លោក ប្រាយុទ្ធ ចាន់អូចា ប្រកាសឈរឈ្មោះក្នុងការបោះឆ្នោតអាណត្តិក្រោយទៀត

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដើរបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ មុនការសម្រេចរបស់តុលាការធម្មនុញ្ញ ស្តីពីពេលដែលអាណត្តិនាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោកនឹងបញ្ចប់ នៅឯវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ (REUTERS/Athit Perawongmetha)

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ​នៅ​ថ្ងៃ​សុក្រនេះឱ្យដឹងថា រូបលោកនឹងបន្តឈរឈ្មោះសម្រាប់​អាណត្តិក្រោយ​មួយ​ទៀត ​ក្នុង​ការ​បោះឆ្នោត​សកល​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ខែ​ឧសភា ​ឆ្នាំ​ក្រោយ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន AFP ដែលត្រូវបានយកមកចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន CNA

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក នាយករដ្ឋមន្រ្តីថៃខាងលើនេះបានលើកឡើងថា គណបក្សថៃរួបរួមជាតិ (United Thai Nation Party) ដែលទើបតែបង្កើតឡើងថ្មី បានផ្តល់ការគាំទ្រដល់រូបលោក ក្នុងការក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីបន្ទាប់ទៀត នៅក្នុងការបោះឆ្នោតដែលនឹងធ្វើឡើងនៅពេលខាងមុខ។

ទាក់ទិននឹងករណីនេះ លោកបន្ថែមថា៖ «ខ្ញុំ​សូមធ្វើការ​បញ្ជាក់​ឱ្យបាន​ច្បាស់​នៅក្នុង​ថ្ងៃ​នេះថា ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ​ខ្ញុំ​នឹង​ចូល​រួម​ប្រកួតប្រជែងក្នុងតំណែងនេះបន្តទៀត»។

ការប្រកាសដោយលោក ប្រាយុទ្ធ ចាន់អូចា នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា រូបលោកក៏នឹងចាកចេញពីគណបក្ស ផាឡាំង ប្រាឆារ៉ាត់ (PPRP) របស់ខ្លួនដែលកំពុងតែកាន់អំណាចនេះផងដែរ។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា បានឡើងកាន់តំណែងជាប្រមុខយោធា ក្រោយការធ្វើរដ្ឋប្រហារកាលពីខែសីហា ឆ្នាំ​២០១៤ និងត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីបន្ទាប់ពីការបោះឆ្នោតសកលឆ្នាំ២០១៩។

ទោះជាយ៉ាងណា ប្រជាប្រិយភាពរបស់លោកក្នុងពេលបច្ចុប្បន្នហាក់ស្ថិតក្នុងភាពស្រពេចស្រពិល ខណៈកាលពីឆ្នាំមុន លោកក៏ធ្លាប់ត្រូវបានបាតុករទាមទារឱ្យចុះចេញពីតំណែង ជុំវិញការដោះស្រាយករណីវីរុសកូវីដ-១៩ មិនបានល្អផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ