សមត្ថកិច្ចថា ពលរដ្ឋជីករ៉ែ៣នាក់ស្លាប់នៅខេត្តព្រះវិហារដោយសារឆក់ខ្សែភ្លើងនិងខ្យល់គ មិនមែនដោយសារដីបាក់សង្កត់

រូបសកម្មភាព កន្លែងបូម និង ជីករ៉ែ មាស នៅស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី ៩ ខែ ៩ ឆ្នាំ ២០១៨។ រូបភាព៖ ផ្ដល់ឲ្យ

សមត្ថកិច្ចស្រុករវៀង ខេត្តព្រះវិហារ អះអាងថា ពលរដ្ឋជីករ៉ែ ៣នាក់ បានស្លាប់ដោយសារឆក់ខ្សែភ្លើង និងខ្យល់គ មិនមែនដោយសារដីបាក់សង្កត់ដូចការផ្សព្វផ្សាយឡើយ ខណៈអាជ្ញាធរបានស្រាវជ្រាវមិនឃើញថាមានជាប់ពាក់ព័ន្ធនឹងបញ្ហាផ្សេងទេ តែបញ្ហាកើតឡើងពីភាពធ្វេសប្រហែសរបស់ពលរដ្ឋខ្លួនឯង។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានផ្សព្វផ្សាយថា កម្មករក្រុមហ៊ុនរ៉ែមាសនៅខេត្តព្រះវិហារ ៣នាក់ ត្រូវបានដីសង្កត់ស្លាប់ ក្នុងពេល​ជីក​រក​រ៉ែមាសក្នុង​រណ្ដៅដី​ជម្រៅជាច្រើនម៉ែត្រ នៅតំបន់ភ្នំលុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។

អធិការរងនគរបាលស្រុករវៀង ទទួលបន្ទុកការងារព្រហ្មទណ្ឌ លោក ព្រំ ស៊ីថា មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃទី២២ ខែធ្នូនេះថា ពលរដ្ឋប្រកបរបរជីករ៉ែ ៣នាក់ ពិតជាបានស្លាប់នៅភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែធ្នូ ប្រាកដមែន។ ប៉ុន្តេលោកថា បញ្ហានេះកើតឡើងនៅទីតាំង២ផ្សេងគ្នា ក្នុងនោះ ពលរដ្ឋ២នាក់បានស្លាប់ដោយសារពួកគេធ្វេសប្រហែស បណ្ដាលឱ្យឆក់ខ្សែភ្លើងក្នុងពេលបំពេញការងារ ខណៈម្នាក់ក្នុងចំណោមនោះបានស្លាប់ដោយសារខ្យល់គ បន្ទាប់ពីបំពេញការងាររួច។

លោកបន្តថា ក្នុងចំណោមពលរដ្ឋទាំង៣ មាន២នាក់ជាអ្នកភូមិរស់នៅទីតាំងកើតហេតុផ្ទាល់។ នៅថ្ងៃកើតហេតុ ពួកគេធ្វើការនៅរណ្ដៅទុកចោលមួយ ជាមួយពលរដ្ឋ២នាក់ផ្សេងទៀត ដោយចែកទីតាំង ២នាក់ធ្វើការក្រៅ និង២នាក់ធ្វើការក្នុងអន្លង់។ លោកថា ពួកគេបានភ្ជាប់ចរន្តអគ្គិសនីខាងលើអន្លង់ ដាក់ម៉ូទ័របូមទឹកចេញដើម្បីជីករ៉ែ ប៉ុន្តែមិនដឹងថាពួកគេបានកាប់ដីប៉ះខ្សែភ្លើង ឬយ៉ាងណា ទើបបណ្តាលឱ្យឆក់បែបនេះ។

ដោយឡែក លោកថា អ្នកស្លាប់ម្នាក់ទៀតមានស្រុកកំណើតនៅខេត្តក្រចេះ និងមករកស៊ីជីករ៉ែមាសនៅខេត្តព្រះវិហារ។ ពលរដ្ឋរូបនេះបានខ្យល់គ ទំនងជាស្លាក់ខ្យល់ ខណៈគាត់បានទៅងូតទឹកក្រោយជីករ៉ែរួច នៅថ្ងៃទី២០ ខែធ្នូ ដដែល។

បើតាមអធិការរងស្រុករូបនេះ ពលរដ្ឋទាំងនោះជីករ៉ែជាលក្ខណៈគ្រួសារ មិនមែនធ្វើការឱ្យក្រុមហ៊ុនណាមួយទេ។

លោក ព្រំ ស៊ីថា និយាយថា៖ «អត់មាន[បាក់ដីសង្កត់]ទេ! ខ្ញុំជាអ្នកធ្វើកំណត់ហេតុ ធ្វើអីទាំងអស់ជាមួយបងព្រះរាជអាជ្ញារង។ ហើយខ្ញុំចុះទៅពិនិត្យកន្លែងកើតហេតុ កន្លែងអីទាំងអស់ ទាំងសពទាំងអី ខ្ញុំពិនិត្យសព ពិនិត្យអីទាំងអស់ អត់មានទេ […] សំណុំរឿងឯកសារនៅសមត្ថកិច្ចឯណេះទាំងអស់ទេ។ ក្រោយពេលសមត្ថកិច្ចចុះទៅស្រាវជ្រាវពិនិត្យ ហើយថាវាអត់មានពាក់ព័ន្ធនឹងករណីអីផ្សេងទេ វាជាការធ្វេសប្រហែសរបស់ក្រុមគាត់ទេ គ្នាគាត់ទេ ខ្លួនគាត់ផ្ទាល់ទេ អត់មានអ្នកណាពាក់ព័ន្ធករណីអីផ្សេងទេ»

លោកថា ពួកគេមិនទទួលបានការសងសំណងអ្វីឡើយ ពីព្រោះនេះមិនមែនជាបទល្មើស ពោលគឺពួកគេជីករ៉ែដោយសហការគ្នា និងមិនត្រូវគេជួល។

លោកបន្ថែមថា«ពាក់ព័ន្ធរឿងនេះ គឺអត់មានសំណងអីទេ ព្រោះវាអត់មានបទល្មើសអីទេ អត់ជួលទេ គឺសហការគ្នាទេ អត់មានពាក់ព័ន្ធអីទេ។ អ៊ីចឹងគាត់ធ្វើបុណ្យតាមប្រពៃណី ហើយអត់មានសំណងអីទេ ព្រោះអត់មានអ្នកគ្រប់គ្រងអីទេ គាត់ធ្វើការទាំងអស់គ្នាទេ»

បើតាមអធិការរងនគរបាលស្រុករវៀង មានក្រុមហ៊ុនជីករ៉ែតែប៉ុណ្ណោះដែលមានអាជ្ញាបណ្ណស្របច្បាប់នៅតំបន់លោកគ្រប់គ្រង ក្រៅពីនោះសុទ្ធតែជីករ៉ែលក្ខណៈគ្រួសារ។

ដោយឡែក មេឃុំរមទម អ្នកស្រី វ៉ឹក យ៉ា ប្រាប់វីអូឌីនៅថ្ងៃទី២២ ខែធ្នូនេះថា ពិតជាមានករណីមនុស្សស្លាប់៣នាក់ នៅតំបន់ភ្នំលុង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី២០ ខែធ្នូ ពិតមែន។ ពួកគេទាំង៣បានស្លាប់ក្នុងថ្ងៃតែ១ ក្នុងនោះមាន២នាក់ធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នា និងម្នាក់ទៀតស្ថិតនៅក្រុមហ៊ុនផ្សេង។

អ្នកស្រីប្រាប់ថា សមត្ថកិច្ចបានស៊ើបអង្កេតលើករណីនេះ និងរកឃើញថាពួកគេស្លាប់ដោយសារឆក់ខ្សែភ្លើងនៅកន្លែងជីករករ៉ែ។ យ៉ាងណា អ្នកស្រីបានផ្ទេរការងារនេះឱ្យជំទប់ឃុំ ចុះពិនិត្យជំនួស ដោយសារអ្នកស្រីមានធុរៈ។

បើទោះជាយ៉ាងនេះក្តី មេឃុំរូបនេះប្រាប់ថា អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ខេត្ត បានធ្វើបុណ្យសពជូនពួកគេរួចហើយ។

អ្នកស្រីថា៖ «ខ្ញុំដឹង គេរាយការណ៍ឱ្យខ្ញុំថា[ជនរងគ្រោះ]ឆក់ខ្សែភ្លើងហ្នឹងឯង។ ដល់ពេលប៉ូលិសគេទៅស៊ើបអង្កេត គេមើលតើ! គេទៅមើលទីតាំងជាក់ស្តែង វាបង្កមកពីហេតុអីមែនទែន គេស៊ើបអង្កេត»

អ្នកស្រីបន្តថា គាត់ស្គាល់កម្មករ២នាក់ក្នុងនោះ ខណៈពួកគេជាពលរដ្ឋរស់នៅក្នុងឃុំ ក្នុងនោះមានឈ្មោះ មិន បុរី (ហៅ ទា បុរី), យ៉ន យឿន។ ដោយឡែក ម្នាក់ទៀតជាកម្មករស៊ីឈ្នួលដែលមកពីខេត្តក្រចេះ ខណៈអ្នកស្រីមិនបានបញ្ជាក់ឈ្មោះ។

បើតាមមេឃុំរូបនេះ តាំងពីមុនក៏ធ្លាប់មានអ្នកស្លាប់នៅពេលជីករ៉ែដែរ ដោយឡែកសម្រាប់ឆ្នាំ២០២២ ទើបតែមានស្លាប់៣នាក់នេះទេ។

ជនបង្គោលអនុផលព្រៃឈើ ប្រចាំសហគមន៍ក្នុងឃុំរមទម ដែលអះអាងថាជាចាស់ព្រឹទ្ធាចារ្យក្នុងភូមិផងនោះ លោក ទុយ ឆេង បញ្ជាក់ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា កាលពីថ្ងៃទី២០ ខែធ្នូ ពិតជាមានកម្មករជីករ៉ែ២នាក់ឆក់ខ្សែភ្លើងស្លាប់ និងម្នាក់ទៀតខ្យល់គស្លាប់ នៅទីតាំង២ផ្សេងគ្នាពិតមែន។

លោកថា ចំពោះករណី២នាក់ដែលឆក់ខ្សែភ្លើង គឺជាពលរដ្ឋក្នុងភូមិ ហើយមិនមែនឆក់ពេលពួកគេកំពុងធ្វើការទេ តែកើតឡើងនៅពេលពួកគេលាងខ្លួននៅខាងលើឯក្រៅរណ្តៅ តែមិនចាប់អារម្មណ៍ថាខ្សែភ្លើងម៉ូទ័រដាច់ចូលទឹក ក៏ឆក់ស្លាប់ទាំង២នាក់។ រីឯម្នាក់ទៀតខ្យល់គ នៅទីតាំងផ្សេងមួយទៀតក្នុងឃុំជាមួយគ្នា ដែលគេមានស្រុកកំណើតនៅខេត្តក្រចេះ។

លោក ទុយ ឆេង ថាពួកគេជាកម្មករស៊ីឈ្នួលជីករ៉ែលក្ខណៈគ្រួសារនៅក្នុងភូមិ មិនមែនជីករ៉ែសម្រាប់គ្រួសារខ្លួនឯងទេ។

លោកថា៖ «វាសព្វថ្ងៃ វាអត់មានធ្វើដោយខ្លួនឯងទេ ក៏ប៉ុន្តែក្នុងការធ្វើហ្នឹងឯង គឺពួកគាត់ហ្នឹងឯងជាកម្មករ។ ហើយកម្មករហ្នឹងឯង មិនមែនកម្មករក្រុមហ៊ុនអនាធិបតេយ្យដែលមានក្រុមគេហ្នឹងទេ គឺកម្មករគ្នាឯង នៅនឹងស្រុកនិងភូមិអ្នកត្រពាំងទឹម អ្នករំដេងហ្នឹងណា! ឈ្មោះ ជន វណ្ណា ហ្នឹង គឺជាម្ចាស់រណ្តៅហ្នឹង»

លោកបន្តថា គ្រួសារពួកគេមានជីវភាពក្រីក្រខ្លាំងណាស់។ លោកឃើញអាជ្ញាធរមកសួរនាំគ្រួសារ តែមិនដឹងថាម្ចាស់អាជីវកម្មរ៉ែលក្ខណៈគ្រួសារនោះ បានផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសាររងគ្រោះប៉ុន្មាននោះទេ។

លោកបន្តថា៖ «ខាងអាជ្ញាធរ សមត្ថកិច្ចគេចុះមក គេសម្របសម្រួល ក៏ម្ចាស់ខាងអាជីវកម្មគេជួយធ្វើបុណ្យធ្វើទាន ប៉ុន្តែគ្រាន់តែថាក្នុងតម្លៃប៉ុន្មាន អីប៉ុន្មាន ខ្ញុំវាអត់ដឹងទេ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ថ្លែងថា លោកបានទទួលព័ត៌មានពីករណីកម្មករ២នាក់ស្លាប់ដោយសារឆក់ខ្សែភ្លើងនេះដែរ។ បែបនេះក្តី លោកមិនបានដឹងថាតើមានព័ត៌មានលាក់លៀមពីក្រោយ ឬយ៉ាងណានោះទេ ព្រោះទីតាំងជីករ៉ែទាំងនោះ គឺសង្គមស៊ីវិលមិនងាយចូលស៊ើបអង្កេតបានឡើយ។

ក្រៅពីនេះ លោកថា កន្លងទៅ ក៏មានកម្មករស្លាប់ដែរ ដោយសារដីបាក់សង្កត់ជាដើម ប៉ុន្តែលោកមិនមានតួលេខអ្នកស្លាប់សរុបទេ ព្រោះព័ត៌មានខ្លះត្រូវបានបង្ហាញ ឯព័ត៌មានខ្លះត្រូវបានគេបិទបាំង។

យ៉ាងណា លោកជំរុញសមត្ថកិច្ចស៊ើបអង្កេតដោយម៉ឺងម៉ាត់ និងតម្លាភាព ករណីមានកម្មករឬពលរដ្ឋស្លាប់នៅទីតាំងជីករ៉ែបែបនេះ។

លោក ឡោ ចាន់ ថា៖ «ជាគោលការណ៍ច្បាប់ នៅពេលដែលកម្មករ ឬនៅពេលជនណាម្នាក់ស្លាប់ដោយសារតែធ្វើការអ៊ីចឹង អាជ្ញាធរត្រូវតែធ្វើការស៊ើបអង្កេតឱ្យបានយកចិត្តទុកដាក់។ ជាពិសេស ដើម្បីចង់ដឹង ធ្វើកោសលវិច័យ ថាតើគាត់ស្លាប់ដោយសារតែឆក់ខ្សែភ្លើងមែន ឬស្លាប់ដោយសារប្រការណាមួយ។ អាហ្នឹងនិយាយពីគោលការណ៍ច្បាប់ទេ។ ប៉ុន្តែភាពជាក់ស្តែង ខ្ញុំមិនហ៊ានអះអាងទេ ដោយសារតែក្រែងតំបន់ហ្នឹងសុទ្ធជាតំបន់ឈ្មួញ តំបន់អីអនាធិបតេយ្យខ្លះ ក្រុមហ៊ុនស្របច្បាប់ខ្លះ អីខ្លះ គាត់មិនហ៊ានចូលដែរ ក៏ខ្ញុំមិនហ៊ានថាដែរ។ ប៉ុន្តែជាគោលការណ៍ គឺកាលណាដែលមានជនណាស្លាប់ហើយ គេត្រូវតែធ្វើកោសលវិច័យ ដើម្បីចង់ដឹងជននោះស្លាប់ដោយសារអី!»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ