លោក Elon Musk ប្រកាសចុះចេញពីតំណែងនាយកប្រតិបត្តិក្រុមហ៊ុន Twitter

រូបសញ្ញា Twitter និងរូបថតរបស់លោក Elon Musk ត្រូវបានបង្ហាញតាមរយៈឧបករណ៍ពង្រីកនៅក្នុងរូបភាពដែលបានថតនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។ (REUTERS/Dado Ruvic/Illustration/File Photo)

ស្ថាបនិក​ក្រុម​ហ៊ុន SpaceX និង​ជា​មហា​សេដ្ឋី​អាមេរិក​មួយ​រូប លោក Elon Musk បានឱ្យដឹងនៅថ្ងៃអង្គារ​ម្សិល​មិញ​ថា រូបលោកនឹងចុះចេញពីតំណែងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន ធ្វីតធ័រ (Twitter) នៅពេលឆាប់ៗខាងមុខនេះ ក្រោយ​ពេល​ដែល​ខ្លួន​អាច​ស្វែង​រក​អ្នក​ជំនួស​តំណែង​មួយ​នេះ​បាន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ​ទី២១ ខែធ្នូ ឆ្នាំ២០២២។

តាម​រយៈ​ការបង្ហោះនៅលើបណ្តាញ​សង្គម ធ្វីតធ័រ មហាសេដ្ឋីអាមេរិករូប​នេះបន្ត​ថា៖ «ខ្ញុំនឹងធ្វើការលាលែងចេញពីតំណែងជានាយកប្រតិបត្តិ​ភ្លាមៗ នៅពេល​ដែល​ខ្ញុំ​រក​អ្នក​ដែល​អាច​មក​ជំនួសការងារនេះបាន។ បន្ទាប់មកទៀត ខ្ញុំ​នឹងគ្រប់​​គ្រង​តែ​ក្រុម​ការ​ងារ​ផ្នែក​កម្ម​វិធី និងបណ្ដាញ [software & servers] តែប៉ុណ្ណោះ»។

នេះគឺជាលើកទីមួយហើយ​ដែលលោក Elon Musk បានលើកឡើងពីការលាលែងពីតំណែងជាប្រធានក្រុមហ៊ុន ធ្វីតធ័រ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញប្រព័ន្ធផ្សព្វផ្សាយ​សង្គមដ៏ល្បីឈ្មោះមួយនេះ បាននាំគ្នាបោះឆ្នោតឱ្យគាត់ចុះចេញពីតំណែង នៅក្នុងការស្ទង់មតិមួយដែលមហាសេដ្ឋីរូបនេះបានបើកឱ្យ​មាន​​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។

តាមរយៈការស្ទង់មតិដែ​ល​ធ្វើ​ឡើង​នៅលើ​បណ្តាញ​សង្គម ធ្វីតធ័រ ក្នុងនោះ គេសង្កេតឃើញមានប្រតិ​កម្ម​ប្រឆាំង​នឹង​ការកាន់កាប់តំណែងរបស់លោកនៅក្នុងក្រុមហ៊ុនមួយនេះយ៉ាងច្រើន ខណៈអ្នកប្រើប្រាស់ប្រមាណជា ៥៧,៥ ភាគរយ បានបោះឆ្នោតឱ្យលោក Elon Musk ចុះចេញពីតំណែងជានាយកប្រតិបត្តិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ