រដ្ឋមន្ត្រីការបរទេសរបបយោធាមីយ៉ាន់ម៉ា ជួបជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានមួយចំនួនក្នុងកិច្ចប្រជុំក្រៅផ្លូវការនៅប្រទេសថៃ

Myanmar’s Foreign Minister Wunna Maung Lwin looks on before the start of the Association of Southeast Asian Nations (ASEAN) – Russia Ministerial Meeting at the 46th ASEAN Foreign Ministers Meeting in Bandar Seri Begawan July 1, 2013. (Reuters)

រដ្ឋាភិបាលថៃបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាស៊ានចំនួន៣រូប និងប្រេសិតប្រចាំតំបន់ [អាស៊ាន] មួយរូបដែលមានភារកិច្ចដោះស្រាយវិបត្តិមីយ៉ាន់ម៉ា បានជួបជាមួយអ្នកការទូតកំពូលរបស់របបយោធាមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការមួយក្នុងប្រទេសថៃ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ។

កិច្ចប្រជុំនេះធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចលើកដំបូងរបស់ខ្លួន ស្តីពីប្រទេសមីយ៉ាន់ម៉ា ដោយទាមទារឱ្យ «បញ្ចប់ជាបន្ទាន់នូវរាល់ទម្រង់នៃអំពើហិង្សា»

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានដឹកនាំកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីដោះស្រាយភាពចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពីឆ្នាំមុន។

ទោះយ៉ាងណា មានការរីកចម្រើនតិចតួចចំពោះ «កិច្ចព្រមព្រៀង៥ចំណុច» រវាងអាស៊ាន និងរបបយោធាមីយ៉ាន់ម៉ា ដែលបានព្រមព្រៀងគ្នាកាលពីខែមេសា ឆ្នាំ២០២១ ដែលអំពាវនាវឱ្យបញ្ចប់អំពើហិង្សាជាបន្ទាន់ និងការចរចារវាងយោធា និងចលនាប្រឆាំងរដ្ឋប្រហារ។

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោកស្រី កាញ់ចាណា ផាត់ថា​រ៉ាចូកេ (Kanchana Patarachoke) បាននិយាយថា មានការពិភាក្សា «ប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា» រវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម និងកម្ពុជា ។

លោកស្រីបាននិយាយថា៖ «យើង​ក៏មានឱកាសដើម្បីស្តាប់ប្រទេសមីយ៉ាន់ម៉ា និងផ្លាស់ប្តូរទស្សនៈលើការស្វែងរកយុទ្ធសាស្ត្រដោះស្រាយវិបត្តិ និងវិធីឆ្ពោះទៅរកការវិលត្រលប់ទៅរកភាពប្រក្រតីនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។

លោកស្រីបន្តថា កិច្ចប្រជុំបានផ្តោតលើការសម្របសម្រួលជំនួយមនុស្សធម៌ ក៏ដូចជា «ការស្វែងរកវិធីសាស្រ្តផ្សេងៗដែលអាចជួយដល់ការអនុវត្តកិច្ច​ព្រមព្រៀង ៥ចំណុច»។

នេះជាលើកដំបូង ក្នុងរយៈពេលជាងមួយឆ្នាំ ដែលរដ្ឋមន្ត្រីការបរទេសរបស់របបយោធាមីយ៉ាន់ម៉ាបានជួបរដ្ឋមន្ត្រីការបរទេសអាស៊ានដោយផ្ទាល់ បន្ទាប់ពីអាស៊ានហាមមិនឱ្យរបបនេះចូលរួមកិច្ចប្រជុំកំពូល ដោយសារការមិនបានឱ្យអនុវត្តតាមកិច្ចព្រមព្រៀង ៥ចំណុច ឱ្យបានពេញលេញ។

ប្រទេសមីយ៉ាន់ម៉ា បាន​ធ្លាក់​ចូល​ក្នុង​ភាព​ច្របូក​ច្របល់ ​គិត​ចាប់​តាំង​ពី​ក្រុម​យោធា​បាន​​ដណ្តើម​​យកអំណាច​​មក​គ្រប់​គ្រង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំមុន និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង​សាន ស៊ូជី ដែល​​បង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស។

យោងតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) ជនស៊ីវិលរាប់ពាន់នាក់ក៏​ត្រូវ​បាន​សម្លាប់ដោយ​កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា ហើយមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ គិតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ