ពលរដ្ឋ​ថា​ទាហាន​បន្ត​យក​គ្រឿងចក្រ​ទៅ​ភ្ជួរ​លើ​ដីសហគមន៍​ឧត្ដមស្រែពស់ បើ​ទោះ​អាជ្ញាធរ​កាត់​ដីនោះ​ឱ្យ​ពលរដ្ឋ​រួចហើយ

គ្រឿងចក្រដែលត្រូវបានប្រជាសហគមន៍ឧត្ដមស្រែពស់ អះអាងថា បន្តឈូសឆាយចូលដល់ដីព្រៃសហគមន៍ដែលខ្លួនទទួលបានសិទ្ធិរក្សាការពារ។ (ផ្ដល់ឱ្យ)

ប្រជាសហគមន៍អះអាង​ថា​ ទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក បានដាក់គ្រឿង​​​​ចក្រ​ទៅ​​​ភ្ជួរលើ​​ដី​សហគមន៍ «ឧត្ដមស្រែពស់​ និង​​ព្រៃ​មេត្តាធ​ម្ម​ជាតិ» ស្ថិត​​នៅ​ឃុំត្រពាំង​​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាថ្មីទៀត បើ​​ទោះជា​​អាជ្ញាធរ​បាន​កាត់ឆ្វៀល​ដី​នោះឱ្យ​​ទៅប្រជា​សហគមន៍គ្រប់គ្រង​ និងអាស្រ័យផល​រួចទៅ​ហើយក៏ដោយ​។

កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាល​បានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង ២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋ​ចំនួន​៤១គ្រួសារ សម្រាប់​ធ្វើ​លំនៅឋា​ន និង​បង្កបង្កើនផល។

ក្រោយមានអនុក្រឹត្យនេះ ក្រុមទាហានបានដាក់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយដីព្រៃនៅតំបន់ភូមិសាស្ត្រភូមិពោធិ៍មាស ប៉ុន្តែត្រូវបានពលរដ្ឋរាប់រយនាក់តវ៉ាប្រឆាំង ដោយថា ការឈូសឆាយនោះបានប៉ះពាល់ដល់ដីព្រៃ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» អស់រាប់រយហិកតា ហើយក្រុមទាហានបានផ្អាកសកម្មភាពវិញ បន្ទាប់ពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចុះទៅសម្របសម្រួលដោះស្រាយ និងកាត់ឆ្វៀលដីទំហំ ៨៨៧ហិកតា ឱ្យប្រជាសហគមន៍ការ​ពារ​ និង​អាស្រ័យផល​។

សមាជិក​សហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ​ លោក ខន សារិទ្ធ បានឱ្យដឹង​​​ថា បើទោះជាអាជ្ញាធរបាន​ប្រគល់ដីនោះមកឱ្យសហគមន៍គ្រប់គ្រងនិងការ​ពារ​​ ប៉ុន្តែ​​ក្រុម​​​​ទាហានទាំងនោះនៅតែបន្ត​​ដាក់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយព្រៃ និងកាយក្រវាត់​ព្រំ​ដី​សហគមន៍​​ជាបន្តបន្ទាប់ ហើយ​​​នៅថ្ងៃចន្ទម្សិលមិញ​នេះ​ ក្រុមទាហាន​​បា​ន​បន្ត​​ដាក់​ត្រាក់ទ័រចំនួន​ ២គ្រឿង​ទៀត ទៅ​ភ្ជួរ​​​​លើដី​ដែល​រដ្ឋាភិបាលបានកំណត់ថាជាដីរបស់សហគមន៍​ អស់​ប្រមាណ​ ២ហិកតា។

លោកបន្ត​ថា អំឡុង​ពេល​ដែល​​​ត្រាក់ទ័រកំពុងភ្ជួរដីនោះ ​សហគមន៍បានទៅឃាត់​សកម្មភាព​នោះ​ជាច្រើនដង​ដែរ ប៉ុន្តែ​​​​អ្នកបើកត្រាក់ទ័រនោះ​មិនបានឈប់នោះទេ​​ ដោយពួកគេ​​​ថា​ ការ​ភ្ជួរដីនោះធ្វើទៅតាមបញ្ជារបស់ក្រុម​ទាហាន។

លោកថា៖ «​កាលមុន​មួយសា​ហើយ គេកាយព្រំ​ ប្រជាពលរដ្ឋ​ទៅហាម​ឃាត់​ គេ​ផ្អាក! ឥលូវគេមកភ្ជួរសាថ្មី អាហ្នឹងមិនមែនឈូស​ទេ​ គេភ្ជួរដី​ដែលឈូស ហើយ​នឹងដុតចោលទៅ គេចាប់ផ្ដើមភ្ជួរ​​»។

លោកបន្តថា​៖ ​«មិនគួរណាភ្ជួរទេ ព្រោះមានខាងក្រសួងមហាផ្ទៃ​ គាត់ចេញ សជ​ណ​ ឱ្យ​ចុះដោះស្រាយ​ ចុះសិក្សាស្រាវ​ជ្រាវ​អ៊ីចឹង​ ហើយអត់ទាន់មានដំណោះស្រាយស្រួលបួលផង ​គាត់​[ទាហាន]មិនគួរណាគាត់មកភ្ជួរ មកឈូសឆាយ​បន្ត​អ៊ីចឹងទេ​»។

សមាជិកសហគមន៍ម្នាក់ទៀត លោក ឡោក សុខលី បានបង្ហាញការ​ព្រួយបា​រម្ភ​នូវការ​ដែល​ក្រុមទាហាន​នៅតែបន្តរំលោភលើដីសហគមន៍នេះ។ ទោះ​ជាយ៉ាងណា លោកថា ​សហគមន៍​នៅបន្ត​ការ​ពារ​ព្រៃឈើ​​ដែល​នៅស​ល់ប្រមាណ​​តែ​ ៣០​​ហិកតា ក្នុងចំណោមដីជាង៨០០ហិកតា ដែល​អាជ្ញាធរ​ខេត្ត​កាត់ឆ្វៀលឱ្យ​ប្រជាសហគមន៍ការពារ​នោះ​ ដើម្បី​​​ជា​​ជម្រក​​សម្រាប់​សត្វព្រៃ។​

លោកថា៖ «សហគមន៍យើង​ទាំងអស់គ្នានៅតែធ្វើការទាមទារតវ៉ា ដើម្បីរក​ដំណោះ​ស្រាយសម​ស្រប ព្រោះចង់រក្សាដីព្រៃទុកដាំដើមឈើឡើងវិញ រក្សា​ឱ្យសត្វចូលមកជ្រកនៅព្រៃសហគមន៍យើងវិញ»។

ទាហានម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ តែត្រូវពលរដ្ឋអះអាង​​ថាឈ្មោះ​ ធី និងជា​ទាហានដឹក​នាំ​សកម្ម​ភាព​ឈូស​ឆាយដី​រំលោភដីសហគមន៍ឧត្តមស្រែពស់ បានប្រាប់វីអូឌីនៅថ្ងៃអង្គារថា លោកមិនបានភ្ជួរដីសហគមន៍នោះទេ។

លោកថា៖ «សួរក្រសួងបរិស្ថាន គេកាត់ឆ្វៀល​ដី​សហគមន៍​ប៉ុន្មាន​ ដីអនុក្រឹត្យ​​ប៉ុន្មាន គេធ្វើរួចអស់ហើយជាមួយខេត្ត! សួរប៉ុណ្ណេះទៅ​ដឹ​ងហើ​យ!​ ព្រោះបងគ្រប់គ្រងតែ ស.ជ.ណ ដី​អនុក្រឹត្យ​ដែលរដ្ឋាភិបាលចេញឱ្យដាំដុះប៉ុណ្ណោះ។ បើដីសហគមន៍ បងអត់មានប៉ះពាល់ទេ»។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត សង្កេតឃើញ​ថា អាជ្ញាធរ និង​មន្ត្រីពាក់​ព័ន្ធ​ពុំទាន់​ជួយ​គាំ​ទ្រដ​ល់​សហគមន៍​ដែលមាន​បំណង​ការ​ពារ​ព្រៃឈើពេញ​លេញ​នៅ​ឡើយ​ទេ ហើយការមិនបានគាំទ្រពេញលេញនេះ ជាហេតុធ្វើឱ្យព្រៃរបស់សហគមន៍មួយចំនួនបានបាត់បង់។ លោកជំរុញឱ្យអាជ្ញាធរ​ពន្លឿននីតិវិធីក្នុងការ​ដោះស្រាយបញ្ចប់បញ្ហាវិវាទនេះ និងកំណត់ព្រំដីឱ្យបានច្បាស់លាស់ ដើម្បី​ចៀសវាងកើតមានបញ្ហាបែបនេះបន្តទៀត។

លោកថា៖ «កន្លងមកនេះ យើងសង្កេតឃើញថា បើ​មាន​បញ្ហាអ៊ី​ចឹងៗ ភាគ​ច្រើន​អត់​មានដំណោះ​ស្រាយ​ដល់​ប្រជា​ពលរដ្ឋ​ អ៊ីចឹងជារឿងមួយ​ដែល​យើង​ព្រួយ​បារម្ភ​ថា​នឹង​បាត់​បង់​ព្រៃឈើ និង​ធន​ធាន​ធម្ម​ជាតិ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​​អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បាននៅឡើយទេ។

​​​កាល​ពីថ្ងៃ​ទី​២៩ ខែវិច្ឆិកា​​ ឆ្នាំ២០២២នេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ធ្លាប់បាន​គូស​​បញ្ជាក់ថា ​អាជ្ញាធរ​ថ្នាក់​ខេត្ត​ ​កំពុង​ស្វែង​រ​ក​ដំណោះស្រាយលើបញ្ហា​នេះ​ ហើយ​​ភាព​យឺតយ៉ាវក្នុងការដោះស្រាយបញ្ចប់វិវាទដីធ្លីនេះ ដោយ​សាររដ្ឋបាលខេត្តកំពុងខ្វះថវិកា ឬខ្វះបង្គោល​របង​សម្រាប់​បោះកំ​ណត់​ព្រំ រវាង​​​​ដី​សហគមន៍ និងដី​ទាហាន។ យ៉ាងណា លោកថា លោក​នឹងខិតខំដោះស្រាយបញ្ចប់ករណី​នេះឱ្យបាន​ឆាប់។

លោក វ៉ី សំណាង ក៏​បានអំពាវនាវដល់សប្បុរសជន ឬអ្នកស្រឡាញ់ធនធានធម្មជាតិ ជួយជាថវិកា ឬបង្គោលព្រំដល់ប្រជាសហគមន៍ សម្រាប់បោះការពារដីព្រៃសហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដើម្បីឈានទៅរកការបញ្ចប់ជម្លោះដីធ្លីនេះឱ្យបានឆាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ