សង្គមស៊ីវិលបារម្ភពីលំហសិទ្ធិទទួលបានព័ត៌មាន ខណៈសេចក្ដីព្រាងច្បាប់ដែលតាក់តែង៩ឆ្នាំមកហើយនៅមិនទាន់អនុម័ត

អ្នកថតរូបឱ្យស្ថាប័នសារព័ត៌មានមួយ ត្រូវបានអាជ្ញាធរហាមចូលជិតនឹងទីតាំងតវ៉ា អំឡុងពេលចុះតាមដានករណីកូដករប្រមូលផ្ដុំធ្វើកូដកម្ម​នៅ​ក្បែរ​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ដើម្បី​​ទាមទារការដោះស្រាយវិវាទការងារ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)​

ក្រុមអង្គការសង្គមស៊ីវិល បង្ហាញការ​ព្រួយ​បារម្ភ​ពី​លំហ​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន ខណៈសេចក្ដីព្រាងច្បាប់​ស្តីពី «សិទ្ធិ​ទទួលព័ត៌មាន» ដែលបានតាក់តែងឡើង​រយៈពេល​៩ឆ្នាំមក​ហើយ នៅមិនទាន់​ត្រូវបានរដ្ឋាភិបាលអនុម័ត។

នាយក​​ប្រតិ​បត្តិ​អង្គ​ការ​វិទ្យា​ស្ថាន​តស៊ូ​មតិ និ​​ង​គោលនយោបាយ លោក ឡាំ សុជាតិ មានប្រសាសន៍​នៅថ្ងៃអង្គារ​នេះថា គិតចាប់តាំងពីមានការ​​តាក់តែង​​សេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួល​ព័ត៌​មាន»​ ដែលចាប់ផ្តើមកាល​ពីឆ្នាំ២០១៣ មកដល់​បច្ចុប្បន្ន គឺមានរយៈពេល៩ឆ្នាំមកហើយ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះនៅមិនទាន់មានការអនុម័តដាក់ឱ្យប្រើប្រាស់នៅឡើយ។ ករណី​នេះ លោកយល់​ថា  រដ្ឋាភិបាល​ហាក់​មិន​មាន​ឆន្ទៈក្នុង​ការ​ពន្លឿន​​ការ​​​​​អ​នុ​ម័ត និង​ការ​អនុវត្ត​​សេចក្តីព្រាង​ច្បាប់នេះ​ឱ្យ​បាន​ឆាប់ឡើយ​។

លោកថា៖ «នាយករដ្ឋមន្ត្រីបានជួបអ្នកកាសែតកាលពីឆ្នាំ២០២០ បានប្ដេជ្ញាចិត្តថានឹងអនុម័តច្បាប់ហ្នឹងឱ្យបានឆាប់ ប៉ុន្តែច្បាប់ហ្នឹងមកដល់ពេលនេះ មិនទាន់បានអនុម័ត ក៏ដូចជាអត់ទាន់មានសាររំឭកទាក់ទងច្បាប់ហ្នឹងបន្ថែមទៀត។ ប៉ុន្តែស​ង្គម​ស៊ីវិល​ព្យាយាម​ជំរុញ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ​​​​មក​​ពិភាក្សា មក​​ធ្វើបច្ចុប្បន្ន​​ភាព ហើយនឹង​មក​ពន្លឿន»។

​នាយកប្រតិបត្តិ​សមាគមសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJa) លោក ណុប វី មានប្រសាសន៍​​ថា កន្លងមកថ្មីៗនេះ ក្រសួងព័ត៌មាន បាន​បញ្ជូន​សេចក្ដីព្រាង​ច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» ទៅទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ដែល​​នេះ​​បានបង្ហាញពីការវិវត្តថ្មី​មួយ​ជំហាន​ទៀត។ តែយ៉ាងណា លោកថា ក្រុម​អង្គការ​សង្គម​ស៊ីវិ​ល​នៅ​តែទទូច​ឱ្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី ពន្លឿន​ការអនុម័ត​សេច​ក្ដីព្រាង​ច្បាប់​នេះតាម​ដែល​អាច​ធ្វើ​បាន​ ដើម្បីបញ្ជូនសេចក្តីព្រាង​ច្បាប់នេះ​ទៅសភាបន្តទៀត។

លោកបញ្ជាក់ថា បើសិនមិនមានការអនុម័តសេចក្ដីព្រាងច្បាប់នេះឱ្យបានឆាប់ទេ វានឹង​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ។

លោកថា៖ «ជារួម ទាំងអស់គ្នា ប្រជាពលរដ្ឋ ជាពិសេសអ្នកសារព័ត៌មាន គាត់មានការពិបាកនៅក្នុងការស្វែងរកព័ត៌មាន​ពីស្ថាប័នសាធារណៈរបស់រដ្ឋអ៊ីចឹង។ តាម​ពិតទៅ រដ្ឋាភិបាល លោកគួរតែពន្លឿនសេចក្ដីព្រាង​ និង​អនុម័ត​ឱ្យបាន​ឆាប់រហ័ស​ ពីព្រោះវា​មាន​ប្រយោជន៍ ដើម្បីជំរុញឱ្យមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិប​តេយ្យ ហើយនឹងជំរុញឱ្យមានការបើកចំហព័ត៌មានសាធារណៈច្រើនតាមដែលអាចធ្វើទៅបាន» ។

រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញា​រីទ្ធ បានអះអា​ងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ថាសេច​ក្តី​ព្រាង​​​ច្បាប់​​​ស្តីពី​ «សិទ្ធិ​ទទួល​ព័ត៌​មាន» ​​បាន​បញ្ជូន​ទៅ​ដល់​ដៃ​គណៈរដ្ឋមន្ត្រីមួយរ​យៈ​ហើយ ដោយ​​រង់ចាំ​តែ​ស្ថាប័ន​នេះ​​ប្រជុំ​ពិនិត្យប៉ុណ្ណោះ។

ប្រធាន​ក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់នេះកំពុងស្ថិតនៅក្នុងដំណាក់កាល​ក្រុមប្រឹក្សាអ្នកច្បាប់ពិនិត្យមើល​ឡើង​វិញ ប៉ុន្តែ​ការ​ពិនិត្យ​ត្រូវបញ្ចប់​​ពេល​​ណានោះ លោក​​មិន​​បាន​​ដឹង​​ឡើយ។ តែយ៉ាងណា លោក​បាន​បង្វែរសំណួរ​ឱ្យ​អ្នកសារ​ព័ត៌​មាន​សួរ​ទៅអ្ន​កនាំ​ពាក្យទីស្តីការ​​គណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា ពាក់ព័ន្ធ​នឹង​ការវិវត្តចុងក្រោយ​នៃសេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» នេះ។ 

លោកថា៖ «ដើម្បី​លោក​ពិនិត្យ​សាជាថ្មីម្ដងទៀត តើវាមានការឆ្លើយតប និង​មាន​សុគតភាព​ជាមួយ​នឹងច្បាប់ដទៃ​ទេ។ អាហ្នឹង ខ្ញុំអត់ដឹង[ថា]​តើ​ការ​ងារ​ហ្នឹង​វាដល់ណាហើយ ដើម្បីដា​ក់​ចូល​នៅ​ពេល​ក្រុមប្រឹក្សាអ្នកច្បាប់ពិនិត្យ ហើយបន្ទាប់មកទៀតបានធ្លាក់មកខាងរដ្ឋបាល ហើយរដ្ឋបាលរៀបចំកាលវិភាគដើម្បីដាក់ចូលទៅក្នុងកិច្ចប្រជុំពេញអង្គ»។

អ្នកនាំពាក្យទីស្តីការ​​គណៈរដ្ឋមន្ត្រី លោក ទិត្យ សុធា សុំមិ​ន​ធ្វើ​អត្ថាធិប្បាយ ដោយ​ថា លោកមិន​បាន​ដឹង​ព័ត៌មាននេះ។

សេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ត្រូវបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សា និងពង្រាងជា​ច្រើនឆ្នាំមកហើយ ដោយ​មានការចូលរួមផ្តល់យោបល់ពីអង្គការយូណេស្កូ (UNESCO), វិទ្យា​ស្ថានតស៊ូមតិ និងគោលនយោបាយ (API), មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការតម្លាភាពកម្ពុជា (TI) ជាដើម។

តែយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកធ្វើការលើវិស័យសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បាន​ចេញលិខិតចំហរួមគ្នាមួយទាមទារឱ្យរដ្ឋាភិបាលលុបចោលចំណុច៧ មាត្រា២០​ នៃច្បាប់នេះ ដោយថា ចំណុច​នោះមានន័យទូលំទូលាយពេក និងខ្វះនូវភាពជាក់លាក់ក្នុងការលាតត្រដាងព័ត៌​មាន​សាធារណៈ។

ចំណុច​៧ មាត្រា២០ ក្នុងសេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ចែងថា «ព័ត៌មានសម្ងាត់ដទៃទៀតដែលស្ថិតក្នុងបទប្បញ្ញត្តិត្រូវហាមឃាត់» ដែលមានន័យថា ព័ត៌មានសម្ងាត់ដែលមានចែងក្នុងច្បាប់ផ្សេងៗត្រូវបាន​ហាមឃាត់ក្នុងការបញ្ចេញទៅឱ្យអ្នកដែលស្នើសុំ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» បានអនុញ្ញាតឱ្យតាក់តែងនៅឆ្នាំ២០១៣ ដោយមានក្រសួងព័ត៌មានជាអ្នកទទួលបន្ទុក។ ច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» មាន១០ជំពូក និង៣៦មាត្រា។ ច្បាប់​នេះមានគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិសេរីភាពក្នុងការទទួលព័ត៌មានពីស្ថាប័នសាធារណៈ ​ដោយស្របទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ