លោក ហ្សេលេនស្គី ថា​ជំនួយ​របស់​អាមេរិក​ដល់​អ៊ុយក្រែនជាការ​វិនិយោគ​លើ​សន្តិសុខ​ពិភពលោក

ប្រធានាធិបតី​អ៊ុយក្រែន ​លោក Volodymyr Zelenskiy ថ្លែង​សុន្ទរកថា​ក្នុង​កិច្ច​ប្រជុំ​រួម​នៃ​សភា​សហរដ្ឋ​អាមេរិក ​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ២០២២។ (REUTERS/Michael A. McCoy)

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងប្រាប់សភាអាមេរិក ​នៅ​ថ្ងៃពុធ​ម្សិល​មិញ​នេះ​ថា ជំនួយ​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ ដែល​ពួក​គេ​បាន​អនុម័ត​ដើម្បីជួយក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី មិនមែនត្រឹមតែជាកិច្ចការសប្បុរសធម៌ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏ជាកា​រ​វិនិយោគលើ​សន្តិសុខពិភពលោក​ផង​ដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌​មាន Reuters។

នៅក្នុង​ដំណើរ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​របស់​ខ្លួន ​គិត​​ចាប់​​តាំង​​​ពី​​រុស្ស៊ីបើ​ក​​ការ​​ឈ្លាន​ពាន​កាល​ពី​ខែ​កុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនរូប​នេះបាន​បន្ត​ប្រាប់​សមាជិក​សភា ដោយ​សង្ឃឹម​ថា ពួកគេនឹ​ង​បន្ត​គាំទ្រ​អ៊ុយ​ក្រែន​ដោយ​ឈរ​លើ​មូលដ្ឋានទ្វេភាគី។

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បន្ថែមថា៖ «ជំនួយជាថវិការបស់អ្នកមិនមែនដើរតួត្រឹមតែកិច្ចការសប្បុរសធម៌នោះទេ វាគឺជាការវិនិយោគលើសន្តិសុខ និងលទ្ធិប្រជាធិបតេយ្យពិភពលោកផងដែរ»។

ជាមួយគ្នានេះ លោកក៏បានឱ្យដឹងផងដែរថា៖ «វាគឺជាកិត្តិយសដ៏អស្ចារ្យមួយ​សម្រាប់ខ្ញុំ ក្នុងការមកដល់សភាសហរដ្ឋអាមេរិក ហើយនិយាយទៅកាន់អ្នករាល់គ្នា និងប្រជាជនអាមេរិកទាំងអស់។ បើទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ អ៊ុយ​ក្រែន​មិន​បានដួល​រលំនោះទេ។ អ៊ុយក្រែននៅតែរស់រាន និងអាចដើរទៅមុខបាន»។

គួរបញ្ជាក់ថា កញ្ចប់ជំនួយផ្នែកយោធារបស់អាមេរិក ផ្ដល់ឱ្យអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ គឺមានចំនួនប្រមាណជា ២១,២ពាន់លានដុល្លារហើយ គិតចាប់តាំងពីរុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​ធំ​របស់​​ខ្លួនមកលើប្រទេសមួយនេះ​កាលពីខែកុម្ភៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ