តុលាការបញ្ចប់សេចក្ដីសន្និដ្ឋានស្ថាពរនិងកំណត់ថ្ងៃប្រកាសសាលក្រមករណីលោក កឹម សុខា នៅដើមខែមីនា ឆ្នាំ២០២៣

លោក កឹម សុខា អំឡុងពេលចូលរួមសវនាការដែលប្រើពេលវេលាជាង១៣ម៉ោង ក្នុងការជំនុំជម្រះដើម្បីរកភាពត្រឹមត្រូវ សម្រាប់សំ​​ណុំ​​រឿង​ព្រហ្មទណ្ឌក្រោមបទ«គប់គិតជាមួយរដ្ឋបរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល តាមររយៈបដិវត្តន៍ពណ៌​​នៅ​​កម្ពុជា» នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សវនាការដែលប្រើពេលវេលាជាង១៣ម៉ោង ក្នុងការជំនុំជម្រះដើម្បីរកភាពត្រឹមត្រូវ សម្រាប់សំ​​ណុំ​​រឿង​ព្រហ្មទណ្ឌក្រោមបទ«គប់គិតជាមួយរដ្ឋបរទេស ចង់ផ្ដួលរំលំរដ្ឋាភិបាល តាមររយៈបដិវត្តន៍ពណ៌​​នៅ​​កម្ពុជា»នេះ ត្រូវបានក្រុមប្រឹក្សា​​ជំនុំ​​ជម្រះនៃតុលាការថ្នាក់ទាប សម្រេចនឹងចេញ​​​សាល​​​ក្រម​​​នៅដើមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្រោយពីបញ្ចប់ភាពតានតឹងក្នុងហេតុផលការពារ និងដាក់បន្ទុក តាមរយៈ​​សេចក្តីសន្និដ្ឋានរបស់​​គូ​​ភា​​គីនៅក្នុងសំណុំរឿង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញលោក កូយ សៅ បានសម្រេចភ្លាមៗថា សា​​ល​​ក្រម​​នៃ​​រឿងក្ដី​​ព្រ​ហ្ម​​ទណ្ឌមួយនេះនឹងប្រកាសឱ្យដឹងស​​ខ្មៅ​​ នៅពេល​​​​​​ព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ​​២​​០​២​​៣​។

សវនាការដែលបិទបញ្ចប់ទៅហាក់មិនអស់ចិត្តទាំងសងខាងនេះ ត្រូវបានប្រធាន​​ក្រុមប្រឹក្សាជំនុំ​​ជ​ម្រះ លើក​​ឡើងថា បើទោះជាត្រូវតតាំងទៀតក៏មិនចប់ដែរ ហេតុនេះតុលាការសម្រេចឱ្យគូភាគី​​មា​​ន​​​​​ពេ​​ល​​​​​វេលា ៥នាទីម្នាក់ទៀតបន្ថែមលើសេចក្តីសន្និដ្ឋាន ដើម្បីថ្លែងការពារពីការដោះបន្ទុកនៃ​​ការ​​ចោ​ទ​​ប្រកាន់រៀងៗខ្លួន។

បើទោះបែបណា គេសង្កេតឃើញថា នេះអាចរាប់បានថា វាជាសវនាការលើកទី១ហើយ ដែល​​តុ​​​​​​លា​​​​ការត្រូវប្រើពេលក្នុងការកាត់ក្ដីរហូតដល់ម៉ោង៩និង១៣នាទីយប់ ទើបបិទបញ្ចប់ការជំនុំជម្រះ។ ​​សម្រាប់​សេចក្តីសន្និដ្ឋានរបស់សហមេធាវីការពារក្តីពីខាងរដ្ឋាភិបាល បានប្រើប្រាស់ពេល​​វេលា​​រប​ស់​​​​​ខ្លួនក្នុងការធ្វើសេចក្តីសន្និដ្ឋាន ទាំងទាញហេតុផលផ្ទាល់មាត់ និងនិក្ខេបបទផង ជិត៤ម៉ោង ខ​​ណៈ​​​មេ​​ធា​​​​វីការ​​ពារសិទ្ធិ​​ឱ្យលោក កឹម សុខា បានប្រើពេលជិត៥ម៉ោង​​។

បើគេពិនិត្យអំពីសេចក្តីសន្និដ្ឋាននេះ គឺសហ​​មេធាវីការពារក្តីរបស់រដ្ឋាភិបាលដែលជាម្ចាស់បណ្ដឹង គឺធ្វើលើសពីការស្នើសុំពីចៅក្រម ដែលការស្នើសុំក្នុងការការពារនិក្ខេបបទនេះ គឺ​​ត្រូ​​វ​​ប្រើពេលប្រ​​មា​​ណ​​​​​តែ​​​១ម៉ោងនិង៣០នាទីទេ​ ស្របពេលដែលសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ស្នើសុំធ្វើ​​សេ​​​ចក្តីសន្និដ្ឋានរបស់ខ្លួនចំនួន៣ម៉ោង

លោក គី តិច សហមេធាវីម្នាក់ក្នុងចំណោមមេធាវី៣រូបទៀត បាន​​ជម្រាប​អង្គជំនុំជម្រះថា ក្នុង​​នា​ម​​ជាមេធាវីរបស់រដ្ឋាភិបាល លោកស្នើសុំឱ្យតុលាការផ្តន្ទា​​ទោស​​លោ​ក កឹម សុខា ដាក់ពន្ធ​​​នាគារ​ឱ្យ​​បានធ្ងន់ធ្ងរ ហើយសហមេធាវីការពារក្តីសម្រាប់ដើមបណ្ដឹង នឹងធ្វើ​​បណ្ដឹងសំណងដាច់ដោយ​​ឡែក​​មួ​យ​ទៀត ក្រោយសាលក្រមនេះចូលជាស្ថាពរ។ លោកបន្តថា ការទាមទារ ដោយសារជនជាប់ចោទបានប្រព្រឹត្តបទល្មើស ធ្វើឱ្យមានអំពើព្យសនកម្មកើតឡើង ដែលនាំទៅដល់​​ការខូចខាតទ្រព្យ​​សម្បត្តិ​​​សា​​ធារ​​ណៈរបស់រដ្ឋ ​បាត់​បង់ទ្រព្យសម្បត្តិ​​ឯក​ជន និងស្លាប់មនុស្ស។

ក្រោយចេញពីបន្ទប់ជំនុំជម្រះ លោក គី តិច បានផ្តល់បទសម្ភាសឱ្យអ្នកកាសែត ដោយលោក​​​ប​​ដិ​​​​​សេធថា ចំពោះសំណងទឹកប្រាក់ដែលត្រូវទាមទារនេះ មិនទាន់ដឹងថាត្រូវកម្រិតក្នុងទំហំ​​ប៉ុន្មាន​​​ឱ្យ​ពិត​​ប្រា​ក​​ដ​​​​​នៅ​​ឡើយទេ។

ដោយឡែក លោក ប្លង់ សុផល សហព្រះរាជអាជ្ញារង ដែលកាន់សំណុំរឿងនេះ ក៏បានលើកឡើង​​នៅ​​ក្នុងអង្គសវនាការដែរថា ចំពោះស្ថាប័នអយ្យការ ស្នើសុំឱ្យតុលាការផ្តន្ទាទោសប្រឆាំងលោក កឹម សុខា ឱ្យបានធ្ងន់ធ្ងរបំផុត ដកសិទ្ធិធ្វើនយោបាយស្ថាពរឬជារៀងរហូត និងចេញដីកាឱ្យចាប់​​ខ្លួន​​ឡើ​​​ង​​​វិញ។

នៅក្នុងបន្ទប់សវនាការ ទាំងសហមេធាវីការពារក្តីឱ្យដើមបណ្តឹង និងសហព្រះរាអាជ្ញារង សម្រាប់​​សេ​ចក្តី​សន្និដ្ឋាន ពួកគេសុទ្ធតែបានចោទប្រកាន់លោក កឹម សុខា ថាពិតជាមានការគប់គិតជា​​មួយ​​រដ្ឋ​​បរទេស និង​​ភ្នាក់​​ងារបរទេស ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងស្ថិតនៅក្នុងតំណែង។

តាមរយៈនិក្ខេបបទប្រមាណ ៨៦ទំព័រ ពីខាងមេធាវី​​របស់​​​រដ្ឋា​​​​​​ភិ​​​​បាល និង ២៥ទំព័រ ពីសហព្រះ​​រាអាជ្ញា​​រង បាន​បញ្ជាក់ថា ជនជាប់ចោទបានរៀបចំផែនការដោយ​​​សម្ងាត់​ជាដំណាក់កាលៗ ចាប់​​​​​ពី​​ឆ្នាំ១​៩​​៩​​៣ រហូតដល់ឆ្នាំ២០១៧ ដែលមានអង្គការបរទេស ភ្នាក់​​ងា​​​រ​ប​រទេស និងរដ្ឋជាបរទេស រៀប​​ចំ​​ផែ​ន​​​​ការធ្វើបដិវត្តន៍ពណ៌មិនបានសម្រេចនៅកម្ពុជា។

នៅក្នុងបទសន្ទិដ្ឋិភាពនេះ ទាំងលោកមេធាវី គី តិច និងលោក ប្លង់សុផល ដែលជាតំណាង​​អ​​យ្យ​​​​​​ការ លើកឡើងនៅក្នុងសេចក្តីសន្និដ្ឋានទាញហេតុផលផ្ទាល់មាត់ថា អំពើបាតុកម្មនៅផ្លូវវេង​​ស្រេ​ង នៅមុខវត្តស្ទឹងមានជ័យ នៅទីលានប្រជាធិបតេយ្យ នៅជិតគល់ស្ពានគីស៊ូណា និងនៅគល់​​ស្ពាន​ព្រះមុនីវង្សក្បាលថ្នល់ រួមទាំងចលនាផ្កាឈូក ជាដើម គឺសុទ្ធតែផែនការបដិវត្តន៍ពណ៌ ដោយមានការ​​ជ្រោ​មជ្រែងពីស្ថាប័នអន្តរជាតិ ដូចជា អង្គការ IRI, NDI, USAID អង្គារ Canvas និងមន្រ្តីចារកម្ម​​មួ​យ​​​​​​​ចំនួន​​ទៀតរបស់អាមេរិក និងអូស្រ្តាលី ព្រមទាំងអតីតប្រធានាធិបតី​​សហរដ្ឋអាមេរិក​​​​​​​ទី៤៥ គឺ​​លោ​​ក ដូ ណាល់ត្រាំ ជាដើម។

បន្ថែមពីលើនេះទៀត បើគិតពីអង្គហេតុ តាំងពីឆ្នាំ១៩៩៣ រហូតបង្កើតបានជាមជ្ឈ​​មណ្ឌល​​សិទ្ធិ​​មនុ​​​ស្សកម្ពុជា មុននឹងក្លាយជាប្រធានគណបក្សសិទ្ធិ​​មនុ​​ស្ស​​នៅឆ្នាំ២០០៧ លោក កឹម សុខា រងការចោទ​ប្រ​​កាន់​ថាបានសន្សំផែនការក្នុងការធ្វើបដិវត្តន៍ពណ៌នេះអស់រយៈពេល ២០ឆ្នាំមកហើយ។ ​​ការ​​ចោ​​ទ​​ប្រកាន់​​នៅក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះ ដោយម្ចាស់បណ្ដឹង គឺមេធាវីរបស់​រដ្ឋាភិបាល យោ​​ង​​​​​​លើ​​​​​ឃ្លីបវីដេអូជាង២​​នា​​ទី ដែលលោក កឹម សុខា ថ្លែងនៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី៩ ខែវិច្ឆិ​កា ឆ្នាំ២០១៣។

ឃ្លីបវីដេអូដែលស្ថិតក្នុងភាពចម្រូងចម្រាសរវាងគូភាគីនៅក្នុងសំណុំរឿង ត្រូវបានចៅក្រម​​សម្រេ​​ច​​ប្រើឃ្លីបវីដេអូដែលមានរយៈពេលជាង១ម៉ោងវិញ ក្រោយពីសហមេធាវីការ​​ពារសិទ្ធិឱ្យ​​ជនជាប់​​ចោទ អះអាងថា ភស្តុតាងដែលដាក់​​នៅក្នុងដីកាបញ្ជូនរឿង​​មកជំនុំជម្រះ ដែល​​មានរយៈពេល​​ជាង​​២​​នាទីនោះ ជាវីដេអូកាត់ត ក្នុងន័យដើម្បីដាក់បន្ទុកប្រឆាំងជនជាប់ចោទ។

សវនាការដែលប្រើពេលរហូតដល់ម៉ោងជាង៩យប់ កាលពីថ្ងៃម្សិលមិញនេះ ក៏បានចោទ​​ប្រកាន់​​លោក កឹម សុខា ទៀតថា តាមការផ្តល់សក្ខីកម្មពីសាក្សីមួយចំនួន ដូចជា លោក ឈឹម ផលវរុណ, លោក គង់ គាំ, លោក គ្រី សុង និងយុវជនដែលធ្លាប់ទៅរៀននៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ​​២០​​១​៦ គឺសុទ្ធតែបានផ្តល់ចម្លើយថា អ្វីដែលជនជាប់​ចោទធ្វើ គឺស្ថិតនៅក្នុងផែនការបដិវត្តន៍ពណ៌ ចង់​​ផ្តួ​ល​​រំ​លំ​រដ្ឋាភិបាល ក្រោមហេតុផលលើកស្ទួយសិទ្ធិមនុស្ស និងទាមទារដំឡើងប្រាក់ខែគ្រូបង្រៀន និង​​មន្រ្តី​​​រាជការ។

មិនតែប៉ុណ្ណោះ តាមរយៈការទាញហេតុផលផ្ទាល់មាត់នៅក្នុងសេចក្តីសន្និដ្ឋាននេះដែរ សហមេធា​​វី​​ការ​​ពារក្តីរបស់រដ្ឋាភិបាល គឺលោក ចេង ប៉េងហាប់ ចោទប្រកាន់ថា លោក កឹម សុខា ពិតជា​​មេគំ​​និត​​ដែលនាំ​​ឱ្យ​​មាន​​អំពើ​ប្រ​ទូសរ៉ាយកើតឡើង។ លោកបន្តថា ដោយផែនការមិនបានសម្រេចកាល​​ពី​​​​ជិត១០ឆ្នាំ​​មុន ជន​​ជា​ប់​​​ចោទក៏បានរៀបចំយុទ្ធសាស្រ្តថ្មីទៀត គឺជាយុទ្ធនាការថ្ងៃ​​ចន្ទពណ៌ខ្មៅ​​វិញ​​ម្ត​​ង ដែលមានវិទ្យុ វីអូ​​ឌី ជួយបន្ទរសំឡេងពីផែនការប​​ដិវត្តន៍ពណ៌​​ក្នុងជំហាន​​បន្ទាប់​​ទៀ​​ត​​នេះ​​។

លោកបន្តថា៖ «ក្រោយបរាជ័យបដិវត្តន៍ពណ៌ នៅឆ្នាំ២០១៣ និងឆ្នាំ២០១៤ លោក កឹម សុខា បានរៀបចំផែនការជាបន្តបន្ទាប់ទៀត មានផែនការ “ថ្ងៃចន្ទពណ៌ខ្មៅ”។ យុទ្ធនាការនេះ​​បានបង្កប់អត្ថន័យក្នុង​​ការកៀរគរសាកល្បងផែនការថ្មីមួយទៀត។ វិទ្យុ វីអូឌី បានផ្សព្វផ្សាយដោយ​​ចំហនៃផែន​​កា​​រប​​ដិវត្តន៍ពណ៌នេះ ដោយលោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈ​​មណ្ឌលកម្ពុជាដើម្បី​​​ប្រព័ន្ធ​​ផ្សព្វ​​ផ្សា​​​​​​ឯក​​រាជ្យ ដែលមានអតីតបក្សសង្រ្គោះជាតិនៅពីក្រោយខ្នង»។

ចំណែកសហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បានថ្លែងការពារនៅក្នុងអង្គជំនុំជម្រះថា កូនក្តី​​របស់​ខ្លួនមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។

លោក អាង ឧត្ដម សហមេ​​ធាវី​​ម្នា​ក់ក្នុងចំណោមមេធាវី៣រូបផ្សេងទៀត បានហៅភស្តុតាងដាក់​​បន្ទុក ក្នុងដំណាក់កាលនៃសេច​​ក្តី​​សន្និដ្ឋាន​​របស់សហមេធាវីការពារឱ្យដើមបណ្តឹង និងសហព្រះ​​​រាអាជ្ញា​​​​រង​នេះ​​ ថាជាឯកសារបន្លំ និង​​មិន​​​​ឆ្លុះ​​បញ្ចាំងពីការពិត។ ម្យ៉ាងវិញទៀត ការចាប់ខ្លួនក្តី​​របស់​​លោ​​ក​ គឺអនុវត្តផ្ទុយពីច្បាប់ ហើយវត្ថុតា​​ង​​ដែលយកមកដាក់បន្ទុក​​នោះទៀតសោត​​ក៏គ្មាន​​ភាព​​រឹងមាំ​​តា​ម​​​​​ផ្លូវច្បាប់ទៀត​​ផង។ មិនតែ​​ប៉ុ​​ណ្ណោះ ដោយសារភស្តុតាង​​មិនអាចឆ្លុះបញ្ចាំងទៅ​​នឹងបទចោទ​​បា​ន ទើ​ប​​បង្ខំឱ្យតុលាការត្រូវ​​​បើក​​កា​​​​​រស៊ើបអង្កេតដល់ទៅជាង២ឆ្នាំ មុននឹងបញ្ជូនរឿង​​ទៅជំនុំ​​ជម្រះ។

លោកបន្តថា៖ «ការចោទប្រកាន់ហ្នឹង គឺបំផ្លើស និយាយបំភ័ន្ត ហើយភស្តុតាងអត់មាននៅក្នុង​​សំណុំ​​រឿងទេ។ ការចោទប្រកាន់ និងការចាប់ខ្លួន គឺខុសច្បាប់ និងរំលោភនីតិវិធី។ ដើមខែកញ្ញា ឆ្នាំ២០​​៧ ចាប់ខ្លួន ហើយទើបតែថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៩ ទើបតុលាការកែប្រែលក្ខខណ្ឌនៃការឃុំ​​ខ្លួន​​​​ ការចាប់ខ្លួន គឺផ្អែកតែទៅលើនគរបាលប្រឆាំងភេរវកម្ម និងបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ និងគេ​​​​​ទំព័រ CBN។ ឃ្លីបវីដេអូយកចេញពីហ្វេសប៊ុកអនាមិក និងមានការកាត់ត ហើយចោទ​​ថា​​មាន​​​​បទ​​ល្មើស។ តុលាការស៊ើបអង្កេតដោយប្រើពេល២ឆ្នាំ ៣ខែ»។

ជាមួយគ្នានេះ លោកស្រី ម៉េង សុភារី សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ថ្លែងការពារ​​ដែរ​​ថា តាមពិត កូនក្តីរបស់ខ្លួនគ្មានសកម្មភាពមួយណាដែលបង្ហាញពីភាពសម្ងាត់ម្តងណានោះទេ ចាប់​​តាំង​​​​ពី​​ឆ្នាំ​​​​១៩៩៣ រហូតដល់ឆ្នាំ២០១៧។

ក្នុងនាមជាអង្គការដែលទទួលជំនួយពីអង្គការដៃគូ និង​​ម្ចាស់​​ជំនួយ លោកស្រីបញ្ជាក់ថា គឺតែង​​ធ្វើ​​កិច្ចការ និងមានទំនាក់ទំនងជាមួយគ្នាជាធម្មតា។ ក្រៅពីនេះ កិច្ចសហការ​​នេះ​​មិន​មែនតែលោក កឹ​ម សុខា ទេដែលមានសម្ពន្ធភាពជាមួយអង្គការបរទេស ដូចជា អង្គការ IRI និង​អង្គការ NDI ជា​​ដើម សូម្បី​មន្រ្តីរដ្ឋាភិបាលក៏មានទំនាក់ទំនងនិងទទួលបាន​​សេវាបច្ចេកទេស ការបណ្តុះបណ្តាល និង​​ផែនការ​​យុទ្ធសា​​ស្រ្ត​​ពីស្ថាប័នបរទេសទាំងនោះដែរ។

បើតាមលោកស្រី ម៉េង សុភារី ចំពោះយុវជនដែលបានរៀននៅប្រទេសឥណ្ឌូនេស៊ី សុទ្ធតែបាន​​ប​ញ្ជា​​ក់​​ច្បាស់ហើយក្នុងពេលផ្តល់សក្ខីកម្ម គឺមិនមានការចាត់តាំងពីលោក កឹម សុខា ទេ។ ចំណែក “ថ្ងៃ​​ចន្ទពណ៌ខ្មៅ” វិញ អ្នកស្រី ស ស៊ន តំណាងសហគមន៍បុរីកីឡា ក៏បានផ្តល់ចម្លើយដែរថា គឺមិនមាន​​ជាប់​​​​ទាក់ទងគ្នាទាល់តែសោះជាមួយគណបក្សសង្រ្គោះជាតិ ហើយសកម្មភាពរបស់សហគមន៍ធ្វើ​​មុន​​​យុទ្ធនាការលោកស្រី មូរ សុខហួរ និងលោក សម រង្ស៊ី ចូលរួមទៅទៀត។

ប្រភពបន្តថា ចំពោះសាក្សី ឈឹម ផលវរុណ និងលោក គង់ គាំ សុទ្ធតែបានបញ្ជាក់ដោយ​​ប្រើ​​ពាក្យ​​ថា “​​ប្រហែល” និង “អាច” ជាដើម។ ក្នុងន័យនេះ លោកស្រីថា នេះជាភាពមិនប្រាកដប្រជា និងមិនច្បាស់​​លាស់​​​រួចទៅហើយ ក្នុង​​ការផ្តល់សក្ខីកម្មនៅចំពោះមុខតុលាការរបស់សាក្សី។

ថ្លែងនៅខាងមុខបរិវេណតុលាការ ក្រោយបិទការជំនុំជម្រះ លោកមេធាវី ផែង ហេង មានសុទិដ្ឋិនិ​​យមថា កូនក្តីរបស់ខ្លួននឹងរួចផុតពីការចោទ​​ប្រកាន់។ លោកបន្តថា គ្រប់ដំណាក់​​កាលនៃនីតិវិធីជំនុំ​​ជម្រះ គឺគ្មានវត្ថុតាងណាមួយដែលរកឃើញក្នុងការដាក់បន្ទុកប្រឆាំងជន​​ជាប់ចោទឡើយ​​។ ជាង​​នេះ​​ទៀត ប្រសិនបើការវិនិច្ឆយដោយឈរលើគោលការណ៍យុត្តិធម៌ពិតមែន នោះលោក កឹម សុខា ប្រា​ក​​ដណាស់គ្មានពិរុទ្ធភាពតាមផ្លូវតុលាការទេ។

លោកបន្តថា៖ «សម្រាប់យើង យើងមានជំនឿមុតមាំ យើងបានដាក់សេចក្តី​​សន្និដ្ឋានទាំង៧ចំណុច។ ​​អ៊ីចឹង​​ទី​​១ វាអត់មានអង្គហេតុទេ ទី២ វាអត់មានបទល្មើសជាក់ស្តែងទេ ទី៣ វត្ថុចាប់តាំង ​​ដូចលោក​​ស្រី ម៉េង សុភារី និយាយ កៅអីដាក់វត្ថុតាងមានស្អី? គឺមានតែកៅអីទទេហ្នឹង! មួយទៀត នីតិវិធីនៃ​​កា​​​​​​ចាប់​​ខ្លួនក្ដី ការឃុំខ្លួនក្ដី រំលោភទៅលើច្បាប់ ហើយការបកស្រាយរំលោភទៅលើមាត្រានៃក្រម​​ព្រហ្ម​​ទណ្ឌដែលគេហាមឃាត់បកស្រាយត្រូវតែតឹងរ៉ឹង។ ដូច្នេះហើយយោងទៅតាមការសន្និដ្ឋានរបស់មេធាវី និងអង្គហេតុ ចេះតែយកសម្ដីគាត់មកធ្វើជាអង្គហេតុហ្នឹង គឺមិនមែនជាអង្គហេតុ​​នៃសន្ទិដ្ឋិភាព​​ជា​​មួយបរទេសទេ។ អ៊ីចឹងការសន្និដ្ឋានរបស់យើង និងជំនឿមុតមាំរបស់​​យើង គឺថាកូនក្តីយើង​​អត់មាន​​បទ​​​ល្មើសទេ»។

មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ក៏​ឯក​​​​ភាពដែរថា បើពិនិត្យទៅលើអង្គហេតុ និងភស្តុតាងដាក់បន្ទុកប្រឆាំងលោក កឹម សុខា វាហាក់​​មិន​​ស៊ី​គ្នាទៅនឹងចោទនោះទេ។ ក្រៅពីនេះទៀត អ្នកការពារសិទ្ធិមនុស្សរូបនេះហៅសំណុំ​​រឿងនេះ​​ថាជារឿងក្តីនយោបាយ ហេតុនេះប្រសិនបើដោះស្រាយ​​តាមបច្ចេកទេស​​តុលាការ ក៏មិនអាច​​ស្វែង​​រក​​យុត្តិធម៌សម្រាប់ជនជាប់ចោទបានដែរ។

លោកបន្តថា៖ «សំណុំរឿងនេះ ខាងសង្គមស៊ីវិលយើងចាត់ទុកថា វាជាសំណុំរឿងនយោបាយ។ ហើយ​​យើងយល់ថា ការដែលប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការកាត់សេចក្តីទៅលើអ្នកនយោបាយ និងសំណុំ​​​រឿងនយោបាយទាំងអស់នេះ វាជាការព្រួយបារម្ភថា ​​ការកាត់ក្ដីហ្នឹង វាមិនផ្តល់យុត្តិធម៌ដល់ភាគីដែលជាអ្នកដឹកនាំនយោបាយ ជាពិសេសលោក កឹម សុខា នេះឯង»។

បើទោះបែបណា សម្រាប់លោក ស៊ឹង សែនករុណា គ្មានជំនឿទាល់តែសោះថា តុលាការនឹងផ្តល់​​ភាព​​យុត្តិធម៌សម្រាប់ជនជាប់ចោទ ព្រោះតុលាការរងសម្ពាធពីអ្នកនយោបាយ។ចំណែកលោក កឹម សុខា ដែលអង្គុយនៅក្នុងរង្វង់ក្រចកសេះ បានឡើងសំណូមពរដោយលើកដៃទាំងពីរ​​ប្រណ​​ម​​ថា លោក​ស្នើសុំឱ្យតុលាការទម្លាក់ចោលរាល់បទចោទប្រឆាំងរូបលោក ដើម្បីឱ្យលោកបានវិលចូ​​ល​​ទៅ​បម្រើប្រទេសជាតិវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ