ក្រសួងសុខាភិបាល ក្រើនរម្លឹកដល់សាធារណជនប្រុងប្រយ័ត្នលើជំងឺពាក់ព័ន្ធផ្លូវដង្ហើម ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូ ដល់ខែមករា ខណៈអំឡុងពេលនេះមានជំងឺដែលជួបប្រទះញឹកញាប់ភាគច្រើន ដូចជា ជំងឺផ្លូវដង្ហើមដែលមិនស៊ីចង្វាក់នឹងអាកាសធាតុត្រជាក់ ឬអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្ដាលមកពីវីរុស ជាដើម។
ការរម្លឹកនេះធ្វើឡើងតាមរយៈសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពី «ការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់» នៅថ្ងៃទី១៩ ខែធ្នូនេះ។
ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅលើសកលលោកមានការងើបឡើងវិញនូវការចម្លងវីរុសកូវីដ-១៩។ ក្រសួងបន្តថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ ជាពិសេសពពួកអូមីក្រុងនៅតែបន្តការបំប្លែងខ្លួនរបស់វាជាបន្តបន្ទាប់ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន ដើម្បីការពារកុំឱ្យមានការងើបឡើងវិញ និងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ចូលទៅក្នុងសហគមន៍។
ករណីនេះ ក្រសួងសុខាភិបាក្រើនរម្លឹកជាថ្មីដល់សាធារណជនបន្តអនុវត្តនូវវិធានការពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា និងកុំកៀកស្មាគ្នា ជាដើម។
ក្រៅពីនោះ ក្រសួងថា កម្ពុជាបានឈានចូលដល់ពេលដែលអាកាសធាតុត្រជាក់នារដូវរងាជាបណ្តើរៗ ដែលទាមទារឱ្យសាធារណជនមានការយកចិត្តទុកដាក់ការពារសុខភាព និងចៀសផុតពីជំងឺតម្កាត់ដែលអាចកើតមាននៅពេលអាកាសធាតុចុះត្រជាក់នេះ។
ក្រសួងបញ្ជាក់ថា៖ «ក្នុងចំណោមជំងឺតាមរដូវកាលដែលជួបប្រទះញឹកញាប់ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូដល់ខែមករានៃឆ្នាំ គឺភាគច្រើនមានដូចជា ជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាសធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវដង្ហើមបណ្ដាលមកពីវីរុស និងមេរោគស្ត្រីបតូកូក ដែលបង្កឱ្យមានរោគសញ្ញាដូចជា គ្រុនផ្ដាសាយ ហូរសំបោរ រលាកបំពង់ក ក្អក និងរលាកក្រពះពោះវៀនដោយពពួកវីរុស ជាដើម»។
យ៉ាងណា សម្រាប់វិធានការសាមញ្ញមួយចំនួន ក្រសួងសុខាភិបាលប្រាប់ឱ្យសាធារណជន ជាពិសេស ចាស់ជរា ទារក និងកុមារ ត្រូវស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃរងា ដើម្បីការពារកុំឱ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយចំហ រក្សាកម្ដៅក្នុងខ្លួនជាធម្មតា ព្រមទាំងចៀសវាងសម្លៀកបំពាក់តឹង ព្រោះវាអាចរំខានដល់ចរាចរឈាមក្នុងរាងកាយ និងបណ្ដាលឱ្យបាត់បង់កម្ដៅរាងកាយទៅវិញ។
ក្រៅពីនោះ ពលរដ្ឋត្រូវអនុវត្តអនាម័យរស់នៅស្អាត ហើយត្រូវស្វែងរកការព្យាបាលវេជ្ជសាស្ត្រ បើមានរោគសញ្ញាដូចជា ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក ឈឺសាច់ដុំ ឬសង្ស័យថាជាជំងឺកូវីដ-១៩ ឬមានបញ្ហាសុខភាពផ្សេងទៀត។
គិតមកទល់ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុប ១៣៨ ៤១៩នាក់ ស្លាប់៣ ០៥៦នាក់ ជាសះស្បើយសរុប១៣៥ ២២៤នាក់ ខណៈករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ១៦ ៥៩៩ករណី។ សម្រាប់ការតេស្តឃើញកាលពីថ្ងៃទី១៨ ខែធ្នូ ដែលក្រសួងសុខាភិបាលទើបនឹងផ្សាយនៅថ្ងៃចន្ទនេះ រកឃើញករណីឆ្លងថ្មី ៣២ករណី ជាប្រភេទអូមីក្រុងទាំងអស់៕