គណៈកម្មការ​ទន្លេមេគង្គ​ព្រមាន​អំពី​ការកើនឡើង​នៃ​សំណល់ប្លាស្ទិក​នៅតាម​ដងទន្លេមេគង្គ

សំរាមសំណល់ប្លាស្ទិករាយប៉ាយនៅតាមបណ្ដោយមាត់ទន្លេក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (Michael Dickison/VOD)

គណៈកម្មការទន្លេមេគង្គ ​បាន​ឱ្យដឹង​​ថា សំណល់​​ប្លាស្ទិក​​នៅតា​ម​បណ្ដាប្រទេស​ទន្លេ​មេគង្គ​បាន​កើន​​ឡើង​​ចំនួន​ ៨លានតោនក្នុងមួយឆ្នាំ ដែល​៣ភាគ​៤​នៃ​សំណល់​ទាំង​នោះត្រូវ​បាន​ទុកចោល ឬទុ​ក​ដាក់​មិន​បាន​ត្រឹម​ត្រូវ ដែល​បង្កដល់​ការ​បំពុល​​ដល់​ទន្លេ​មេគង្គ និង​បង្ក​គ្រោះ​ថ្នាក់ដល់​បរិស្ថាន និងសុខភាពមនុស្ស។

គណៈកម្មការនេះ កាលពីថ្ងៃពុធ បានចេញរបាយការណ៍​ស្តីពីការបំពុល​ដោយ​ប្លាស្ទិក​នៅ​តាមទន្លេ​មេគង្គ​ ដោយផ្អែកលើការអង្កេតតាមដានក្នុង​ប្រទេស​ថៃ ឡាវ កម្ពុជា និងវៀតណាម។ ដោយលើកឡើង​ពី​ការ​ត្រួត​ពិនិត្យ និង​ការ​សិក្សាពីលើក​មុន​របស់​ខ្លួន របាយ​ការណ៍​បានគូសបញ្ជាក់​​ថា សំណល់​ប្លាស្ទិក​ចំនួន ១០០​តោន​ ហូរ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ជារៀង​រាល់​ថ្ងៃ។

របាំង​​​នៅ​​តាម​ដង​ទន្លេមានជាប់​ទៅដោយ​​ថង់ ដប និង​​សំរា​ម​ផ្សេងៗ ហើយមាន​គំនរសំរាមជាច្រើន​​នៅ​​តា​ម​​ដង​ទន្លេ។ របាយការណ៍បន្ត​​ថា បណ្តាប្រទេសនៅតាមដងមេគង្គទាំង៤ រួមមាន​ ថៃ ឡាវ កម្ពុជា និងវៀតណាម មាន​​សំណល់​​ប្លាស្ទិក​​ប្រមាណ ៨​លាន​តោន​ ក្នុងឆ្នាំ២០២០ និង​មាន «សំណល់ដែលគ្រប់គ្រងមិនបានត្រឹមត្រូវ» យ៉ាងហោចណាស់​ ៧៥%។

គណៈកម្មការទន្លេមេគង្គ ​បានលើកឡើង​​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គណៈកម្មការទន្លេមេគង្គ កំពុង​ព្រមាន​អំពី​បញ្ហា​ប្រឈម​នៃ​សំណល់​ប្លាស្ទិក ដោយ​ជំរុញឱ្យប្រទេសសមាជិកទាំង៤ បង្កើតយន្តការរួមនិង​អចិន្ត្រៃយ៍​ក្នុង​ការ​ត្រួត​ពិនិត្យ និងសម្អាតជាតិពុលដែលជ្រាបចូលទៅក្នុងដី ខ្យល់ និងជលផល»។

ទោះយ៉ាងណា ការសិក្សារបស់គណៈកម្មការទន្លេមេគង្គ ជាការសិក្សាបឋមប៉ុណ្ណោះ ដោយ​សារ​តែ​ខ្វះវិធីសាស្ត្រ​ស្ទង់មតិស្តង់​ដារ ហើយចាំបាច់ត្រូវមានការត្រួតពិនិត្យតាម​បែបវិទ្យា​សាស្ត្រជាទៀងទាត់​ អំពីសំណល់ប្លាស្ទិកតាមដងទន្លេ។

នាយកប្រតិបត្តិ​គណៈកម្មការទន្លេមេគង្គ លោក អានុឡាក់ គិធិ​ឃួន (Anoulak Kittikhoun) មានប្រសាសន៍ថា៖ «ការងាររបស់យើងមិនបញ្ចប់​ត្រឹម​នេះ​ទេ។ មានការងារច្រើនទៀតដែលត្រូវធ្វើ ដើម្បីការពារអាងទន្លេមេគង្គ។ យើង​នឹង​ពិនិត្យ​មើល​យុទ្ធនាការ​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​ការយល់ដឹងជាសាធារណៈ និងរបៀបលើកទឹកចិត្ត​មន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធឱ្យចាត់វិធានការសមស្រប»។

ការស្រាវជ្រាវដែលបានចេញផ្សាយនៅឆ្នាំ២០២១ បានបង្ហាញថា ជារៀងរាល់ថ្ងៃ ប្លាស្ទិក​រាប់រយ​តោន​ហូរ​ពី​រាជធានីភ្នំពេញតាម​ដង​ទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ដែលបំពុលទឹក និងសុខុមាលភាពរបស់មនុស្ស។

ការស្រាវជ្រាវបានរកឃើញថា ប្លាស្ទិក​​ចំនួន ២០៣តោន ហូរ​ចេញ​តាម​ដង​ទន្លេពី​រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ ស្មើនឹង ៤២​ភាគរយនៃសំណល់ប្លាស្ទិកទាំងអស់ដែលមាននៅរាជធានីភ្នំពេញ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Mekong River Body Raises ‘Alarm’ Over River Plastics

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ