តំណាងពលរដ្ឋជាង៧០គ្រួសារ នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលអះអាងថាមានវិវាទដីធ្លីជាមួយអាជ្ញាធរជាតិអប្សរា ទទូចជាថ្មីឱ្យអាជ្ញាធរពន្លឿនការដោះស្រាយបញ្ចប់វិវាទដីធី្លដែលអូសបន្លាយមកជិត២០ឆ្នាំមកហើយ ខណៈពួកគាត់កំពុងជួបការលំបាកក្នុងជីវភាព។
ពលរដ្ឋរស់នៅភូមិស្នាសង្គ្រាម លោក សំ មុំ ប្រាប់វីអូឌីនៅថ្ងៃទី២០ ខែធ្នូនេះថា អាជ្ញាធរជាតិអប្សរាបានហ៊ុមព័ទ្ធយកដីអាស្រ័យផលរបស់ពួកគាត់ទំហំ១៦០ហិកតាតាំងពីឆ្នាំ២០០៥ ដោយគ្មានការដោះស្រាយសំណង។ លោកថា កន្លងទៅ ពលរដ្ឋចំនួន២១០គ្រួសារ បានចេញតវ៉ាទាមទារដំណោះស្រាយ ប៉ុន្តែក្រោយមក ពលរដ្ឋ៤៣គ្រួសារបានទទួលយកការដោះដូរដីនៅទីតាំងផ្សេងទំហំ២០ម៉ែត្រគុណ៣០ម៉ែត្រក្នុងមួយគ្រួសារ ខណៈគ្រួសារមួយចំនួនទៀតបានបោះបង់ការតវ៉ា ស្របពេលវិវាទអូសបន្លាយជិត២០ឆ្នាំ។
លោក សំ មុំ បន្តថា ចំណែកពលរដ្ឋចំនួន៧៣គ្រួសារដែលអះអាងថាមិនទទួលបានសំណងសោះនោះ នៅតែបន្តដាក់ពាក្យស្នើសុំដំណោះស្រាយពាក់ព័ន្ធដីធ្លីសរុបចំនួន៤៦ហិកតា ពោលគឺសុំទូទាត់ជាប្រាក់សំណង ឬដីធ្លីតិចតួចក៏បាន ខណៈអាជ្ញាធរមិនបានឆ្លើយតបជាវិជ្ជមានណាមួយដល់ពួកគាត់នៅឡើយ បើទោះធ្លាប់បានសន្យាថានឹងដោះស្រាយឱ្យពួកគាត់ជាច្រើនឆ្នាំមុនក៏ដោយ។
ករណីនេះ លោកបានស្នើយ៉ាងទទូចជាថ្មីទៀតឱ្យអាជ្ញាធរពន្លឿនការដោះស្រាយបញ្ចប់វិវាទនេះ។
លោកថា៖ «គោលនយោបាយដោះស្រាយជាលុយក៏បាន ដោះស្រាយជាដីវិញក៏បាន ដើម្បីឱ្យប្រជាពលរដ្ឋគាត់មានសង្ឃឹម។ កុំឱ្យថាយកដីគាត់ទៅទទេៗ អត់មានដំណោះស្រាយអីបន្តិច ព្រោះដីនោះគឺដីតាំងពីដូនតា តាំងពីជំនាន់តាខ្ញុំមក បន្ទាប់មកមកដល់ឪពុកខ្ញុំ និងដល់ខ្ញុំទៀត។ បានថា[វិវាទ]ដីនេះ វាអយុត្តិធម៌ណាស់សម្រាប់ប្រជាពលរដ្ឋដែលបាត់បង់។ ប្រជាពលរដ្ឋថាបើរដ្ឋត្រូវការហើយ ទោះបីដោះស្រាយឱ្យមួយឡូត៍ក៏គាត់យកដែរ។ បានថា សូមឱ្យរាជរដ្ឋាភិបាលគាត់ជួយដោះស្រាយពន្លឿនធ្វើម៉េចឱ្យប្រជាពលរដ្ឋបានអាស្រ័យផលខ្លះ ដើម្បីយកមកដោះស្រាយជីវភាព»។
បើតាមលោក សំ មុំ ចាប់តាំងពីមានវិវាទដីធ្លីនេះមក បានធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព ដោយសារតែពុំមានដីធ្លីអាស្រ័យផល ខណៈអ្នកភូមិមិនមានជំនាញអ្វីផ្សេងក្រៅពីការធ្វើស្រែចម្ការ។ លោកថា ក្នុងអំឡុងមានវិវាទនេះ ពួកគាត់ត្រូវដើរស៊ីឈ្នួលគេ ឬជួលដីគេដើម្បីដាំដុះ ដើម្បីដោះស្រាយបញ្ហាជីវភាព ខណៈរង់ចាំដំណោះស្រាយពីអាជ្ញាធរ។
ពលរដ្ឋរស់នៅភូមិស្នាសង្គ្រាមមួយរូបទៀត អ្នកស្រី ថៃ ម៉ាអម និយាយថា អំឡុងមានវិវាទដីធ្លីនេះ អ្នកស្រីធ្វើការស៊ីឈ្នួលគេនៅចម្ការស្វាយចន្ទី នៅឆ្ងាយពីភូមិ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាព ខណៈគាត់ជាស្ត្រីមេមាយដែលមានកូន៥នាក់ក្នុងបន្ទុក។
ស្ត្រីវ័យ៤២ឆ្នាំរូបនេះបន្តថា៖ «ខ្ញុំជាម្ចាស់ដី បើសិនទៅយករបស់ខ្ញុំទៅឱ្យគេ តែខ្ញុំជាម្ចាស់ដីត្រូវអាចបានចំណែកខ្លះៗ។ ខ្ញុំសុំស្នើតែប៉ុណ្ណឹងទេ ថាឱ្យបានខ្លះៗ កុំឱ្យអត់ទទេពេក មិនអាចអយុត្តិធម៌ទេ! ពួកខ្ញុំជាម្ចាស់ដី ខ្ញុំក៏ជាអ្នកអត់ខ្លាំងណាស់ដែរ អត់មានអីទេ មានដីតែប៉ុណ្ណឹងដែរ។ តែបើសិនជាយកអស់ ហើយមិនចែកខ្ញុំខ្លះ បានន័យថា ខ្ញុំ[រងភាព]អយុត្តិធម៌ពេកហើយ។ ពួកខ្ញុំនេះសុទ្ធតែអ្នកអត់[ក្រខ្សត់]ទេ បើមិនជឿ ចុះមកមើលចុះ ថាពួកខ្ញុំអត់ដល់កម្រិតណា»។
ទាំងលោក សំ មុំ និងអ្នកស្រី ថៃ ម៉ាអម សុទ្ធតែអះអាងថានឹងបន្តតវ៉ារហូតមានដំណោះស្រាយ។
មេឃុំបល្ល័ង្ក អ្នកស្រី ឡែម ណាត មានប្រសាសន៍ថា អាជ្ញាធរឃុំមិនអាចជួយដោះស្រាយបានទេ ដោយសារករណីនេះហួសពីដែនសមត្ថកិច្ចរបស់ឃុំហើយ។
អ្នកស្រីថា៖ «ដីហ្នឹង ខាងខេត្តនិងអាជ្ញាធរអប្សរាទេ[ដែលជាអ្នកមានសិទ្ធិដោះស្រាយ] ព្រោះវាហួសដែនសមត្ថកិច្ចរបស់ឃុំ។ ហើយណាមួយដីហ្នឹងស្ថិតនៅខាងស្រុកបន្ទាយស្រីទៀត [តែ]ប្រជាពលរដ្ឋនៅក្នុងឃុំបល្ល័ង្ក [ក្នុងស្រុកប្រាសាទបាគង]»។
តែយ៉ាងណា មេឃុំរូបនេះអះអាងថា ពលរដ្ឋនៅភូមិស្នាសង្គ្រាមដែលមានវិវាទដីធ្លីពិតប្រាកដ គឺមានតែ៤៤គ្រួសារប៉ុណ្ណោះ។
អភិបាលរងស្រុកប្រាសាទបាគង លោក និម សុវ៉ាន សុំមិនធ្វើអត្ថាធិប្បាយឡើយ ដោយថា ករណីនេះជាសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា។ លោកថា របាយការណ៍ជុំវិញបញ្ហាវិវាទដីធ្លីនេះបានទៅដល់ថ្នាក់ខេត្តហើយ ខណៈអាជ្ញាធរស្រុកក៏បានជួយសម្របសម្រួលជូនពលរដ្ឋដែរ។
លោកថា៖ «របាយការណ៍បានទៅដល់ខេត្តហើយ កិច្ចការងារនេះ វាជាសមត្ថកិច្ចរបស់អាជ្ញាធរអប្សរ សហការជាមួយរដ្ឋបាលខេត្ត។ ខ្ញុំអត់អាចឆ្លើយបានទេ រឿងនេះ»។
តែយ៉ាងណា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍កាលពីថ្ងៃទី១២ ខែធ្នូថា រឿងរ៉ាវជម្លោះដីធ្លីរវាងពលរដ្ឋនិងអាជ្ញាធរជាតិអប្សរានោះ ត្រូវបានអាជ្ញាធរពាក់ព័ន្ធដោះស្រាយចប់ជាច្រើនឆ្នាំមកហើយ។ លោកថា អាជ្ញាធរមិនអាចដោះស្រាយជូនបានឡើយ ដោយសារករណីពលរដ្ឋតវ៉ានេះ គឺជាការបង្កើតឡើងថ្មីទៀត ហើយពលរដ្ឋទាំងនេះពុំមានឯកសារឬភស្តុតាងបញ្ជាក់ថាពួកគេប៉ះពាល់ដីធ្លីនោះទេ។
មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត យល់ថា អាជ្ញាធរគួរតែដោះស្រាយបញ្ចប់វិវាទដីធ្លីនេះឱ្យបានសមរម្យជូនពលរដ្ឋ ខណៈពលរដ្ឋទាំងនោះរស់នៅពឹងអាស្រ័យស្ទើរទាំងស្រុងលើការធ្វើកសិកម្ម។
លោកថា៖ «ខាងអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរា គួរតែសម្របសម្រួលគ្នាក្នុងការដោះស្រាយជាសំណង ឬមួយជាដីដោះដូរឱ្យប្រជាពលរដ្ឋ បើថាដីកន្លែងហ្នឹងពិតជាត្រូវការសម្រាប់ជាទ្រព្យសម្បត្តិ ជាប្រយោជន៍សាធារណៈ អាហ្នឹងក៏ត្រូវការការដោះដូរ ឬត្រូវមានដំណោះស្រាយឱ្យសមរម្យ ដើម្បីឱ្យគាត់អាចទទួលយកបានដែរ»។
មន្ត្រីសង្គមស៊ីវិលរូបនេះថា បើរដ្ឋាភិបាលមិនដោះស្រាយ ហើយបន្តឱ្យវិវាទនេះរ៉ាំរ៉ៃនោះ អ្នករងគ្រោះគឺជាពលរដ្ឋទន់ខ្សោយ ដែលនឹងធ្វើឱ្យពួកគាត់គ្មានដីដាំដុះ គ្មានចំណូល និងធ្វើចំណាកស្រុក ជាដើម។
ជុំវិញបញ្ហាដីធ្លីនេះដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មេភូមិស្នាសង្គ្រាម លោក ពេញ ព្រូន ត្រូវបានថ្នាក់លើដកចេញពីតំណែង ក្រោយចេញមុខតវ៉ាទាមទាររកដំណោះស្រាយដីធ្លីជាមួយប្រជាពលរដ្ឋជាង២១០គ្រួសារនោះ។
អតីតមេភូមិរូបនោះអះអាងថា កាលពីឆ្នាំ២០០៥ អាជ្ញាធរជាតិអប្សរាបានហ៊ុមព័ទ្ធយកដីស្រែរបស់ពួកគាត់អស់១៦០ហិកតា ដោយសន្យាផ្តល់សំណងជូនពួកគាត់ពី៥០០ដុល្លារ ទៅ៧០០ដុល្លារក្នុង១ហិកតា ប៉ុន្តែរហូតមកដល់ឆ្នាំ២០២២ ស្ថាប័នមួយនេះ ពុំបានផ្តល់សំណងជូនពលរដ្ឋឡើយ ក្នុងនោះ គ្រួសាររបស់លោកក៏បានបាត់បង់ដីស្រែ១,៥ហិកតាផងដែរ ដែលធ្វើឱ្យលោកចេញតវ៉ាជាមួយប្រជាពលរដ្ឋ៕