ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទម្សិលមិញ បានស្នើដល់មេដឹកនាំនៃបណ្ដាប្រទេសលោកខាងលិច រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីឈី ស៊ូណាក់ ដែលជួបប្រជុំគ្នានៅប្រទេសឡាត់វី (Latvia) ឱ្យផ្គត់ផ្គង់នូវប្រព័ន្ធសព្វាវុធបន្ថែមទៀតដល់ខ្លួន ដើម្បីជួយឱ្យសង្គ្រាមឈ្លានពានដោយរុស្ស៊ីអាចបញ្ចប់ទៅក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ខណៈដែលសម្ពន្ធមិត្តនៃបណ្ដាប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក បាននិងកំពុងផ្ដល់ការគាំទ្រដល់អ៊ុយក្រែន ជាមួយនឹងការផ្តល់មូលនិធិ ការបណ្តុះបណ្តាលយោធា និងសព្វាវុធនោះ អ៊ុយក្រែនបានលើកឡើងថា ប្រទេសខ្លួននៅតែត្រូវការជាចាំបាច់បន្ថែមទៀត ដើម្បីធ្វើឱ្យសកម្មភាពឈ្លានពានរបស់រុស្ស៊ីដែលអូសបន្លាយអស់រយៈពេល១០ខែមកនេះបរាជ័យ។
ថ្លែងតាមរយៈប្រព័ន្ធវីដេអូទៅកាន់មេដឹកនាំប្រទេសនានា ក្នុងអំឡុងកិច្ចប្រជុំនៃកងកម្លាំងបេសកកម្មរួម (JEF) ដែលដឹកនាំដោយអង់គ្លេស លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បន្តថា៖ «មានកត្តាជាច្រើនដែលអាស្រ័យលើអ្នករាល់គ្នា ទាក់ទងថាតើសង្គ្រាមមនេះនឹងបញ្ចប់ដោយរបៀបណា។ ការដែលកម្លាំងការពាររបស់យើងកាន់តែជោគជ័យ ការឈ្លានពានរបស់រុស្ស៊ីនឹងបរាជ័យកាន់តែលឿនផងដែរ»។
លោកក៏បានថ្លែងទៅកាន់លោក រីឈី ស៊ូណាក់ ឱ្យដឹងផងដែរថា៖ «ខ្ញុំសូមស្នើឱ្យអ្នកបង្កើនលទ្ធភាពនៃការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសដល់ប្រទេសរបស់យើងបន្ថែមទៀត ក៏ដូចជាជួយពន្លឿនរាល់ការសម្រេចចិត្តដែលពាក់ព័ន្ធទាំងឡាយដែលត្រូវធ្វើឡើងដោយសម្ពន្ធមិត្តរបស់យើងផងដែរ»។
ដឹកនាំដោយចក្រភពអង់គ្លេស កិច្ចប្រជុំ JEF ត្រូវបានកំណត់ដើម្បីឆ្លើយតបយ៉ាងឆាប់រហ័សចំពោះវិបត្តិនៅអឺរ៉ុបខាងជើង ដែលក្នុងនោះមានការចូលរួមដោយប្រទេសដាណឺម៉ាក អេស្ដូនី ហ្វាំងឡង់ អ៊ីស្លង់ ឡាត់វី លីទុយអានី ហូឡង់ ន័រវែស និងស៊ុយអែត។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនទៅលើអ៊ុយក្រែនតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រកាលពីខែកុម្ភៈឆ្នាំនេះ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈលោក ហ្សេលេនស្គី ក៏ធ្លាប់បានចោទប្រទេសរុស្ស៊ីថាកំពុងតែព្យាយាមកម្ចាត់ប្រទេសរបស់លោកចេញពីពិភពលោកផងដែរ។
ទាក់ទិននឹងករណីនេះ ចក្រភពអង់គ្លេស រួមនឹងបណ្ដាប្រទេសលោកខាងលិច ក៏បានខិតខំធ្វើសកម្មភាពជាច្រើន ក្នុងការឆ្លើយតបជាអន្តរជាតិចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលរួមមានការផ្តល់ជំនួយផ្នែកយោធា ការជំរុញឱ្យមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបន្ថែមទៀតលើរុស្ស៊ី និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ៕











