គ.ជ.ប នឹងអនុម័តចុងក្រោយទៅលើបទបញ្ជានិងនីតិវិធីបម្រើឱ្យការបោះឆ្នោតថ្នាក់ជាតិក្នុងសប្ដាហ៍នេះ

លោក ហង្ស ពុទ្ធា ដឹកនាំមន្ត្រីជាន់ខ្ពស់ គ.ជ.ប ជួបពិភាក្សាការងារជាមួយមន្ត្រីតំណាងគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពាក់ព័ន្ធការកែលម្អប្រព័ន្ធបោះឆ្នោត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។ (ហ៊ាន រង្សី)

គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​កំណត់​យក​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ២០២២​ ជាកាល​​បរិច្ឆេទ​​​ចុង​​ក្រោយ ដើម្បីបិទបញ្ចប់ និង​អនុម័ត​​បទ​​បញ្ជា​និង​​នីតិ​វិធីបម្រើឱ្យ​ការ​បោះឆ្នោត​ជាតិ​ ដែល​​​ប្រមូល​បាន​​​ពី​​ភាគី​​ពាក់​​​ព័ន្ធ​​ ​ថាតើ​​មតិយោបល់ដែលបានលើកឡើងទាំងនោះ ចំណុច​ណា​​​​​ខ្លះ​​ត្រូវ​​ផា​​​ត់​ចេញ ហើយ​ផ្នែក​ណាផ្សេ​ងទៀតនឹ​ង​ត្រូវដាក់បញ្ចូលទៅក្នុងបទដ្ឋានគតិយុត្តបម្រើឱ្យ​​ការបោះឆ្នោ​​ត​​​នេះ​។

ថ្លែងប្រាប់​វីអូឌី​នៅ​ថ្ងៃអង្គារ​នេះ លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប ឱ្យដឹងថា ស្ថាប័ន​ជាតិ​កំ​​​ពូល​​មួយ​​​នេះបាន​ជ្រើសរើស​រួច​រាល់​ហើយនូវពេលវេលាក្នុងការសម្រេចចិត្តចុងក្រោយ និងបើកផ្លូវឱ្យមានការ​​​​កំ​​ណ​ត់​​​​​​​ទៅ​លើលក្ខខណ្ឌនៃបទបញ្ជានិងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនេះ។ យ៉ាងណា លោក​ក៏មិន​ទាន់​​ដឹង​​ថា​តើចំណុច​​ណា​​ខ្លះដែល​ស្ថាប័នជាតិមួយនេះនឹង​ត្រូវ​ទទួល​យក​ដើម្បី​កែតម្រូវ​នៅ​ឡើយ​នោះ​​ដែរ។

លោក​​បន្ត​ថា ការ​​សម្រេច​​ចិត្ត​បែប​ណានោះ គឺ​ស្ថិត​នៅលើក្បាលម៉ាស៊ីន​​ដឹកនាំទាំ​ង​​​៩​រូប​​​របស់ គ.ជ.ប​​។ ​​មួ​​យ​​​វិញទៀត លោកថា ភាពសុក្រឹតនៃការសម្រេច​ចិត្ត​នេះ គឺ​មាន​ការ​ថ្លឹង​ថ្លែង​ដោយ​ហ្មត់​ចត់ និង​ឈ​​​​រ​លើ​​គោលការ​​​​ណ៍​​​ស​មធម៌ ដោយគ្មានភាពលម្អៀងណាមួយនោះទេ។

លោកបន្តថា៖ «ចំណុចទាំងអស់ អត់ទាន់អាចនិយាយបាន ដោយសារថា ខាងក្រុមជំនាញអត់ទាន់បានដាក់មក ប៉ុន្តែខាងសមាជិកលោកដឹងហើយថាមានសំណើអ៊ីចឹងហើយសមាជិកកំពុងពិចារណា​​​​ថា ទី១ សំណើហ្នឹង​​​​ឯងស្របច្បាប់ដែរអត់! ចង់និយាយថា សំណើខ្លះ​​​ក៏អត់ស្របច្បាប់ខ្លះដែរ​​ ចំណែកចំណុចទី២ដាក់​​​​ទៅ​​​[ថា]តើ​​​អនុវត្តបានដែរអត់! ឧទាហរណ៍ទេ ដូចជាសំណើសុំឱ្យចេញទៅបោះឆ្នោតបាន១០០ភាគរយ វាធ្វើ​​អត់​​រួច។ អ៊ីចឹងបានថាសំណើខ្លះត្រូវគិតពិចារណា ដាក់ទៅ [ថា]តើធ្វើបានដែរអត់! ចំណុចទី វាមានប្រយោជន៍សម្រាប់ការបោះឆ្នោតដែរទេ! ពីព្រោះពេលខ្លះ វា​​ពាក់ព័ន្ធនឹងស្ថាប័នផ្សេង។ ដូច្នេះសមាជិកទាំងនាក់ លោកកំ​​ពុងតែធ្វើការពិ​​ចារណា ហើយក៏មិនអាចដឹងមុនបានថាទទួលយកប៉ុន្មានចំណុចដែរ»។

កាលពី៤ថ្ងៃមុ​ន ពោល​កាល​ពីថ្ងៃទី១៦ ខែ​ធ្នូ គ.ជ.ប បាន​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ភាគីពាក់​ព័ន្ធ មា​​ន​តំណាង​ពីស្ថា​ប័ន​​​រដ្ឋ គណបក្ស​​​នយោ​​​បា​យ អង្គ​ការ និង​សមាគម ដើម្បី​ពិនិត្យ​មើល​ពី​មតិ​យោបល់ដែល​​​ភា​គី​​​​​​ពាក់​​​ព័ន្ធ​​​​​ទាំង​នោះបានផ្តល់ជាធាតុ​ចូល​​សម្រាប់ គ.ជ.ប។

​ស្ថាប័នជាតិរៀបចំការបោះឆ្នោត បាន​បង្ហាញពី​​​មតិ​យោបល់មួយចំនួននៅក្នុងកិច្ចពិគ្រោះ​យោបល់​នោះ ដែល​​​​​ប្រមូល​បាន​ពីភាគី​ពាក់​ព័ន្ធ មាន​ដូច​ជា ស្នើ​​​​​​ឱ្យផ្ដល់កំណត់ហេតុ​នៃការរាប់​សន្លឹក​​​ឆ្នោត ឬហៅថា​​ទម្រ​ង់១១០២ ទុកនៅដដែល ហើយ​ទម្រង់​​​​នេះ​​ត្រូ​​​វ​ចែកជូនភ្នាក់ងារ​គណបក្សនយោបាយដែលមានវត្ត​​​មាន​នៅ​​ការិយាល័យបោះឆ្នោត និងស្នើឱ្យពង្រឹង​​ការអ​​នុ​​វត្តការចេញទម្រង់១១០២នេះដោយ​​​មន្រ្តី​ការិ​​យាល័​​យ​​បោះឆ្នោត​ ចៀសវាងនូវកំហុស​​ឆ្គងកើត​​ឡើ​ង​​​​។

បន្ថែមពីលើនេះ មតិយោបល់មួយចំនួនក៏បាន​​ស្នើ​​សុំ​​កែ​សម្រួល​​​​នីតិ​​វិធី​​​​នៃ​​ការ​ចេញ​​​ឯកសារ​​​បញ្ជាក់​​​អត្ត​​​​សញ្ញាណ​បម្រើ​​​​​​​ឱ្យកា​រ​​បោះ​ឆ្នោត ដោ​​​​យ​​​បញ្ជាក់​ត្រឹម​គណៈកម្មការ​ឃុំសង្កាត់​រៀបចំការបោះ​ឆ្នោតបាន​ហើយ ដោយ​មិន​ត្រូវ​ឆ្លង​​​កាត់​​​ផ្តល់​​​​​សុ​​ព​​​ល​​​​​​ភាព ឬ​​​​​​បញ្ជាក់​ពីអាជ្ញាធរ​ឃុំ​សង្កាត់​ដូច​មុន​ទៀត​ទេ។ ជាង​នេះទៀត ពួកគេ​​ស្នើ​​​ឱ្យ គ.ជ.ប ពង្រីក​ដែន​សី​​មា​​នៃ​​ក្បួ​​​ន​​​​​​ឃោសនាបោះឆ្នោតឱ្យបានធំជាងមុន ជាដើម។

មន្រ្តីជាន់ខ្ពស់​គណបក្សភ្លើងទៀន លោក គង់ មុនីកា លើក​ឡើង​ថា ក្នុងនាមជាអ្នកនយោបាយ លោក​​ធ្លាប់​​​ត​​ស៊ូ​មតិ​ជាច្រើនដងណាស់មកហើយ ដើម្បីជំរុញឱ្យលក្ខខណ្ឌបោះឆ្នោត បម្រើសេចក្តីត្រូវការ​ចាំបាច់ និង​​តម្លា​​ភាព។ ប៉ុន្តែ​ជាឆន្ទៈនៃការឆ្លើយតប​ពី​ស្ថាប័ន គ.ជ.ប លោក​មើល​ឃើញ​ថា ហាក់មិនត្រូវបាន​​​​កែលម្អ​​​​នូវ​​​អ្វី​​​​​​ឱ្យទៅជាវិជ្ជមានទេ​​។

បើទោះបែបណា សម្រាប់លោក គង់ មុនីកា យល់ថា នៅចំពោះមុខនេះ គេ​ពិតជាពិបាក​ក្នុងកា​រ​ស្មាន និង​កំណត់ថា ​​​អ្វី​​​​ដែលគណបក្សភ្លើងទៀន​​បានស្នើឡើងនោះត្រូវបានស្ថាប័ន គ.ជ.ប យកទៅ​កែ​ស​ម្រួល​ដែរ ឬ យ៉ាង​ណា​​​​នៅ​​ឡើយ​នោះទេ។ ប្រភពដដែល​បន្តថា ប្រសិន​​បើចំ​​ណុ​​​ច​ដែលបានស្នើឡើងទាំងនោះមិន​ត្រូវ​បាន គ.ជ​.ប យក​​ទៅ​​​ពិចារ​​​ណា​​ទេ ក្នុងនាម​​ជា​គ​ណបក្ស​នយោបាយនឹង​ប្រើ​ប្រាស់​ឱ្យ​អស់​ពី​លទ្ធ​ភាព​បន្ត​ទៀត ក្នុង​ការ​​​តស៊ូ​​មតិធ្វើយ៉ាង​ណា​​ឱ្យការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរី និង​យុត្តិធម៌ ហើយ​ទទួល​យក​​​បាន​​​ទាំង​អស់​គ្នា។

លោកបន្តថា៖ «យើងក៏នៅរង់ចាំមើលតើសេចក្តីសម្រេច ថាតើមានចំណុចណាដែលគាត់យកអនុសាសន៍របស់យើងទៅធ្វើការកែលម្អតាម ឬក៏មិនធ្វើការកែលម្អអ្វីទាំងអស់នោះ។ ដូច្នេះយើងមានតែរង់ចាំ​​មើល​​សេ​​​​ចក្តី​​​សម្រេចរបស់គាត់ ហើយយើងនឹងបន្តស្វែងរកនូវឱកាសក្នុងការជួបពិភាក្សា​​គ្នាបន្ថែមទៀត ដើម្បី​​​​​ម្អិ​​​​​​​​ទៅលើចំណុចផ្សេងៗនៅពេលដែលអនុវត្តហ្នឹង»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ២០២២ បានទុករយៈពេល១៩​ថ្ងៃ ​​​ឱ្យ​​​​​​​​ភាគី​ពាក់​ព័ន្ធមាន​​លទ្ធភាព​​​ក្នុង​ការត្រួតពិនិត្យ និង​ផ្តល់​​​យោ​​​​​​​បល់​​​ត្រលប់​មក​វិញ អំពី​បទ​បញ្ជានិង​នី​​តិ​​វិធី​​​ប​ម្រើ​​​ឱ្យកា​​រ​​បោះ​​​ឆ្នោត​​ជ្រើសតាំងតំណាងរាស្រ្តនេះ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៩ ខែវិច្ឆិ​កា។

ការតស៊ូមតិនេះ ដើម្បីជំរុញឱ្យមានការកែសម្រួលអំពីលក្ខខណ្ឌបោះឆ្នោតនេះ គេសង្កេតឃើញថា កន្លង​​ទៅ មានគណបក្សនយោបាយចំនួន៥ តែងចេញយុទ្ធនាការតស៊ូមតិ មានដូចជា គណបក្សភ្លើងទៀន គណ​​​បក្ស​​​ឆន្ទៈ​​ខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សប្រជាធិបតេយ្យមូ​ល​ដ្ឋាន និង​ចុង​ក្រោយ​គឺ​គណបក្ស​​​​ខ្មែរ​​​រួ​​ប​​​រួមជា​តិ។ ​​ក៏​​​ប៉ុ​​ន្តែ​​​តំណាងគណបក្សនយោបាយទាំងនោះបាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា មកដល់​​​ពេលនេះ លទ្ធផលកើតចេញពី​​ការ​​ទាម​​​​ទារនេះនៅមិនទាន់​មាន​ការ​ឆ្លើយតប​​ជាវិជ្ជមានពី​ស្ថាប័ន​ជាតិ​នេះនៅ​​ឡើ​យ​​ទេ។

ចំណែកលោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្រ្វែល ឱ្យដឹងថា ចាប់តាំងពីបាន​​ផ្តល់​​ធាតុចូលមួយចំនួនអំពីការ​​​យល់ឃើញទៅលើបទបញ្ជានិងនីតិវិធីនេះ ក្នុងនាមសង្គមស៊ីវិល មិន​​ទាន់​​បាន​​ទទួលកំណែពីស្ថាប័ន គ.ជ.ប វិញ​​នៅឡើយទេ។ យ៉ាងនេះក្តី សម្រាប់លោក កន សាវាង្ស បញ្ជាក់​​ថា​​លោ​​ក​ហាក់មិនខ្វល់ច្រើនទេនូវ​អ្វីដែលបានលើកឡើងនោះ។ ក៏ប៉ុន្តែលោកថា ភាពចាំបាច់​នៅ​ចំពោះ​មុខ​នេះ ដែល​​​​ស្ថា​​​ប័​ន​​​​មិនមែនរដ្ឋា​​ភិ​​បា​ល​​ចង់​បាន ​គឺធ្វើយ៉ាងណា​​ឱ្យការ​​បោះ​ឆ្នោតមួយឈប់មានអ្នក​​​តវ៉ាព្រោះ​​តែនីតិ​​វិធី​​នេះ​ត​​ទៅ​​ទៀត​​ ហើយសុខព្រមជាមួយគ្នា។

លោកបន្តថា៖ «សម្រាប់សង្គមស៊ីវិលយើងចង់ឃើញតែដំណើរការនៃការបោះឆ្នោតមួយដែលអាចប្រព្រឹត្តទៅបានទាំងអស់គ្នានៃភាគីពាក់ព័ន្ធប្រកួតប្រជែង គឺថាមិនមានការតវ៉ា ហើយប្រជាពលរដ្ឋចូលរួមដោយសេរី ហើយដោយមិនមានការព្រួយបារម្ភនិងការភ័យខ្លាច។ នេះជាចំណុចមួយ​​ដែលសំខាន់ណាស់សម្រាប់​​​សង្គ​​​​​​​ស៊ីវិល ដែលយើងជាអ្នកធ្វើកិច្ចការងារទាំងអស់ហ្នឹង។​ ​សម្រាប់យើង ​​ដែលធ្វើសំណើទៅនេះ​​គឺសំណើសុំ​​ឱ្យ​​មានការចូលរួមមួយដែលប្រព្រឹត្តទៅដោយមិនមានការតវ៉ាតែប៉ុណ្ណឹងទេ»។

គ.ជ.ប បានចេញរបាយការណ៍កាលពីថ្ងៃទី១៦ ខែ​ធ្នូ បង្ហាញថា ស្ថាប័នជាតិមួយនេះបានផ្ញើសេចក្តីព្រាង​​បទ​​បញ្ជានិងនីតិវិធីនេះ ដើម្បីស្នើសុំយោបល់មកវិញ ទៅភាគីពាក់ព័ន្ធចំនួន១៣២អង្គភាព។ ប៉ុន្តែមាន​តែ៤៥អង្គភាព​ទេដែល​បាន​ឆ្លើយ​តប ក្នុងនោះ ក្រសួង ស្ថាប័ន និងអគ្គលេខាធិការដ្ឋានចំនួន៥ គណបក្ស​​ន​​យោ​​បាយ៥ អង្គការ​និងសមាគមមិនមែនរដ្ឋាភិបាល​១០ស្ថាប័ន និងលេខាធិការដ្ឋានរាជធានី-ខេត្តរៀប​​​ចំ​​កា​​របោះឆ្នោតចំនួន២៥​អង្គភាព៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ