សកម្មភាពកាប់ឈើក្នុងព្រៃសហគមន៍ដើម្បីយកទៅលក់ ការកាប់ទន្ទ្រានយកដីដាំដំណាំ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ច ការកាប់ព្រៃឈើដើម្បីចាប់សត្វជាដើមនោះ ត្រូវបានគេមើលឃើញថា សុទ្ធសឹងតែជាសកម្មភាពដែលរាប់ថា បានបំផ្លិចបំផ្លាញព្រៃឈើនៅកម្ពុជា ខណៈសកម្មភាពកាប់ឈើដើម្បីយកមកធ្វើធ្យូង ក៏ជាផ្នែកមួយទៀតដែលនាំឱ្យព្រៃឈើរងការបាត់បង់ផងដែរ។
ជាក់ស្តែងប្រជាសហគមន៍មួយចំនួននៅក្នុងខេត្តក្រចេះ បារម្ភពីការបាត់បង់ព្រៃឈើនៅក្នុងដីព្រៃសហគមន៍របស់ពួកគេ ដោយសារតែមានអ្នកលួចចូលធ្វើឡដុតធ្យូងជាបន្តបន្ទាប់ ខណៈពួកគេអះអាងថា អាជ្ញាធរមិនទាន់ចាត់ការទៅលើជនល្មើសឱ្យមានប្រសិទ្ធភាពនៅឡើយ។
អង្គុយនៅក្រោមផ្ទះឈើ ពាក់អាវដៃវែងស កនិងដៃអាវពណ័ទឹកក្រូចខ្ចី លោក ឈុំ សារុំ ជាអនុប្រធានព្រៃសហគមន៍តាវ៉ា បានប្រាប់វីអូឌី កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ដីព្រៃសហគមន៍ដែលលោកនិងប្រជាសហគមន៍ផ្សេងទៀតកំពុងការពារគឺមានផ្ទៃដីចំនួនជិត១ពាន់ហិកតា(៩៨២) និងបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងបរិស្ថានកាលពីអំឡុងឆ្នាំ២០១១។
លោកបន្តថា ស្ថានភាពព្រៃសហគមន៍ដែលលោកគ្រប់គ្រងសព្វថ្ងៃនេះ គឺមានព្រៃពាក់កណ្តាលស្រោង និងអាចឱ្យប្រជាសហគមន៍នៅទីនោះអាស្រ័យផលពីអនុផលព្រៃឈើ ដូចជាប្រមូលផលផ្សិត ទំពាំង រកឃ្មុំ ជាដើម ហើយក៏ជាជម្រកសម្រាប់សត្វព្រៃមួយចំនួនផងដែរ។

លោកបន្តថា ទោះបីជាព្រៃសហគមន៍នេះបានចុះបញ្ជីត្រឹមត្រូវក៏ដោយ ប៉ុន្តែនៅពេលពួកគាត់រាល់ពេលចុះល្បាតតែងប្រទះឃើញមានជនល្មើសមួយចំនួនកាប់បំផ្លាញ និងរុករានព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដែលធ្វើឱ្យមានក្ដីបារម្ភពីអនាគតរបស់ដីព្រៃសហគមន៍មួយនេះទៅថ្ងៃអនាគត។
លោកបន្ថែមថា៖«អាត្រង់ហ្នឹងពិសេសគឺ កាប់រៀនយកព្រៃឈើលក់នឹងតែម្ដង ជាពិសេសឡធ្យូងតែម្ដង ខ្ញុំនិយាយចឹងតែម្ដង ប្រជាពលរដ្ឋសព្វថ្ងៃ។ ទីមួយហ្នឹង សំខាន់ជាងគេគឺ ឡធ្យូង អស់ពីឡធ្យូង រានដីហ្នឹងយកដាំ ដូចជាដំឡូងជាអីចឹងណា៎ {….} ហើយចឹងយកធ្វើជាកម្មសិទ្ធិខ្លួនឯង។ ចឹងបានខ្ញុំថា ខ្ញុំបានថ្នាក់លើក៏និយាយពន្យល់ខ្ញុំៗចូលប្រជុំរៀនហើយថា មិនអាចឱ្យប្រជាពលរដ្ឋទេ ដីក្រឡោនសហគមន៍គឺច្បាប់ចេញអនុម័តច្បាប់ចេញមកគឺច្បាស់លាស់បាទ»។
អនុប្រធានសហគមន៍រូបនេះបន្តថា លោកពិតជាចង់ឃើញដីព្រៃសហគមន៍របស់លោកនៅបានស្ថិតស្ថេរយូរអង្វែងសម្រាប់ជាប្រយោជន៍ជនជាតិដើមភាគតិចច្រើនប្រភេទដែលរស់នៅតំបន់នោះ មានដូចជា ពូនង កួយ ជាដើម ដើម្បីឱ្យពួកគេអាចធ្វើពិធីតាមសាសនាផ្សេងៗ។
បុរសវ័យ៦៣ឆ្នាំរូបនេះបញ្ជាក់ថា៖«ខ្ញុំចាស់ហើយ ហើយក្មួយនៅក្មេងស្នងត្រកូលដើម្បីហ្នឹងហើយជីវភាពរបស់យើងដែលរស់នៅ ដោយសារអី្វ? ទីមួយឈើដើម្បីជ្រកម្លប់ត្រជាក់ ហើយគោក្របីប្រជាពលរដ្ឋដោះស្រាយ ហើយយើងដើរធ្វើអី។ យើងទៅបេះដូចថាទៅយកឃ្មុំសហគមន៍យើងប្រមូលផ្ដុំមក ទៅយកមកចែករំលែកយើងចេញមកក្នុងសហគមន៍យើងបែងចែកទៅឱ្យក្រុមហ៊ុនណាទៅ ដែលគេទិញយកទៅដើម្បីសហគមន៍យើងប្រមូលផ្ដុំលុយហ្នឹងចូលទៅក្នុងសហគមន៍យើង»។
មិនខុសពីអនុប្រធានសហគមន៍ព្រៃឈើតាវ៉ានេះ លោក អាន ទ្រែន អាយុ៥០ឆ្នាំ ជាជាតិដើមភាគតិចកួយ និងជាប្រធានសហគមន៍ព្រៃឈើភ្នំមាស ដែលមានផ្ទៃដី ១ ៨២៤ហិកតា ដែលជាព្រៃសហគមន៍ មានព្រំប្រទល់ជាមួយសហគមន៍ព្រៃឈើតាវ៉ាផងនោះ បានឱ្យដឹងថា លោកមានការព្រួយបារម្ភចំពោះអនាគតព្រៃឈើក្នុងសហគមន៍របស់លោកផងដែរ។ ការព្រួយបារម្ភនេះ លោកថា ដោយសារតែមានអ្នកលួចចូលកាប់ឈើ និងធ្វើឡធ្យូងនៅក្នុងដីព្រៃសហគមន៍តែម្តង។

លោកបន្តថា៖ »បារម្ភណាស់ៗ ទៅមើលថ្ងៃនេះថា ឈើល្អទៅស្អែកឈើបាត់ ទៅមើលខាងនោះទៀត ទៅមើលខានស្អែកទៀតបាត់»។
លោក អាន ទ្រែន បន្ថែមថា កន្លងមកអាជ្ញាធរមិនដែលរារាំងប្រជាសហគមន៍មិនឱ្យចូលការពារព្រៃសហគមន៍ដូចនៅតាមតំបន់ព្រៃឡង់នោះទេ គឺមានតែផ្ដល់សិទ្ធិឱ្យសហគមន៍ធ្វើទៅតាមច្បាប់។ យ៉ាងណាវិធានការទប់ស្កាត់បទល្មើសរបស់អាជ្ញាធរមូលដ្ឋាន នៅមានចន្លោះប្រហោង ដែលធ្វើឱ្យជនល្មើសមិនរាងចាល់។
បុរសជនជាតិដើមភាគតិចកួយរូបនេះបន្តថា៖ «គាត់ជួយខ្លះដែរ ជួនកាលទៅគាត់ប្រាប់យើងថា ឱ្យប្រឹងប្រែង ប៉ុន្តែអនុវត្តពេលយើងចាប់បានជនល្មើសគាត់ឱ្យយើងដោះស្រាយគាត់អត់លូកដៃ ដល់អត់លូកដៃទៅជនបទល្មើសគាត់អាចពឹងមេឃុំបាន។ អ៊ីចឹងបានជនបទល្មើសនៅដដែល ដល់យើងរាយការណ៍ទៅប្រាប់ភូមិ យើងសរសេរវត្តមានអី មេដៃអីឱ្យប្រគល់ឱ្យគេអស់ គាត់អត់មានហៅអ្នកហ្នឹងទៅផង។ ត្រង់ហ្នឹងហើយដែលខ្ញុំបារម្ភសព្វថ្ងៃ»។
យោងតាមច្បាប់ស្ដីពីព្រៃឈើ មាត្រាទី៧ ស្ដីពីភារកិច្ចរបស់រដ្ឋបាលព្រៃឈើ ចំណុចទី៨ បានចែងថា រដ្ឋបាលព្រៃឈើត្រូចាត់វិធានការសមស្របនិងបង្រ្កាបរាល់ការបំផ្លិចបំផ្លាញព្រៃឈើ ភ្លើងឆេះព្រៃនិងការកាប់រានព្រៃឈើដោយធានាការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។ ចំណែកចំណុចទី៩ បានចែងថា រដ្ឋបាលព្រៃឈើត្រូវបង្កើនការអប់រំដល់ប្រជាពលរដ្ឋតាមរយៈកម្មវិធីដែលបង្ហាញពីសារៈសំខាន់ក្នុងការគ្រប់គ្រង ការពារថែរក្សាធនធានព្រៃឈើ ក៏ដូចជា ស្ដារប្រព័ន្ធមជ្ឈដា្ឋនធម្មជាតិនិង ថែរក្សាព្រៃឈើជាតិ។
មិនខុសពីព្រៃសហគមន៍ទាំងពីរនេះនោះទេ ឡធ្យូងគឺជាបញ្ហាគំរាមកំហែងដល់ដីព្រៃសហគមន៍មួយទៀត ដែលមានឈ្មោះថា ព្រៃសហគមន៍ចំរើន ដែលព្រំប្រទល់ជាប់ជាមួយនឹងដីព្រៃសហគមន៍ទាំងពីរខាងលើ។ ដីព្រៃសហគមន៍ចំរើននេះ មានទំហំ ៨២៥ហិកតា និងបានចុះបញ្ជីនៅក្រសួងបរិស្ថានកាលពីឆ្នាំ២០១៣។
លោក គួក ឡូត អាយុ៤៧ឆ្នាំ ជាប្រធានសហគមន៍ព្រៃឈើចំរើន បានរៀបរាប់ថា ចាប់តាំងពីឆ្នាំ២០១៩រហូតមកទល់សព្វថ្ងៃ មានពលរដ្ឋមួយចំនួនបានលួចចូលទៅក្នុងព្រៃសហគមន៍ដើម្បីកាប់ឈើនិងធ្វើឡដុតយកធ្យូងនៅទីនោះ ដែលជាហេតុធ្វើឱ្យលោកបារម្ភថា ព្រៃឈើនៅសេសសល់នឹងអាចវិនាសមិនខាន។
លោកក៏មានក្ដីបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួនផងដែរ ដោយថាកន្លងមកពេលចុះល្បាតព្រៃក៏ធ្លាប់មានបញ្ហាជាមួយជនលើ្មស ហើយជនល្មើសទាំងនោះមិនពេញចិត្តនឹងការការពារព្រៃឈើរបស់លោកនោះទេ។
លោកបន្ថែមថា៖«ខ្ញុំខ្លាចក្រែងលោវាបាត់បង់ព្រៃ ក្រែងថា លោកមេភូមិ មេឃុំ លោកអត់បានទទួលស្គាល់មានបោះត្រាអ៊ីចឹង ទទួលស្គាល់កាលពី២០១២ ២០១៣អ៊ីចឹងទៅណា៎ ខ្លាចបាត់បង់។ ទីពីរខ្លាចគ្រោះថ្នាក់ដល់ខ្ញុំយប់ព្រលប់ ខ្ញុំដើរល្បាតគ្នាបីបួននាក់ ជួនកាលយើងធ្វើស្រែចម្ការ។ យើងចេះតែព្រួយចិត្តទៅណា៎ ព្រោះយើងនៅក្នុងព្រៃ»។
ប្រធានសហគមន៍ព្រៃឈើរូបនេះ ក៏បានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ជួយបង្កើនកិច្ចសហការ និងមានវិធានការច្បាស់លាស់ទៅលើជនល្មើសដែលតែងតែទន្ទ្រានយកដី និងកាប់ឈើធ្វើធ្យូងនៅក្នុងដីព្រៃសហគមន៍របស់ពួកគាត់។
ទាក់ទងបញ្ហានេះ មេឃុំថ្មី លោក មុំ ខាំ បាននិយាយថា ឈ្មោះជនល្មើសដែលខាងសហគមន៍បញ្ជូនមក ខាងអាជ្ញាធររដ្ឋបាលព្រៃឈើបានទទួលរួចរាល់ហើយ និងរង់ចាំចាត់ការតាមនីតិវិធី ដោយមិនអាចធ្វើអ្វីភ្លាមៗនោះទេ ព្រោះវាអាចបណ្ដាលឱ្យខុសគោលការណ៍ច្បាប់។
លោកបន្ថែមថា៖«យើងធ្វើតាមដំណាក់កាល យើងហៅគាត់មកណែនាំណា៎ ណែនាំ ពន្យល់គាត់ឱ្យគាត់បានយល់ដឹង ហើយបើយើងធ្វើខ្លាំងពេកក៏វាមិនសមដែរណា៎។ {……}យើងសុំឱ្យគាត់ឈប់ទន្រ្ទានព្រៃ កាប់អុសកាប់ព្រៃនៅកន្លែងដីសហគមន៍ ព្រោះដីហ្នឹងទុកសម្រាប់យើងទាំងអស់គ្នាទេ[នេះជា]ការណែនាំរបស់យើង ហើយបើយើងទៅវាយទៅតប់គាត់ក៏វាហាក់បីដូចជា មិនសមរម្យ. ចឹងយើងហៅគាត់មកណែនាំសិន»។
ច្បាប់ស្ដីពីព្រៃឈើ ជំពូកទី៩ ស្តីពីសិទ្ធិប្រើប្រាស់ជាប្រពៃណី ការគ្រប់គ្រងព្រៃសហគមន៍និងព្រៃឯកជន មាត្រាទី៤៤ បានចែងថា សហគមន៍មូលដ្ឋានដែលដំណើរការក្រោមកិច្ចព្រមព្រៀងព្រៃសហគមន៍ មានសិទ្ធិ ប្រមូលផល អនុផលព្រៃឈើនៅក្នុងដែនព្រៃឈើស្របតាមផែនការគ្រប់គ្រងព្រៃសហគមន៍ ដែលបានកំណត់ព្រំប្រទល់ជូន ដូចមានចែងក្នុងកិច្ចព្រមព្រៀងព្រៃសហគមន៍ ។ សហគមន៍មូលដ្ឋានមិនអាចយកព្រៃសហគមន៍ទៅប្រើប្រាស់ក្រោមរូបភាពជាសម្បទាន ឬលក់ ដូរ ឬផ្ទេរសិទ្ធិលើព្រៃឈើនោះឱ្យភាគីទីបីបានឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តក្រចេះ លោក ធីម ហ៊ន មានប្រសាសន៍ថា វាអាចជារឿងមិនងាយស្រួលក្នុងការបញ្ឈប់ពលរដ្ឋដែលប្រកបរបរឬធ្វើអាជីវកម្មឡធ្យូងនៅតាមតំបន់ដែលមានព្រៃឈើបែបនេះ។ លោកបន្តថា របរនេះគឺជាប្រពៃណីនៃការរកស៊ីរបស់ពួកគេ ប៉ុន្តែអ្វីដែលអាជ្ញាធរអាចធ្វើបាននោះគឺផ្សព្វផ្សាយពីផលប៉ះពាល់នៃការបាត់បង់ធនធានធម្មជាតិ អប់រំពីច្បាប់ ក៏ដូចជាផលប្រយោជន៍នានាដែលនឹងទទួលបានប្រសិនបើព្រៃសហគមន៍នេះត្រូវបានអភិរក្ស ដោយលោកបានសង្កេតឃើញថា ការផ្សព្វផ្សាយទាំងនោះនៅមានកម្រិតនៅឡើយក្នុងពេលបច្ចុប្បន្ន។
លោកបន្ថែមថា៖«ដើម្បីឱ្យមានការចូលរួមនៅក្នុងការទប់ស្កាត់ទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃឈើដែលជាតំបន់ការពារឬក៏ជាតំបន់ហាមឃាត់ណាមួយដើម្បីរក្សាទុកជាប្រយោជន៍របស់សហគមន៍ ឬក៏ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៅក្នុងការទទួលផល។ អ៊ីចឹងខ្ញុំគិតថាមានតែការធ្វើការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋឱ្យគាត់មានការយល់ដឹងទេ ទើបអាចមានការចូលរួមបានច្រើន«។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា៖«នៅពេលបច្ចុប្បន្ននេះបានន័យថា អាការផ្សព្វផ្សាយអីហ្នឹងនៅតាមមូលដ្ឋានវានៅមានកម្រិតនៅឡើយ។ ដូច្នេះហើយការចូលរួមរបស់ប្រជាពលរដ្ឋទាក់ទងនឹងបទល្មើសព្រៃឈើហ្នឹងគឺវានៅមានកម្រិតទេ ហើយមួយវិញទៀតអ្នកដែលមានតួនាទីសំខាន់នៅក្នុងការបង្រ្កាបហ្នឹងគឺមន្ត្រីមានសមត្ថកិច្ច។ អ៊ីចឹងគាត់មានតួនាទីក្នុងការការពារ អ៊ីចឹងគាត់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋដែរ ត្រូវមានការសហការគ្នា»៕












