ក្រសួងចំនួន៣ រួមគ្នាដោះស្រាយវិបត្តិទីផ្សារជ្រូកដែលកំពុងចុះថោក

ជ្រូកនៅក្នុងទ្រុង ដែលកសិករចិញ្ចឹម​ជាលក្ខណៈគ្រួសារ​ នៅភូមិជ្រៃគ្រហ៊ឹម ឃុំកំពង់ឫស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង។ (សូត សុខប្រាថ្នា/១៦ មករា ២០២០)

ក្រសួង​ចំនួន​៣ រួម​គ្នា​ដោះ​ស្រាយ​វិបត្តិ​ទីផ្សារ​​​ជ្រូក​ដែល​កំពុង​មាន​បញ្ហា​ធ្លាក់​ថ្លៃ ដោយ​ពង្រឹង​ការ​ទប់​ស្កាត់ និង​បង្កើនការបង្ក្រាប​កា​រ​នាំចូលសាច់​ជ្រូក​បង្កក​ដោយ​ខុស​ច្បាប់។

កាលពីថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​​នេសាទ, ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម បាន​ជួប​ប្រជុំ​គ្នា​ពិភាក្សា និង​​រ​ក​ដំណោះស្រាយ​លើ​បញ្ហាតម្លៃសាច់​ជ្រូក​​​ដែល​​ផលិត​បាន ហើយ​​ល​ក់​​បាន​ក្នុង​តម្លៃ​ថោក។

អនុ​រដ្ឋ​លេខា​ធិការ និង​ជាអ្នកនាំ​ពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​កញ្ញា អ៊ឹម រចនា បានប្រាប់វីអូឌីនៅថ្ងៃអង្គារ​នេះថា​ ក្នុង​អង្គ​ប្រជុំ​នោះ ​ក្រសួង​​ទាំ​​​ង​៣ បាន​ឯកភា​ព​​គ្នា​លើ៤​ចំណុច ​ដើម្បី​​ដោះ​ស្រាយ​​បញ្ហានេះ។

អ្នក​នាំពាក្យរូបនេះបញ្ជាក់​ថា អង្គ​ប្រជុំ​បាន​ស្នើដ​ល់​អគ្គ​នាយកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា ពង្រឹងការទប់ស្កាត់ និងបង្កើនការបង្ក្រាបការនាំចូលសាច់ជ្រូកបង្កក​ដោយ​ខុស​ច្បាប់ ដោយ​សហការ​ជាមួយ​អង្គ​ភាព​មាន​សមត្ថ​កិច្ច ដូច​ជា អាជ្ញាធរ​​ដែន​​​ដី​​នៅតាម​បណ្តាខេត្ត​ជាប់ព្រំប្រទល់ប្រទេស​ជិត​ខាង និង​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ និង​ផលិត​កម្ម​សត្វ។

មួយទៀតនោះ កញ្ញា​ថា ក្រសួងទាំង៣ នឹងរួមគ្នាត្រួតពិនិត្យលើបច្ចេកទេស ព្រម​ទាំង​អនាម័យ​ទីតាំង​ដែល​មាន​ស្តុក​ផ្ទុកសាច់​បង្កក អំពី​លិខិតបទដ្ឋានដែលតម្រូវឱ្យមានការនាំចូល និង​សហការរួមគ្នារវាងអង្គភាព​ជំនាញ​ផ្សេងៗ​ ជាពិសេសសមត្ថកិច្ច​ពាក់​ព័ន្ធ ហើយ​ថា ក្នុង​ករណី​មាន​ការ​នាំចូលដោយខុសច្បាប់ ត្រូវចាត់វិធានការតាមនីតិវិធី។

បើតាម​កញ្ញា អ៊ឹម រចនា អង្គប្រជុំ​ក៏​បានស្នើ​ឱ្យអ​នុវត្ត​ប្រព័ន្ធ​បញ្ជា​តែមួយ តាមរយៈការប្រើប្រាស់ប្រព័ន្ធអនឡាញឱ្យ​បានលឿន ដើម្បីចែករំលែកព័ត៌មាន និង​ចាត់វិធានការ​តាម​សមត្ថកិច្ចរៀងៗ​ខ្លួន និង​ស្នើបង្កើត​ក្រុម​ការងា​រ​អ្នក​ច្បាប់​ ដើម្បីពិភាក្សា​ពិនិត្យ​មើល​ច្បាប់​សុខ​ភាព​សត្វ និង​ផលិត​កម្ម​សត្វ និងអនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីលើកសំណើកែសម្រួល ឬធ្វើវិសោធនកម្មឱ្យមានសង្គតិភាពក្នុងការអនុវត្តស្របតាមការអនុវត្តក្នុងប្រទេស ក៏ដូចជាមានសង្គតិភាពជាមួយយន្តការដែលតម្រូវដោយតំបន់ និងសកល។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានសាទរចំពោះក្រសួងទាំង៣ ដែលមានវិធានការដោះស្រាយបញ្ហា​ថ្លៃ​ជ្រូក​ចុះ​ថោកនេះ។ ប៉ុន្តែលោកទទូច​ដល់​ក្រសួង​ពាក់​ព័ន្ធ ជាពិសេស​រដ្ឋាភិបាល ​ត្រូវ​ជួយ​ដោះស្រា​យ​បញ្ហា​នេះឱ្យបាន​ទាន់​ពេល ខណៈ​ពេលនេះ​កសិករកំពុងប្រឈមការ​​​ខាតបង់ផលប្រយោជន៍ និងជំពាក់​បំណុល​ធនាគារ ដោយ​សារតម្លៃ​ជ្រូក​ចុះថោក​ខ្លាំង​នៅ​ពេល​នេះ។

ប្រធានសមាគមរូបនេះក៏ចង់ឱ្យរដ្ឋាភិបាលអន្តរាគមន៍ឱ្យជ្រូក​របស់​កសិករ​ខ្មែរ​អាចនាំចេញទៅប្រទេសវៀតណាម និងប្រទេស​ថៃ​ដោយ​ស្មើភា​ពផងដែរ។

លោកបន្ថែមថា៖ «បញ្ហាប្រឈមឥលូវនេះ គឺជ្រូកលក់អត់ចេញ តែសំខាន់ចំណី វានៅថ្លៃ ហើយជ្រូក វានៅស៊ីរាល់ថ្ងៃ។ ឥលូវនេះ តម្លៃ​ជ្រូក​តែ​ជាង​៧ ០០០រៀល[ក្នុងមួយគីឡូក្រាម]​ទេ តែថ្លៃ​ដើម​​ផលិត​ពី ៩ ៥០០រៀល ទៅ ១០ ០០០រៀល។ អ៊ីចឹង​សួរ​ថា គាត់​លក់មួយក្បាលខាត ៥០ទៅ៦០ដុល្លារ។ គាត់​ចិញ្ចឹម​ ១០០​ក្បាល គាត់​ខាតពី ​៥ទៅ៦ពាន់ដុល្លារ គាត់​រកលុយ​ពីណា​យកមកសងគេ? ក្រសួងពាក់ព័ន្ធគាត់កំពុង​ប្រជុំ​រក​ដំណោះស្រា​យ ប៉ុន្តែមិនអាចប្រជុំថ្ងៃនេះ ដោះស្រាយបានថ្ងៃស្អែកទេ។ ហើយ​ឥលូវនេះ [សត្វជ្រូកចិញ្ចឹមរបស់]កសិករកំពុង​តែឈឺ កំពុង​អំពាវនាវ​រកពេទ្យសង្គ្រោះបន្ទាន់ ហើយយើងត្រូវធ្វើម៉េច?»

កសិករ​ចិញ្ចឹមជ្រូក​​នៅខេត្តកំពង់ឆ្នាំង លោក ម៉ែ ភាព ឱ្យ​ដឹង​ថា បច្ចុប្បន្ននេះ តម្លៃ​ជ្រូក​រស់​ត្រឹម​ ៧ ០០០រៀល​ប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈចំណីមានតម្លៃខ្ពស់។ លោកថា តម្លៃជ្រូករស់ត្រឹម ៧ ០០០រៀលក្នុងមួយគីឡូក្រាមនេះ គឺមិន​​អាច​ផ្តល់​ផល​​ចំណេញ​ដល់កសិក​រឡើយ។

កសិកររូបនេះបន្តថា តម្លៃជ្រូករស់ ១គីឡូក្រាម ​ចន្លោះពី ១១ ០០០រៀល ទៅ ១៣ ០០០រៀល ទើបកសិករបានចំណេញខ្លះ។ លោក​ថា ដោយសា​រ​តែជំ​ពាក់​ថ្លៃចំ​ណី​គេច្រើ​ន​ពេក និង​គ្មាន​លុយទិញចំណីឱ្យសត្វជ្រូក​ស៊ីបន្ត លោក​បាន​សម្រេចចិត្តលក់ជ្រូកទាំងមានតម្លៃថោក ដោយបច្ចុប្បន្ន​នេះ​នៅប្រហែល១៥ក្បាល​ប៉ុណ្ណោះ ខណៈ​លោក​បានចិញ្ចឹមប្រហែល ៥០​ក្បាល។

លោកបន្ថែមថា៖ «ដល់ពេលអ៊ីចឹង វាជួបផលលំបាក សឹងតែ​ថាយើងចិញ្ចឹមអត់ចំណេញ ដោយសារទីផ្សារយើង វាថោកពេក។ អ្នកភូមិ​នេះម្នាក់ៗញ៉ាក ​លែង​ចង់​ចិញ្ចឹម​អស់ហើយ។ ខ្ញុំកាល​ពី​មុន ​ចិញ្ចឹម​ច្រើន​ណាស់ ប៉ុន្តែ​រាល់ថ្ងៃនះ ចិញ្ចឹម​តិច​ ដោយ​សារជ្រូក​ធ្លាក់​ថ្លៃ ចិញ្ចឹមខាតៗ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ