យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់កូរ៉េខាងជើងហោះឆ្លងចូលកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូង៖ ទាហានកូរ៉េខាងត្បូងម្នាក់ឈរ ដោយនៅពីចម្ងាយជាទង់ជាតិកូរ៉េខាងជើងដោតបង្ហាញស្ថិតនៅភូមិ Gijungdong របស់ប្រទេសកូរ៉េខាងជើង ដែលឃើញពីភូមិPanmunjom ក្នុងតំបន់គ្មានយោធា (DMZ) ក្នុងទីក្រុង Paju ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។ (រូបថតដោយ៖ SeongJoon Cho/Pool/Sipa USA – Reuters)

យោធាកូរ៉េខាងត្បូងបាននិយាយថា យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់កូរ៉េខាងជើង ចំនួន៥គ្រឿង បានហោះឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ ហើយកូរ៉េខាងត្បូងបានព្យាយាមដេញបាញ់ទម្លាក់ដ្រូនទាំងនោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters

មន្ត្រីយោធាកូរ៉េខាងត្បូងម្នាក់បាននិយាយថា ជាការឆ្លើយតប យោធាកូរ៉េខាងត្បូងក៏បានបញ្ជូនយន្តហោះស៊ើបការណ៍ចូលទៅក្នុងកូរ៉េខាងជើង ដើម្បីផ្តិតយករូបភាពអំពីមូលដ្ឋានទ័ពរបស់កូរ៉េខាងជើង។

មន្ត្រីយោធាកូរ៉េខាងត្បូង លោក លី សឹងអូ (Lee Seung-o) បានប្រាប់សន្និសីទសារព័ត៌មានថា «នេះជាទង្វើបង្ហាញយ៉ាងច្បាស់ពីការបង្កហេតុដោយកូរ៉េខាងជើង ដែលរំលោភលើដែនអាកាសរបស់យើង»។

ដ្រូនមួយគ្រឿងក្នុងចំណោមដ្រូនទាំង៥គ្រឿងរបស់កូរ៉េខាងជើង បានហោះនៅជិតរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ហើយមួយគ្រឿងទៀតបានហោះនៅជិតឆ្នេរសមុទ្រភាគខាងលិចប្រទេសកូរ៉េខាងត្បូង។

លោក Lee បាននិយាយថា យោធាកូរ៉េខាងត្បូងបានបើកប្រតិបត្តិការ ដើម្បីដេញបាញ់ទម្លាក់ដ្រូនទាំងនោះ។

លោក​មិន​បានបញ្ជាក់ថាតើបានបាញ់ដ្រូនណាមួយធ្លាក់នោះទេ ប៉ុន្តែ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ​បាន​រាយការណ៍​ថា យោធា​កូរ៉េ​ខាង​ត្បូង​បាន​បាញ់​ប្រហែល ១០០គ្រាប់ ប៉ុន្តែ​បាញ់មិនចំដ្រូនណាមួយឡើយ។ លោក Lee បាននិយាយថា កូរ៉េខាងត្បូងបាន «បាញ់ព្រមាន» នៅពេលដែលខ្លួនបានឃើញដ្រូនទាំងនោះ។

លោក Lee បន្តថា ដ្រូនមួយគ្រឿងបានហោះត្រលប់ទៅកូរ៉េខាងជើងវិញ ខណៈដ្រូន៤គ្រឿងទៀតបានបាត់ដាន។  

លោក Lee បាននិយាយថា យន្តហោះឈ្លបយកការណ៍របស់កូរ៉េខាងត្បូង បានហោះចូលទៅក្នុងកូរ៉េខាងជើង ដើម្បីផ្តិតយករូបសកម្មភាពដែលពាក់ព័ន្ធនឹងដ្រូនទាំងនេះ។ លោក Lee បន្ថែមថា ដ្រូនរបស់កូរ៉េខាងជើងមានគោលបំណងឈ្លបយកការណ៍នៅកូរ៉េខាងត្បូង។

យោធាបាននិយាយថា កូរ៉េខាងត្បូងបានឃើញដ្រូនរបស់កូរ៉េខាងជើងហោះឆ្លងកាត់តំបន់គ្មានយោធា (Military Demarcation Line) រវាងប្រទេសទាំងពីរ បន្ទាប់ពីឃើញដ្រូនទាំងនោះនៅលើមេឃ ភាគខាងលិចទីក្រុងហ្គីមប៉ូ (Gimpo) នៅម៉ោងប្រហែល ១០ៈ២៥ ព្រឹក (0125 GMT)។

កាលពីឆ្នាំ២០១៧ ដ្រូនរបស់កូរ៉េខាងជើងដែលគេជឿថាហោះមកដើម្បីឈ្លបយកការណ៍បានធ្លាក់ ហើយត្រូវបានប្រទះឃើញលើភ្នំក្បែរព្រំដែនប្រទេសទាំងពីរ។

នៅឆ្នាំ២០១៤ ដ្រូនរបស់កូរ៉េខាងជើងត្រូវបានប្រទះឃើញនៅលើកោះក្បែរព្រំដែនកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ដ្រូនរបស់កូរ៉េខាងជើងដែលហោះចូលកូរ៉េខាងត្បូងនេះ កើតឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធារួមគ្នា ជាការឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលជាច្រើនលើករបស់កូរ៉េខាងជើង ក្នុងឆ្នាំនេះ។ កូរ៉េ​ខាង​ជើង ហៅ​សមយុទ្ធ​នោះថាជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ឈ្លានពាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ