លោក ហេង បូរ៉ា ប្រធានក្រុមនៅអាកាសយានដ្ឋានសៀមរាប បានលើកឡើងថា លោកបានរង់ចាំថៅកែរបស់លោកហៅចូលធ្វើការវិញអស់រយៈពេលជិត២ឆ្នាំមកហើយ។
នៅពេលលោកត្រូវបានព្យួរពីការងារនៅឆ្នាំ២០២០ ថៅកែរបស់លោកបានប្រាប់ថា ពួកគេនឹងហៅលោកចូលធ្វើការវិញនៅពេលចប់ជំងឺកូវីដ-១៩។ បច្ចុប្បន្ននេះ ជើងហោះហើរចាប់ផ្តើមដំណើរការឡើងវិញនៅខេត្តសៀមរាប ប៉ុន្តែលោកមិនបានទទួលការហៅទៅធ្វើការវិញនោះទេ។
លោក បូរ៉ា សមាជិកនៃសហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF) បាននិយាយថា៖ «ក្រុមហ៊ុនបញ្ឈប់យើង ដោយយើងគ្មានកំហុសសោះ»។
លោកបន្តថា កម្មករប្រហែល១៣០នាក់ត្រូវបានបញ្ឈប់ពីការងារ។
លោកថា៖ «ពួកគេយកលេសជំងឺកូវីដ-១៩! ហើយបាននិយាយថា បន្ទាប់ពីជំងឺកូវីដ-១៩ចប់ ក្រុមហ៊ុននឹងហៅយើងចូលធ្វើការវិញ»។
ទោះបីជាភ្ញៀវទេសចរកក់ជើងហោះហើរថ្មី និងសណ្ឋាគារនៅកម្ពុជា ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ ក៏សហជីពផ្នែកបដិសណ្ឋារកិច្ច កំពុងតស៊ូដើម្បីបានចូលធ្វើការវិញ ឬទាមទារសិទ្ធិរបស់ពួកគេដែលមានចែងក្នុងអនុសញ្ញារួម ដោយមេដឹកនាំសហជីពជាច្រើនបានប្រៀបប្រដូចទៅនឹងករណីបញ្ឈប់បុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែរ។
វិស័យទេសចរណ៍របស់កម្ពុជាកំពុងងើបឡើងវិញ ពោលគឺមានភ្ញៀវទេសចរចំនួន ១,២៦លាននាក់ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ ប៉ុន្តែទាបជាងចំនួនភ្ញៀវទេសចរអន្តរជាតិដែលមានចំនួន ៤,៨១លាននាក់ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០១៩។

ខេត្តសៀមរាប បានរងផលប៉ះពាល់ខ្លាំង ដោយសារតែវិស័យទេសចរណ៍បានធ្លាក់ចុះ មុនការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តមិនមានភាពប្រសើរឡើងឡើយនៅឆ្នាំនេះ បើទោះបីជាចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើង។ ចំនួនភ្ញៀវទេសចរជាជនជាតិចិននៅតែមានការធ្លាក់ចុះយ៉ាងខ្លាំង។
អ្នកស្រី សឿន សោភ័ណ្ឌ ប្រធានសហជីពនៅក្រុមហ៊ុន HCC Angkor ដែលជាក្រុមហ៊ុនផ្តល់សេវាសម្អាតអាកាសយានដ្ឋាន មានប្រសាសន៍ថា ខណៈអាកាសយានដ្ឋានខេត្តសៀមរាបជួបការលំបាកដោយសារជំងឺកូវីដ-១៩ កម្មករក៏ត្រូវបានបដិសេធសិទ្ធិរបស់ពួកគេក្រោមច្បាប់ស្តីពីការងារ។
អ្នកស្រី សោភ័ណ្ឌ បាននិយាយថា អ្នកស្រី និងកម្មករ ១១៦នាក់ផ្សេងទៀត ត្រូវបានព្យួរពីការងារតាំងពីខែមីនា ឆ្នាំ២០២០។ អ្នកស្រីបន្តថា ក្រុមហ៊ុនប្រាប់ថានឹងព្យួរការងាររយៈពេល៣ខែ ដោយបន្ថែមថា អ្នកស្រី និងកម្មករផ្សេងទៀតមិនទទួលបានប្រាក់ឧបត្ថម្ភអំឡុងការរីករាលដាលជំងឺកូវីដ-១៩ ពីក្រុមហ៊ុន ដូចដែលរដ្ឋាភិបាលបានជំរុញឡើយ។
អ្នកស្រីបានសួរថា៖ «ហេតុអ្វីបានជាម្ចាស់ [ក្រុមហ៊ុន] ចិត្តដាច់ជាមួយយើងខ្លាំងម៉្លេះ ដែលបានបម្រើការជាង១០ឆ្នាំ? […] ខ្ញុំខកចិត្តមែនទែន»។
អ្នកស្រីបាននិយាយថា សមាជិកសហជីពបានដាក់សំណើទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចរចាជាមួយក្រុមហ៊ុន HCC Angkor ក្នុងខែឧសភា ឆ្នាំនេះ ខណៈជើងហោះហើរបានដំណើរការជាធម្មតាឡើងវិញ ហើយក្រុមអធិការកិច្ចរបស់ក្រសួងបានជួបជាមួយតំណាងសហជីព កាលពីខែកក្កដា។ ក្រោយមក ពួកគេបានជួបជាមួយក្រសួង និងតំណាងម្នាក់របស់ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុន HCC Angkor បាននិយាយថា ពួកគេគ្មានលទ្ធភាពផ្តល់ប្រាក់សំណងឱ្យកម្មករឡើយ។
អ្នកស្រីថា៖ «យើងម្នាក់ៗធ្វើការរយៈពេលជាង១០ឆ្នាំហើយ ពួកគេបានឆ្លើយថា [ពួកគេគ្មានលទ្ធភាពផ្តល់សំណង] ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ ពួកគេលើកឡើងដដែលៗអំពីវិបត្តិនៃជំងឺកូវីដ-១៩ […] ខ្ញុំគិតថា នេះជាលេសរបស់ពួកគេ។ យើងអន់ជាងអ្នកសុំទានទៅទៀត។ អ្នកសុំទានអាចរកចំណូលបានពី ១ម៉ឺន ទៅ ២ម៉ឺនរៀល ក្នុងមួយថ្ងៃ ប៉ុន្តែសម្រាប់ពួកយើង យើងបានដាក់សំណើសុំចរចាជាមួយក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុននៅតែបដិសេធ»។
អ្នកស្រី សោភ័ណ្ឌ បានអះអាងថា អាកាសយានដ្ឋានបានជ្រើសរើសកម្មករថ្មីមួយចំនួនដើម្បីសម្អាត តាមរយៈក្រុមហ៊ុនបន្ត ប៉ុន្តែមេដឹកនាំសហជីពមិនទទួលបានការងារទាំងនោះទេ។ ក្រុមហ៊ុនមិនបានឆ្លើយតបទៅនឹងសំណើសុំការអធិប្បាយតាមអ៊ីម៉ែលឡើយ។
អ្នកស្រី សោភ័ណ្ឌ បានថ្លែងថា៖ «ក្រុមហ៊ុនហាក់ដូចជាមិនខ្លាចសោះ។ ពួកគេមានលុយ គេអាចធ្វើអ្វីតាមចិត្ត»។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWF) លោក ទូច កុសល យល់ឃើញថា ជំងឺកូវីដ-១៩ ជាលេសដ៏ពេញនិយមសម្រាប់បណ្តាក្រុមហ៊ុន ក្នុងការកាត់បន្ថយចំនួនកម្មករ ជាពិសេសកម្មករដែលជាសមាជិកសហជីព។
នៅក្នុងវិស័យសណ្ឋាគារវិញ បន្ថែមទៅលើជម្លោះដែលកំពុងបន្តជុំវិញការបញ្ឈប់កម្មកររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ លោកមើលឃើញថា សណ្ឋាគារខ្នាតអន្តរជាតិធំៗកេងប្រវ័ញ្ចកម្មករ ដូចជា សហជីពឯករាជ្យមួយត្រូវបានគាបសង្កត់នៅសណ្ឋាគាររ៉ូសវូដ (Rosewood)។
លោកបាននិយាយថា៖ «ឥលូវនេះ យើងមើលឃើញថា សណ្ឋាគារលំដាប់អន្តរជាតិបានរំលោភលក្ខខណ្ឌការងារ និងសិទ្ធិការងារ។ ចុះសណ្ឋាគារក្នុងស្រុកតូចៗ និងសណ្ឋាគារដែលគ្មានសហជីពវិញ? តើនឹងមានការរំលោភបំពានការងារប៉ុនណា?»
បើតាមលោក កុសល បុគ្គលិកសណ្ឋាគាររ៉ូសវូដ ចំនួន១២នាក់ បានទទួលការគាំទ្រពីកម្មករចំនួន១០០នាក់ ដើម្បីបង្កើតសហជីព ប៉ុន្តែសមាជិកស្ថាបនិកម្នាក់បានលាលែង បន្ទាប់ពីពួកគេបានដាក់លិខិតចុះបញ្ជីទៅក្រសួងការងារនៅដើមឆ្នាំ២០២១។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីខែវិច្ឆិកាថា ក្រុមហ៊ុនបានបង្ខំកម្មករឱ្យលាលែងពីក្រុមរៀបចំបង្កើតសហជីព។
លោក កុសល បាននិយាយថា សហជីពនៅតែបំពេញតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ ក្នុងការចុះបញ្ជីសហជីព ដោយមានសមាជិកយ៉ាងតិច១០នាក់ដែលកំពុងបម្រើការយ៉ាងសកម្មនៅក្រុមហ៊ុន។ ទោះយ៉ាងណា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានច្រានចោលសំណើសុំចុះបញ្ជីនេះ ហើយចោទជាសំណួរថា ហេតុអ្វីបានជាសហជីពផ្តល់បញ្ជីឈ្មោះត្រឹមតែ១២ នាក់ប៉ុណ្ណោះ? ខណៈអះអាងថាមានមនុស្ស១០០នាក់ផ្សេងទៀតនឹងចូលរួមក្នុងសហជីព។
លោក កុសល បាននិយាយថា៖ «ខ្ញុំបានស្នើឱ្យ [កម្មករ] ឱ្យបោះឆ្នោតម្តងទៀត ប៉ុន្តែពួកគាត់មិនព្រមបោះឆ្នោតឡើងវិញ […] ខ្ញុំបានឮថា ពួកគាត់ខ្លាចគេបញ្ឈប់ពីការងារ»។
លោកបន្ថែមថា អ្នករៀបចំបង្កើតសហជីពខ្លះបានផ្លាស់ប្តូរការងារ ឬទទួលបានការដំឡើងតំណែងនៅក្នុងក្រុមហ៊ុន។
នាយកគ្រប់គ្រងរបស់សណ្ឋាគាររ៉ូសវូដ លោក ដាញីយ៉ែល សាយមិន (Daniel Simon) មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ ខណៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនបានឆ្លើយតបនឹងសំណួរទេ នៅសប្តាហ៍នេះ។
លោក កុសល បាននិយាយថា បញ្ហានេះកំពុងរីករាលដាល ហើយបានប្រដូចស្ថានការណ៍នេះទៅនឹងការបញ្ឈប់មេដឹកនាំសហជីពពីការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។
លោក បូរ៉ា ដែលជាសមាជិកសហជីព និងជាបុគ្គលិកមួយរូបនៅអាកាសយានដ្ឋាន ក៏បានប្រដូចការបញ្ឈប់រូបលោកពីការងារទៅនឹងការបញ្ឈប់កម្មករក្រុមហ៊ុនហ្គាវើលដ៍ផងដែរ។ លោកថា លោកខកចិត្តដែលក្រុមហ៊ុនបញ្ឈប់កម្មករដោយបំពានច្បាប់ស្តីពីការងារ ហើយក្រសួងការងារមិនបានឆ្លើយតបករណីនេះ។
លោកបាននិយាយថា៖ «ប្រសិនបើពួកគេអនុញ្ញាតឱ្យក្រុមហ៊ុនមួយធ្វើបែបនេះ ក្រុមហ៊ុនផ្សេងទៀតនឹងធ្វើតាម។ វាជាគំរូអាក្រក់សម្រាប់ក្រុមហ៊ុនបរទេសផ្សេងទៀតដែលមកធ្វើអាជីវកម្មក្នុងប្រទេសរបស់យើង»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Tourism Workers See Parallels Between NagaWorld, Their Own Disputes