លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញក្ដីសង្ឃឹមថា អ្នកបន្តវេនជំនាន់ក្រោយនឹងបន្តពូនជ្រំសមិទ្ធផលរបស់រដ្ឋាភិបាលដែលសម្រេចបានជាង៤០ឆ្នាំមកនេះ ដែលថាផ្នែកមួយនៃជោគជ័យនេះកើតចេញពីគោលនយោបាយ ឈ្នះ-ឈ្នះ និងមិត្តដែកថែមជាមួយមហាអំណាចចិន ខណៈក្រុមប្រទេសលោកសេរីកំពុងជំរុញឱ្យកម្ពុជាស្ដារប្រជាធិបតេយ្យ។
ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក ដែលប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក (KSI) ស្តីពី «ការបង្កើនទំនាក់ទំនងអាស៊ាន -ចិន» ធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។
លោក ហ៊ុន សែន ថ្លែងថា ជាការពិតណាស់ ការទទួលបាននូវពានរង្វាន់ដ៏វិសេសវិសាលនេះ គឺជាសក្ខីកម្មនៃភាពជោគជ័យរបស់រដ្ឋាភិបាល តាមរយៈការអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ ដែលថាបាននាំមកនូវការបង្រួបបង្រួមជាតិ និងស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចសម្រេចបានក្នុងអត្រា៧ភាគរយជាមធ្យមប្រចាំឆ្នាំ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។
ដាច់ដោយឡែកពីនេះ លោកសម្អាងថា ចាប់ពីកម្ពុជាបានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ក្នុងឆ្នាំ១៩៩៩ កម្ពុជាបានបំពេញតួនាទីយ៉ាងសកម្មលើឆាកអន្តរជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យនៅឆ្នាំ២០០២, ២០១២ និង២០២២ ជាពិសេសកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។
ក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា-ចិន លោកថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម រហូតត្រូវទទួលស្គាល់ថា «មិត្តដែកថែប» ព្រមទាំងកំណើនពាណិជ្ជកម្មទ្វេភាគី សរុបក្នុងទំហំប្រមាណ១១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ កើនឡើង ៣៧ភាគរយ បើធៀបទៅនឹងឆ្នាំ២០២០។
បន្ថែមពីនេះ លោកថា កម្ពុជាតែងទទួលបានការជួយគាំទ្រ និងជ្រោមជ្រែងជាបន្តបន្ទាប់ពីមិត្តចិន ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ជាពិសេសក្នុងពេលដ៏លំបាកបំផុតបណ្ដាលមកពីវិបត្តិជំងឺកូវីដ-១៩ ដែលបានចូលរួមបង្កលក្ខណៈឱ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលបានល្អប្រសើរ និងកាត់បន្ថយផលប៉ះទង្គិចសង្គម និងសេដ្ឋកិច្ចផងដែរ។
លោក ហ៊ុន សែន គូសបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តប្រឹងប្រែងបន្ថែមទៀតក្នុងការអភិវឌ្ឍកម្ពុជា និងថែរក្សាសមិទ្ធផលទាំងឡាយដែលកម្ពុជាសម្រេចបានជាង៤០ឆ្នាំ និងថា អាស៊ាន-ចិន នឹងបន្តពូនជ្រំលើសមិទ្ធផលដែលសម្រេចបាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងលើកស្ទួយការអភិវឌ្ឍក្នុងតំបន់ និងសកលលោកទាំងមូល។
លោកថា៖ «ខ្ញុំសង្ឃឹមថា អ្នកបន្តវេនជំនាន់ក្រោយនឹងបន្តស្មារតីរួបរួមគ្នា និងថែរក្សាសុខសន្តិភាព និងលើកស្ទួយការអភិវឌ្ឍជាតិនិងតំបន់ ដោយកសាងលើសមិទ្ធផលដែលសម្រេចបានក្នុងពេលបច្ចុប្បន្ន»។
ការផ្ញើសាររបស់មេដឹកនាំកម្ពុជានេះ ចំពេលប្លុកលោកសេរី មានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម នៅតែបន្តជំរុញឱ្យរដ្ឋាភិបាលបើកលំហប្រជាធិបតេយ្យឡើងវិញ មុនការបោះឆ្នោតជាតិ ឆ្នាំ២០២៣ មកដល់ ខណៈមេដឹកនាំគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ ត្រូវបានគេបិទខ្ទប់ពីសង្វៀននយោបាយតាមរយៈប្រព័ន្ធតុលាការ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មើលឃើញថា បរិបទនយោបាយនៅកម្ពុជាត្រូវបានគេមើលឃើញថា លម្អៀងទៅរកមហាអំណាចិន ក្រោយរំលាយគណបក្សប្រឆាំងពីឆាកនយោបាយ។
មួយវិញទៀត លោកកត់សម្គាល់ថា ការដឹកនាំរបស់បក្សកាន់អំណាចជាង៤០ឆ្នាំមកនេះ មានគុណសម្បត្តិផង និងគុណវិបត្តិផង សម្រាប់សង្គមជាតិ។
បើតាមអ្នកឃ្លាំមើលរូបនេះ គុណសម្បត្តិ គឺបក្សកាន់អំណាចបានបញ្ចប់សង្គ្រាមស៊ីវិល និងចាប់ផ្តើមកសាងហេដ្ឋារចនាសម្ពន្ធប្រទេសឡើងវិញ ក្រោមជំនួយផ្សេងៗពីសហគមន៍អន្តរជាតិ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ប៉ុន្តែលោកថា ចំណុចអវិជ្ជមានរបស់មេដឹកនាំបក្សកាន់អំណាច គឺរងការរិះគន់ពីការរំលោភសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ការគំរាមកំហែងខាងនយោបាយ យកដៃគូប្រកួតជាសត្រូវ មិនអនុលោមតាម កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា។
លោកថា៖ «បញ្ហាហ្នឹង វាជាគំរូអាក្រក់ដែលអ្នកនយោបាយជំនាន់ថ្មី គឺត្រូវទម្លាក់ចោល ងាកមកមើលគោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ហើយនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយនឹងកែប្រែនូវចំណុចអវិជ្ជមានទាំងឡាយដែលកំពុងកើតមានបច្ចុប្បន្នចោល ជាពិសេសទម្លាក់ចោលនូវហិង្សានយោបាយ ការរំលោភបំពានសិទ្ធិមនុស្ស ការបោះឆ្នោតមួយដែលមិនមានយុត្តិធម៌នឹងត្រូវទម្លាក់ចោល ហើយចាប់យកនូវការផ្សះផ្សាជាតិ»។
ជុំវិញបញ្ហានេះ ភ្លាមៗក្រោយគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានផ្ញើលិខិតអបអរសាទរមេដឹកនាំកម្ពុជា។
ក្នុងលិខិតពេលនោះ មេដឹកនាំកំពូលរបស់ចិនគូសបញ្ជាក់ថា ចិននឹងពង្រឹងការដឹកនាំនយោបាយឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរបទពិសោធ ក្នុងការគ្រប់គ្រងបក្ស និងគ្រប់គ្រងជាតិ ដើម្បីជំរុញយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ប្រទេសទាំងពីរ ខណៈសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ពេលនោះ ប្រកាសច្រានចោលជ័យជម្នះរបស់បក្សកាន់អំណាច ដោយសារតែការបោះឆ្នោតពេលនោះ បក្សប្រឆាំងត្រូវបានគេបិទខ្ទប់ឱ្យនៅក្រៅសង្វៀននយោបាយ។
ភាពចម្រូងចម្រាសច្រើនឆ្នាំមកនេះ ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រួមទាំងបារាំងផង បានរំឭកមេដឹកនាំកម្ពុជាឱ្យបើកលំហប្រជាធិបតេយ្យមុនការបោះឆ្នោតជាតិ ឆ្នាំ២០២៣ មកដល់ ដើម្បីឱ្យរបត់នយោបាយនៅកម្ពុជាវិលទៅស្តារប្រជាធិបតេយ្យឡើងវិញ ខណៈមេដឹកនាំបក្សប្រឆាំងត្រូវបានគេបន្តបិទខ្ទប់ពីសង្វៀននយោបាយ តាមរយៈប្រព័ន្ធតុលាការនៅឡើយ។
បញ្ហានេះ លោក សេក សុជាតិ បារម្ភថា កម្ពុជាអាចនឹងរអិលធ្លាក់ទៅក្នុងរបបដឹកនាំបែបផ្តាច់ការ ដូចពីអតីតកាល នឹងអាចរងទណ្ឌកម្មទាំងវិស័យនយោបាយ និងសេដ្ឋកិច្ចពីប្លុកលោកសេរី បើស្ថានការណ៍នយោបាយមិនត្រូវបានកែលម្អទាន់ពេល តបតាមកិច្ចព្រៀងសន្តិភាពទីក្រុងប៉ារីសទេនោះ៕












