រយៈពេលមួយឆ្នាំមកហើយ សកម្មភាពតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ស្ទើរតែក្លាយជារឿងដែលសាមញ្ញមួយទៅហើយ ខណៈក្រុមកូដករបានប្រមូលផ្ដុំគ្នាស្រែកតវ៉ាតាំងពីព្រឹកដល់ពេលរសៀល ដោយត្រូវប្រឈមមុខនឹងក្រុមមន្ត្រីប្រដាប់អាវុធ។
អំឡុងពេលមួយឆ្នាំមុន គឺជាពេលដែលពួកគេនៅមិនទាន់ជួបប្រទះនឹងអំពើហិង្សា ការចាប់ដាក់ពន្ធនាគារ ការសាកសួរនៅតុលាការ ការរារាំងពីក្រុមហ៊ុន អាជ្ញាធររាជធានី និងរដ្ឋាភិបាលនៅឡើយ។
ជាទូទៅ ក្រុមអ្នកតវ៉ានៅពេលនោះ បានធ្វើការប្រមូលផ្តុំគ្នាក្នុងឯកសណ្ឋានការងារតាមផ្នែកផ្សេងៗរបស់ពួកគេ ខណៈពួកគេបានរៀបចំជាក្រុមផ្សេងៗ ដោយដាក់វេនគ្នាច្រៀង រាំ និងស្រែកតវ៉ាទាមទារក្រោមស្មារតីសាមគ្គីភាព។
ទោះជាយ៉ាងណា សមាជិក២ ៥០០នាក់របស់សហជីពកាស៊ីណូ មិនមែនសុទ្ធសឹងតែបានធ្វើបាតុកម្មទាំងអស់ទេ។
បើទោះបីជាមានការរារាំងដោយមន្ត្រីយ៉ាងណាក៏ដោយ ការប្រមូលផ្តុំនានាដែលធ្វើឡើងកាលពីពេលដំបូងៗនៅកណ្ដាលរាជធានីភ្នំពេញ យ៉ាងហោចណាស់ ក៏មានការចូលរួមដោយមនុស្សរាប់រយនាក់ ដែលក្នុងនោះមានពេលមួយ បាតុកម្មក៏បានទាញអ្នកចូលរួមរហូតដល់ទៅប្រមាណជា១ ០០០នាក់ផងដែរ។

គួរបញ្ជាក់ថា សហជីពជាង ១ ១០០នាក់ ត្រូវបានបណ្ដេញចេញក្នុងការបញ្ឈប់ពីការងារដែលផ្ដោតគោលដៅលើមេដឹកនាំ ដែលពួកគេទាំងនោះភាគច្រើនមិនបានធ្វើការ ឬជួបគ្នាឡើយ ក្នុងអំឡុងពេលដែលមានការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩។
ក្នុងរយៈពេលបន្តបន្ទាប់មក ការតវ៉ាក៏បានវិវត្តកាន់តែក្ដៅឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្នុងនោះក៏មានករណីក្រុមសហជីពដែលមានចំនួនប្រមាណជា ១០០នាក់ អំពាវនាវឱ្យមានការដោះលែងប្រធានសហជីពរបស់ពួកគេដែលកំពុងជាប់ពន្ធនាគារផងដែរ។
ទាក់ទិននឹងករណីនេះ អ្នកស្រី សោម ច័ន្ទលក្ខិណា អាយុ៣៧ឆ្នាំ ដែលបម្រើការជាបុគ្គលិកផ្នែកចែកបៀរ នៅក្រុមហ៊ុនណាហ្គាវើលដ៍ អស់រយៈពេល១២ឆ្នាំ បានលើកឡើងថា៖ «ខ្ញុំមិនដែលគិតថា ការតវ៉ានេះនឹងអូសបន្លាយក្នុងរយៈពេលយូរយ៉ាងដូច្នេះឡើយ។ ជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរ ខណៈខ្ញុំបានជួបប្រទះរឿងរ៉ាវផ្សេងៗគ្នាជាច្រើន។ អរគុណណាហ្គាវើលដ៍ ដែលបង្ហាញឱ្យយើងឃើញពីភាពអយុត្តិធម៌នៃសង្គម»។
មិនមែនមានតែអ្នកស្រី ច័ន្ទលក្ខិណា និងសហការីរបស់ខ្លួននោះទេដែលជួបប្រទះស្ថានភាពនេះ ករណីស្រដៀងគ្នានេះក៏ត្រូវបានមើលឃើញថាកើតឡើងនៅលើវិស័យរោងចក្រ ទេសចរណ៍ និងបុគ្គលិកបម្រើការក្នុងសេវាសាធារណៈរបស់រាជធានីផងដែរ។
ការបង្ក្រាបកើនឡើង
កូដកម្មណាហ្គាវើលដ៍ បានចាប់ផ្តើមដំបូងកាលពីថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោយមានករណីនៃការបញ្ឈប់សហជីព ស្របពេលដែលបុគ្គលិកយ៉ាងច្រើននៃកាស៊ីណូដ៏ល្បីឈ្មោះមួយនេះក៏ត្រូវបានបញ្ឈប់ផងដែរ។

ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញបានលើកឡើងថា សកម្មភាពរបស់ក្រុមបាតុករគឺជារឿងខុសច្បាប់ និងចាត់ទុកពួកគេថាជាឧក្រិដ្ឋជនដោយប្រើប្រាស់ដីការបស់តុលាការ។
មន្ត្រីទាំងនោះក៏បានស្រែកជូនដំណឹងទៅកាន់ក្រុមបាតុករតាមមេក្រូថា កូដកម្មរបស់ពួកគេគឺជារឿងខុសច្បាប់ ខណៈខ្លួនក៏បានព្រមានបុគ្គលិកផ្សេងទៀតកុំឱ្យចូលរួមសកម្មភាពតវ៉ានេះផងដែរ។
នៅក្នុងរសៀលថ្ងៃដដែលនោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានប្រកាសថា ការជួបជុំនេះគឺបានរំលោភលើវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។
ទោះជាយ៉ាងណា ការប្រមូលផ្តុំនៅតែបន្តធ្វើឡើងជាបន្តបន្ទាប់ បើទោះបីជាសម្ពាធត្រូវបានដាក់លើកូដករក៏ដោយ។
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១
ជាការឈានចូលមកដល់ថ្ងៃទី២ នៃការធ្វើកូដកម្ម អាជ្ញាធរបានចាប់បិទផ្លូវជុំវិញកាស៊ីណូក្នុងរាជធានីភ្នំពេញ ដើម្បីរារាំងអ្នកតវ៉ាមិនឱ្យចូលទៅកៀកទីតាំងកាស៊ីណូណាហ្គាវើលដ៍។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រុមបាតុករកំពុងតែប្រើតាក់តិច «បដិវត្តន៍ពណ៌» តាមរយៈការប្រើប្រាស់ស្ត្រីមានផ្ទៃពោះ ដើម្បីចូលរួមតវ៉ា ឱ្យពួកគេទាំងនោះមានគ្រោះថ្នាក់ដោយចៃដន្យណាមួយ ក្នុងគោលបំណងដើម្បីធ្វើឱ្យគេមើលទៅអាជ្ញាធរជាមនុស្សអាក្រក់។ ការថ្លែងរបស់អ្នកនាំពាក្យរូបនេះហាក់ចង់លើកឡើងពីការជ្រៀតជ្រែកពីបរទេស និងជាភាសាឆ្លុះបញ្ចាំងដែលរដ្ឋាភិបាលបានប្រើដើម្បីបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួននៃការចោទប្រកាន់ពីបទក្បត់ជាតិ។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
កងកម្លាំងបានសម្រុកចូលទៅក្នុងការជួបជុំរបស់កម្មករអំឡុងពេលយប់ ដោយរារាំងបាតុករមិនឱ្យចាកចេញទៅណា ក្នុងនោះ មន្ត្រីកងរាជអាវុធហត្ថជាង១០០នាក់ ប្រដាប់ដោយខែល ដំបង និងមួយចំនួនមានកាំភ្លើងក្នុងដៃ ក៏ត្រូវបានដាក់ពង្រាយនៅទីតាំងផងដែរ។
ជាមួយគ្នានេះ សហជីពចំនួន៩នាក់ត្រូវបានចាប់ខ្លួនពីការិយាល័យសហជីព និងទីតាំងផ្សេងទៀត ខណៈអ្នកតវ៉ាបានប្រមូលផ្តុំគ្នា ដើម្បីការពារសហជីពរបស់ពួកគេពីការចាប់ខ្លួនបន្ថែមទៀត។
ទាក់ទិននឹងករណីនេះ កម្មករបានចាត់ទុកយប់នោះថាជាពេលវេលាដ៏សំខាន់មួយ ដោយពួកគេដឹងថា ខ្លួនមិនមែនត្រឹមតែប្រឆាំងនឹងនិយោជកកាស៊ីណូរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងដល់ស្ថាប័នរដ្ឋផងដែរ។
នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២
ក្នុងរយៈពេល៤ថ្ងៃក្រោយមក ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ គឺកញ្ញា ឈឹម ស៊ីថរ ដែលបានព្យាយាមចូលរួមក្នុងបាតុកម្មប្រចាំថ្ងៃ ត្រូវបានអាជ្ញាធរជាច្រើននាក់ព្រួតគ្នាចាប់ឃាត់ខ្លួន ហើយទាញចូលក្នុងរថយន្តមួយ ដោយកញ្ញានៅពេលនោះត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
បើទោះបីជាការប្រមូលផ្តុំត្រូវបានរុញច្រានឱ្យនៅឆ្ងាយពីទីតាំងកាស៊ីណូណាហ្គាវើលដ៍យ៉ាណាក៏ដោយ ក៏ការតវ៉ានៅតែបន្តធ្វើឡើងជារៀងរាល់ថ្ងៃ ក្នុងអំឡុងខែមករា។
កាលពីថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីផ្នែកសុខាភិបាលបានទៅកាន់កន្លែងជួបជុំរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដោយពួកគេបានរារាំងបាតុករប្រមាណជា ៣៥០នាក់ មិនឱ្យចាកចេញទៅណា លុះត្រាតែពួកគេទាំងអស់នោះឆ្លងកាត់ការធ្វើតេស្តរកវីរុសកូវីដ-១៩ ជាមុនសិន។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនកូដករបន្ថែមទៀត ហើយមន្ត្រីសុខាភិបាលនៅពេលនោះក៏បានបញ្ជាឱ្យកូដករទាំងអស់ដាក់ខ្លួនឯងនៅដាច់ដោយឡែកក្នុងរយៈពេល៧ថ្ងៃផងដែរ។
កូដករទាំងនោះបានធ្វើតាមការណែនាំ ប៉ុន្តែនៅពេលដែលពួកគេផុតបម្រាម ហើយត្រលប់មកតវ៉ាសាជាថ្មីម្ដងទៀត អាជ្ញាធរក៏ស្រាប់តែបង្ខំពួកគេឱ្យឡើងលើរថយន្តក្រុង និងនាំពួកគេទៅកាន់មណ្ឌលចត្តាឡីស័ក។ នេះគឺជាការអនុវត្តមួយដែលធ្វើឡើងដដែលៗអស់រយៈពេលជាច្រើនខែ ដែលក្នុងនោះ គឺក្រុមអ្នកតវ៉ាតែងតែត្រូវបានសមត្ថកិច្ចចាប់មកប្រមូលផ្តុំនៅជិតទីតាំងកាស៊ីណូណាហ្គាវើលដ៍ ហើយដឹកពួកគេតាមរយៈរថយន្តក្រុងទៅកាន់តំបន់ជាយក្រុង ដែលមានពេលខ្លះ ពួកគេក៏ត្រូវបានជាប់នៅទីតាំងនោះបណ្ដោះអាសន្ន នៅទីកន្លែងដែលសមត្ថកិច្ចដាក់ពួកគេនោះផងដែរ។

តាមរយៈការចាប់ រុញច្រាន និងអូសកូដករដែលភាគច្រើនជាស្រ្តី ក្នុងនោះ អាជ្ញាធរក៏ត្រូវបានចោទប្រកាន់ទាក់ទងនឹងការបៀតបៀនផ្លូវភេទផងដែរ។
ទោះជាយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញ ហាក់ទម្លាក់កំហុសលើកូដករ ដោយអះអាងថា ពួកគេ [បាតុករ] បានសម្ដែងធ្វើជាជនរងគ្រោះ ដើម្បីទាក់ទាញការអាណិតអាសូរ និងធ្វើកាយវិការដែលមិនសមជាស្ត្រីខ្មែរ។
អ្នកស្រី វ៉ាន់ រីណា អាយុ៣៧ឆ្នាំ បានលើកឡើងថា ដំបូងឡើយ អ្នកស្រីធ្លាប់គិតថា ការតវ៉ានេះនឹងមិនអូសបន្លាយលើសពីរយៈពេល៦ខែឡើយ។ ទោះជាយ៉ាងណា ការប៉ាន់ស្មានរបស់អ្នកស្រីហាក់ផ្ទុយស្រឡះ។ បន្ទាប់ពីឆ្លងផុតរយៈពេល៦ខែ អ្នកស្រីក៏ធ្លាប់បានប៉ាន់ប្រមាណទៀតថា ការតវ៉ានេះនឹងមិនលើសរយៈពេលលើសពី១០០ថ្ងៃទៀតទេ។ សម្រាប់ពេលបច្ចុប្បន្ន អ្នកស្រីមិនចង់ធ្វើការប៉ាន់ប្រមាណពីរយៈពេលនៃការតវ៉ានេះទៀតឡើយ។
ស្ត្រីដែលមានតួនាទីជាជំនួយការអ្នកគ្រប់គ្រងតុល្បែងនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍មួយរូប ដែលបានធ្វើការអស់រយៈពេល១៦ឆ្នាំរូបនេះ បន្តថា ហេតុការណ៍ដែលកើតឡើងក្នុងឆ្នាំនេះ បានធ្វើឱ្យអ្នកស្រីកាន់តែមានការយល់ច្បាស់ពីសង្គម។
អ្នកស្រីបន្ថែមថា ការប្រើប្រាស់កម្លាំងដោយអាជ្ញាធរ ស្ទើរតែរៀងរាល់ថ្ងៃ ប្រឆាំងនឹងកម្មករ និងការចាប់ខ្លួនមិត្តរួមការងាររបស់ខ្លួន បានទាក់ទាញចំណាប់អារម្មណ៍ខ្លួនយ៉ាងខ្លាំង។
ទាក់ទិននឹងករណីនេះ អ្នកស្រីថា៖ «ខ្ញុំនឹងចូលរួមក្នុងកិច្ចការងារសង្គមឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ខ្ញុំមានអារម្មណ៍ថា ការព្យាយាមមិនអើពើនឹងបញ្ហាដែលកើតឡើង ដើម្បីរក្សាការងារ មិនមែនជារឿងដែលសំខាន់ទៀតឡើយ។ រឿងដែលសំខាន់នោះ គឺសិទ្ធិ និងសេរីភាព»។
អ្នកស្រី វ៉ាន់ រីណា បន្តថា សមាជិកគ្រួសារមួយចំនួនបានគាំទ្រដល់រូបអ្នកស្រី ជាពិសេសផ្នែកហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា មានមនុស្សមួយចំនួនទៀតដែលមានដូចជាអ្នកជិតខាង ក៏ធ្លាប់បានប្រាប់ឱ្យអ្នកស្រីឈប់តវ៉ាតទៅទៀតផងដែរ។
អ្នកស្រីបន្ថែមថា ខ្លួនគ្មានចេតនាឈប់នោះទេ ហើយបើទោះបីជាអ្នកស្រីមានឱកាសទទួលបានការងារនៅកន្លែងផ្សេងទៀតក៏ដោយ ប៉ុន្តែខ្លួននៅតែចង់ត្រលប់ទៅធ្វើការនៅក្រុមហ៊ុនណាហ្គាវើលដ៍វិញ ហើយបន្តតស៊ូមតិដើម្បីសិទ្ធិកម្មករនៅទីនោះ។
អ្នកស្រីថា៖ «ខ្ញុំចង់ត្រលប់ទៅធ្វើការវិញ ព្រោះខ្ញុំចង់ជួយកម្មករនៅទីនោះ។ បើយើងមិននៅទីនោះ តើនឹងមានកម្មករប៉ុន្មានទៀតនឹងជួបបញ្ហានេះ? ខ្ញុំចង់ឱ្យក្រុមហ៊ុននេះគោរពដល់សហជីព និងទទួលយកសហជីព។ បើទោះបីជាមានអ្នកណាប្រាប់ខ្ញុំឱ្យដើរចេញ ក៏ខ្ញុំមិនព្រមឡើយ»។
កាលពីខែមីនាកន្លងទៅ ប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំឡើងវិញ បន្ទាប់ពីយល់ព្រមក្នុងការផ្អាកធ្វើកូដកម្ម។ ប៉ុន្តែបាតុករទាំងឡាយនៅតែបន្តធ្វើការតវ៉ាដដែល ដោយហាក់ប្រាសចាកនឹងសំណើរបស់មេដឹកនាំពួកគេ។ ក្នុងរយៈពេល២ខែបន្ទាប់ កញ្ញា ឈឹម ស៊ីថរ ត្រូវបានជ្រើសរើសជាប្រធានសហជីពឡើងវិញ។
ទោះជាយ៉ាងណា ការចុះឈ្មោះឡើងវិញរបស់សហជីពនេះ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ បន្ទាប់ពីក្រសួងការងារបដិសេធទទួលយកពាក្យស្នើសុំរបស់ពួកគេ។ នេះបើតាមការឱ្យដឹងពីអនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី ឈឹម សុខន។
អ្នកស្រីបន្តថា ក្រសួងបានប្រាប់សហជីពថា កម្មករនិយោជិតដែលត្រូវបានបណ្តេញចេញ មិនគួរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសមាជិកភាពរបស់ខ្លួននោះទេ។
អ្នកស្រីថា៖ «ហេតុផលនេះ គឺមិនអាចទទួលយកបានឡើយ [សម្រាប់ពួកយើង]»។
ក្រសួងការងារ និងក្រុមហ៊ុនណាហ្គាខប (NagaCorp) មិនបានឆ្លើយតបសំណួរនានាទាក់ទងនឹងករណីនេះឡើយ។
គួរបញ្ជាក់ថា នៅក្នុងការតវ៉ាដែលធ្វើឡើងក្នុងរយៈពេលមួយឆ្នាំពេញនេះ ចំនួនកម្មករដែលនៅចូលរួមការតវ៉ាបានធ្លាក់ចុះមកនៅត្រឹមប្រមាណជា១២០នាក់។
ប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ កាលពីខែវិច្ឆិកា កន្លងទៅ ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារឡើងវិញ ក្រោយពេលកញ្ញាធ្វើដំណើរត្រលប់មកពីប្រជុំនៅក្រៅប្រទេស ពាក់ព័ន្ធនឹងបទល្មើសបម្រាមរបស់តុលាការ ដែលមិនតម្រូវឱ្យកញ្ញាចេញទៅក្រៅប្រទេសឡើយ អំឡុងពេលដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ។
ជាមួយគ្នានេះ កូដករណាហ្គាវើលដ៍ចំនួន ៩រូបទៀត ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺ ក្រោមបណ្តឹងរបស់ក្រុមហ៊ុន ពីបទ «រំលោភលើលំនៅឋាន, ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់»។
ងាកមកកាន់អ្នកស្រី សោម ច័ន្ទលក្ខិណា ដែលជាអតីតបុគ្គលិកផ្នែកចែកបៀរនៅក្រុមហ៊ុនណាហ្គាវើលដ៍វិញ បានលើកឡើងថា ខ្លួននឹងមិនបោះបង់ចោលការខិតខំប្រឹងប្រែងនេះដោយងាយៗនោះទេ។
អ្នកស្រីបន្តថា កូនស្រីអាយុ១៦ឆ្នាំរបស់ខ្លួនក៏យល់ព្រមផងដែរ ខណៈពួកគេសុខចិត្តស៊ូទ្រាំរស់នៅដោយសន្សំសំចៃ និងកាត់បន្ថយការចំណាយនានា។
អ្នកស្រីថា៖ «ខ្ញុំ និងកូនស្រី សុខចិត្តញ៉ាំអំបិលប្រហុក។ នៅពេលដែលកិច្ចខិតខំប្រឹងប្រែងរបស់យើងទទួលបានជោគជ័យ វានឹងជួយដល់មនុស្សជំនាន់ក្រោយមិនឱ្យរងទុក្ខដូចយើងទៀតឡើយ»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Thousands of Workers Swept Up in a Year of Union Busting