ឆ្នាំនេះ​សិស្ស​ជាប់​បាក់ឌុប​មាន​ជាង​៩ម៉ឺននាក់ ស្មើ​នឹង​ជាង​៧២ភាគរយ​នៃ​ចំនួន​បេក្ខជន​មក​ប្រឡង

ទិដ្ឋភាពសិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រសួងអប់រំ បានឱ្យដឹងថា លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (បាក់ឌុប) នៅឆ្នាំ២០២២នេះ មាន​បេក្ខជន​​ប្រឡង​​​ជាប់​​​ជាង​ ៩ម៉ឺន​នាក់ ក្នុងចំណោមបេក្ខជនដែលចុះឈ្មោះប្រឡង​ជាង ១២ម៉ឺននាក់

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លទ្ធផល​នៃ​ការប្រឡងសញ្ញា​បត្រមធ្យម​សិក្សាទុ​តិយ​ភូមិ (បាក់ឌុប) មានសិស្សប្រឡងជាប់ចំនួន ៩០ ៩៥០នាក់ ស្មើនឹង ៧២,៣៣% នៃ​ចំនួន​បេក្ខជនមក​ប្រឡង។

ចំណែកបេក្ខជនជាប់និទ្ទេស​A ក្រសួងថា ចំនួន១ ០៤៩​នាក់, និទ្ទេស​B ចំនួន៧ ២៣២នាក់, និទ្ទេសC ចំនួន១៩ ០៥៣​នាក់, និទ្ទេស​D ចំនួន៣១ ១៦៦នាក់ និងនិទ្ទេស​E ចំនួន៣២ ៤៥០នាក់ បើធៀបនឹងឆ្នាំ២០២១ មានការកើនឡើងចំនួនជិត២ម៉ឺននាក់ (១៨ ៩៣៤នាក់) ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការប្រឡងសញ្ញាប​ត្រ​មធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនប្រលងជាប់​ចំនួនជាង​ ៧ម៉ឺននាក់ (៧២ ០១៦នាក់) ក្នុងចំណោមបេក្ខជនសរុប១១៤ ១៨៧នាក់ បើគិតជាភាគរយមានចំនួន ៦៥,៦៥%។ ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន១ ៧៥៣នាក់

ក្រសួងបញ្ជាក់ថា ចំពោះការប្រកាសលទ្ធផលនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ គឺប្រកាសនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ចំណែកនៅថ្ងៃស្អែក ទី២៣ ខែធ្នូ ឆ្នាំ២០២២ នឹងប្រកាសនៅតាមបណ្តា​ខេត្តដទៃទៀត។

គួរបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺ​ថ្ងៃ​ទី​០៥ និ​ង​ទី០៦ ខែ​ធ្នូ ឆ្នាំ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប​ចំនួន១២៨ ១៣៥នាក់ (ស្រី៦៨ ៧៧១នាក់), មណ្ឌលប្រឡង ២២១ និងត្រូវជា ៥ ១៧៤បន្ទប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ