ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា រុស្ស៊ីចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយដំណោះស្រាយការទូត គឺពិតជាមានសារៈសំខាន់ក្នុងករណីនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២។
ការលើកឡើងដោយប្រធានាធិបតីរុស្ស៊ីខាងលើនេះ ត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទទួលស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯសេតវិមាន ដោយក្នុងនោះ អាមេរិកក៏បានសន្យាថានឹងបន្តគាំទ្រដល់អ៊ុយក្រែនជានិរន្តរ៍ផងដែរ។
លោក ពូទីន បានលើកឡើងថា៖ «គោលដៅរបស់យើង គឺមិនមែនការបង្កើនកម្ដៅនៃជម្លោះយោធានោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺយើងចង់បញ្ចប់សង្គ្រាមនេះ។ យើងនឹងខិតខំបញ្ចប់ករណីនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ទោះជាយ៉ាងណា អ្នកនាំពាក្យសេតវិមានអាមេរិក លោក John Kirby ហាក់មិនជឿជាក់លើការលើកឡើងរបស់លោក ពូទីន ឡើយ ដោយថា មេដឹកនាំរុស្ស៊ីរូបនេះមិនដែលបង្ហាញនូវសញ្ញាដែលថាលោកមានឆន្ទៈក្នុងការចរចា ដើម្បីបញ្ចប់សង្គ្រាម ដែលខ្លួនបានចាប់ផ្ដើមកាលពីខែកុម្ភៈនោះទេ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានមួយធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ អ្នកនាំពាក្យសេតវិមាខាងលើនេះបន្ថែមថា៖ «[ការលើកឡើងដោយលោក ពូទីន] ផ្ទុយទាំងស្រុង។ អ្វីៗគ្រប់យ៉ាងដែលគាត់ [លោក ពូទីន] កំពុងធ្វើ គឺបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីចេតនារបស់មនុស្សម្នាក់ក្នុងការចង់បន្តឱ្យប្រជាជនអ៊ុយក្រែនរងទុក្ខវេទនា និងធ្វើឱ្យសង្គ្រាមកាន់តែឡើងកម្ដៅ»។
ជាមួយគ្នានេះ លោក John Kirby ក៏បានបញ្ជាក់ឡើងវិញពីជំហររបស់លោកប្រធានាធិបតី ចូ បៃដិន ក្នុងការបើកចំហសម្រាប់កិច្ចពិភាក្សាជាមួយលោក ពូទីន ផងដែរ ប៉ុន្តែក្នុងករណីដែលមេដឹកនាំរុស្ស៊ីរូបនេះបង្ហាញពីចេតនាពិតប្រាកដក្នុងការចរចាតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់ខែទី១០ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងតំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក។
ទាក់ទិននឹងករណីនេះ រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ខ្លួនមិនដែលជំទាស់ឬច្រានចោលជំនួបរវាងលោក ពូទីន និងសមភាគីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ឡើយ ប៉ុន្តែរាល់កិច្ចពិភាក្សាបែបនេះចាំបាច់ត្រូវតែមានការរៀបចំឱ្យបានច្បាស់លាស់ទុកជាមុន។
ជាមួយគ្នានេះ លោក ហ្សេលេនស្គី ក៏ធ្លាប់បានធ្វើការឆ្លើយតបថា មានតែប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ប៉ុណ្ណោះដែលលោកមានបំណងចង់ជួប ដើម្បីពិភាក្សាអំពីដំណោះស្រាយបញ្ចប់សង្រ្គាម ហើយក្នុងនោះ ប្រធានបទនៃជំនួបដែលលោកនឹងចូលរួម គឺទាល់តែទាក់ទងនឹងការបញ្ឈប់សង្គ្រារវាងប្រទេសទាំងពីរ៕












