សត្វផ្សោត​មួយក្បាល​ត្រូវបាន​ប្រទះ​ឃើញ​ងាប់​នៅ​ក្បែរ​អន្លង់​មួយ​ជាប់​ព្រំប្រទល់​រវាង​ខេត្តស្ទឹងត្រែង​និង​ក្រចេះ

សត្វ​​ផ្សោត​​អ៊ីរ៉ាវ៉ាឌី (Irrawaddy) មួយក្បាល ត្រូវបានប្រទះឃើញងាប់អណ្តែតតាមទឹកទន្លេមេគង្គ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ (WWF-Cambodia)

​សត្វ​​ផ្សោត​​អ៊ីរ៉ាវ៉ាឌី (Irrawaddy) មួយក្បាល ត្រូវ​​បា​ន​​ប្រទះ​ឃើញ​ងាប់​នៅ​ក្នុង​ទន្លេមេគង្គ នៅ​​ចុង​​សប្ដាហ៍​​​នេះ ដែល​​បង្ហាញ​ពី​ការ​កើនឡើងគួរឱ្យព្រួយបារម្ភនៃការបាត់បង់ប្រភេទ​សត្វ​ផ្សោតជិត​ផុត​​ពូជ។

អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) បាន​បង្ហោះនៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​​របស់​​ខ្លួន​ថា សត្វ​ផ្សោត​នេះត្រូវ​បានប្រទះឃើញងាប់កាលពីថ្ងៃអាទិត្យ ដែល​មានអាយុចន្លោះពី ១៥-២០ឆ្នាំ និង​មាន​ទម្ងន់​ ១៦២​គីឡូ​ក្រាម។ សត្វ​ផ្សោត​​ដែល​ងាប់នេះ ​ត្រូវ​បាន​​ប្រទះ​ឃើញ​នៅ​ក្បែរ​អន្លង់​មួយ​ជាប់​ព្រំប្រទល់​រវាងខេត្ត​ស្ទឹងត្រែង និងខេត្ត​ក្រចេះ។

យោង​តាម​ក្រុម​អភិរក្ស សត្វផ្សោតនេះទំន​ង​ជា​ងាប់​បន្ទាប់​ពីជា​ប់​នៅក្នុង​មង​នេសាទ ដោយឃើញ​មានស្នាមក្រឡាមងពេញខ្លួន។ អង្គការ WWF បាន​លើកឡើង​​នៅ​ក្នុងសារបង្ហោះលើទំព័រ​​ហ្វេស​ប៊ុក​​របស់ខ្លួនថា នៅឆ្នាំនេះ មាន​​សត្វផ្សោត​ងាប់ចំនួន៩ក្បាល និង ​២៧​ក្បាល​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ។

នាយក​ប្រចាំ​ប្រទេស​នៃអង្គការ WWF លោក សេង ទៀក មានប្រសាសន៍​ថា៖ «ព័ត៌មាន​អំ​ពី​ការ​រកឃើញ​សត្វផ្សោតងាប់​នីមួយៗ ពិតជាធ្វើឱ្យមានភាពសោកសង្រេងខ្លាំង​ណាស់ ហើយ​យើង​សោកស្តាយខ្លាំងបំផុតគឺនៅពេល​សត្វផ្សោតពេញវ័យ ដែលមានសុខភាពល្អ ដូចសត្វផ្សោតមួយក្បាលនាពេល​នេះបាន​បាត់​បង់​ជីវិត ព្រោះវាប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​លទ្ធភាពនៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គដែលមានចំនួនសេសសល់តិចតួចស្រាប់»។

លោក ទេព អស្នារិទ្ធ​ ប្រធាន​ផ្នែកកិច្ចការសាធារណៈរបស់អង្គការ WWF មានប្រសាសន៍ថា ជារឿយៗ មង​​នេសាទ ពាក់ព័​ន្ធនឹ​ង​ការងាប់​របស់​សត្វ​ផ្សោត។ លោក​​បន្ថែម​ថា មង​នេសាទ​ប្រវែង ១៧៤ ០០០ម៉ែត្រ ត្រូវបាន​រឹប​អូស​ក្នុង​រយៈ​ពេល៣​ឆ្នាំចុងក្រោយនេះ និងមានការឆក់ត្រីចំនួន ១០៥ករណី នៅក្នុងអន្លង់ដែលមានសត្វ​ផ្សោតរស់នៅ។

លោក​​បាន​​បន្ថែ​ម​ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មាន​សត្វ​ផ្សោតជា​ច្រើនក្បាលបាន​​ងាប់ ដែលករណីនេះជារឿង​គួរឱ្យព្រួយបារម្ភ។

លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្សជលផល​ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បាន​​ថ្លែង​​ថា​ ជា​ធម្មតា ​ក្នុងមួយឆ្នាំ សត្វ​ផ្សោត​ចន្លោះ​ពី ៤ ទៅ ៨ក្បាល​​ងាប់។ លោក​បន្តថា បច្ចុប្បន្ននេះ មានសត្វផ្សោតពេញវ័យចំនួន ៨៩​ក្បាល ហើយសត្វផ្សោតដែលមានសក្តានុពល គឺ​មាន​រហូត​ដល់ ១០០​ក្បាល ប្រសិនបើរាប់ទាំងកូន។

លោក អ៊ុក វិបុល បន្ថែម​​​​ថា ជាធម្មតា​ សត្វ​ផ្សោត​​ងាប់​ដោយ​​សារ​មាន​អាយុ​ច្រើន ប៉ុន្តែបច្ចុប្បន្ន​​នេះ​ មាន​សត្វផ្សោតពេញវ័យ​​កាន់តែច្រើនឡើងងាប់​បន្ទាប់​​ពី​ជាប់​​​មង​នេសាទ ឬ​​ដោយ​សារ​ការ​នេសាទ​ខុស​ច្បាប់​នៅពេលយប់។

លោកមានប្រសាសន៍ថា៖ «សត្វផ្សោតងាប់ជារៀងរាល់ឆ្នាំ ប៉ុន្តែក្នុងរយៈពេល​​​​​៣ឆ្នាំចុងក្រោយនេះ សត្វផ្សោតពេញ​វ័យ​កាន់​តែ​ច្រើន​បាន​ងាប់ ដែលគួរឱ្យបារម្ភ»។

លោកបន្ថែមថា សត្វផ្សោតតិច​តួចប៉ុណ្ណោះដែលមានអាយុច្រើន។

យោងតាមអង្គការ WWF សត្វផ្សោតទន្លេមេគង្គ Irrawaddy ត្រូវ​បាន​ប្រទះ​ឃើញ​ចាប់​ភាគ​ខាងជើង​ខេត្ត​ក្រចេះ រហូត​ដល់​ព្រំដែន​ប្រទេស​ឡាវ ហើយ​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គ​ការ​សហភាព​អន្ត​រជាតិ​ដើម្បី​ការ​អភិរក្ស​ធម្ម​ជាតិ (IUCN)៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Another Dead Mekong Dolphin Puts Pressure on Population


កែតម្រូវ៖ «[…] មង​នេសាទ​ប្រវែង ១៧ ០០០ម៉ែត្រ […]។» ទៅជា «[…] មង​នេសាទ​ប្រវែង ១៧៤ ០០០ម៉ែត្រ […]។»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ