កាំងចាម ជាភូមិមួយស្ថិតនៅក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។ ភូមិនេះមានផ្លូវដីក្រហម ហុយទ្រលោមពេលមានឡានបើកកាត់ម្ដងៗ និងមានជង្ហុកធំៗ និងរអិលខ្លាំងបើសិនជាមានភ្លៀង។ នៅតាមផ្លូវ គេឃើញមានផ្ទះពលរដ្ឋនៅអមសងខាងផ្លូវ ប្របនឹងមាត់ទន្លេមេគង្គ ដែលបង្កភាពងាយស្រួលដល់ពលរដ្ឋនៅទីនោះក្នុងការប្រកបរបរនេសាទ និងធ្វើស្រែចម្ការ ជាដើម។ ប៉ុន្តែប្រជានេសាទមួយចំនួននៅក្នុងភូមិនេះបានប្តូរពីរបរនេសាទ មកធ្វើស្រែចម្ការវិញ បន្ទាប់ពីទិន្នផលត្រីធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យពួកគេរកចំណូលលែងបាន ខណៈមានពលរដ្ឋអះអាងថាមានអ្នកប្រើប្រាស់ឧបករណ៍ឆក់ខុសច្បាប់ច្រើន។

លោក សែន ធាន អាយុ៤៧ឆ្នាំ ជាពលរដ្ឋមា្នក់រស់នៅក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានប្រាប់វីអូឌីថា លោកបានប្រកបរបរជាអ្នកនេសាទខ្នាតតូចនេះ ចាប់តាំងពីអាយុ២០ឆ្នាំ ប៉ុន្តែលោកបានឈប់នេសាទត្រីកាលពី២ឆ្នាំមុន ដោយសារស្ថានភាពត្រីកាន់តែធ្លាក់ចុះ។ លោកថា ពីមុន លោកអាចរកត្រីបានមិនក្រោម១០គីឡូក្រាមនោះទេក្នុងមួយយប់ ហើយមុនពេលលោកសម្រេចចិត្តឈប់នោះ គឺអាចរកបានតិចជាង៥គីឡូក្រាម ឬពេលខ្លះមិនបានទាល់តែសោះក៏មាន។ នេះជាហេតុធ្វើឱ្យលោកសម្រចចិត្តឈប់ប្រកបរបរនេសាទ ហើយងាកមកធ្វើចម្ការដំឡូងវិញ ដោយលោកសង្ឃឹមថានឹងអាចរកចំណូលដើម្បីទ្រទ្រង់គ្រួសារបានល្អប្រសើរជាងមុន។
អតីតប្រជានេសាទនេះបន្ថែមថា៖ «ខ្ញុំមកនៅដំបូង ខ្ញុំអត់ហ៊ានប្រើមងទេ ខ្ញុំប្រើសំណាញ់ទៅបង់ ដូចថាមួយភ្លែតបាន១០-២០គីឡូ […] ឥលូវបង់មួយយប់ទល់ភ្លឺ មិនទាន់បានត្រី៥គីឡូដែរ»។
លោកថា ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ដែលរស់នៅតាមដងទន្លេមេគង្គ លោកក៏បារម្ភចំពោះអនាគតធនធានត្រីនៅក្នុងដងទន្លេនេះ ដោយលោកលើកឡើងថា៖ «ខ្ញុំថាឱ្យតែនៅប្រើរបស់ឆក់ច្រើនអ៊ីចេះ យូរៗរលាយ រកត្រីដែលកូនចៅជំនាន់ក្រោយលែងស្គាល់ត្រីអស់ហើយ»។
កសិកររូបនេះយល់ឃើញថា បញ្ហាប្រឈមដែលបណ្ដាលឱ្យធនធានត្រីនៅក្នុងទន្លេមេគង្គកាន់តែធ្លាក់ចុះនោះមានពីរកត្តាធំៗ នោះគឺការឆក់ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងការបិទទំនប់វារីអគ្គិសនីនៅទំនប់ខាងលើ ដែលធ្វើឱ្យរាំងស្ទះដំណើរវិវត្តន៍របស់ត្រី។
លោកបន្ថែមថា៖ «អារឿងបិទនោះ [ទំនប់វារីអគ្គិសនី] មួយជំពូកហើយ ដែលត្រីវាអត់បានចុះមក វាមិនបានចុះមក ឃើញដូចជាត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ា អាប៉ាវ៉ាមុខពីរគេនោះ! ពួកនោះសុទ្ធតែនៅទន្លេសេសាន ហើយតែគេបិទទីនោះហើយ ពួកវាលែងចុះមក។ អូរឿងឆក់ហ្នឹង ខ្ញុំមិនចេះតែថាទេ [ដល់]ថ្នាក់ខ្ញុំតេ [ហៅទូរសព្ទ] ទៅប្រាប់គេ [មន្ត្រីជលផល] គេមិនរវល់ផង»។
កាលពីអំឡុងខែមីនា ដើមឆ្នាំ២០២២ លោក ឱម សារ៉ាត់ អតីតនាយកប្រតិបត្តសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា FACT បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រៅពីការប្រែប្រួលកម្ពស់ទឹកភ្លៀងដោយសារតែអាកាសធាតុនោះ ទំនប់វារីអគ្គិសនីក៏ដើរតួជាបញ្ហាចោទចំពោះលំហូរទឹកទន្លេមេគង្គផងដែរ។ លោកបន្ថែមថា នៅពេលអនាគត កម្ពុជានិងបណ្ដាប្រទេសនៅតំបន់ទន្លេមេគង្គខាងក្រោមមួយទៀត នឹងអាចប្រឈមនឹងបញ្ហាផ្សេងៗ ប្រសិនបើគ្មានយន្តការរួមដើម្បីពិនិត្យការសាងសង់ និងតាមដានទំនប់វារីគ្គិសនីនៅតាមបណ្ដោយដងទន្លេមេគង្គ។
លោកបានថ្លែងថា៖ «អ្វីដែលជាបញ្ហាប្រឈមនៅពេលខាងមុខហ្នឹង គឺថានឹងប៉ះពាល់ដល់បណ្តាប្រទេសប្រើប្រាស់អត្ថប្រយោជន៍ពីទន្លេមេគង្គ ពិសេសគឺកម្ពុជាយើង ដែលជាប្រទេសមួយដែលមានទំនាបអាងទន្លេមេគង្គហ្នឹងច្រើន ពិសេសគឺបឹងទន្លេសាបយើងហ្នឹង ដែលវាជះឥទ្ធិពលទៅដល់ការប្រែប្រួលជីវចម្រុះ អំពីផលនេសាទ អំពីផលកសិកម្មអីផ្សេងៗ ដែលពាក់ព័ន្ធជាមួយនឹងការងាររបស់កសិករ និងអ្នកនេសាទរបស់យើង»។
កសិករម្នាក់ទៀតឈ្មោះ អ៊ូ ញឹម អាយុ៧៣ឆ្នាំ ដែលពីមុនធ្លាប់ជាអ្នកប្រកបរបរនេសាទលក្ខណៈគ្រួសារ ដោយដាក់តែសន្ទូចនៅតាមដងទន្លេដើម្បីបានត្រីបន្តិចបន្តួចយកមកដោះស្រាយបញ្ហាជីវភាពគ្រួសារ បានឱ្យដឹងថា បន្ទាប់ពីលោកឈប់នេសាទអស់រយៈពេល២ឆ្នាំមកនេះ ហើយងាកមកធ្វើស្រែដែលមានមិនដល់មួយហិកតាផងនោះ លោកត្រូវការចំណាយថវិកាក្នុងគ្រួសារច្រើនជាងមុន ដោយកាលនៅរកត្រីបាន ទោះមិនច្រើន ក៏អាចយកមករំដោះម្ហូបប្រចាំថ្ងៃ ប៉ុន្តែឥលូវត្រូវចំណាយយ៉ាងតិចមួយម៉ឺនរៀលដែរ។ ទោះជាយ៉ាងណា លោកត្រូវប្រកបរបរធ្វើស្រែចម្ការវិញ ដោយសារតែរកត្រីក៏លែងបានដូចមុនទៀត។
បុរសរូបនេះបន្ថែមថា៖ «បាទ! មានតែម៉ូតូ [ម៉ូតូដឹកសាច់និងបន្លែលក់តាមភូមិ] ហើយមួយខែ ៣០ថ្ងៃ [ត្រូវចំណាយ]លុយ[ទិញត្រីសាច់] ហើយមួយគីឡូ [សាច់ ឬត្រី] មួយម៉ឺនៗ»។

ពលរដ្ឋដដែលនេះ បន្ថែមថា ការឆក់ត្រីដោយប្រើឧបករណ៍ខុសច្បាប់កើតមាននៅក្នុងតំបន់របស់លោក គឺគ្មានការអើពើពីសំណាក់មន្ត្រីមានសមត្ថកិច្ចនោះឡើយ ដោយលោកបានអះអាងថា មួយថ្ងៃអាចមានទូកមិនក្រោមពីបីទូកមកឆក់នោះទេ ដែលភាគច្រើនពួកគេមកឆក់នៅពេលយប់។
លោកបន្ថែមថា៖ «ខ្ញុំចង់និយាយថា ធ្វើម៉េចឱ្យជលផល [មន្ត្រី] បង្ក្រាបពួកឆក់ បើឃើញហើយឱ្យត្រូវចាប់ឱ្យអស់។ ខ្ញុំអត់មានសិទ្ធិក្នុងអូរដូចគ្នាដែរបាទ! ខ្ញុំចូលទៅក្នុងអូរ ទៅអី គេឆក់ពីរនាក់ បីនាក់ មន្ត្រីអត់ហ៊ានថាគេទេ [ចុះទម្រាំ]មកអស់ខ្ញុំប្រជាជនទៅ ថាគេម៉េចបាន! បើពួកគេខាងនោះ ដូចគេថាខ្មោចស្រុកបើកដៃ ខ្មោចព្រៃចូលហើយ»។
លោក អ៊ិន សួន អាយុ៧២ឆ្នាំ ជាប្រធានភូមិកាំងចាម បានឱ្យដឹងថា នៅក្នុងភូមិនេះមានពលរដ្ឋសរុបចំនួន៤៩៥គ្រួសារ ភាគច្រើនសុទ្ធតែជាអ្នកនេសាទ ប៉ុន្តែនេសាទតាមលក្ខណៈគ្រួសារ មិនមែនជាលក្ខណៈធំដុំនោះទេ។ លោកទទួលស្គាល់ថា មានពលរដ្ឋមួយចំនួនបានបោះបង់របរនេសាទនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការរកត្រីលែងបាន។ ប៉ុន្តែទាក់ទងនឹងបញ្ហាដែលពលរដ្ឋបានលើកឡើងថាមានអ្នកប្រើឧបករណ៍ឆក់នោះ គឺលោកមិនបានទទួលព័ត៌មាន ឬដឹងថាគេឆក់នៅទីណាក្នុងភូមិរបស់លោកនោះទេ។
ចំណែកឯលោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានប្រាប់វីអូឌីថា ថ្នាក់លើមិនបានទទួលបណ្ដឹងពីពលរដ្ឋនោះទេ ដោយលោកបានលើកឡើងថា លោកមិនដឹងថាពលរដ្ឋបានរាយការណ៍ទៅកាន់មន្ត្រីណាម្នាក់នោះទេ ប៉ុន្តែបើមានករណីឆក់ត្រីដោយខុសច្បាប់ពិតមែន គួរតែមានខាងសហគមន៍នេសាទនៅខាងភូមិកាំងចាមនោះមករាយការណ៍ដល់មន្ត្រីថ្នាក់លើ ដើម្បីមានអន្តរាគមន៍បានទាន់ពេលវេលា។
លោកថា៖ «តែមានព័ត៌មានឆក់ សហគមន៍នេសាទនៅហ្នឹង គាត់រាយការណ៍ប្រាប់ពួកខ្ញុំហើយ ព្រោះអីសហគមន៍នៅហ្នឹង ពួកខ្ញុំជួយទូកជួយម៉ាស៊ីនពួកគាត់ ជួយបណ្ដុះបណ្ដាលហើយ [សម្រាប់ប្រជានេសាទរស់នៅ] កាំងចាម កាំងក្ងោក កំពង់តាង។ និយាយរួម នៅមួយជួរអស់ហ្នឹង គឺពួកគាត់បានទទួលទូកម៉ាស៊ីន ហើយសហគមន៍បីបួនក៏បានទទួលថវិកាល្បាតដែរ ទើបអស់ខែ៥ ខែ៦ នេះទេ»។
យោងតាមទិន្នន័យរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជលផលនេសាទទឹកសាប ឆ្នាំ២០២១ មានជាង ៣៨ម៉ឺនតោន ធ្លាក់ចុះជាង ៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលទិន្នជលផលមានជាង ៤១ម៉ឺនតោន។ ចំពោះប្រតិបត្តិការបង្ក្រាបបទល្មើសទឹកសាបក្នុងឆ្នាំ២០២១វិញ មានចំនួន២ ៩៥១ករណី កើនឡើង២៨ករណី ធៀបករណីបង្ក្រាបនៅឆ្នាំ២០២០ ដែលមានចំនួន២ ៩២៣ករណី។
អ្នកគ្រប់គ្រងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ លោកស្រី ជា សីលា និយាយថា ក្រុមការងាររបស់លោកស្រីកំពុងសិក្សាពីទិន្នផលត្រីនៅទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង ដូច្នេះមិនទាន់អាចសន្និដ្ឋានបានទេថា ផលត្រីក្នុងដងទន្លេនេះមានការថយចុះ ឬយ៉ាងណានោះ។ ប៉ុន្តែលោកស្រីថា នៅក្នុងអំឡុងឆ្នាំ២០២២នេះ លោកស្រីបានកត់សម្គាល់ថាមានប្រភេទត្រីខ្លះបានបាត់វត្តមានពីតំបន់នេះ ដូចជា ត្រីក្បក និង ត្រីប៉ាសាណាក ជាដើម។
ប្រធានគម្រោងរូបនេះបន្ថែមថា ដើម្បីឱ្យធនធានត្រីនៅតាមដងទន្លេនៅស្ថិតស្ថេរយូរអង្វែង រដ្ឋាភិបាលគួរយកចិត្តទុកដក់បន្ថែមលើការអនុវត្តច្បាប់ស្ដីពីការនេសាទ និងផ្សព្វផ្សាយពីសារៈសំខាន់នៃធនធាននៅក្នុងទឹក ឱ្យពលរដ្ឋយល់ដឹងកាន់តែទូលំទូលាយ។
លោកស្រីបន្តថា៖ «បងគិតថា ការរឹតបន្តឹងច្បាប់ កុំឱ្យមាននេសាទខុសច្បាប់ កុំឆក់ កុំគប់ កុំចាប់ត្រីនៅរដូវត្រីពង គឺសំខាន់ណាស់។ ផ្សព្វផ្សាយដល់ប្រជាជនលែងត្រីកម្រចូលក្នុងទន្លេវិញនៅពេលគាត់ចាប់បាន ឬរាយការណ៍មកក្រុមការងាររដ្ឋបាលជលផលដើម្បីជួយលែងត្រីទាំងនោះ»៕