WWF អំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធដាក់ចេញវិធានការបន្ទាន់ ដើម្បីបញ្ឈប់កុំឱ្យសត្វផ្សោតងាប់បន្តទៀត

សត្វ​​ផ្សោត​​អ៊ីរ៉ាវ៉ាឌី (Irrawaddy) មួយក្បាល ត្រូវបានប្រទះឃើញងាប់អណ្តែតតាមទឹកទន្លេមេគង្គ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ (WWF-Cambodia)

អង្គការ​មូលនិធិសកលសម្រាប់អភិរក្ស​ធម្មជាតិ (ហៅកាត់ថា WWF) អំពាវ​នាវ​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដាក់​ចេញ​នូវ​វិធាន​ការ​សមស្រប​បន្ទាន់ ដើម្បីបញ្ឈប់​កុំ​ឱ្យ​សត្វ​ផ្សោត​ងាប់ដោយ​សារ​ការ​នេសាទ​ខុស​ច្បាប់​បន្ត​ទៀត ខណៈសត្វផ្សោត​ពេញវ័យ​មួយក្បាលត្រូវបានគេ​ប្រទះឃើញ​​​ងាប់នៅ​ក្រុង​ក្រចេះ ខេត្តក្រចេះ​។

សេចក្ដីថ្លែងការណ៍របស់អង្គការ WWF ស្ដីពីការបាត់បង់សត្វផ្សោតអ៊ីរ៉ាវ៉ាឌីញីមួយក្បាល នៅថ្ងៃសុក្រនេះ បានលើកឡើងថា នៅថ្ងៃទី២២ ខែ​ធ្នូ ឆ្នាំ២០២២នេះ សត្វ​​ផ្សោត​​​ញី​​ពេញ​វ័យ​មួយ​ក្បាល​ដែល​​មាន​ប្រវែង​១៩៣​សង់​ទី​ម៉ែត្រ អាយុ​ចន្លោះ៧ទៅ១០​ឆ្នាំ​ ទម្ងន់​ប្រហែល​៨៥គីឡូ​ក្រាម ត្រូវបានគេប្រទះឃើញងាប់អណ្ដែតទឹក​ នៅ​ឃុំកោះទ្រុង ក្រុងក្រចេះ។ ប្រភពដដែល​បន្តថា តាមការ​ស្រាវជ្រាវបឋម សត្វផ្សោត​ដែលងាប់នោះ​​អាចបណ្ដាលមកពីជាប់មងនេសាទ ខណៈក្រុមអ្នកស្រាវជ្រាវបានរកឃើញមានស្លាកស្នាមនៃសរសៃមងនៅលើកន្ទុយរបស់វា។

អង្គការ WWF៖ «ជាមួយនឹងឧបទ្ទវហេតុដ៏​សោកសង្រេងនេះ វាជាសត្វទី១០ហើយដែលបានស្លាប់ក្នុងឆ្នាំ២០២២ និងជាសត្វ​ផ្សោត​ទី​២៨ ដែលបានបាត់បង់ជីវិតក្នុងរយៈពេល៣​ឆ្នាំចុងក្រោយនេះ។ ការដែលសោកស្ដាយខ្លាំងបំផុត គឺនៅពេលដែលសត្វផ្សោតញីពេញវ័យដែលមានសុខភាពល្អដូច​សត្វផ្សោតញីមួយក្បាល​នាពេលនេះ បានបាត់បង់​ជីវិត ព្រោះ​ប៉ះ​ពាល់​ធ្ងន់ធ្ងរដល់លទ្ធភាពនៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គ។

ករណីនេះ អង្គការ WWF បាន​អំពាវ​នាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់រៀប​ចំដាក់​ចេញ​នូវ​វិធាន​ការ​សមស្រប​បន្ទាន់ ដើម្បី​បញ្ឈប់កុំឱ្យ​​សត្វ​ផ្សោត​រង​គ្រោះថ្នា​ក់​ងាប់​បន្ត​ទៀតដោយ​សារ​ការ​នេសាទខុសច្បាប់ ដូចជា​ការប្រើមង​នេសាទ និង​ឧបករណ៍​ឆក់ ដែលកំ​ពុង​ត្រូវបាន​ប្រព្រឹត្ត​នៅក្នុងតំបន់អភិរក្សសត្វផ្សោត។

នាយកអង្គការ WWF លោក សេង ទៀក បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា ក្នុង​​រយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ មានសត្វផ្សោត២​ក្បាលហើយ​បា​​នងា​ប់ ដែល​នេះ​បង្ហាញ​ពីសញ្ញា​ធ្ងន់​ធ្ងរ និង​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង ដែល​ឈាន​ទៅរក​ភាព​ផុត​ពូជ​សម្រាប់សត្វផ្សោតនៅទន្ល​មេគង្គ។

លោកបញ្ជាក់​ថា ​ស្ថានភាព​​នេះកាន់​តែបង្កើតការព្រួយបារម្ភខ្លាំងចំពោះការ​រស់រា​ន​របស់សត្វផ្សោត ដែល​ចាំបាច់​ទាមទារឱ្យមានវិធានការដើម្បីការពារជាបន្ទាន់ ក្នុងគោលបំណងបញ្ចៀសឱ្យបាននូវការបាត់បង់សត្វផ្សោតទន្លេមេគង្គ។

លោកថា៖ «យើងមិនធ្លាប់បានឃើញនូវអត្រាស្លាប់ខ្ពស់បែបនេះទេ ក្នុងរយៈពេល១០​ឆ្នាំចុង​ក្រោយ​នេះ​។ ប្រសិន​បើគ្មាន​វិធាន​ការ​សម​ស្រប ដើម្បីឆ្លើយតបជាបន្ទាន់ទៅស្ថានភាពបច្ចុប្បន្ននេះទេ នោះ​សត្វផ្សោតនឹងវិនាសផុតពូជមិនខានឡើយ»។

លោក សេង ទៀក ក៏បាន​ទទូចទៅសមត្ថកិច្ចពាក់ព័ន្ធ ​អនុវត្ត និង​ពង្រឹង​វិធាន​ការ​ច្បាប់​ឱ្យ​បានតឹង​រ៉ឹងចំពោះ​រាល់​សកម្មភាពនេសាទខុសច្បាប់​គ្រប់​ទម្រង់ នៅក្នុងតំបន់ទីជម្រកសត្វ​ផ្សោត ដោយ​ត្រូវ​បង្កើន​ការ​ល្បាត​នៅ​ពេល​យប់ ព្រោះវា​ជាពេលដែលការនេសាទខុសច្បាប់​​កើត​​ឡើង។

បើតាមអង្គការ WWF ក្នុងចំណោមចំនួនផ្សោត​ដែលនៅសល់កំពុងរស់នៅក្នុងទន្លេមេគង្គ សត្វផ្សោត​ប្រមាណ៧០​ភាគ​រយ មាន​អាយុលើសពី២០​ឆ្នាំ ដែល​ជា​វ័យ​មួយ​ផុត​កំណត់អាយុ​ដែលមាន​លទ្ធភាព​បង្កាត់​ពូជ។ ប្រភពដដែលបន្ត​ថា ជាទូទៅ សត្វផ្សោតអ៊ឺរ៉ាវ៉ាឌី អាចរស់នៅបានអាយុចន្លោះពី២៧ឆ្នាំ​ ទៅ​៣០​ឆ្នាំ ខណៈ​អត្រា​ស្លាប់​របស់​កូន​សត្វ​ផ្សោត​មាន​កម្រិត ៦២​ភាគរយ ក្នុងរយៈពេល៣​ឆ្នាំចុងក្រោយ ដែលជាមូលហេតុធ្វើឱ្យអត្រារស់រានរបស់កូ​ន​សត្វ​ផ្សោត​រហូតដល់​ពេញ​វ័យ​មាន​កម្រិត​ទាប ដែល​កត្តានេះ​ជាក្ដីបារម្ភមួយខ្លាំង ដោយសារ​មិន​មាន​ចំនួន​សត្វផ្សោត​កើត​ថ្មី​គ្រប់​គ្រាន់ដើម្បីបន្តវេនជំនួសផ្សោតចាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ