អ្នកជំនាញ៖ ក្រោយ​ជំនួប​លោក ហ៊ុន សែន នៅ​ស្ថានទូត​អាមេរិក ស្ថានភាព​ប្រជាធិបតេយ្យ​កម្ពុជា​នៅ​តែ​មិន​ប្រសើរ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Murphy ទទួលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅស្ថានទូតអាមេរិក នារាជធានីភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

អ្នកជំនាញថា ក្រោយជំនួបរវាងមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ជាមួយឯកអគ្គរដ្ឋទូតនៅស្ថានទូតអាមេរិកនោះ លំហនយោបាយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅកម្ពុជា នៅតែមិនល្អប្រសើរដដែល ដោយសារមិនឃើញរដ្ឋាភិបាលកម្ពុជាតាំងចិត្តអនុវត្តតាមកង្វល់របស់ប្រទេសមហាអំណាចនេះ ដូចជា ការស្នើឱ្យមានការដោះលែងសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងបញ្ហាសេរីភាពបញ្ចេញមតិកាន់តែរួមតូច ជាដើម ក៏គ្មានការឆ្លើយតបជាវិជ្ជមានពីរដ្ឋាភិបាលកម្ពុជាដែរ។

ការលើកឡើងនេះធ្វើឡើងក្រោយស្ថានទូតអាមេរិកបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការថា ឯកអគ្គរដ្ឋទូត លោក Murphy និងបុគ្គលិក បានទទួលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទីប្រឹក្សារបស់លោក នៅស្ថានទូតអាមេរិក នារាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែធ្នូនេះ។

តាមរយៈការបង្ហោះដដែល ស្ថានទូតអាមេរិកបញ្ជាក់ថា ភាគីទាំង២ បានពិភាក្សាលើ «វិធីកែលម្អទំនាក់ទំនងទ្វេភាគី»។ ក្នុងនោះ អាមេរិករំពឹងថា មិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា នាឆ្នាំ២០២៣ នឹងមានភាពល្អប្រសើរ។

ស្ថានទូតសហរដ្ឋអាមេរិកសរសេរថា៖ «ដោយសម្លឹងទៅកាន់ឆ្នាំថ្មី លោកឯកអគ្គរដ្ឋទូត Murphy និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។ យើងរំពឹងថា ឆ្នាំ២០២៣ ល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា»។

ជាការកត់សម្គាល់ តាមរយៈរូបថតដែលត្រូវបានបង្ហោះជាសាធារណៈដោយស្ថានទូតអាមេរិកនោះ ក៏មានវត្តមានសមាជិកគ្រួសាររបស់លោក ហ៊ុន សែន ជាច្រើនរូបបានចូលរួមផងដែរ ដូចជា កូនប្រុសបង្កើតរបស់លោកគឺ លោក ហ៊ុន ម៉ានិត, លោក ហ៊ុន ម៉ានី និងកូនប្រសាររបស់លោក គឺលោក ឌី វិជ្ជា និងលោក សុខ ពុទ្ធីវុធ។ ក្រៅពីនេះ មានវត្តមានរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ផងដែរ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា នេះជាចំណុចវិជ្ជមានសម្រាប់ភាគីទាំង២ ដែលចេះរកវិធីសាស្ត្រជួបគ្នា ដោះស្រាយបញ្ហាដែលមិនយល់គ្នាឬមិនទុកចិត្តគ្នា។

បើទោះជាមិនដឹងពីរបៀបវារៈនៃជំនួប សាស្ត្រាចារ្យរូបនេះយល់ថា ភាគីទាំង២ អាចនឹងលើកយកប្រធានបទដែលមិនយល់គ្នាមកជជែក ដូចជា ជំហរអព្យាក្រឹតភាពរបស់កម្ពុជាពាក់ព័ន្ធវត្តមានយោធាបរទេស សំដៅវត្តមានយោធាចិននៅកំពង់ផែរាម មកបង្ហាញឱ្យច្បាស់ ជាដើម។

ក្រៅពីនោះ គេអាចនឹងលើកពីកង្វល់ពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមស្តីពីសិទ្ធិមនុស្សជាសកល ឆ្នាំ១៩៤៨ ដែលភាគីកម្ពុជាបានឱ្យសច្ចាប័ននៅឆ្នាំ១៩៩២ ជាដើម ដែលទាមទារឱ្យកម្ពុជាអនុវត្តឱ្យបានពេញលេញ ដើម្បីកម្ពុជាទទួលបានប្រយោជន៍ មានការគាំពារផ្នែកការទូត និងពាណិជ្ជកម្មដូចជា GSP។

យ៉ាងណា លោកយល់ថា ក្រោយជំនួបនេះ លំហនយោបាយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅកម្ពុជា នៅតែមិនមានភាពល្អប្រសើរដដែល ដោយសារស្ថានភាពបច្ចុប្បន្ន សកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន ជាដើមនោះ រងនូវការគំរាម ការកាត់ទោស ស្របពេលសេរីភាពបញ្ចេញមតិកាន់តែរួមតូច ខណៈមិនឃើញរដ្ឋាភិបាលកម្ពុជាតាំងចិត្តអនុវត្តតាមការលើកឡើងរបស់ប្រទេសមហាអំណាចមួយនេះឡើយ។

លោកថា៖ «ខ្ញុំគិតថា ប្រហែលជាមិនមានអីវិវត្តរីកចម្រើន ធ្វើឱ្យលំហសេរីភាពនយោបាយ ឬក៏ប្រជាធិបតេយ្យនៅកម្ពុជាប្រែប្រួល ឬក៏វិវត្តទៅរកស្ថានភាពដូចជាមុនបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ទេ ដោយសារតែយើងមើលស្ថានភាពបច្ចុប្បន្ននេះ សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស បរិស្ថាន ជាដើម រងការគំរាម រងការកាត់ទោស ហើយមានតែសេរីភាពនៃការបញ្ចេញមតិកាន់តែរួមតូច។ យើងអត់មានឃើញការតាំងចិត្តរបស់ភាគីកម្ពុជា រដ្ឋាភិបាលកម្ពុជា នៅក្នុងការអនុវត្តតាមការលើកឡើង ឬក៏កង្វល់របស់សហគមន៍អន្តរជាតិលើកឡើង ជាពិសេសសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបនៅឡើយទេ»។

បើទោះជាយ៉ាងនេះក្តី លោក វណ្ណរ៉ា ថា បើក្រោយជំនួបនេះហើយមិនមានការវិវត្តជាវិជ្ជមានទេ មធ្យោបាយមួយទៀត គឺអាមេរិកមានយន្តការច្បាប់មួយចំនួនពាក់ព័ន្ធសេចក្តីស្នើច្បាប់១ និងសេចក្តីព្រាងច្បាប់១ ចេញពីសភា SHR4686 និង S3052 ចេញពីព្រឹទ្ធសភា។ ក្នុងនោះ គេអាចអនុម័តឱ្យបានលឿន និងអនុវត្តដាក់សម្ពាធ ឬហ៊ុមព័ទ្ធសិទ្ធិ ដាក់ទណ្ឌកម្មលើឥស្សរជននយោបាយដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។

សម្រាប់សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះ «វិធីកែលម្អទំនាក់ទំនងទ្វេភាគី» របស់អាមេរិក ក្នុងន័យនេះ គឺសំដៅដល់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដែលកើតឡើងដោយសារការមិនយល់ មិនជឿទុកចិត្តគ្នា នាពេលកន្លងមក។ ជាក់ស្តែង ករណី ផែរាម កម្ពុជានៅមិនទាន់បំភ្លឺឱ្យច្បាស់, អាមេរិកនៅហ៊ុមព័ទ្ធគ្រឿងបរិក្ខារយោធារបស់អាមេរិកចូលកម្ពុជា, ការផ្អាកសមយុទ្ធយោធាជាមួយគ្នាតាំងពីឆ្នាំ២០១៧, បញ្ហាកិច្ចសហប្រតិបត្តិការមួយចំនួន អាមេរិកចាប់មន្ត្រីថ្នាក់នាយកដ្ឋានកម្ពុជា ពាក់ព័ន្ធការជួញដូរសត្វស្វាក្ដាមដែលជាសត្វកម្រ ជាដើម ក៏នៅមិនទាន់មានការឆ្លើយតបពេញលេញ។ ក្រៅពីនោះនៅមានការដែលអាមេរិកលើកឡើងឱ្យមានការដោះលែងសកម្មជនយោបាយ សិទ្ធិមនុស្ស សង្គម បរិស្ថាន មេធាវីខ្មែរ-អាមេរិក សេង ធារី, ករណីលោក កឹម សុខា ក៏នៅមិនទាន់មានការឆ្លើយតបជាវិជ្ជមានដែរ។

ចំណែកអ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា យល់ថា នេះជារឿងមួយថ្មីនៅកម្ពុជា ខណៈលោកនាយករដ្ឋមន្ត្រីកម្រទៅទស្សនកិច្ចនៅស្ថានទូតបរទេសណាមួយណាស់។

លោកថា ទស្សនកិច្ចនេះអាចមានរូបភាពច្រើន គឺចង់ស្ដារទំនាក់ទំនងភាគីទាំង២ និងដាក់ចេញយន្តការសម្រាប់ទំនាក់ទំនង ២០២៣។

យ៉ាងណា លោកថា នាពេលនេះ អាមេរិកអាចថ្នមកម្ពុជា ព្រោះបើដាក់សម្ពាធពាក់ព័ន្ធបញ្ហាប្រជាធិបតេយ្យជាដើម ក៏មិនបានផល ស្របពេលបរិបទកម្ពុជាមិនចាប់ចិនទាំងស្រុង ហើយអាមេរិកដឹងពីតួនាទីនិងឥទ្ធិពលរបស់កម្ពុជាក្នុងនាមប្រធានអាស៊ាន។ លោកបន្តថា ក្នុងជំនួបនោះ អាចនឹងជាការស្តារទំនាក់ទំនងមិត្តភាព និងគ្មានការលើកឡើងពីបញ្ហាសិទ្ធិមនុស្ស នយោបាយ ប្រជាធិបតេយ្យអ្វីទេ ពោលគឺដើម្បីកុំឱ្យបរិយាកាសអាប់អួ។

អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយរូបនេះថា ទំនាក់ទំនងកម្ពុជា-អាមេរិក អាចប្រសើរតិចតួចក្រោយជំនួបនេះ ប៉ុន្តែបើនិយាយរឿងស្ថានភាពសិទ្ធិមនុស្ស នយោបាយ ប្រជាធិបតេយ្យនៅកម្ពុជា ក្រោយជំនួបនេះវិញ គឺគ្មានអ្វីប្រសើរដដែល។

លោក វណ្ណ ប៊ុនណា ថា៖ «ខ្ញុំគិតថា វាអត់មានភាពល្អប្រសើរអីទេ ទាក់ទងនឹងបញ្ហានយោបាយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យអីហ្នឹង ដោយសាររដ្ឋាភិបាលកម្ពុជាមិនធ្វើតាមអ្វីនៃការចង់បានរបស់សហរដ្ឋអាមេរិកទេ។ អ៊ីចឹងខ្ញុំមើលឃើញថា វាអត់មានភាពប្រសើរអីទេ សម្រាប់លំហនយោបាយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅកម្ពុជា ទោះបីមានការជួបក៏ដោយ»។

យ៉ាងណា លោក ប៊ុនណា ថាបើចង់ឱ្យទំនាក់ទំនងជាមួយអាមេរិកមានភាពប្រសើរឡើង គឺទាល់តែកម្ពុជាមិនស្អិតល្មួតតែជាមួយប្រទេសចិន ពោលគឺមានគោលនយោបាយចាប់ចិនផង និងអាមេរិកផង។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកមិនបានដឹងទេ ថាតើលោកនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតអាមេរិក ជជែកពីអ្វីនៅស្ថានទូតអាមេរិកនោះ។ លោកបានប្រាប់ឱ្យអ្នកសារព័ត៌មានទៅរកព័ត៌មាននេះពីគេហទំព័ររបស់ស្ថានទូតអាមេរិកវិញ។

បើទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន អះអាងថា នេះជាលើកទី១ហើយដែលនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ទៅស្ថានទូតមួយដើម្បីជួបបែបនេះ។

លោក ផៃ ស៊ីផាន ថា៖ «អ្វីដែលកត់សម្គាល់ គឺលើកទី១ហើយដែលនាយករដ្ឋមន្ត្រីយើង លោកទៅកាន់ទូតមួយ ដែលទៅក្នុងការជួបអ៊ីចឹង វាមិនដែលមាន ជាលើកទី១។ ធ្លាប់តែទៅធ្វើបុណ្យសព ធ្វើបុណ្យអី[គឺ]មាន ប៉ុន្តែដល់ពេលទៅនិយាយគ្នាអ៊ីចឹង វាមិនដឹងរឿងអី អ៊ុំអត់ដឹងដែរ»។

យ៉ាងណា លោកថា ក្នុងករណីនេះ លោកមិនដឹងថា ឃ្លា «កែលម្អទំនាក់ទំនងទ្វេភាគី» ដែលអាមេរិកលើកឡើងសំដៅដល់អ្វីនោះឡើយ។

លោកគ្រាន់តែប្រាប់ថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ក៏ចូលរួមក្នុងជំនួបនោះដែរ ខណៈសហរដ្ឋអាមេរិកបានផ្តល់ថវិកាឱ្យក្រសួងវប្បធម៌ ទៅជួសជុលប្រាសាទនៅអង្គរធំ។ ក្រៅពីនោះ រដ្ឋាភិបាលអាមេរិកក៏បានជួយបញ្ជូននូវរូបបដិមានៅអាមេរិកឱ្យមកកម្ពុជាវិញ។

សម្រាប់ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ យល់ថា ជំនួបនេះជាសញ្ញាវិជ្ជមានមួយ ពីព្រោះ នេះជាលើកទី១ហើយនៅកម្ពុជា ដែលនាយករដ្ឋមន្ត្រីធ្វើដំណើរដោយផ្ទាល់ទៅជួបឯកអគ្គរដ្ឋទូតនៅស្ថានទូត និងត្រូវបានផ្សព្វផ្សាយជាសាធារណៈបែបនេះ ពោលគេធ្លាប់ឃើញតែខាងទូតទៅជួបរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី និងគាល់ព្រះមហាក្សត្រជាដើម។

លោករំពឹងថា សញ្ញានេះនឹងផ្តល់ផលល្អដល់ទំនាក់ទំនងរវាងប្រទេសទាំង២ ព្រោះអាចនឹងមានការជជែកពីបញ្ហាក្តៅមួយចំនួនពាក់ព័ន្ធស្ថានភាពនយោបាយនៅកម្ពុជា កិច្ចសម្របសម្រួល ជាពិសេសទាក់ទិនរឿងនយោបាយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ជាដើម។

លោក សេក សុជាតិ ថា៖ «ក៏ប៉ុន្តែអាបញ្ហានេះ យើងមិនអាចសន្និដ្ឋាន ១០០% ក៏ប៉ុន្តែក្នុងជំនួបដែលយើងអាចវាយតម្លៃជាពិសេសបាននោះ គឺនៅត្រង់ថា សហរដ្ឋអាមេរិក បេសកកម្មរបស់គាត់ពីដើមរហូតមកដល់ដំណាក់កាលចុងក្រោយនេះ គឺផ្តោតទៅលើការលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ដូច្នេះហើយនេះជាបញ្ហាធំ ហើយខ្ញុំជឿជាក់ថា សហរដ្ឋអាមេរិកនឹងលើកបញ្ហានេះដោយត្រង់ៗនៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។

លោកបន្ថែមថា ក្រោយរំលាយបក្សសង្គ្រោះជាតិមក នាប៉ុន្មានឆ្នាំនេះ បញ្ហាលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស អំពើហិង្សា និងភាពអយុត្តិធម៌ក្នុងសង្គមកើតឡើងច្រើន ហើយមន្ត្រីថ្នាក់លើ និងថ្នាក់ក្រោម អនុវត្តផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញកាន់តែខ្លាំងក្លាទៅៗ។

យ៉ាងណា លោកថា បើកម្ពុជាងាកមកគោរពសិទ្ធិមនុស្ស លើកកម្ពស់លទ្ធិប្រជាធិបតេយ្យវិញនោះ ទំនាក់ទំនងកម្ពុជាជាមួយប្រទេសដែលកាន់នីតិរដ្ឋ និងប្រជាធិបតេយ្យ កាន់តែប្រសើរឡើងវិញ ព្រមទាំងទទួលបានប្រយោជន៍ពីអន្តរជាតិផងដែរ មិនថាផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ