ប្រជាសហគមន៍ខេត្តស្ទឹងត្រែង បង្ហាញការព្រួយបារម្ភពីការបាត់បង់ឈើប្រណិតក្នុងតំបន់ព្រៃឡង់ ខណៈពួកគាត់ចុះល្បាតរយៈពេលត្រឹមមួយថ្ងៃ រកឃើញបទល្មើសព្រៃឈើ ១០ករណី ហើយភាគច្រើនជាប្រភេទឈើសុក្រំ។
ក្តីបារម្ភនេះ ក្រោយប្រជាសហគមន៍ប្រមាណ១០នាក់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ បានចុះល្បាតនៅតំបន់ព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង បានរកឃើញបទល្មើសកាប់ព្រៃឈើជាច្រើន ដែលពួកគាត់បានអះអាងថាជាប្រភេទឈើប្រណិតមាន សុក្រំ ជាដើម។
ប្រជាសហគមន៍រស់នៅភូមិអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក ហ៊ឹម ជំនោរ បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែធ្នូ កន្លងទៅ ក្រុមលោកមានគ្នា១០នាក់បានចុះទៅល្បាតនៅក្នុងតំបន់ព្រៃឡង់ រកឃើញបទល្មើសជាច្រើន ដែលស្ថិតនៅត្រង់ចំណុចខាងលិចស្នាក់ការដូង នៃភូមិដូង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ លោកបន្តថា បទល្មើសដែលបន្សល់ទុកនោះភាគច្រើនជាប្រភេទឈើប្រណិតដែលមានមុខបួនម៉ែត្រ ប្រវែងចាប់ពី៣០ម៉ែត្រឡើងទៅ។
លោក ជំនោរ ថា៖ «យើងឃើញមានសរុបទៅ ១០ករណី ដូចឃើញក្នុងរូបអ៊ីចឹង សព្វថ្ងៃនៅតែគល់ទេ វាអត់មានចំនួនទេ តែឈើហ្នឹង ប្រភេទឈើសុក្រំ […] ប្រភេទឈើសុក្រំ ដូចបានបញ្ជាក់ខាងមុនអ៊ីចឹងថា សុក្រំហ្នឹង គឺគេផេ[អារឈើ]បួនៗជ្រុង ប្រវែងបួនម៉ែត្រ ខ្លះមានដល់ ៣០-៤០-៥០ ក៏មានដែរ! អាហ្នឹងប្រវែងវាបួនម៉ែត្រ បីម៉ែត្រ ពីរម៉ែត្រអី អស់ខ្លី[ត្រឹមហ្នឹង]ហើយ»។
បុរសវ័យ៤០ឆ្នាំ ជាអ្នកភូមិអន្លង់ជ្រៃ រូបនេះ បានបង្ហាញពីការព្រួយបារម្ភជាខ្លាំង ខណៈដែលពួកលោកចុះល្បាតត្រឹមរយៈពេលតែមួយថ្ងៃ រកឃើញបទល្មើសលួចកាប់ឈើប្រណិតដែលជាប្រភេទឈើកម្រនៅកម្ពុជាជាច្រើនករណីបែបនេះ។ លោកបន្តថា ប្រសិនបើមិនមានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ អនាគតព្រៃឡង់នឹងបាត់បង់ ក្លាយទៅជាវាលឡង់ជាក់ជាមិនខាន «ហ្នឹងយើងបានចុះល្បាតខ្លះផង ចុះទម្រាំអត់ទៀត? វាសនាព្រៃឡង់យើងនឹងទៅជាយ៉ាងណា៎? មួយថ្ងៃប៉ុណ្ណឹង ចុះ១០-២០ថ្ងៃ អស់ប៉ុនណា?»។
លោក ហ៊ឹម ជំនោរ លើកឡើងថា៖ «ចំណុចដែលគួរឱ្យព្រួយបារម្ភនោះ គឺខ្លាចវាបាត់បង់ព្រៃឈើទៅ ថ្ងៃអនាគតអត់បានកូនចៅស្គាល់ព្រៃឈើច្រើន ហ្នឹងទី១! ទី២ គឺព្រៃឡង់ វាមិនទៅជាព្រៃឡង់ វាទៅជាវាលឡង់ ប្រសិនបើជាករណីមានបទល្មើសច្រើនអ៊ីចឹង»។
ព្រៃឡង់ ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» កាលពីឆ្នាំ២០១៦ ដែលមានទំហំជាង៤៣ម៉ឺនហិកតា។ ព្រៃអភិរក្សមួយនេះគ្របដណ្ដប់លើភូមិសាស្ត្រខេត្តចំនួន៤ រួមមាន ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។

ស្រដៀងគ្នាដែរនេះ ប្រជាសហគមន៍ខេត្តស្ទឹងត្រែងម្នាក់ទៀត គឺលោក ឡាយ ផល្លី បានរៀបរាប់ថា សុក្រំជាប្រភេទឈើធំមានកម្ពស់ខ្ពស់ អាចមានរហូតដល់៣០ម៉ែត្រ ទៅ ៥០ម៉ែត្រ ហើយសាច់ឈើរឹងមាំ មានពណ៌ក្រហម ជាប្រភេទឈើល្អបន្ទាប់ពីឈើបេង នាងនួន គ្រញូង ហើយឈើប្រភេទនេះអាចលក់បានកម្រៃខ្ពស់ជាងឈើធម្មតា។ លោកបន្តថាប្រសិនបើមន្ត្រីឧទ្យានុរក្ស ឬមន្ទីរបរិស្ថានផ្ទាល់ មិនប្រញាប់ទប់ស្កាត់បទល្មើសការលួចកាប់ឈើប្រណិតនេះទេ នោះប្រភេទឈើប្រណិតនៅកម្ពុជាមុខជាអស់ជាក់ជាមិនខាន «ក្មេងឥលូវលែងចង់ស្គាល់អស់ហើយឈើប្រណិត ឮតែឈ្មោះ មិនដឹងរូបរាងយ៉ាងម៉េចទេ»។
លោក ផល្លី ថា៖ «បើតាមការប៉ាន់ប្រមាណរបស់ខ្ញុំ ប្រភេទឈើប្រណិត ឬសុក្រំហ្នឹង បើច្រៀកជាសន្លឹក ប្រហែលជាមួយម៉ែត្រគូប វាស្មើនឹងប្រហែលជា ២៥០ដុល្លារ ក៏ដូចជា ៣០០ ដុល្លារ […] ដោយសារឈើហ្នឹង វាជាប្រភេទឈើកម្រ ឥលូវវាអត់សូវសម្បូរដូចមុន វាមាន ក៏មានតែខ្នាតតូចដែរ ឈើហ្នឹងប្រភេទឈើបន្ទាប់ពីធ្នង់ បេង នាងនួន គ្រញូង»។
ជាអ្នកភូមិកំាងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក ឡាយ ផល្លី បានបង្ហាញការព្រួយបារម្ភផងដែរ ថាការបាត់បង់ព្រៃឈើឬជីវចម្រុះ គឺជាការបាត់បង់ម្លប់មួយយ៉ាងត្រជាក់ និងបាត់បង់រនាំងការពារគ្រោះមហន្តរាយដែលអាចកើតចេញការបម្រែបម្រួលអាកាសធាតុ។ លោកបន្តថា ការបណ្តែតបណ្តោយឱ្យមានករណីលួចកាប់ឈើប្រណិតបែបនេះនៅក្នុងតំបន់ព្រៃឡង់ទាំងខុសច្បាប់ អាចបណ្តាលមកពីការធ្វេសប្រហែសរបស់មន្ត្រីថ្នាក់ក្រោម ហើយការអនុវត្តច្បាប់នៅមានកម្រិតនៅឡើយ។
លោកថា៖ «បើការព្រួយបារម្ភរបស់ខ្ញុំ ទី១ គឺការបាត់បង់ព្រៃឈើ ហើយឈើហ្នឹងជាប្រភេទឈើប្រណិត វាអាចនឹងមានផលប៉ះពាល់ច្រើន កាលណាបាត់បង់ឈើច្រើន វាអាចពាក់ព័ន្ធនឹងការបម្រែបម្រួលអាកាសធាតុដែរ។ […] គាត់អនុវត្តច្បាប់នៅមានកម្រិត ដោយសារគាត់ធ្វេសប្រហែស។ តាមការពិត ពួកគាត់ថាពួកគាត់ខំប្រឹងធ្វើការណាស់ វាមានពេលចន្លោះដែរ ប៉ុន្តែតាមការមើលឃើញទៅ នៅតែមានបទល្មើសច្រើនដដែល វាមិនដឹងមកពីស្អី! ខ្ញុំពិបាកនិយាយដែរ»។
បុរសវ័យ៣២ឆ្នាំរូបនេះ ស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីពាក់ព័ន្ធផ្ទាល់ គួរតែមានវិធានការឱ្យបានច្បាស់លាស់ និងពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងជាងនេះបន្ថែមទៀត ដើម្បីធានាបានថា ប្រភេទឈើប្រណិតនៅកម្ពុជាអាចនឹងមិនមានការបាត់បង់បន្តទៀតនោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភីរុង បានប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះយ៉ាងខ្លីថាលោកមិនទាន់ទទួលបានព័ត៌មានជុំវិញការលើកឡើងរបស់ប្រជាសហគមន៍នោះទេ។ ប៉ុន្តែយ៉ាងណា លោកបានបញ្ជាក់ថាប្រសិនបើមានករណីបែបនេះកើតឡើងមែន លោកនឹងចុះបង្ក្រាបភ្លាម។
លោក អេង ភីរុង ថា៖ «ខ្ញុំអត់ទាន់ទទួលបានរបាយការណ៍ផង ខ្ញុំម៉េចដឹងថាគេកាប់នៅណា៎!»
លោកបន្ថែមទៀតថា៖ «ប្រសិនបើមានបទល្មើសហ្នឹង គេ[នឹង]បង្ក្រាប មានអីទៀត! ហើយឮសូរតែពាក្យចចាមអារ៉ាមអ៊ីចឹង ខ្ញុំម៉េចដឹង! បានហើយ»។
ដោយឡែក មន្ត្រីសម្របសម្រួលគម្រោងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថារដ្ឋាភិបាលហាក់គ្មានឆន្ទៈច្បាស់លាស់ក្នុងការចួលរួមទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់នោះទេ។ លោកបន្តថា បច្ចុប្បន្ន មន្ត្រីរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន មិនបានអនុវត្តតួនាទីរបស់ខ្លួនក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ឱ្យមានប្រសិទ្ធភាពទេ។
លោកថា៖ «បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលមិនមានឆន្ទៈនៅក្នុងការធ្វើការទប់ស្កាត់បទល្មើសនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នោះទេ ជាពិសេសក្រសួងបរិស្ថានមិនបានដើរតួនាទីក្នុងការបំពេញភារកិច្ចក្នុងនាមមន្ត្រីទទួលខុសត្រូវអំពីបញ្ហាព្រៃឈើ ជាពិសេសព្រៃឡង់ នោះទេ»។

បន្ថែមពីនេះ មន្ត្រីសម្របសម្រួលគម្រោងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) រូបនេះ បានទទូចឱ្យរដ្ឋាភិបាលផ្ដល់សិទ្ធិសេរីភាពឡើងវិញទៅដល់សហគមន៍មូលដ្ឋាន ពលរដ្ឋ យុវជន និងសកម្មជនបរិស្ថាន អាចចូលរួមចុះល្បាតបានពេញលេញស្របតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកថា៖ «សូមឱ្យផ្តល់សិទ្ធិសេរីភាពដល់សហគមន៍មូលដ្ឋាន ជាពិសេសបណ្តាញសហគមន៍ព្រៃឡង់ បណ្តាញសហគមន៍ព្រៃព្រះរការ ឱ្យពួកគាត់អាចធ្វើការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគាត់បានពេញលេញ ក្នុងការចូលរួមចំណែកធ្វើកិច្ចការងារការពារព្រៃឈើនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ស្របតាមច្បាប់ស្តីអំពីតំបន់ការពារធម្មជាតិ មាត្រា២១ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៣៥ ហើយនឹងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលខ្លួនឯងផង»។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានបង្ហាញថា ព្រៃឈើចំនួន៦ ២៧១ហិកតាត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ ក្នុងនោះមានដែនជម្រកសត្វព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ដោយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។
របាយការណ៍បញ្ជាក់បន្ថែមថា មូលហេតុព្រៃឈើដែលជាដែនជម្រកសត្វព្រៃចំនួនពីរនេះត្រូវបានកាប់បំផ្លាញអស់ជាង៦ពាន់ហិកតានោះ គឺធ្វើឡើងតាមរយៈការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់អាជ្ញាធរ។
លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕