អង្គការ WHO៖ ជនជាតិ​អ៊ុយក្រែន​ម្នាក់​ក្នុង​ចំណោម​៤នាក់​ប្រឈម​នឹង​ជំងឺផ្លូវចិត្ត​ដោយសារ​សង្គ្រាម

ពលរដ្ឋ​ម្នាក់​ដើរ​នៅ​លើ​ផ្លូវ​ដ៏ស្ងាត់ជ្រងំ ខណៈ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នៅ​តែ​បន្ត នៅ​ក្នុង​ក្រុង Bakhmut ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី១៨ ខែ​ធ្នូ ឆ្នាំ​២០២២។ (REUTERS/Oleksandr Ratushniak)

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) មួយរូប បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញ​ថា មនុស្ស ១០លាន​នាក់ ឬប្រមាណជាមួយភាគបួន​នៃចំនួនប្រជាជនអ៊ុយក្រែន អាចទទួលរងនូវជំងឺផ្លូវចិត្ត ដោយ​សារ​តែ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ដែល​អូសបន្លាយអស់រយៈពេល១០​ខែ​ម​កនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ តាមរយៈប្រព័ន្ធវីដេអូ តំណាង​អង្គការ​សុខភាព​ពិភពលោកនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ លោក Jarno Habicht បានលើកឡើងថា៖ «អង្គការសុខភាពពិភពលោក​​ បានប៉ាន់ប្រមាណថា មនុស្ស [ពលរដ្ឋអ៊ុយក្រែន] រហូតដល់ ១០​លាននាក់ ស្ថិត​នៅ​ក្នុង​ហានិភ័យ​នៃ​ទម្រង់​នៃ​ជំងឺ​ផ្លូវ​ចិត្ត​ផ្សេងៗ​គ្នា ដោយរា​ប់​ចាប់​ពី​ការ​ថប់​បារម្ភ ភាពតានតឹង រហូតដល់ស្ថានភាពធ្ងន់ធ្ងរជាងនេះ»។

ប្រភពដដែលនេះបន្តថា ការកើនឡើងនៃករណីទាំងនេះ បន្ទាប់ពីសង្គ្រាមបានអូសបន្លាយអស់រយៈពេល១០​ខែ ដែលជំរុញឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ​​ដាច់ដោយឡែកមួយ បើកឱ្យមានសេវាកម្មគាំទ្រនានាតាមប្រព័ន្ធអនឡាញផងដែរ។

គួរបញ្ជាក់ថា ប្រព័ន្ធ​ថែទាំ​សុខភាព​របស់ប្រទេស​អ៊ុយក្រែន បាន​ស្ថិត​នៅ​ក្រោម​វិបត្តិ គិត​​ចាប់​​តាំ​ង​​ពី​​រុស្ស៊ី​បាន​បើកការ​​ឈ្លានពាន​ក្នុង​ខែ​កុម្ភៈ។

គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ប្រព័ន្ធថែទាំសុខភាពរបស់អ៊ុយក្រែនមានការវាយប្រហារយ៉ាងហោចណាស់៧០០​លើក ខណៈការវាយប្រហាររបស់រុស្ស៊ីលើ​ហេដ្ឋារចនាសម្ពន្ធសំខាន់ៗក៏មានការកើនឡើង​ផង​ដែរ ដោយបានបណ្ដាលឱ្យទីតាំងមួយប្រឈមនឹងបញ្ហាដាច់ចរន្តអគ្គិសនីប្រើប្រាស់។

ទោះជាយ៉ាងណា វិមានក្រឹមឡាំង ធ្លាប់បានលើកឡើង​កាលពីពេលកន្លងទៅថា ការវាយប្រហាររបស់​ខ្លួន​លើហេដ្ឋារចនាសម្ពន្ធរបស់អ៊ុយក្រែន គឺមិនមែនសំដៅទៅលើជនស៊ីវិលនោះទេ ដោយបន្ថែមថា អ៊ុយក្រែនអាចបញ្ចប់ទុក្ខវេទនារបស់ប្រជាជនខ្លួនបាន តាមរយៈការបំពេញតាមការទាមទាររបស់រុស្ស៊ីក្នុងការដោះស្រាយជម្លោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ