តៃវ៉ាន់​ថា​យន្តហោះ​កងទ័ពអាកាស​ចិន​ចំនួន​៤៣គ្រឿង​បាន​ហោះ​ឆ្លងកាត់​ខ្សែបន្ទាត់​នៃ​ច្រកសមុទ្រតៃវ៉ាន់

យន្តហោះចម្បាំង F-16V នៅឯមូលដ្ឋានទ័ពអាកាស ខណៈដែលយោធាតៃវ៉ាន់ធ្វើសមយុទ្ធសម្រាប់ការពង្រឹងការត្រៀមខ្លួនមុនចូលឆ្នាំចិន ចំពេលមានការគំរាមកំហែងកើនឡើងពីប្រទេសចិន នៅទីក្រុង Chiayi កោះតៃវ៉ាន់ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។ (Ceng Shou Yi/NurPhoto – Reuters)

ក្រសួងការពារជាតិតៃវ៉ាន់ ប្រកាសឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូនេះថា ទីក្រុង​ប៉េកាំង​កំពុង​បន្តសកម្ម​ភាព​យោធា​របស់​ខ្លួន​នៅ​ជិតដែនកោះមួយនេះ ក្រោយពីយន្តហោះចំនួន៤៣​គ្រឿងរបស់​កងទ័ព​អាកាសចិន បានហោះឆ្លងកាត់ខ្សែប​ន្ទាត់ [មធ្យម] នៃច្រកសមុទ្រតៃវ៉ាន់ កាលពីម្សិលមិញ។ នេះបើយោងតាមប្រភពរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters និងត្រូវបានយកមកផ្សព្វផ្សាយបន្តដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទនេះ។  

ប្រទេសចិនដែលតែងប្រកាសចាត់ទុកកោះតៃវ៉ាន់ថា​ជាអាណាខេត្តមួយរបស់ខ្លួន បានឱ្យដឹងថា ខ្លួន​បាន​ធ្វើ​សមយុទ្ធយោធានៅក្នុងដែនសមុទ្រ និងលើអាកាស ជុំវិញកោះតៃវ៉ាន់ កាល​ពី​ថ្ងៃអាទិត្យ​ម្សិល​មិញ ដែលជាការឆ្លើយតបទៅនឹងអ្វីដែលចិនចោទប្រកាន់ថា​ជាការបង្កហេតុរបស់រដ្ឋាភិបាលកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក។

តៃវ៉ាន់​ដែល​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការទាមទារ​គ្រប់គ្រងអធិបតេយ្យភាព​របស់​ចិន​ បាន​និយាយ​ថា ​សមយុទ្ធ​របស់ចិននេះបាន​បង្ហាញ​ថា ​ទីក្រុង​ប៉េកាំង​កំពុង​បំផ្លាញ​សន្តិភាពនៅ​ក្នុង​តំបន់​ និង​ព្យាយាម​ធ្វើ​ឱ្យ​ប្រជាជន​តៃវ៉ាន់​ភ័យខ្លាច​។

យោងតាមផែនទីដែលផ្តល់ដោយក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា យន្តហោះរបស់កងទ័ពអាកាសចិនទាំងនោះ បានហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាកន្លែងដ៏រសើប។ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានអះអាងដែរថា នាវាកងទ័ពជើងទឹកចិនចំនួន៧​គ្រឿងក៏ត្រូវបានគេប្រទះ​ឃើញស្ថិត​នៅ​ជិត​កោះតៃវ៉ាន់ផងដែរ។

ជាការ​ឆ្លើយតបទៅនឹងសកម្មភាពយោធារបស់ចិននេះ ក្រសួងការពារជាតិតៃវ៉ាន់ និយាយថា តៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំង ដើម្បីព្រមានយន្តហោះរបស់ចិន ខណៈដែលប្រព័ន្ធមីស៊ីលរបស់តៃវ៉ានបានឃ្លាំមើលការហោះហើររបស់យន្តហោះយោធាចិនជាប្រចាំ។ 

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំង បានបង្កើនសម្ពាធទៅលើរដ្ឋាភិបាលកោះតៃវ៉ាន់ ដើម្បីឱ្យរដ្ឋាភិបាលនៃដែនកោះមួយនេះទទួលយកអំណាចរបស់ទីក្រុងប៉េកាំង។ ចំណែករដ្ឋាភិបាលកោះតៃវ៉ាន់វិញ តែងលើកឡើងថា ពួកគេចង់បានសន្តិភាពជាមួយប្រទេសចិន ប៉ុន្តែប្រសិនបើចិនវាយប្រហារមកលើកោះនេះ ពួកគេនឹងការពារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ