាំងនិងប្រទេសកម្ពុជាពិតជាប្រទេសឯករាជ្យ ហើយជាប្រទេសអធិបតេយ្យភាពទៀត។ វាមិនអាចប្រទេសណាមួយមកបង្គាប់អ្នកណាមួយឱ្យធ្វើនេះធ្វើនោះដែរ វាមិនអាចអ៊ីចឹងទេ។ អានេះយើងនិយាយអំពីប្រូតូកូល [Protocol] ការងារទូត ពីព្រោះកម្ពុជាទៅជួបបារាំងហ្នឹង គឺទៅក្នុងភាពស្និទ្ធស្នាលនៅក្នុងទិសដៅកិច្ចសហប្រតិបត្តិការ មិនមែនក្នុងទិសដៅនៅក្រោមអាណានិគមរបស់បារាំងទេ»

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាលជាង ៣១ឆ្នាំ ហើយគិតមកទល់ពេលនេះ។ ទោះជាយ៉ាងណាក៏ដោយ មានការរិះគន់ថា រដ្ឋាភិបាលកម្ពុជាមិនទាន់បានគោរពពេញលេញនូ​វគោលការណ៍សំខាន់ៗមួយចំនួនដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះនៅឡើយ ជាពិសេសទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។

វីអូឌី មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ជុំ សន្ទរី បានទេ នៅថ្ងៃចន្ទនេះ។

ចំណែកលេខាទី១ នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា លោកស្រី Noémie PINTA ប្រាប់វីអូឌីតាមសារអេឡិចត្រូនិច (អ៊ីម៉ែល) នៅថ្ងៃទី១៩ ខែធ្នូ នេះថា ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron ពិតជាបាននិយាយសំដៅទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយសារតែកិច្ចព្រមព្រៀងនោះ គឺជាមូលដ្ឋានគ្រឹះសំខាន់មួយដើម្បីនាំកម្ពុជាវិលទៅកាន់មាគ៌ាសន្តិភាព។

លោកស្រីបញ្ជាក់ថា៖ «ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron បាននិយាយសំដៅទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយសារតែកិច្ចព្រមព្រៀងនោះ គឺជាមូលដ្ឋានគ្រឹះសំខាន់មួយដើម្បីនាំកម្ពុជាវិលទៅកាន់មាគ៌ាសន្តិភាព។ កិច្ចព្រមព្រៀងនេះបានបញ្ចប់សង្គ្រាមស៊ីវិលជិត២ទសវត្សរ៍ ផ្តួចផ្តើមការកសាងរដ្ឋឡើងវិញ និងដាក់មូលដ្ឋានគ្រឹះសម្រាប់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលគាំទ្រដោយការគោរពនីតិរដ្ឋ សិទ្ធិ និងសេរីភាពជាមូលដ្ឋាន»

លោកស្រី Noémie បន្តថា នេះជាមោទកភាពយ៉ាងខ្លាំងដែលបារាំងបានអមដំណើរកម្ពុជាលើវិថីឆ្ពោះទៅរកសន្តិភាព។

បែបនេះក្តី មន្ត្រីស្ថានទូតបារាំងប្រចាំនៅកម្ពុជារូបនេះថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនមានយន្តការដើម្បីត្រួតពិនិត្យឡើងវិញ គឺវាដូចទៅនឹងសន្ធិសញ្ញា ឬឧបករណ៍អន្តរជាតិផ្សេងទៀតដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីថា កិច្ចព្រមព្រៀងនេះនៅតែជាឯកសារសំខាន់ ដោយសារតែវាបង្កើតនូវក្របខណ្ឌនៃទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អន្តរជាតិ។

ចំណែកយុវជនដែលសកម្មក្នុងការផ្សព្វផ្សាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន លើកឡើងថា ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក Emmanuel Macron ពិតជាបាននិយាយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខណៈលោកក៏បានស្តាប់ការនិយាយនោះជាភាសាបារាំងផងដែរ។

បើទោះជាយ៉ាងនេះក្តី លោកយល់ថា ការលើកឡើងរបស់បារាំងនាឱកាសនេះ គឺមិនមែនជាការបង្គាប់បញ្ជា ឬលូកដៃចូលកិច្ចការផ្ទៃក្នុងអ្វីទេ តែនេះជាកាតព្វកិច្ចដែលបារាំងត្រូវអន្តរាគមន៍រម្លឹកកម្ពុជា ព្រោះបារាំងជាសហប្រធានរៀបចំសន្និសីទ និងជាសាម៉ីហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ដូច្នេះបារាំងមានសិទ្ធិពេញលេញលើរឿងនេះ ខណៈស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជានាពេលនេះមានការធា្លក់ចុះ។

លោកថា«ប្រធានាធិបតីបារាំង គាត់លើកឡើងហ្នឹងមិនមែនជាការបង្គាប់ទេ ក៏ប៉ុន្តែវាគឺជាកាតព្វកិច្ច ពីព្រោះទី១ ប្រទេសបារាំង គឺជាសហប្រធាននៃសន្និសីទប៉ារីសហ្នឹង។ ទី២ បារាំងគឺជាសាម៉ីប្រទេសនៃហត្ថលេខីកិច្ចព្រមព្រៀងប៉ារីស។ ចុះហេតុអីបានគាត់លើកឡើងនាពេលហ្នឹង? ពីព្រោះតែកម្ពុជានេះមានបញ្ហាច្រើន ដូចជាការធ្លាក់ចុះនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយសារតែការរំលាយបក្សសង្គ្រោះជាតិតាំងពី២០១៧ផង ហើយរហូតមកដល់ឥលូវនេះ គឺនៅតែមានការគំរាមកំហែងដល់គណបក្សនយោបាយ គំរាមដល់ការចូលរួមនិងសិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋ ព្រមទាំងសកម្មជនបក្សនយោបាយ ជាដើម។ ប្រធានាធិបតីបារាំងលើកឡើង ក៏ព្រោះប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈធ្ងន់ធ្ងរ»

យុវជនដែលសកម្មក្នុងការផ្សព្វផ្សាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសរូបនេះ បន្ថែមថា បើកម្ពុជាមិនគោរពតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ នោះកម្ពុជានឹងគ្មានអព្យាក្រឹតភាព មិនឯករាជ្យ គ្មានសន្តិភាពពិតប្រាកដ ព្រោះថា កម្ពុជានឹងទោរទន់ទៅតាមការដឹកមុខរបស់បរទេសដែលមានឥទ្ធិពលលើខ្លួន មិនថាផ្នែកសេដ្ឋកិច្ច និងនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ