ទាហានជើងទឹកថៃជាង ៣០នាក់ បាត់ខ្លួនបន្ទាប់ពីនាវាចម្បាំងមួយគ្រឿងលិចទៅក្នុងសមុទ្រ

នាវា​ចម្បាំងថៃ HTMS Sukhothai លិចទៅក្នុងឈូងសមុទ្រថៃ កាលពីយប់ថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ (REUTERS)

យោធាថៃបានដាក់ពង្រាយនាវា​ចម្បាំង និងឧទ្ធម្ភាគចក្រ នៅថ្ងៃចន្ទនេះ ដើម្បីស្វែងរកទាហានជើងទឹក​ចំនួន ៣១នាក់ ដែល​បាត់​ខ្លួន បន្ទាប់​ពី​នាវា​ចម្បាំងមួយគ្រឿងបានលិចនៅក្នុងឈូងសមុទ្រ​ថៃ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នេះ។

នាវាកងទ័ពជើងទឹកចំនួន ៣គ្រឿង និងឧទ្ធម្ភាគចក្រ ២គ្រឿង ត្រូវបានបញ្ជូនទៅស្វែងរកអ្នកបាត់​ខ្លួន​នៅខេត្ត​ប្រាជួប​គិរី​ខ័ន (Prachuap Khiri Khan) ភាគខាងត្បូងនៃទីក្រុងបាងកក បន្ទាប់ពីនាវា​ចម្បាំង HTMS Sukhothai មានបញ្ហាម៉ាស៊ីន ហើយបានលិចនៅយប់​រំលងអធ្រាត្រឈាន​ចូលថ្ងៃចន្ទនេះ​ ដែលមាន​ចម្ងាយជាង​៣០​គីឡូម៉ែត្រពីឆ្នេរសមុទ្រ។

យោងតាមកងទ័ព​ជើង​ទឹក ខ្យល់​បក់​ខ្លាំង និង​រលក​បាន​បោក​ចូល​នាវា ដែល​បណ្តាលឱ្យខូចប្រព័ន្ធ​អគ្គិសនី និង​ថាមពលសំខាន់ៗ។

កងទ័ពជើងទឹក បានរាយការណ៍នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃចន្ទថា៖ «នៅ​ពេលដែល​ម៉ាស៊ីន​លែង​ដំណើរការ យើង​មិនអាចគ្រប់គ្រងបានទេ។ ទឹក​បាន​ចាប់​ផ្តើម​ចូលក្នុង​នាវា​យ៉ាង​ឆាប់រហ័ស និ​ងធ្វើឱ្យនាវាផ្អៀង»។

កងទ័ព​ជើង​ទឹក បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ មនុស្ស ៧៥​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ ខណៈ​៣១នាក់​ផ្សេង​ទៀតបាត់ខ្លួន។

អ្នកនាំពាក្យកងទ័ពជើងទឹក ឧត្ដមនាវីឯក ប៉ូក្រុង ម៉ុនថាដផាលីន (Pogkrong Monthardpalin) បាននិយាយថា នាវាចម្បាំង Sukhothai ដែលផលិតនៅសហរដ្ឋអាមេរិក ហើយដែលកងទ័ពជើងទឹកថៃប្រើនាវានេះតាំងពីឆ្នាំ១៩៨៧ ត្រូវបានវាយប្រហារដោយរលកធំៗកាលពីយប់រំលង​អធ្រាត្រឈានចូល​ថ្ងៃអាទិត្យ និងផ្អៀងមុនពេលលិចទៅក្នុងសមុទ្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ