ជនជាតិដើម​ភាគតិច​នៅ​ខេត្តព្រះវិហារ ស្នើ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ក្រោយ​ជាប់​បណ្ដឹង​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី

ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០២២​ ប្រជា​ពលរដ្ឋ​ប្រមាណ១០០នាក់ តំណាង​ពលរដ្ឋ​ជាង​២០០គ្រួសារកំពុង​មាន​ជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន (ឡាន​ហ្វេង និង ​រួយ​ហ្វេង) ស្ថិត​នៅ​ឃុំ​ប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឡើងទៅប្រមូល​ផ្ដុំនៅមុខ​តុលាការ ដើម្បីតាមដាន និងលើកទឹកចិត្តដល់តំណាងជនជាតិដើមភាគតិចកួយ ៥នាក់ បានទៅបំភ្លឺជាលើកទី២ តាម​ដីកា​កោះ​​​របស់​តុលាការ​ខេត្ត​ព្រះ​វិហារ ក្រោមបទចោទ «ការគំរាមកំហែងថានឹងសម្លាប់ និងគំរាមកំហែងថានឹងធ្វើឱ្យខូចខាត» ទៅតាមបណ្តឹងរបស់បុគ្គលឈ្មោះ លី គឹមស្រេង ដែលបានធ្វើសកម្មភាព​ឈូសឆាយដីកំពុងមានជម្លោះរវាងពលរដ្ឋនិងក្រុមហ៊ុនចិន។ (ផ្ដល់ឱ្យ)​

ជនជាតិដើមភាគតិចកួយ ចំនួន៥នាក់ បាន​ស្នើ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួក​គេ ក្រោយ​ជាប់​បណ្ដឹងពាក់​ព័ន្ធ​រឿង​ជម្លោះដីធ្លីជាមួយក្រុម​ហ៊ុន​ចិន ស្ថិត​នៅ​ឃុំ​ប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ២០២២​ តំណាងជនជាតិដើមភាគតិចកួយ ៥នាក់ នៅភូមិស្រែព្រាង ឃុំប្រមេរ បានទៅបំភ្លឺជាលើកទី២ តាម​ដីកា​កោះ​​​របស់​តុលាការ​ខេត្ត​ព្រះ​វិហារ ក្រោមបទចោទ «ការគំរាមកំហែងថានឹងសម្លាប់ និងគំរាមកំហែងថានឹងធ្វើឱ្យខូចខាត» ទៅតាមបណ្តឹងរបស់បុគ្គលឈ្មោះ លី គឹមស្រេង ដែលបានធ្វើសកម្មភាព​ឈូសឆាយដីកំពុងមានជម្លោះរវាងពលរដ្ឋ និងក្រុមហ៊ុនចិន។

តំណាងជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ លោក ស៊ុត សាវន ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍​នេះ​ថា ក្នុងជំនួបសាកសួរនោះ គឺតុលាការបានសួរនាំលោកជុំវិញការគំរាមសម្លាប់ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់លោក លី គឹមស្រេង ដែលជា​​ដើម​បណ្តឹង ប៉ុន្តែ​លោក​បាន​ច្រានចោល និងស្នើទៅតុលាការជាថ្មីទៀតឱ្យ​ទម្លាក់ចោលការចោទប្រកាន់ ដោយ​ថា ពួក​គាត់មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

លោកបន្ត​ថា កាល​ពី​អំឡុង​ខែ​កុម្ភៈ​ ឆ្នាំ២០២២ ដើមបណ្តឹងឈ្មោះ​ លី គឹ​ម​ស្រេង បាន​ប្រើ​គ្រឿង​ចក្រ​ទៅឈូស​ឆាយ​ដី​ដែលកំពុង​មាន​ជម្លោះរ​វាង​ពលរដ្ឋ និង​ក្រុម​ហ៊ុន​ចិន ឡាន​ហ្វេង និង ​រួយ​ហ្វេង ប៉ុន្តែ​ត្រូវ​បាន​អ្នក​ភូមិ​រាប់រយនាក់​ចុះ​ហាម​ឃាត់ ដើម្បី​រង់​ចាំដំ​ណោះស្រា​យ​សិន។

លោក ស៊ុត សាវន បន្តថា ក្រោយអ្នកភូមិចុះឃាត់​សកម្មភាព​ឈូស​ឆាយ​នោះ គឺ​លោក លី គឹម​ស្រេង បាន​ប្តឹង​តំណាងពលរដ្ឋ​ ៥នាក់ រួមមាន រូបលោក, លោក ថោង ស៊ុត, លោក ថាប់ សុខឃី, លោក ងន ហ៊ីម និងអ្នកស្រី រឿន ខាត់ ទៅតុលាការ​ពីបទ «គំរាមកំហែងថានឹងសម្លាប់ និងគំរាមកំហែង​ថា​នឹងធ្វើឱ្យខូចខាត» យ៉ាងអយុត្តិធម៌ទៅវិញ។

លោកបន្ថែមថា៖ «បងប្អូនយើងបានសំណូម​ព​រ​ទៅ​តុលាការ សុំឱ្យទម្លាក់ចោលការចោទប្រកាន់​ ចាប់ពីថ្ងៃដែលយើងចូលឆ្លើយ​បំភ្លឺ​នេះ​ត​ទៅ ព្រោះថា​ ពួក​យើង​មិន​បាន​ប្រព្រឹត្តកំហុសដូចបទចោទដែលគេចោទយើងថាគំរាមសម្លាប់នោះទេ។ ការពិតទៅ គេប្តឹងយើងនេះ ជាការ​គំរាមកំហែងមិនឱ្យយើងតវ៉ា​ទាមទារដីធ្លី​យើង​មក​វិញ​ទេ»

តំណាងជនជាតិដើមភាគតិចកួយម្នាក់​ទៀត លោក ថោង ស៊ុត ដែលកំពុងជាប់បណ្ដឹងនៅតុលាការដែរ​នោះ បាន​និយាយថា ពួកគាត់​ជាជនជាតិដើមភាគតិច ត្រូវបានក្រុមហ៊ុនរំលោភយកដីធ្លីហើយ និងត្រូវបានគេប្តឹងទៅតុលាការយ៉ាងអយុត្តិធម៌ថែមទៀត។ លោកបន្តថា ​ជម្លោះដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុន​ចិន ឡានហ្វេង និង រួយហ្វេង​ បាន​អូស​បន្លាយ​ជាង១០ឆ្នាំ​ មិនទាន់​បាន​ដោះស្រាយចប់នៅឡើយទេ រហូតមកដល់ពេលនេះ។

មួយទៀតនោះ លោកថា បច្ចុប្បន្ននេះ អាជ្ញាធរ​មួយ​ចំនួនបានទៅ​បង្ក​ជម្លោះជាមួយប្រជាពលរដ្ឋ ដោយបានកាង​ដី​ជម្លោះនោះឱ្យ​អ្នក​មានលុយ​មានអំណាច និងគំរាមកំហែងចាប់ពលរដ្ឋដាក់ពន្ធនាគារផងដែរ។

លោក ថោង ស៊ុត ឱ្យដឹងទៀត​​ថា ក្នុងពេលសាកសួរ​នោះ គឺ​តុលាការ​មិន​បាន​ឱ្យ​ពួកគាត់លើកឡើងអំពីបញ្ហាវិវាទដីធ្លី ផលលំបាក និងការគំរាមកំហែងរបស់អាជ្ញាធរទៅលើ​ពលរដ្ឋ​ឡើយ។

លោក​បន្ថែម​ថា៖ «ការប្តឹងពួកខ្ញុំនេះ ជាការគំរាមមិនឱ្យ​ពួកខ្ញុំចូលទៅធ្វើស្រែ មិនឱ្យតវ៉ាទៀត ប៉ុន្តែពួក​ខ្ញុំ​នៅ​តែ​តវ៉ា​ហ្នឹង​ឯង ព្រោះ​ជា​ដីរបស់​ពួក​ខ្ញុំ។ អាអ្នក​ចម្ងាយ អាអ្នក​ធំ​មាន​លុយមា​ន​អំណាច ​វាធ្វើបាន ចុះពួកខ្ញុំម្ចាស់ដី​ ហេតុអីធ្វើមិនបាន? តែកន្លែង​ខ្លះ​ចូល​ធ្វើ​បាន​ កន្លែង​ខ្លះទៀតក៏ធ្វើមិនបាន ដោយសារអាជ្ញាធរចេះតែគំរាម គេ​គប់​គិត​ជាមួយអ្នកមានលុយអំណាច»

ព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ មាន​ប្រសាសន៍ថា ពលរដ្ឋ​ទាំង​៥នាក់នោះអាច​នឹង​រួច​ផុតពី​​ការ​ចោទ​ប្រកាន់។ ប៉ុន្តែ​លោក​ថា លោក​មិនពេញចិត្តចំពោះអ្នកដែលបានកៀរគរប្រជាពលរដ្ឋទៅប្រមូលផ្តុំមុខតុលាការអំឡុង​ពេលពលរដ្ឋទាំង៥នាក់នោះចូលបំភ្លឺនោះទេ។ លោកថា ការកៀរគរនេះបានធ្វើឱ្យពលរដ្ឋខាតបង់ផលប្រយោជន៍។

លោកបន្ថែមថា៖ «ស្តាប់សំឡេងខ្ញុំឡើងវិញ ព្រោះអីខ្ញុំប្រើពាក្យថា “អាចនឹងលើកលែងការចោទប្រកាន់” មិនមែនមិនត្រឹមតែ”មិន​ឃុំខ្លួន”​ទេ»

វីអូឌី មិនអាចសុំការឆ្លើយតបពីដើមបណ្តឹង លោក លី គឹមស្រេង ដែលអ្នកភូមិប្រាប់ថាជាអ្នកជួលដីបន្តពីក្រុមហ៊ុនចិនដើម្បីអភិវឌ្ឍន៍ បានទេ នៅថ្ងៃនេះ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាហុក ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ ចាត់ទុក​ករណីអ្នកជួលដីក្រុមហ៊ុនប្តឹង​ពលរដ្ឋទៅតុលាការនោះ ថា​ជារឿងមិនត្រឹមត្រូវ និងអយុត្តិធម៌ចំពោះពលរដ្ឋ។ លោកថា ការធ្វើបែបនេះមិនអាចដោះ​ស្រាយបញ្ចប់ទំនាស់ដីធ្លីបានឡើយ។

មន្ត្រីការពារសិទ្ធិមនុស្សរូបនេះបានទទូច​ដល់​អាជ្ញាធរពាក់ព័ន្ធ ត្រូវពន្លឿន​ការដោះស្រាយ​វិវាទដីធ្លីជូន​ពលរដ្ឋឱ្យបានឆាប់ ដើម្បី​កុំឱ្យ​ជម្លោះបន្ត​អូស​បន្លាយ កុំ​ឱ្យមាន​ការ​តវ៉ា​ផ្សេងៗ និង​ពលរដ្ឋបន្តរងទុក្ខ​លំបាកដោយសារការគំរាមកំហែងផ្សេងៗ។

លោកបន្ថែមថា៖ «អាជ្ញាធរគួរណារកដំណោះស្រាយ ដោយយកបញ្ហាដាក់លើតុពិភាក្សាគ្នា​រកដំណោះស្រាយល្អជាង ជាជាង​យក​ប្រព័ន្ធ​តុលាការ​មក​ដោះស្រាយ។ ទី១ វាធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ជ​នជាតិដើមភាគតិច ទី២ វាប៉ះពាល់​ដល់​មុខមាត់​អាជ្ញាធរ​ ព្រោះដើ​ម​ចម​កើត​ឡើង​នេះ គឺមកពីរឿងដីធ្លីសុទ្ធសាធ។ មូលហេតុអី​បាន​ខ្ញុំ​ហ៊ានអះអាងថាអ៊ី​ចឹង? គឺដើម​ហេតុពួក​គាត់​ទៅការពារដីធ្លី កុំឱ្យមានការឈូសឆាយ បែរជាចុងក្រោយ អ្នកជួលដីហ្នឹងប្តឹងពួកគាត់ទៅវិញ»

បើតាមលោក ឡោ ចាន់ តាម​ផ្លូវ​ច្បាប់ គឺក្រុមហ៊ុនចិនគ្មានសិទ្ធិជួលដីសម្បទានសេដ្ឋកិច្ចបន្តទៅឱ្យឈ្មួញធ្វើការអភិវឌ្ឍបាន​ឡើយ។ លោក​ថា បើហ៊ានជួលនោះ គឺជាបទល្មើស។

បើតាម​ពលរដ្ឋ​ ​អំឡុងពេល​ដែល​ជនជាតិដើមភាគតិច​​កួយ​ទាំង​៥នាក់ចូល​បំភ្លឺ​ក្នុង​តុលាការ​​កាលពីថ្ងៃ​ម្សិល​មិញ​នោះ មានប្រជា​ពលរដ្ឋ​ប្រមាណ១០០នាក់ តំណាង​ពលរដ្ឋ​ជាង​២០០គ្រួសារកំពុង​មាន​ជម្លោះដីធ្លីជាមួយក្រុមហ៊ុន បានឡើងទៅប្រមូល​ផ្ដុំនៅមុខ​តុលាការ ដើម្បីតាមដាន និងលើកទឹកចិត្តដល់​អ្នកទាំង​៥នាក់​នោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក ធ្លាប់បាន​ស្តីបន្ទោសទៅមន្ត្រីក្រោមឱវាទ ជុំ​វិញភាពអសកម្មក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ។ លោក​បាន​បញ្ជា​ទៅ​មន្ត្រី​​ទាំ​ងនោះឱ្យដោះស្រាយជូនពលរដ្ឋ មុនផ្តល់ដីទៅឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍ។

លោកបន្ថែមថា៖ «រយឬប៉ុន្មានពាន់ហិកតា[ដី] ឱ្យប្រជាជនទៅ ព្រោះមិន​ទាន់​ដាំដុះ​អី​ណា​​អ្នកវិនិយោគនោះ! ឥលូ​វ​លោកឯង [មន្ត្រីថ្នាក់ក្រោម] ធ្វើទៅ ខ្ញុំគាំទ្រ! មើលល្មមធ្វើមើល! បើ​អត់ព្រមធ្វើ អត់ព្រមដោះ​ ហើយ​​បណ្តោយ​​មនុស្ស​​មក​​ភ្នំពេញ មក​​​ដល់​​ភ្នំពេញ ​អត់​មាន​អ្នក​ណា​ដោះ​ទៀត រួចហើយមិនដោះ​ ហើយនាយករដ្ឋមន្ត្រីមិនដឹងទៀត រឿងវាអ៊ីចឹង។ មិនខ្វះទេ បើ​តាម​ខ្ញុំ​ដឹង! កន្លែងខ្លះ អ្នកវិនិយោគអត់ទាន់បាន​ធ្វើអី​សោះ តែវាប៉ះពាល់ដីរបស់ប្រជាពលរដ្ឋ។ ខ្ញុំសុំបញ្ជាក់ អាទិភាពផ្តល់​ជូន​ប្រជាពលរដ្ឋ បើប្រជាពលរដ្ឋបានដាំដុះនៅហ្នឹងរួចទៅហើយ»

កាល​ពី​​ឆ្នាំ​២០០៩ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យមួយ​ ស្តីពី នីតិវិធីនៃការចុះបញ្ជី​ដី​សហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះមាន​គោលដៅកំណត់​គោល​ការណ៍​នី​តិ​វិធី និង​យន្ត​ការ​សម្រាប់​ការ​​ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជា​កម្មសិទ្ធិ​សមូហភាព។

អនុក្រឹត្យនេះក៏​មាន​គោល​បំណង​ផ្ដល់​សិទ្ធិ​ស្របច្បាប់​ក្នុងការ​កាន់​កាប់​​ដីធ្លី​​ដល់​​សហគមន៍​​ជនជាតិ​ដើម​ភាគ​តិច ដើម្បីធានា​សុវត្ថិភាព​​​នៃ​ការកាន់កាប់ដីធ្លី និង​ការពារសិទ្ធិសមូហភាព ដោយ​រក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀម​ទម្លាប់ និងប្រពៃណី​ល្អរបស់​សហគមន៍​ជនជាតិដើមភាគតិចផងដែរ។

មាត្រា៦ នៃ​អនុក្រឹត្យ​នេះ បាន​បញ្ជាក់​ថា ដី​ដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរបស់​សហគមន៍ជនជាតិដើមភាគតិច រួម​មាន ដី​លំនៅឋាន ដី​ដែល​សហគមន៍ប្រកបរបរធ្វើកសិកម្មតាមប្រពៃណី មានដីដាំដុះជាក់ស្ដែង ដីស្រែចម្ការ ដីបម្រុងទុកចាំបាច់​ក្នុង​ការ​ដូរ​វេន​ដំណាំ ដីព្រៃអារក្ខ និងដីកប់ខ្មោច ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ